ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះតេជគុណ លួន សុវ៉ាត និងប្រជាពលរដ្ឋ ដង្ហែញត្តិដាក់តាមស្ថានទូតនានាក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ (រូបថត៖ ញឹម សុខន)
ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ២០០អង្គនាក់ នៅព្រឹកថ្ងៃអង្គារនេះ ដង្ហែញត្តិទៅដាក់តាមស្ថានទូតនានាក្នុងរាជធានីភ្នំពេញ រកអន្តរាគមន៍ឲ្យមានការដោះលែងសកម្មជន ដែលអាជ្ញាធរទើបតែបានចាប់ខ្លួន និងតាមដានដំណើរការសវនាការជំនុំជម្រះក្ដីព្រះសង្ឃមួយអង្គនាពេលខាងមុខ។
ព្រះសង្ឃមួយអង្គដែលចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋមានជម្លោះដីធ្លី ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាពេលហែញត្តិទៅដល់ស្ថានទូតអាមេរិកនៅព្រឹកនេះថា គោលបំណងនៃការដាក់ញត្តិតាមស្ថានទូតនៅព្រឹកនេះ គឺដើម្បីជំរុញឲ្យមានការដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និងអ្នកនយោបាយ ចំនួន១៧នាក់ ដែលអាជ្ញាធរទើបតែចាប់ខ្លួននាពេលចុងក្រោយនេះ និងអំពាវនាវឲ្យអន្តរជាតិឃ្លាំមើលសវនាការជំនុំជម្រះក្ដីព្រះអង្គ។
ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដីកាបន្តថា ព្រះអង្គបានបួសអស់រយៈពេលជិត២០វស្សាមកហើយ មិនដែលធ្វើអ្វីខុសនឹងច្បាប់ពុទ្ធសាសនា និងច្បាប់ជាតិទេ ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ បែរជាចោទប្រកាន់ព្រះអង្គពីបទ ក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋទៅវិញ ដែលព្រះអង្គយល់ថា ជាបទចោទដ៏ធ្ងន់ធ្ងរមិនអាចទទួលយកបាន។
សូមបញ្ជាក់ថា ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះ និមន្តព្រះអង្គចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ដើម្បីបំភ្លឺពីបទក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
នយោបាយ ខ្មាំង បរទេស ធ្វើអោយ ខ្មែរ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =
= បង្កើត បញ្ហា អយុត្តិធម៏ ក្នុងសង្គម . បក្សពួក . ស ទៅជា ខ្មៅ . ខ្មៅ ទៅជា ស . លោភលន់
ពុករលួយ កេងប្រវ័ញគ្នា គំរាមសំឡុត ចាប់ដាក់គុក ដោយ អយុត្តិធម៏ !