​អង្គការ​សមាគម​ចំនួន​៦​ថ្កោលទោស​អាជ្ញាធរ ករណី​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

សន្និសីទសារព័ត៌មានរបស់​អង្គការសង្គមស៊ីវិល កាលពី​ព្រឹកមិញ (រូបថត៖ ជន ស្រីណុច)

​អង្គការ​សមាគម​ចំនួន​៦​ថ្កោលទោស​អាជ្ញាធរ​ថា រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បង្កឲ្យមាន អស្ថិរភាព​នៅ​ក្នុង​សង្គម ចំពោះ​ការបង្ក្រាប និង​ចាប់ខ្លួន​តំណាង​សហគមន៍​នានា រួមទាំង​សកម្មជន​នយោបាយ និង​ព្រះសង្ឃ​ជា​បន្តបន្ទាប់​។​

សេចក្តីថ្លែងការណ៍​រួម​ដែល​ផ្សព្វផ្សាយ​នៅក្នុង​សន្និសីទ​មួយ​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​នេះ ឲ្យដឹង​ថា​ការចាប់​ឃុំខ្លួន និង​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​នេះ ហាក់ដូចជា​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​មក​រក​ភាព​តានតឹង​ក្នុង​ការកែទម្រង់​ស្ថាប័ន​នានា ផ្ទុយ​ពី​កិច្ចព្រមព្រៀង ២២ កក្កដា ២០១៤ របស់​គណបក្ស​នយោបាយ​ទាំងពីរ​ថា បញ្ចប់​ភាពជាប់គាំង​នយោបាយ​។​

​អង្គការ​សមាគម​ទាំងនោះ​មាន​អង្គការ​ខុមហ្វ្រែល អង្គការ​CHRAC និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យជាដើម​។​

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​លោក គល់ បញ្ញា ថ្លែងថា​ការចាប់ខ្លួន​សកម្មជន និង​ព្រះសង្ឃ​ជា​បន្តបន្ទាប់​នេះ ជា​រឿង​នយោបាយ​សុទ្ធសាធ ដោយសារ​តែ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​បក្ស​នយោបាយ​ទាំងពីរ ហើយ​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​ប្រជារាស្ត្រ​ស្លូតត្រង់ ខណៈ​អ្នក​ដែល​ត្រូវបាន​ចាប់​ទាំងនោះ​រក​មិន​ឃើញ​ពី​កំហុស​អ្វី​ឡើយ​។ លោក​ថា «​ករណី​ដែល​ពាក់ព័ន្ធ​នឹង​លោក មា​ជ សុវណ្ណារ៉ា​នេះ ករណី​នេះ​វា​គ្មាន​យុត្តាធិការ​នៃ​ក្រុម​ព្រហ្មទណ្ឌ​ណា​ហើយ វា​អត់​មាន​ត្រូវយក​ក្រមព្រហ្មទណ្ឌ តុលាការ ចាប់​អី អត់​មាន​សោះ​។ រកឃើញ​ករណី​ហ្នឹង វា​អត់​ត្រូវ​មាន​ការចោទប្រកាន់ ខាង​ផ្លូវច្បាប់ ខាង​អង្គហេតុ ខាង​អង់​ច្បាប់​អត់​មាន​សោះ​។ អ៊ីចឹង​វា​គួរតែ​បញ្ចប់ទៅ គិត​ធ្វើ​ម៉េច​កសាង​ការជឿទុកចិត្ត​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ហ្នឹង ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ហ្នឹង ឲ្យបាន​ចប់​សព្វគ្រប់​»​។​

ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​CHRAC លោក សួន ប៊ុន​ស័ក្តិ ថ្លែងថា សកម្មភាព​របស់​អាជ្ញា​ធរ​ក្រុងភ្នំពេញ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​គ្រាន់តែ​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​សមរម្យ​ខណៈ​ពួកគេ​ជា​ជនរងគ្រោះ​សុទ្ធសាធ​។ លោក​បញ្ជាក់ថា «​រឿង​អី​ដែល​ការតវ៉ា​របស់​គាត់ អាជ្ញាធរ​បែរជា​មិន​យក​បញ្ហា​ទៅ​ដោះស្រាយ ទៅ​ជា​ចាប់​គាត់​ទៅ​វិញ​។ នេះ​ជា​រឿង​មួយ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់​។ បញ្ហា​មួយទៀត គឺ​ការជះឥទ្ធិពល​មិនល្អ ទៅ​ថ្ងៃ​អនាគត បើសិន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង គ្រាន់តែ​ជួបជុំ​គ្នា​បញ្ចេញមតិ គ្រាន់តែ​ជួបជុំគ្នា​ដើម្បី​លើក​បញ្ហា ទទួលរង​ការចាប់ខ្លួន​អ៊ីចឹង ខ្ញុំ​គិតថា ការអនុវត្ត​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការជួបជុំ ដើម្បី​បង្ហាញ​បញ្ហា​ហ្នឹង​គឺជា​រឿង​លំបាក សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅពេល​ខាងមុខ​មែនទែន​»​។​

សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​តេជ​គុណ កែវ សុ​ម៉ាលី ដែល​រង​ការ​គំរាម​មិនឲ្យ​ចេញ​តវ៉ា​ក្នុង​សង្គម​មាន​ថេរ​ដីកា​ថា កន្លង​មក​សមត្ថកិច្ច​បាន​មាក់ងាយ​ព្រះសង្ឃ​តាមរយៈ​ការប្រើ​ពាក្យ​សម្តី ដែល​ចេញ​តវ៉ា ហើយ​ពេលនេះ​ពួក​គេ​ហ៊ាន​ប្រព្រឹត្តិ​ធ្ងន់ធ្ងរ ដោយ​ចាប់​ព្រះសង្ឃ​ផ្សឹក​ខុស​ពី​វិន័យ​សង្ឃ ដែល​ទង្វើ​នេះ​ប្រាសចាក​ពី​ច្បាប់​ទាំងស្រុង​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​អាជ្ញាធរ​គ្រាន់តែ​មាន​សិទ្ធិ​នាំខ្លួន​ព្រះអង្គ បញ្ជូន​ទៅ​មន្ត្រី​សង្ឃ គេ​ចាប់​ផ្សឹក​។ ពេលនេះ​យើង​ឃើញថា មិនមែន​អំណាច​របស់​មន្ត្រី​សង្ឃ ចាប់​ផ្សឹក​ទេ គឺជា​អំណាច​របស់​អាជ្ញាធរ រហូត​ដល់​បំពាន​ចាប់​ទាំង​បង្ខំ​ហើយ ដោះ​ស្បង​ចីពរ​ហើយ​វាយដំ ញាត់​ចូល​គុក​ថែមទៀត​។ នេះ​ក្នុងនាម​អាត្មា​ជា​សមាជិក​នៃ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម អាត្មា​អត់​ពេញចិត្ត​ទេ​»​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានទេ ដោយ​លោក​មិន​លើក​ទូរសព្ទ​។​

​តែ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​និង​ករណី​នេះ គឺ​បញ្ជាក់​ជំហ​រថា គណបក្សកាន់អំណាច​ថ្កោលទោស​ដាច់អហង្ការ ទៅ​នឹងការចោទប្រកាន់​ទាំងឡាយណា​ដែល​ថា ខ្លួន​កំពុង​ខ្ចីដៃ​តុលាការ ដើម្បី​វាយ​បំបាក់ស្មារតី​ដៃ​គូប្រកួត ឲ្យទទួល​យក​នូវ​លក្ខខណ្ឌ​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​។ សេចក្តីថ្លែងការណ៍​ថា ការចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និង​មន្ត្រី​នយោបាយ​នោះ គឺជា​ការបំពេញ​ការងា​រ​ដោយ​ឯករាជ្យ​របស់​តុលាការ​។​

តាម​ការ​យល់​ឃើញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ អំពាវនាវ និង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ទាំងនោះ​ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខ័ណ្ឌ ហើយ​អំពាវនាវ​រដ្ឋាភិបាល​បើក​ចំហ​លទ្ធិប្រជាធិបតេយ្យ ដោយ​ផ្តល់​សិទ្ធិសេរីភាព​ជូន​ប្រជា​ពលរដ្ឋ​គ្រប់រូប​ក្នុងការ​ទាមទារ​សិទ្ធិ បញ្ឈប់​ការដាក់​សំពាធ​តាមរយៈ​ការចោទប្រកាន់​ផ្សេងៗ ៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "​អង្គការ​សមាគម​ចំនួន​៦​ថ្កោលទោស​អាជ្ញាធរ ករណី​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​​"

  1. សែន សម្បូរ says:

    ប្រទេសជាតិមានច្បាប់របស់ប្រទេអាជ្ញាធរគេមិនដែលទៅដើរចាប់មនុស្សឥតមានកុំហុសយកទៅដាក់គុគនោះទេបើបន្តោយឲពួកអានាធិបតេយ្យអស់នេះធ្វើតាមតែអំពើរចិត្ត តើប្រទេសចាំបាច់មានច្បាប់ធ្វើអ្វី?និយាយឡើងសុទ្ធតែសិទ្ធមនុស្ស តើអង្ការគ្រប់រូបអែងបានធ្លាប់គិតទេថា ពលរដ្ឋដ៏ទៃទៀតក៏គេមានសិទ្ធដែរមិនមែនមានតែពួគអានាធិបតេយ្យមួយក្រុមតូចនោះទេ! ឲតែស្អីឡើងនាំគ្នីគ្នាធ្វើបាតុកម្មបិទផ្លូវ ចុះពលរដ្ឋរាប់ពាន់រាប់មុឹននាក់ទៀតដែលពួគគាត់ត្រូវការធ្វើដំណើរតាមផ្លូវដើម្បីរកសុីដែរនោះ !តើអស់លោកនាក់ដែលហៅខ្លួនថាជាអង្ការសិទ្ធមនុស្សយល់យា៉ងណាដែរដល់ពលរដ្ឋទាំងនោះតើពួគគាត់មិនមែនជាមនុស្សទេតើពួគគាត់មិនមានសិទ្ធប្រើប្រាស់ផ្លូវនោះទេឬក៏យា៉ងម៉េច អញ្ចិងមានសិទ្ធតែពួកអានាធិបតេយ្យមួយក្រុមនេះឬ ?កុំចេះតែនាំគ្នាកាន់ជើងមនុស្សខូចមួយជុំនួនតូចនោះឲគិទប្រយោជន៍ធំដល់ប្រជាពលរដ្ឋទូទៅផង អស់ លោកអង្ការសិទ្ធមនុស្សអើយ!