កុមារី​ខ្មែរ​ឈ្នះ​ពាន​គំនូរ​រថយន្ត​តូយ៉ូតា

កុមារ​ចូលរួម​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដីស្រមៃ​។

កុមារ​ចូលរួម​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដីស្រមៃ​។ ឈឹម ស្រីនាង





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្រោយពី​ប្រកួត​គូរ​គំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្តីស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​កាលពី​ឆ្នាំ​២០១៣-២០១៤​កន្លង​ទៅ​នេះ ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា)​បាន​ទទួល​ដំណឹង​ពី​ក្រុមហ៊ុន​តូយ៉ូតា ម៉ូទ័រខបភើរេសិន ប្រទេស​ជប៉ុន ថា​គំនូរ​របស់ កុមារី ផា មាលក្សី អាយុ​៦​ឆ្នាំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ជា​ពាន​រង្វាន់​ពិសេស​ទូទាំង​សកលលោក ក្នុង​ចំណោម​រូប​គំនូរ​ចំនួន​៦៦២​០០០។ ជ្រើសរើស​ផ្ទាល់​ពី​សំណាក់​លោក Akio Toyoda ជា​ប្រធាន​ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រខបភើរេសិន គំនូរ​គូរ​ដោយ​កុមា​កម្ពុជា​បាន​ជាប់​ពានរង្វាន់​ពិសេស​ថ្នាក់​ពិភពលោក​ជា​លើក​ទី​មួយ​។

ថ្លែង​ពី​ជោគជ័យ​នៃ​កុមារ​ខ្មែរ​រូប​នេះ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា(ខេមបូឌា) បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «ខ្ញុំ​មាន​មោទនភាព​ណាស់ ដោយ​ក្នុង​ចំណោម​ការ​ប្រកួត​នេះ​គឺ​មាន​កុមារៗ​ចូលរួម​ច្រើន ហើយ​ក្នុង​ស្រុក​ខ្មែរ​យើង​ក៏​មាន​ច្រើន។ យើង​ជ្រើសរើស​យក​តែ​អ្នក​មាន​ស្នាដៃ​ល្អ​ដើម្បី​ទៅ​ប្រកួត​ជា​អន្តរជាតិ។ ក្នុង​ចំណោម​អន្តរជាតិ​ដែល​មាន​ប្រទេស​ជាច្រើន ក្នុង​នោះ​គឺ​មាន​កុមារី ផា មាលក្សី គឺ​គាត់​បាន​ជាប់​ជា​ពានរង្វាន់​ពិសេស ជា​មោទនភាព​របស់​ប្រទេស​ខ្មែរ​យើង ហើយ​ក៏​ជា​មោទនភាព​របស់​មាតាបិតា​កុមារ​ផង​ដែរ»។

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក លាង អាន ដែល​ត្រូវ​ជា​ឪពុក​របស់​កុមារី ផា មាលក្សី បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ដោយ​គាត់​ចេះ​មាន​គំនិត​គូរ​រថយន្ត​ក្នុង​ក្តីស្រមៃ​របស់​គាត់​ចេញ​មក​ហើយ​បាន​ជាប់​ជា​ពាន​រង្វាន់​ពិសេស​ទូទាំង​ពិភពលោក​ទៀត»។

បន្ទាប់ពី​បាន​ឈ្នះ​ជ័យលាភី​លំដាប់​ថ្នាក់​ពិភពលោក​នេះ ក្រុម​គ្រួសារ​របស់​កុមារី ផា មាលក្សី បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចំនួន​៥​ថ្ងៃ​៤​យប់​។ ពួកគាត់​ក៏​បាន​ទៅ​ដល់​ការិយាល័យ​ក្រុមហ៊ុន​តូយ៉ូតា​នៅ​ណាគូយ៉ា (Nakuya) ទទួល​ពានរង្វាន់​ពី​ក្រុមហ៊ុន​តូយ៉ូតា​នៅ​ទីក្រុង​តូក្យូ​ទស្សនកិច្ច​ការ​ផលិត​រថយន្ត​របស់​តូយ៉ូតា និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​ជា​អ្នក​រ៉ាប់រង​ការ​ចំណាយ​ទាំងអស់​។

ក្រុមហ៊ុន​តូយ៉ូតា​ក៏​បាន​រៀបចំ​បើក​កម្មវិធី​ប្រកួត​គូរ​គំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្តីស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​ឆ្នាំ​២០១៥ ម្តង​ទៀត​ក្នុង​គោលបំណង​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បង្ហាញ​នូវ​សមត្ថភាព ក៏​ដូចជា គំនិត​ច្នៃប្រឌិត​ក្នុង​ការ​គូរ​គំនូរ​ឲ្យ​បាន​ស្អាត​ទៅ​តាម​ក្តីស្រមៃ​របស់​ខ្លួន​។ នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា)​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​គំនូរ​រថយន្ត​ក្នុង​ក្តីស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​នៅ​កម្ពុជា​។

សម្រាប់​អ្នក​ដែល​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​តូយ៉ូតា(ខេមបូឌា)​ក៏​អាច​ផ្ញើ​គំនូរ​មក​ចូលរួម​ប្រកួត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ មករា​ឆ្នាំ​២០១៥។ លក្ខខណ្ឌ​នៃ​ប្រភេទ​អាយុ​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​បាន​មាន​ដូចជា ក្រោម​អាយុ​៨​ឆ្នាំ ពី​អាយុ​៨​ដល់​១១​ឆ្នាំ ពី​អាយុ​១២​ដល់​១៥ ឆ្នាំ។

ចំពោះ​ជ័យលាភី​ថ្នាក់ជាតិ និង​ត្រូវ​ជ្រើសរើស​ចំនួន​៣​នាក់​នៃ​ប្រភេទ​អាយុ​នីមួយ។ គំនូរ​ជ័យលាភី​ថ្នាក់​ជាតិ​នឹង​បញ្ចូន​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។ អ្នក​ឈ្នះ​មេដាយ​នឹង​ផ្ដល់​ជូន​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែ​សីហា ឆ្នាំ​២០១៥ ជាមួយ​អាណាព្យាបាល​ពីរ​រូប​ផង​ដែរ៕


What Next?

Recent Articles

One Response to "កុមារី​ខ្មែរ​ឈ្នះ​ពាន​គំនូរ​រថយន្ត​តូយ៉ូតា"

  1. Chourn says:

    Congratulations! a great little Cambodian girld