ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
ប្រធានរដ្ឋសភាឲ្យក្រសួងអប់រំ យុវជន និងកីឡា ស្រាវជ្រាវចាត់វិធានការផ្នែករដ្ឋបាលតឹងរ៉ឹង ទៅលើករណីនាយិកាវិទ្យាល័យទួលប្រាសាទសែនសុខ ជាយរាជធានីភ្នំពេញ ពីបទពុករលួយ និងបក្សពួកនិយម។
ចំណាត់ការរបស់ប្រធានសភានេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ទទួលបន្ទុកអំពើពុករលួយ លោក ហូរ វ៉ាន់ កាលពីចុងខែតុលា ឆ្នាំ២០១៤ បានសាកសួរនាយិកាសាលាវិទ្យាល័យទួលប្រាសាទសែនសុខ លោកស្រី ទា មិសា ម្តងហើយ ករណីសង្ស័យប្រព្រឹត្តអំពើពុករលួយ តាមបណ្ដឹងរបស់ក្រុមគ្រូបង្រៀននៅទីនោះ។
លិខិតរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ដែល VOD ទទួលបាននៅថ្ងៃអង្គារនេះឲ្យដឹងថា សភាស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ស្រាវជ្រាវ និងចាត់វិធានការលើពាក្យបណ្តឹងដែលគ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខ ប្តឹងនាយិកាវិទ្យាល័យនេះកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ឲ្យដកចេញពីតួនាទី និងផ្តន្ទាទោសនាយិកា និងនាយករងនៃវិទ្យាល័យនេះ ពីបទប្រព្រឹត្តអំពើពុករលួយ។ ចំណាត់ការរបស់ប្រធានរដ្ឋសភា គឺយោងតាមការសាកសួររបស់គណៈកម្មការទី១០នៃរដ្ឋសភាទៅកាន់ម្ចាស់ពាក្យបណ្តឹង និងភាគីរងការប្តឹងដែលឲ្យដឹងថា ពិតជាមានភាពមិនប្រក្រតីកើតប្រាកដមែន។
VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានទេនៅរសៀលថ្ងៃអង្គារនេះ។
អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ សាទរនឹងវិធានការនោះ។ លោកយល់ថា ក្រសួងគួរប្រើប្រាស់តួនាទីរបស់ខ្លួនចាត់វិធានការតាមនីតិវិធីច្បាប់។
តាមព័ត៌មានពីក្រុមគ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខ ឲ្យដឹងថា គ្រូបង្រៀននៅវិទ្យាល័យនេះ ធ្លាប់បានប្ដឹងករណីនេះទៅកាន់មន្ទីរអប់រំរាជធានីភ្នំពេញ និងក្រសួងអប់រំ ចំនួន៥លើកមកហើយ ពាក់ព័ន្ធនឹងករណីចំនួន៣សំខាន់ ទី១. ការលួចបន្លំហត្ថលេខាគ្រូបង្រៀនដើម្បីទទួលបានប្រាក់ម៉ោងបង្រៀនលើស ទី២. ការកេងប្រវ័ញ្ចលុយសង្គមកិច្ចរបស់សាលា និងទី៣. ការកឹបកេងលុយសម្រាប់ទ្រទ្រង់សាលា ប៉ុន្តែមិនទាន់ទទួលបានការដោះស្រាយជាក់លាក់នៅឡើយ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ឆ្នាលួចស៊ីត្រីអាំងនាំគ្នាដេញវាយមួយភូមិតែដល់ខ្លាស៊ីគោរត់ពួនមួយពូជ!!!!!