Tue, 18 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល៣ខែកន្លះ នៅក្នុងកម្មវិធីជ្រើសរើសតារាចម្រៀងថ្នាក់ពិភពលោក The Voice ដែលនៅកម្ពុជាដាក់ឈ្មោះថា The Voice Cambodia ទីបំផុតបេក្ខជន ប៊ុត សីហា បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ជាមួយនឹងទឹកប្រាក់ចំនួន ១០០លានរៀល ហើយតារារូបនេះ ក៏បានក្លាយជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្មរស្មីហង្សមាសដោយស្វ័យប្រវត្តិ។
ជាមួយនឹងការស្វាគមន៍សាទរពីគ្រប់មជ្ឈដ្ឋានថាជាបេក្ខភាពស័ក្តិសមបំផុតក្នុងការលើកពាន The Voice Cambodia រដូវកាលទី១នេះ ប៊ុត សីហា តារាទើបនឹងរះថ្មីមកពីដែនដីខេត្តកំពង់ស្ពឺ ត្រូវបានពិធីករលោក ជា វិបុល ប្រកាសនៅវគ្គចុងក្រោយដ៏រន្ធត់ថា «ម្ចាស់ពានគឺ ប៊ុត សីហា»។
សំឡេងហ៊ោកញ្ជ្រៀវ ការរំជួលចិត្ត អមជាមួយនឹងទឹកភ្នែកបានកើតឡើងព្រមគ្នាទាំងអ្នកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន។ ការលើកពាននេះហើយដែលគេគិតថា នេះជាឱកាសនៃការសាងជីវិតថ្មីរបស់ យុវជន ប៊ុត សីហា លើវិថីសិល្បៈ ខណៈដែលគេដឹងថា សីហា គឺជាយុវជនក្នុងគ្រួសារខ្សត់ខ្សោយមួយនៅខេត្តកំពង់ស្ពឺ ហើយឪពុករបស់គេទើបតែស្លាប់នៅក្នុងអំឡុងពេលដែល សីហា កំពុងប្រឡងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Voice Cambodia។
លោក អ៊ឹង សុខលាភ ប្រធានផលិតកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស បាននិយាយថា៖ «អ្នកចូលរួមប្រឡងនៅក្នុងកម្មវិធីនេះ មានទាំងអ្នកជីវភាពគ្រាន់បើ និងអ្នកខ្សត់ខ្សោយ ហើយបើតាមខ្ញុំដឹង ប៊ុត សីហា ក៏មានជីវភាពខ្សត់ម្នាក់ដែរ សព្វថ្ងៃគេជាអ្នកដើរច្រៀងតាមក្រុមតន្ត្រីរោងការ គ្រួសាររបស់គេក៏អត់ដែរ…»។
គិតមកត្រឹមវគ្គផ្តាច់ព្រ័ត្រ កម្មវិធី The Voice Cambodia នេះ មានរយៈពេល៣ខែកន្លះ ប៉ុន្តែ បើតាមលោក អ៊ឹង សុខលាភ បានឲ្យដឹងថា ការដំណើរការកម្មវិធីនេះ មានរយៈពេលស្ទើរពេញមួយឆ្នាំ ហើយកម្មវិធីនេះបានចំណាយថវិកាអស់យ៉ាងច្រើន។
ដោយសុំមិនបញ្ជាក់ពីខ្ទង់ចំណាយ លោក សុខលាភ បាននិយាយថា៖« The Voice Cambodia បើយើងគិតតែលើការចាក់ផ្សាយនៅលើទូរទស្សន៍មានរយៈពេល៣ខែកន្លះទើបរកឃើញអ្នកលើកពាន ពោលគឺទាំងការផ្តើមរៀបចំ ការដើរជ្រើសរើសតាមខេត្តរយៈពេល២ខែ ការបង្ហាត់បង្រៀន កម្មវិធីនេះយើងដំណើរស្ទើរពេញមួយឆ្នាំមកហើយ។ អ៊ីចឹងការចំណាយរបស់យើងមានទំហំធំណាស់ បើយើងគិតដោយខ្លី ឧទាហរណ៍ថា ១ថ្ងៃចំណាយ១០០ដុល្លារ ចុះមួយឆ្នាំអស់ប៉ុន្មាន»។
ទោះបីជាយ៉ាងណា លោក និងក្រុមការងារបានសម្តែងការសប្បាយរីករាយ ដោយសារតែការខិតខំប្រឹងប្រែងអស់រយៈពេលស្ទើរមួយឆ្នាំពេញនេះ ចុងក្រោយ ទូរទស្សន៍ហង្សមាស ឬ The Voice Cambodia អាចរកឃើញតារាចម្រៀងដ៏មានសមត្ថភាពពិតប្រាកដ គឺ ប៊ុត សីហា មកពីកំពង់ស្ពឺ។ លោកបាននិយាយថា៖ «បេក្ខជនដែលប្រឡងនៅវគ្គចុងក្រោយមាន៤រូប ពួកគេពិតជាខ្លាំង មានសមត្ថភាពបំផុត តែមានតែ សីហា ម្នាក់គត់ ដែលត្រូវចុះកុងត្រា ជាមួយផលិតកម្មហង្សមាស»។
នៅវគ្គចុងក្រោយមានបេក្ខភាព៤រូប ក្នុងនោះ មាន ប៊ុត សីហា ចំរើន សុភ័ក្រ ឃុន វុត្ថា និង សយ រតនៈ ហើយទីបញ្ចប់ ប៊ុត សីហា ជាបេក្ខភាពមួយរូបគត់ ដែលអាចលើកពាន The Voice Cambodia។ ក្រៅពីមហាកិត្តិយសស្ទើរធ្វើឲ្យ សីហា មិនអាចហារស្តីបាននោះ អ្នកឈ្នះពាន សីហា បានទទួលទឹកប្រាក់ ១០០លានរៀល ទទួលកុងត្រាជាតារាចម្រៀងអាជីពនៅផលិតកម្មរស្មីហង្សមាស ទទួលបានម៉ូតូហុងដាស៊េរី២០១៥ មួយគ្រឿង និងស្រាបៀរកម្ពុជា ២០កេស។ រីឯ៣រូបទៀតមិនទទួលបានជ័យលាភី ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ១០០០ដុល្លារ ម៉ូតូហុងដាស៊េរី២០១៥ មួយគ្រឿង និងស្រាបៀកម្ពុជា ២០កេស។
លោក អ៊ឹង សុខលី បានបញ្ជាក់ថា៖«សីហា នឹងចេញបទចម្រៀងលើទីផ្សារក្នុងពេលឆាប់ៗនេះ ហើយរូបគេ និង៣នាក់ផ្សេងទៀតនឹងទទួលបានការងារជាច្រើនពីទូរទស្សន៍ និងផលិតកម្មហង្សមាស ទាំងនៅភ្នំពេញ និងតាមខេត្ត»។
រីឯអ្នកឈ្នះពាន The Voice Cambodia ប៊ុត សីហា បាននិយាយរន្ធត់ចិត្តនឹងជ័យលាភីថា៖«ខ្ញុំត្រេកអរផង ភ័យផង ខ្ញុំពិតជាអររកអ្វីនិយាយមិនបានទេ ទីបំផុតក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត»។
ប្រវត្តិពិតខ្លីៗ ប៊ុត សីហា
ប៊ុត សីហា ជាកូនប្រុសពៅនៅក្នុងគ្រួសារ ដែលមានបងប្អូនសរុប ៦នាក់(បងប្អូនខ្លះឪពុកម្តាយផ្សេងគ្នា) ។
ដោយសារបញ្ហាជីវភាពក្រលំបាកពេក សីហា បានបង្ខំចិត្តឈប់ការសិក្សានៅថ្នាក់ទី១១ ហើយរូបគេបានទៅសុំគេច្រៀងឱ្យក្រុមតន្ត្រីអកកាដង់ មួយដើម្បីយកប្រាក់ជួយដោះទាល់បញ្ហាជីវភាពអ្នកម្ដាយដែលមានមុខរបរជាជាងកាត់សក់ក្នុងភូមិ រីឯឪពុកជាមន្ត្រីប៉ូលិស។ ជាអកុសល ឪពុករបស់ សីហា បានទទួលមរណភាពដោយសារជំងឺជាទម្ងន់ នៅក្នុងអំឡុង២-៣ថ្ងៃមុន សីហា ប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The Voice។
ក្រៅពីជួបការលំបាក ឪពុកស្លាប់ក្នុងពេលប្រឡង សីហា ក៏ជួបបញ្ហាប្រឈមមួយទៀត គឺការខ្វះខាតប្រាក់ធ្វើដំណើរឡើងចុះ ភ្នំពេញកំពង់ស្ពឺ ដើម្បីប្រឡង និងហ្វឹកហាត់ប្រកួត The Voice Cambodia។ តែយ៉ាងណាម្ដាយ សីហា បានខ្ចីប្រាក់អ្នកភូមិដើម្បីឱ្យកូនធ្វើសោហ៊ុយមកប្រឡង។
ជារឿងអស្ចារ្យមួយទៀត នៅក្នុងការមកប្រឡងនេះដោយសារតែ សីហា ស្លៀកពាក់សម្លៀកបំពាក់ចាស់ៗ មិនសូវស៊ីវិល័យដូចជាបេក្ខជនដទៃទៀតនៅពេលមកប្រឡង អ្នកភូមិរបស់ សីហា បាននាំគ្នារៃប្រាក់ម្នាក់បន្តិចៗ ជួយឧបត្ថម្ភដល់ សីហា។
ទីបំផុត សីហា មិនឲ្យទស្សនិកជនអស់សង្ឃឹមនោះទេ គេបានក្លាយជាបេក្ខភាពតែម្នាក់គត់លើកពាន The Voice Cambodia ជាមួយការគាំទ្រយ៉ាងខ្លាំងក្លារបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។
ម្ដាយរបស់ប៊ុត សីហា បានបញ្ជាក់ថា សីហាគឺជាក្មេងរៀនពូកែ មិនថា ភាសាខ្មែរ ឬភាសាអង់គ្លេស ប៉ុន្តែគេបានសម្រេចចិត្តបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី ១១ ដោយសារតែជីវភាពគ្រួសារក្រីក្រ និងជួបការលំបាកពេក៕

Congratulations boy