ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ និងជាអនុប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា (រូបថត៖ ថុល ស្រីលក្ខណ៍)
ក្រុមហ៊ុននាំអង្ករចេញនៅកម្ពុជាលើកឡើងថា មូលហេតុស្រូវនៅកម្ពុជាចុះថ្លៃនាពេលបច្ចុប្បន្នដោយសារមូលហេតុពីរ ទី១. ដោយសារថៃ ដែលជាប្រទេសផលិតអង្ករធំជាងគេលើពិភពលោក កំពុងសម្រុកលក់អង្ករចេញទៅទីផ្សារអន្តរជាតិក្នុងតម្លៃទាប និងទី២. ដោយសារកម្ពុជាខ្វះអ្នកជំនាញកសិកម្ម ។
ក្នុងកម្មពិធីបុណ្យអង្ករលើកទី២ ដើម្បីផ្សព្វផ្សាយផលិតផលអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ ដែលធ្វើនៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ និងជាអនុប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជាលោក គឹម សាវុធ មានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសថៃកំពុងសម្រុកលក់អង្ករចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃទាប បណ្តាលឲ្យប្រទេសក្នុងពិភពលោកមួយចំនួនរងគ្រោះ ក្នុងនោះមានទាំងកម្ពុជាផងដែរ ។ លោកថា នៅរដូវប្រមូលផលនេះជាធម្មតាស្រូវចាប់ផ្តើមធ្លាក់ថ្លៃ តែក្រុមហ៊ុនមិនហ៊ានបោះទុនទិញព្រោះខ្លាចខាត ។ លោកថា «យើងលក់បានតែ ទិញម្តង៥០០តោនហ្នឹង ទិញម្តង២០០តោន ទិញម្តង៥០តោន ទិញម្តង២០តោន អាហ្នឹងយើងពូកែណាស់ យើងលក់បុកគ្នា លក់ថោកទៀត តែអាគេទិញម្តង១០ម៉ឺនតោនលក់ថ្លៃ ប៉ុន្តែយើងអត់មានលទ្ធភាពទៅចាប់យកអា១០ម៉ឺនតោន ក្នុងមួយលើកទេ យើងអត់មានលទ្ធភាពតែម្តង។ អ៊ីចឹងយើងត្រូវការពេលវេលាធ្វើការងារហ្នឹង ។ (សំនួរអ្នកសារព័ត៌មាន៖ កត្តាហ្នឹងដោយសារអង្ករយើងវាអត់មានស្តង់ដា ឬដោយសារយើងអត់មានផលិតកម្មហ្នឹងគ្រប់គ្រាន់?) អត់ត្រូវទាំងអស់! ស្តង់ដាយើងធ្វើបានល្អគ្រប់គ្រាន់ ផលិតកម្មយើងគ្រប់គ្រាន់លើស លុយធនាគារគេថាសល់ ប៉ុន្តែនិយាយទៅ យើងត្រូវការធនធានមនុស្សថែមទៀត» ។
លោក គឹម សាវុធ បន្ថែមថាការនាំចេញរបស់កម្ពុជាទៅលើឆាកអន្តរជាតិ នៅតែប្រឈមដោយសារការផ្សព្វផ្សាយមិនទាន់បានទូលំទូលាយ ខណៈប្រទេសថៃ គេផ្សព្វផ្សាយនៅតាមព្រលានយន្តហោះក្នុងប្រទេស និងតាមទូរទស្សន៍អន្តរជាតិ(CNN) តែកម្ពុជាមានលទ្ធភាពត្រឹមតែធ្វើសិក្ខាសាលា ឬពិពណ៌តាមរយៈភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ ។
សម្រាប់ប្រធានអង្គការសេដាក លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះ មិនអាចទុកឲ្យកសិករបន្តរងគ្រោះដោយសារស្រូវចុះថ្លៃនោះទេ ។ លោកថា រដ្ឋាភិបាលត្រូវបំពេញតួនាទីរបស់ខ្លួនជាអ្នករក្សាតម្លៃស្រូវរបស់កសិករ តាមរយៈការប្រមូលទិញអង្ករពីកសិករក្នុងតម្លៃសមរម្យ ឬឧបត្ថម្ភធនដល់ក្រុមហ៊ុនទិញស្រូវ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះចុះទិញស្រូវពីកសិករនៅរដូវច្រូតកាត់ មិនមែនទុកឲ្យកសិករខ្វះទីផ្សារយ៉ាងដូច្នេះនោះទេ ។ លោកបញ្ជាក់ថា «អាចថាជាការឧបត្ថម្ភធនខ្លះទៅលើតម្លៃ វាមិនមែនជាដំណោះស្រាយវែងឆ្ងាយទេ ប៉ុន្តែជាដំណោះស្រាយខ្លី ដើម្បីជួយសម្រួល នៅកម្ពុជាយើងអត់មានអាហ្នឹង។ ដោយឡែក នៅថៃទោះបីម៉េចក៏ដោយ ក៏គេមានអន្តរាគមន៍ដើម្បីជួយក្នុងមតិវាយតម្លៃហ្នឹង ចំនុចមួយទៀត ប្រសិនជារដ្ឋាភិបាលយើង មិនអាចធ្វើដូចប្រទេសគេបាន ក៏យើងអាចជួយសម្រួលម៉េចដើម្បីឲ្យក្រុមហ៊ុនឯកជន ដូចសហគមន៍ហ្នឹង គាត់មានលទ្ធភាពគ្រប់គ្រាន់ ទិញស្រូវមកស្តុកទុកក្នុងពេលរដូវប្រមូលផលហ្នឹង» ។
តាមរបាយការណ៍ក្រសួងកសិកម្មឲ្យដឹងថា នៅឆ្នាំ២០១៣ កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិប្រមាណ៣៧ម៉ឺនតោន ហើយក្នុងរយៈពេល១០ខែឆ្នាំ២០១៤នេះ កម្ពុជានាំអង្ករចេញបានជាង៣០ម៉ឺនតោន ។ តាមគោលនយោបាយរដ្ឋាភិបាលកម្ពុជាប្រកាសថា កម្ពុជាគ្រោងនាំអង្ករចេញទៅទីផ្សារអន្តរជាតិឲ្យបាន១លានតោននៅឆ្នាំ២០១៥ ។ តាមសហព័ន្ធស្រូវអង្កកម្ពុជា បានព្យាករថា នៅឆ្នាំ២០១៤នេះ កម្ពុជាអាចនឹងនាំអង្ករចេញទៅទីផ្សារអន្តរជាតិប្រហែល៥០ម៉ឺនតោន៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
កម្ពុជាសំបូរតែអ្នកជំនាញខាងលក់ជាតិ,កាប់ឈើ,ចាប់ជនស្លូតត្រង់ដាក់គុក,លនឹងល។
លោក គឹម សាវុធ និង លោក យ៉ង សាំងកុមារ និយាយ ត្រូវ តើធ្វើ យ៉ាងម៉េច អោយ បានល្អ !
មិនពិតទេដឹងលោក គ្រាន់តែគ្មានអ្នកជំនាញនាំអោយទិន្នផលជុញគ្មានទីផ្សារ ហើយចុះទម្រាំដល់មាន អ្នកជំនាញតើទិន្នផលយកទៅណាបើរដ្ឋាភិបាលបែបនេះ ។ កុំនិយាយបានតែនិយាយមិនមើលសកម្មភាពរដ្ឋាភិបាលផង ។រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃគ្មានសមត្ថភាពនោះទេ សម័យតេជោមិនត្រូវការអ្នកចេះទេគឺមានតែអញទេដែលចេះជាងគេ ។ ប្រទេសអញនិយម គ្រួសារនិយម អន្ឋពាលនិយម ស៊ីជោរនិយម និងបម្រើបរទេសនិយម ។
បើដូរតាសែនចេញអាចទៅរួចខ្លះ ។