ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់កំណត់ថា នឹងបញ្ចប់នៅពេលណានៅឡើយ បើទោះជាក្រុមការងារគណបក្សទាំងពីរអះអាងថា មានការឯកភាពគ្នាបានជាង៩០ភាគរយហើយក៏ដោយ ។
ក្រោយពេលជួបជជែកគ្នានៅវិមានរដ្ឋសភានៅថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមការងារគណបក្សទាំងពីរទាល់ច្រកត្រង់ចំណុច ការកំណត់សញ្ជាតិ និងដាក់ញាតិលោហិតចូលក្នុងសមាសភាព គ.ជ.ប ។
ចំណុចទាំងពីរខាងលើនេះ គឺខាងភាគីគណបក្សប្រជាជនកម្ពុជា ជាអ្នកទាមទារគឺទាមទារសមាជិក គ.ជ.ប ត្រូវមានសញ្ជាតិខ្មែរតែមួយ និងមិនឲ្យមានការដាក់ញាតិសាច់សាលោហិតរបស់ប្រធាន និងអនុប្រធានគណបក្សចូលក្នុងសមាសភាពនេះទេ ។
ចំណុចទាល់ច្រករបស់ក្រុមការងារគណបក្សទាំងពីរ នាំឲ្យសាធារណៈជនចាប់អារម្មណ៍ករណីដែលកំណត់ឲ្យសមាជិក គ.ជ.ប ត្រូវមានសញ្ជាតិខ្មែរតែមួយ ថាតើពាក់ព័ន្ធឯករាជ្យភាព និងប្រសិទ្ធភាពការងារយ៉ាងម៉េច ? ចំណែកការកំណត់មិនឲ្យដាក់ញាតិលោហិតនោះ មិនមែនជារឿងគួរឲ្យឆ្ងល់ទេព្រោះថា បើស្ថាប័នមួយមានតែសាច់ញាតិមនុស្សមួយក្រុមនោះ ប្រាកដជាមិនមានភាពឯករាជ្យទេ គឺពួកគេប្រាកដជាប្រឹងប្រែងបំពេញការងារដើម្បីបក្ខពួកនោះ ។
អត្ថបទវិភាគផ្សេងទៀត
ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បញ្ជាក់ថា មូលហេតុដែលតម្រូវឲ្យសមាជិក គ.ជ.ប មានសញ្ជាតិខ្មែរតែមួយនោះ ព្រោះចង់ឲ្យសមាជិក គ.ជ.ប ថ្មីនោះ បំពេញការងារដោយឯករាជ្យ មិនរងឥទ្ធិពលពីខាងក្រៅ ។ លោកមានប្រសាសន៍ថា «យើងឲ្យសញ្ជាតិតែមួយ គឺដើម្បីឲ្យគាត់បញ្ជាក់ថា គាត់មានសញ្ជាតិខ្មែរ ហើយគាត់ធ្វើការហ្នឹងអត់មានពាក់ព័ន្ធជាមួយកន្លែងដទៃទេ អព្យាក្រឹតភាពហ្នឹងគឺយើងចង់ឲ្យអព្យាក្រឹត ហើយយើងនិយាយឲ្យឆ្ងាយទៅគឺថាមានឥទ្ធិពលពីនេះពីនោះ យើងមិនចង់ឲ្យមានតែប៉ុណ្ណឹងទេ គឺដូចជាសំណូមពរដែលយើងគិតថា គ.ជ.ប ឥឡូវនេះជា គ.ជ.ប ដែលឯករាជ្យ អព្យាក្រឹត ហើយដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញ វាខុសពីមុន» ។
ផ្ទុយពីជំហររបស់គណបក្សប្រជាជនកម្ពុជា គឺខាងភាគីគណបក្សសង្គ្រោះជាតិមិនចង់ឲ្យកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់សមាជិក គ.ជ.ប ទេ ។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន លើកឡើងថា ការទាមទារមិនឲ្យកំណត់សញ្ជាតិខ្មែរតែមួយលើសមាជិក គ.ជ.ប នេះ ព្រោះចង់ឲ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ហើយមានបទពិសោធន៍អាចមានលទ្ធភាពបម្រើការងារ ក្នុងស្ថាប័ននេះដើម្បីពង្រឹងគុណភាពនៃការរៀបចំការបោះឆ្នោត ។ លោកពន្យល់ថា «ព្រោះនៅស្រុកគេ ហើយបានទទួលសញ្ជាតិហ្នឹងមានលក្ខណៈសម្បត្តិមួយ ទទួលបានចំណេះជំនាញដើម្បីមកបម្រើការងារ ហើយកាលណាយើងបិទផ្លូវអ៊ីចឹង យើងឃើញថា អាចមានការរើសអើង» ។
តើមានមូលហេតុអ្វីបានជាគណបក្សទាំងពីរខ្វែងគំនិតគ្នា បើភាគីសងខាងសុទ្ធតែចង់បាន គ.ជ.ប ក្លាយជាអាជ្ញាកណ្តាលមួយ ដែលស្អាតស្អំបំពេញការងារដោយឯករាជ្យនោះ ?
ក្រៅពីហេតុផលដែលគណបក្សទាំងពីរ បានលើកឡើងគេក៏អាចមើលឃើញមូលហេតុផ្សេងទៀត ទាក់ទងផលប្រយោជន៍បក្ស និងការយកប្រៀបលើគូប្រជែង ។
ការកំណត់សញ្ជាតិខ្មែរតែមួយលើសមាសភាព គ.ជ.ប អាចជាឧបសគ្គដល់គណបក្សសង្គ្រោះជាតិ តែមិនប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ។ មូលហេតុប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិ គឺធនធានមនុស្សមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ជាខ្មែរនៅក្រៅប្រទេស ដែលកំពុងផ្តល់ជាគំនិត និងថវិកាជួយដំណើរការបក្ស ហើយគណបក្សនេះ ក៏អាចនឹងយកអ្នកទាំងនោះមកបំពេញការងារនៅស្ថាប័នមួយចំនួន តាមតម្រូវការបក្សដែរ ។ ចំណែកគណបក្សប្រជាជនកម្ពុជាដែលមានកំណើត និងបុកគ្រឹះជាង៣០ឆ្នាំមកនេះ មិនចោទជាបញ្ហាទេ ព្រោះធនធានមនុស្សរបស់គណបក្សនេះ ស្ថិតនៅក្នុងប្រទេសស្ទើរទាំងអស់ ។
សម្រាប់នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ដល់ឃើញថា សញ្ជាតិមួយ ឬលើសពីមួយនោះមិនមែនជាផ្នែកមួយ នៃការធ្វើឲ្យប៉ះពាល់ឯករាជ្យភាពរបស់ គ.ជ.ប ទេ តែអ្វីជាការសំខាន់នោះ បុគ្គលនោះមានការជឿជាក់ថា អាចបំពេញការងារដោយឯករាជ្យ ។
ការទាមទារឲ្យមានការកំណត់យកសញ្ជាតិខ្មែរតែមួយនៅពេលនេះ គឺអាចប៉ះពាល់ដល់សមាជិកទី៩របស់ គ.ជ.ប ដែលមានការឯកភាពគ្នារវាងគណបក្សទាំងពីរតាមស្មារតីកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ សមាជិកទី៩ដែលបក្សទាំងពីរយល់ថា ជាបុគ្គលឯករាជ្យនោះគឺលោកស្រី ពុង ឈីវកេក បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ។ ប្រធានអង្គការលីការូបនេះ មានការគាំទ្រពីបក្សទាំងពីរ និងសាធារណជន តែគាត់មានសញ្ជាតិលើសពីមួយ ។
ការកំណត់សញ្ជាតិនេះ អាចជាឧបសគ្គថ្មីបន្ថែមទៀតលើលោកស្រី ពុង ឈីវកេក ខណៈពេលកន្លងមកលោកស្រីធ្លាប់ស្នើសុំអភ័យឯកសិទ្ធិ ដូចសមាជិកសភាក្នុងការបំពេញការងារជាសមាជិក គ.ជ.ប តែត្រូវក្រុមការងារគណបក្សទាំងពីរសម្រេចបដិសេធ ។
មូលហេតុខាងលើនេះប្រសិនបើលោកស្រី ពុង ឈីវកេក សម្រេចដកបេក្ខភាពចេញដោយខ្លួនឯងវិញនោះ ដំណើរការរៀបចំក្បាលម៉ាស៊ីនថ្មីរបស់ គ.ជ.ប កាន់តែអូសបន្លាយយូរទៅទៀត ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ឃើញថា ការចរចារបស់គណបក្សទាំងពីរក្នុងការរៀបចំក្បាលម៉ាស៊ីន គ.ជ.ប បើមិនបានចប់នៅចុងឆ្នាំ២០១៤នេះទេ មិនអាចរៀបចំយន្តការផ្សេងៗទៀត ដើម្បីធានាឲ្យការបោះឆ្នោតនៅអាណត្តិក្រោយឲ្យមានភាពត្រឹមត្រូវ ធ្វើឲ្យគណបក្សនយោបាយប្រកួតប្រជែងទុកចិត្ត និងទទួលលទ្ធផលនោះទេ ។
ទោះយ៉ាងណាខ្លឹមសារនៃកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ចែងថា ប្រសិនបើក្បាលម៉ាស៊ីន គ.ជ.ប ថ្មីមិនទាន់បង្កើនឡើងនោះ គ.ជ.ប បច្ចុប្បន្ននៅតែបន្តដំណើរការរៀបចំការបោះឆ្នោតដូចមានចែងក្នុងច្បាប់បោះឆ្នោតដដែល ។ ករណីនេះបើសិនជា គ.ជ.ប បច្ចុប្បន្ន ដែលគណបក្សសង្គ្រោះជាតិចោទថា បម្រើការងារដោយគណបក្សប្រជាជននោះ នៅតែធ្វើអាជ្ញាកណ្តាលទៀតនោះ លទ្ធផលបោះឆ្នោតលើកក្រោយបើគណបក្សសង្គ្រោះជាតិចាញ់ទៀតនោះ ការតវ៉ាដូចការបោះឆ្នោតនៅអាណត្តិទី៥នេះ នឹងកើតមានទៀតដដែលជាមិនខាន ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

To avoid any influence from outside world, set of rules and regulations are to be abided by regardless whether single nationalities or dual nationality. It is always put limitation to any role or task to manage. For instance, even PM should also has time limit.
Ms.Pong Chiv Kek must see that 4CPP/4CNRP mean conflict of interest. How NEC can be ethics ??
កុំភ្លិចថាបើគជបឯករាជ្យគណបក្សតាសែនគឺ សូន្យ ចំណែកគណបក្សប្រឆាំងគឺដឹកនាំរដ្ឋាភិបាល
បាត់ ទៅហើយឆ្នាំ ២០១៣ ។ មានសំណួរពីរត្រូវលើកមកសួរៈ
១.តើតាសែនចង់អោយគជបឯករាជ្យដើម្បីអ្វី បើគជបឯករាជ្យដូចសម្លាប់ខ្លួនឯងអញ្ជឹង ?
២. តើតាសែនព្រមប្រគល់អំណាចទេពេលចាញ់ឆ្នោត ?ស្រួលមិនស្រួលចាញ់ហើយមិនចុះក៏ថាបាន គ្រាន់តែក្រោយបោះឆ្នោត២០១៣ទាហានដឹកចូលភ្នំពេញ និងគ្រាន់តែកម្មករបាតុកម្ម យកទាហានមក បង្រ្កាបយ៉ាងព្រៃផ្សៃយ៉ាង នេះទៅហើយចុះទម្រាំចាញ់ងើបមុខលែងរួចទៀតតើគាត់សម្លាប់ខ្លួនឬសម្លាប់រស្រ្ដ។ កុំឆ្លើយថាអន្ដរជាតិជួយ គឺមិនអាចទៅរួចទេដូចនៅលីប៊ី ស៊ីរី ផ្សេងៗ។ល។ សុទ្ឋតែជាបញ្ហា ។