កម្ពុជា​ប្រារព្ធ​បុណ្យ​អង្ករ​លើក​ទី​២​បង្ហាញ​អង្ករ​ល្បីៗ​ទៅ​ទីផ្សារ​អន្តរជាតិ

ដោយ ប្រាជ្ញ ចេវ
2014-11-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ ៦២០
ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ នា​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Brach Chev

ប្រទេស​កម្ពុជា បាន​ប្រារព្ធ​បុណ្យ​អង្ករ​លើក​ទី​២​នៅ​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​អង្ករ​ល្បី​របស់​ខ្លួន​ឲ្យ​ភ្ញៀវ​ជាតិ ជាពិសេស​គឺ​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់ ដើម្បី​ឲ្យ​អង្ករ​ខ្មែរ​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​ទូលាយ។

ក្រៅ​ពី​ការ​ដាក់​តាំង​បង្ហាញ​ពូជ​អង្ករ​ស និង​ពូជ​អង្ករ​ក្រអូប ដែល​ជា​អង្ករ​ផ្កា​រំដួល ឬ​អង្ករ​ផ្កា​ម្លិះ កម្មវិធី​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ភ្លក់​ឱជារស​គ្រាប់​បាយ​ដែល​មាន​ក្លិន​ឈ្ងុយ​នេះ​ផង​ដែរ។

សម្រស់ និង​ក្លិន​អង្ករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ គឺ​ស្រូវ​ផ្កា​រំដួល ឬ​ផ្កា​ម្លិះ បាន​ដាក់​កញ្ជើ​ល្អី ឬ​ការុង​តាំង​បង្ហាញ​ជា​ជួរៗ​មាន​ទាំង​រូប​ពិត មាន​ទាំង​រូបភាព ក្នុង​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ សំនៀង​តន្ត្រី និង​ការ​សម្ដែង​សិល្បៈ បាន​កំដរ​ក្លិន​ឈ្ងុយ​បាយ​ដែល​ចេញ​ពី​ឆ្នាំង ធ្វើ​ឲ្យ​កម្មវិធី​នេះ​រឹត​តែ​ទាក់ទាញ​ភ្ញៀវ​ដែល​ចូល​ទស្សនា ក្នុង​ការ​បង្ហាញ​នៃ​បុណ្យ​អង្ករ​លើក​ទី​២​នេះ។

ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​គ្រុប (Khmer Foods Group) លោក គឹម សាវុធ ឲ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី​​បង្ហាញ​នេះ ដើម្បី​ឲ្យ​បរទេស​កាន់​តែ​ស្គាល់​អង្ករ​ខ្មែរ​កាន់​តែ​ច្រើន។ លោក គឹម សាវុធ រំពឹង​ថា បុណ្យ​អង្ករ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទាប់​ពី​ចូលរួម​កម្មវិធី​នេះ​រួច​ហើយ នឹង​ទិញ​អង្ករ​យក​ទៅ​ផ្ទះ​ដើម្បី​ភ្លក់​រសជាតិ៖ «យើង​ធ្វើ​ម៉េច​ឲ្យ​ទាំង​ប្រជាជន​យើង ទាំង​អ្នក​ទេសចរ​បរទេស គាត់​បាន​ភ្លក់​គាត់​ស្គាល់​រសជាតិ ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រាប់​ប្រពន្ធ​កូន​គាត់ ប្រាប់​មិត្តភ័ក្ដិ ប្រាប់​បងប្អូន​គាត់ និង​ប្រាប់​រដ្ឋាភិបាល​គាត់ ឲ្យ​ជួយ​ទិញ​អង្ករ​ខ្មែរ។ នេះ គឺ​ជា​គោល​បំណង​ពិត​ប្រាកដ​របស់​បុណ្យ​អង្ករ​យើង​ថ្ងៃ​នេះ។ ការ​ប្រារព្ធ​បុណ្យ​អង្ករ​នេះ គឺ​ស្រប​ពេល​ដែល​សមិទ្ធផល​ស្រូវ​អង្ករ​សម្រេច​បាន​ច្រើន និង​បន្ទាប់​ពី​កម្ពុជា ឈ្នះ​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​លើ​លោក​ពីរ​ឆ្នាំ​ជាប់​គ្នា កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣»

អ្នក​ជំនាញ​បញ្ជាក់​ថា អង្ករ​កម្ពុជា ដែល​ឈ្នះ​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​មាន​ឈ្មោះ​ថា អង្ករ​ផ្កា​រំដួល ប៉ុន្តែ​សាធារណជន​ទូទៅ បែរ​ជា​ហៅ​ថា​អង្ករ​ផ្កា​ម្លិះ​ទៅ​វិញ។

ថ្លែង​នា​ឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លើក​ឡើង​ថា ពិធី​បុណ្យ​អង្ករ​នេះ បាន​ទាក់ទាញ​បុគ្គល​សំខាន់ៗ​ជាច្រើន​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ ដូចជា កសិករ​មក​ពី ១១​ខេត្ត ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ អ្នក​នាំ​ចេញ និង​អ្នក​តំណាង​ជាច្រើន​រូប​មក​ពី​ស្ថាប័ន​រដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ។

តំណាង​នាំ​ចេញ​នៃ​ក្រុមហ៊ុន​ហ្គោលដេន​រ៉ាយស៍ ខេមបូឌា (Golden Rice Cambodia) លោក គង់ សារិទ្ធ ប្រាប់​ថា ក្រុមហ៊ុន​លោក​បាន​លក់​អង្ករ​ចេញ​ទៅ​បណ្ដា​ទីផ្សារ​ប្រទេស​អឺរ៉ុប ចិន និង​បារាំង ចាប់​តាំង​ពី​ឆ្នាំ​២០០៩។ លោក​បន្ត​ថា ពេល​នេះ​ទីផ្សារ​អង្ករ​ខ្មែរ​កំពុង​ដំណើរ​ការ​ទៅ​មុខ​តិចៗ​ហើយ បើ​ទោះ​ជា​ទីផ្សារ​អន្តរជាតិ​មិន​សូវ​ស្គាល់​អង្ករ​ខ្មែរ៖ «បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេងៗ យើង​ឥឡូវ​កំពុង​តែ​ទៅ​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា​មិន​សូវ​រលូន​ប៉ុន្មាន​ទេ​ណា ដោយសារ​ទី​មួយ យើង​នាំ​ទៅ​ហ្នឹង គឺ​ក្រោយ​ប្រទេស​គេ​ជិត​ខាង ចឹង​ហើយ​ឈ្មោះ​របស់​យើង​គេ​អត់​សូវ​ស្គាល់ ដូច​របស់​ដែល​មួយ​យើង​អត់​ល្បី គេ​អត់​សូវ​ឲ្យ​តម្លៃ​ទេ ប៉ុន្តែ​ឥឡូវ​គេ​ចាប់​ផ្ដើម​មក​គាំទ្រ​ផលិតផល​ដូចជា​អង្ករ​ខ្មែរ»

សព្វថ្ងៃ កម្ពុជា មាន​ទីផ្សារ​អង្ករ​នៅ​អូស្ត្រាលី ចិន ហុងកុង បារាំង អាមេរិក និង​អាហ្វ្រិក និង​នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប។ ទៅ​ថ្ងៃ​មុខ កម្ពុជា មាន​គម្រោង​ពង្រីក​ទីផ្សារ​អង្ករ​ទៅ​ប្រទេស​ចំនួន​៦​ទៀត។ រដ្ឋាភិបាល​កម្ពុជា មាន​មហិច្ឆតា​ថា​នៅ​ឆ្នាំ​២០១៥ នឹង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន។

បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ ៦២០
រូបភាព​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ នា​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Brach Chev

លោក ហ៊ុន យ៉ាដាណា ប្រធាន​ការិយាល័យ​ផែនការ​សហប្រតិបត្តិការ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដែល​យក​ពូជ​ស្រូវ​ដាក់​បង្ហាញ​ដូចជា ផ្កា​រលៀត ផ្កា​រំដួល សែន​ពិដោរ និង​ដំណើប​ស្បៃ​មង្គល ឲ្យ​ដឹង​ថា ភ្ញៀវ​ដែល​ចូល​មក​ទស្សនា ភាគ​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ស្រូវ​អង្ករ និង​ទាក់ទង​ចង់​បាន​អង្ករ​ទាំង​នោះ។ លោក ហ៊ុន យ៉ាដាណា បន្ត​ថា អង្គការ​របស់​លោក​ជួយ​បណ្តុះបណ្តាល​ដល់​កសិករ ដើម្បី​ឲ្យ​កសិករ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ធ្វើ​ស្រែ​ពី​បែប​ប្រពៃណី មក​បែប​បច្ចេកទេស​វិញ៖ «គោល​បំណង​របស់​យើង គឺ​ដើម្បី​សេចក្តី​ចម្រើន​របស់​កសិករ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ចំណេះ​ដឹង​របស់​គាត់ ចំណេះ​ដឹង​មូលដ្ឋាន ការ​ផ្លាស់ប្ដូរ​ទម្លាប់ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​គាត់ បី​ហ្នឹង​សំខាន់។ គាត់​មាន​ចំណេះ គាត់​មាន និង​ការ​ប្រតិបត្តិ​របស់​គាត់ ដើម្បី​ប្រើ​បច្ចេកវិទ្យា​ទៅ​ឲ្យ​វា​បាន​ផល​ច្រើន បើ​យើង​ទៅ​មួយ​រដូវ​នឹង​គេ​ដែរ បើ​យើង​អត់​ដឹង​ក្នុង​ការ​ធ្វើ​ស្រែ​បច្ចេកវិទ្យា​ទាំងអស់​ហ្នឹង វា​បាន​ផល​តិច ចុង​បញ្ចប់​អ្នក​ខាត​មិន​មែន​យើង​អ្នក​នេះ​ណា គាត់​ដដែល​ហ្នឹង»

ចំណូល​ពី​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ស្មើ​នឹង ២៩% នៃ​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ។ ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ ផ្តល់​ឱកាស​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​កម្សាន្ត​ក្នុង​សកម្មភាព​ស្ទូង​ស្រូវ ការ​សម្ដែង​វប្បធម៌ ប្រវត្តិសាស្ត្រ​នៃ​ស្រូវ​អង្ករ​កម្ពុជា ការ​ប្រកួត​ប្រជែង​ជ្រើស​រើស​ស្រូវ​អង្ករ​កម្ពុជា ល្អ​ដាច់​គេ និង​ការ​បង្ហាញ​នូវ​ការ​ចម្អិន​ម្ហូប​ដោយ​ចុងភៅ​ល្បី​ឈ្មោះ ដែល​ត្រៀម​ជា​ស្រេច​ដោយ​បាយ​អង្ករ​កម្ពុជា ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​អ្នក​ទស្សនា​ដោយ​មិន​គិត​ប្រាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "កម្ពុជា​ប្រារព្ធ​បុណ្យ​អង្ករ​លើក​ទី​២​បង្ហាញ​អង្ករ​ល្បីៗ​ទៅ​ទីផ្សារ​អន្តរជាតិ"

  1. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជាយើង មានទ្រព្យសម្បត្តិធម្មជាតិ គ្រប់ មុខ គ្រប់វិស័យ !

    ប្រទេសកម្ពុជា យើង មិនសម ជាប្រទេស ក្រី ក្រ នោះ ទេ !