រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថាកង្វះ​​បច្ចេក​ទេស និង​ការ​ផ្សព្វផ្សាយ ​​ជា​បញ្ហា​ប្រឈមក្នុង​ការ​នាំ​អង្ករ​ចេញ​​

ដោយ៖​ ទូច សុខា​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លើក​ឡើង​ថា ការ​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅទីផ្សារ​អន្តរជាតិ​​នៅ​មាន​កម្រិត​ ដោយសារ​តែ​កម្ពុជា​នៅ​មាន​ការ​ខ្វះ​ខាត​ថវិកា សម្រាប់​​បចេ្ចកទេស​ក្នុង​ការ​វេច​ខ្ចប់ ​និង​ការ​ផ្សព្វ​ផ្សាយ​ ។

មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​នៅ​ពេល​សម្រាក​ ក្នុង​​ពិធីបុណ្យ​អង្ករ​លើក​ទី​២ នៅ​ថ្ងៃ​ពុធ​នេះរដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជ​កម្ម​លោក ស៊ុន ចាន់​ថុល បាន​លើក​ឡើង​​ថា​ កម្ពុជា​នៅ​មាន​ការ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​សាង​សង់​ឃ្លាំង​ស្តុក​ស្រូវ មិន​ទាន់​មាន​ឡ​សម្ងួតគ្រប់​គ្រាន់​ និង​ថវិកា​ក្នុង​ការ​ប្រ​មូល​ទិញ​ស្រូវ​ឲ្យ​បាន​ច្រើន​ពី​កសិករ ។ លោក​​បន្ត​ថា បច្ចេក​ទេស និង​សោភ័ណ​ក្នុង​ការ​វេច​ខ្ចប់​​​ផលិត​ផល​អង្ករ​កម្ពុជា​ក៏​នៅ​​មិន​ទាន់​មាន​លក្ខ​ណៈ​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ ខណៈ​ដែល​អង្ករ​កម្ពុជា​មាន​គុណ​ភាព​ល្អ​រួច​ស្រេច​ទៅ​ហើយ​ ។​

លោក​ ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា ​«ការ​ធ្វើ​ឲ្យ​មានម៉ាក​យី​ហោ​ហ្នឹង​សំខាន់​ណាស់​ យើង​មាន​របស់​ល្អ​​ អង្ករៗ​លេខ​១នៅ​ក្នុង​ពិភព​លោកអង្ករ​យើង ប៉ុន្តែ​យើង​មិន​ទាន់​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ ឬ​យើង​វេច​ខ្ចប់​នេះ វេច​ខ្ចប់​​​ឲ្យ​ឃើញ​ទៅ​​​ពេញ​ចិត្តហ្មង​​​​​ហ្នឹង​ណា​ យើង​វេច​ខ្ចប់​​ត្រឹម​ប្លាស្ទិក​ហ្នឹង​អត់​កើត​ទេ ដាក់​ប្រ​អប់​ដាក់​អី​ហ្នឹង​ ទើប​បាន​តម្លៃ​វា​ខ្ពស់​ថែម​ទៀត​»​ ។​​​

ទោះ​ជាយ៉ាងណា លោក​ ស៊ុន ចាន់​ថុល បន្ថែម​ថា កម្ពុជា​បាន​រៀប​ចំរក​ប្រាក់​ក​ម្ចី​៣០០​លាន​ដុល្លារ​អាមេរិច​ពី​​ប្រ​ទេស​ចិន ដើម្បី​មក​​​​វិនិ​យោគ​លើ​ឃ្លាំង​ស្តុក​ស្រូវចំនួន​៤០ នៅ​ក្នុង​ខេត្ត​ចំនួន​៩​ក្នុង​ប្រ​ទេស​កម្ពុជា ។ លោក​រំ​ពឹង​ថា ថវិកា​ទាំងនោះ​ នឹង​អាច​យក​មក​ប្រើ​ប្រាស់​បាន​នៅ​ឆ្នាំ​ក្រោយ​ ។

​ប្រ​ធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិ​វុធ មាន​ប្រ​សាសន៍​ថា​ ដើម្បី​​ជម្រុញ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ កម្ពុជា​ខ្លួន​ឯង​ត្រូវ​ពង្រឹង​​គុណ​ភាព​ពូជ​ស្រូវ បង្កើន​ទិន្ន​ផល​ស្រូវ មាន​ឃ្លាំង​ស្តុក​ស្រូវ​​​​ស្រប​តាម​​ស្តង់​​ដារ ​​និង​ធានា​ឲ្យ​បាន​ក្នុង​ការ​ផ្គត់​ផ្គង់​អង្ករ​ទៅ​តាម​​តម្រូវ​ការ​ទី​ផ្សារ​ ។

លោក សុខ ពុទ្ធិ​វុធ មាន​ប្រសាសន៍​​ថា «​ដើម្បី​ធ្វើ​អញ្ចឹង​បាន យើង​ត្រូវ​ពង្រឹងរចនាសម្ព័ន្ធ​​ផ្ទៃ​ក្នុង​ៗ​ប្រ​ទេស​​​យើង​ជា​មុន​​សិន​​​​​។ បច្ចុប្បន្ន​ហ្នឹង​យើង​ឃើញ​រោង​ម៉ាស៊ីន​អង្ករ​ធំៗច្រើន​ដែល​គាត់​​មានឃ្លាំង​មាន​អី ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ធំមួយ​នៅ​ក្រៅ​ យើង​អត់​មាន​បរិមាណ​គ្រប់​គ្រាន់​ធ្វើ​ការ​ជាមួយ​គេ អញ្ចឹ​ង​យើង​ត្រូវ​បញ្ចូល​គ្នា ​មាន​ន័យ​ថា​ យើង​ត្រូវ​បង្កើន​ការ​នាំ​ចេញ​ហ្នឹ​ង​ចូល​រួម​គ្នា​​​​ឲ្យ​មាន​បរិមាណ​កើន និង​គុណ​ភាព​ឲ្យ​ស្រប ឲ្យ​ល្អ​ដូច​គ្នា​​ ហើយ​ផែន​ការ​ដឹក​ជញ្ជូន​ហ្នឹង​ឲ្យ​ត្រូវ​តាម​ផែន​ការ​​របស់​គេ​»

លោកបន្ថែម​ទៀត​ថា «អញ្ចឹង​ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​តែងតែ​លើកថា ​យើង​ត្រូវ​តែ​មាន​ការ​រួប​រួម​គ្នា ចេះ​សាមគ្គី​គ្នា ដើម្បីផ្គត់​ផ្គង់​ទៅ​ទី​ផ្សារ​ធំៗ​បាន​ បើ​មិន​អញ្ចឹង​ទេ​យើង​ឲ្យ​ទៅ​តូចៗ​ទៅ​ទី​ផ្សារ យើង​ឲ្យ​ទៅ​ច្រើន​មាន ប៉ុន្តែ​តូចៗ​វា​អត់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចរចា វា​អត់​សូវ​ខ្លាំង​ទេ»។

តាម​របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យដឹងថា នៅ​ឆ្នាំ​២០១៣ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៣៧​ម៉ឺន​តោន ហើយ​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៤​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៣០​ម៉ឺន​តោន ។ តាម​សហព័ន្ធ​ស្រូវ​អង្ក​រកម្ពុជាបាន​ព្យាក​រថា នៅ​ឆ្នាំ​២០១៤​នេះ កម្ពុជា​អាច​នឹង​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រហែល​៥០​ម៉ឺន​តោន​ ៕​

​សូម​សរសេរ​មក​កាន់លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថាកង្វះ​​បច្ចេក​ទេស និង​ការ​ផ្សព្វផ្សាយ ​​ជា​បញ្ហា​ប្រឈមក្នុង​ការ​នាំ​អង្ករ​ចេញ​​"

  1. Chourn says:

    អ្នកទិញគេចេះតែថាខុសនេះខុសនោះអញ្ចឹងហើយ។ បញ្ហារគឺតែមួយគត់គឺប្រទេសខ្មែរមានឈ្មោះ អាក្រក់រំលោភសិទ្ធិមនុស្សដែលគេមិនចង់ទិញរបស់ដែលបានមកពីការរំលោភសិទ្ធិមនុស្សដូចជា ដណ្តើមដីពីប្រជាជនទន់ខ្សោយមិនរើសមុខ ដូច្នេះគេមិននិយាយឲ្យចំនោះទេ។