ដោយ៖ អុឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com
ក្រសួងពាពាណិជ្ជកម្មប្រកាសថា មានក្រុមហ៊ុនចំនួនប្រាំបានព្រមបញ្ចុះថ្លៃប្រេងសាំង និងប្រេងម៉ាសូត ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះតទៅ ចន្លោះពី២៥០រៀលទៅដល់៦០០រៀលក្នុង១លីត្រ ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ក្រុមហ៊ុនសូគីមិច តេលា ភីធីធី និង ប៊ីវីអឹម បានបញ្ចុះថ្លៃប្រេងសាំងពី៥០៥០រៀល មកនៅ៤៧៥០រៀលក្នុង១លីត្រ ។ ចំណែកប្រេងម៉ាសូតបញ្ចុះពី៤៧៥០រៀល មកនៅ៤៥០០រៀលក្នុង១លីត្រ ។
សេចក្តីជូនដំណឹងនេះបន្តថា ក្រុមហ៊ុនសាវីម៉ិច បានបញ្ចុះថ្លៃប្រេងសាំងពី៥០៥០រៀល មកនៅ៤៤៥០រៀលក្នុង១លីត្រ។ ចំណែកប្រេងម៉ាសូតបញ្ចុះពី៤៧៥០រៀល មកនៅ៤៣៥០រៀលក្នុង១លីត្រ ។
ក្រសួងពាណិជ្ជកម្មអះអាងថាការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យឯកជន ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការទី៩នៃរដ្ឋសភា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន បញ្ចុះថ្លៃប្រេងឥន្ធនៈ ដោយលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០១៤មក តម្លៃប្រេងកាតឆៅនៅលើទីផ្សារអន្តរជាតិបានចុះថ្លៃពី១០០ដុល្លារ មកត្រឹម៨០ដុល្លារ ក្នុងមួយធុងចំណុះ១៥៩លីត្រ ។
លិខិតបន្តថា តម្លៃប្រេងសាំងនៅប្រទេសវៀតណាមចាប់ពីដើមខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចុះពី១,២២ដុល្លារក្នុង១លីត្រ មកត្រឹម១,០៨ដុល្លារក្នុង១លីត្រ ។ ដោយឡែកតម្លៃប្រេងនៅប្រទេសកម្ពុជា ចេះតែឡើងថ្លៃជាបន្តបន្ទាប់រហូតដល់១,៣០ដុល្លារក្នុង១លីត្រ នាពេលបច្ចុប្បន្ន ដែលរដ្ឋសភាចាត់ទុកថាបានធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ៕
សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
សូមអបអរសាទរដល់ប្រជាជនខ្មែរ