កំណែ​ទម្រង់​ការ​បោះឆ្នោត​អាច​មិន​ទាន់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ

បុរស​ម្នាក់​កំពុង​ទម្លាក់ សន្លឹក​ឆ្នោត​ចូួល​ក្នុង​ហិប​ឆ្នោត នៅ​ក្នុង​ខេត្ត​កំពង់​ចាម ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។

បុរស​ម្នាក់​កំពុង​ទម្លាក់ សន្លឹក​ឆ្នោត​ចូួល​ក្នុង​ហិប​ឆ្នោត នៅ​ក្នុង​ខេត្ត​កំពង់​ចាម ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។ ហេង ជីរ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមាជិក ១ រូប​នៃ​ក្រុម​ចរចា​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​រំពឹង​ឲ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ គឺ​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា។

លោក ព្រុំ សុខា រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ការ​សើរើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​មាន​ន័យ​ថា រដ្ឋបាល​របស់​ខ្លួន​និង​ដំណើរ​ការ​របស់​ខ្លួន នឹង​ត្រូវ​សើរើ​ទាំង​ស្រុង​នោះ​ទេ។

លោក​ថ្លែង​ក្នុង​បទ​សម្ភាស​កាល​ថ្ងៃ​ពុធ​ថា៖ «អ្នក​ខ្លះ ពួក​គេ​គិត​ថា គ.ជ.ប ថ្មី​ឬ​ច្បាប់ គ.ជ.ប ថ្មី មាន​ន័យ​ថា អ្វីៗ​នឹង​ធ្វើ​ឲ្យ​ថ្មី​តាម​រយៈ​ការ​លុប​យន្តការ​ចាស់​និង​រដ្ឋបាល​ចាស់។ ខ្ញុំ​និយាយ​ថា ទេ…​វា​មិន​អាច​ផ្លាស់​ប្តូរ​បាន​ដូច​នោះ​ទេ»។ លោក​បន្ត​ថា៖ «យើង​កំពុង​ផ្លាស់​ប្តូរ​មន្រ្តី​ដែល​ត្រូវ​តែង​តាំង​តំណែង​នយោបាយ»។

គោល​ការណ៍​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ ទី២២ កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​សភា គឺ​ដើម្បី​ឲ្យ​មាន​ការ​សើ​រើ គ.ជ.ប ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

គ.ជ.ប ត្រូវ​បញ្ចូល​នៅ​ក្នុង​ជំពូក​ថ្មី​មួយ​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ចែង​ថា សមាជិក ៩ រូប​នៃ​គណៈ​កម្មាធិការ​នេះ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​នយោបាយ (ដែល​ពី​មុន​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រសួង​មហាផ្ទៃ)។

គណបក្ស​នីមួយៗ​នឹង​ត្រូវ​ជ្រើស​រើស​សមាជិក​បួន​រូប​និង ១ រូប​ទៀត​នឹង​ត្រូវ «ជ្រើស​រើស​ដោយ​មាន​ការ​ឯកភាព​គ្នា»។ គណបក្ស​ទាំង​ពីរ​ឥឡូវ​នេះ​កំពុង​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​នឹង​ដាក់​បញ្ញត្តិ​សម្រាប់ គ.ជ.ប ថ្មី​មុន​នឹង​ទៅ​ដល់​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត។

បេក្ខជន គ.ជ.ប ៩ រូប​មិន​ទាន់​មាន​ការ​សម្រេច​ចប់​សព្វ​គ្រប់​នៅ​ឡើយ ប៉ុន្តែ​លោក ព្រុំ សុខា ថ្លែង​ថា គណបក្ស​ប្រជាជន​ពិត​ណាស់​គ្រោង​នឹង​ធ្វើ​ជា​ប្រធាន ដោយ​សារ​តែ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។

លោក​បន្ត​ថា៖ «នៅ​លើ​ពិភពលោក​បើ​នរណា​នេះ​…​មាន​សំឡេង​ភាគ​ច្រើន តើ​អ្នក​នោះ​នឹង​ឲ្យ​អ្នក​ដទៃ​យក​តំណែង​ទេ?»។

ប៉ុន្តែ​លោក​ទទូច​ថា គ.ជ.ប ដែល​ដឹក​នាំ​ដោយ​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​មាន​ភាព​អព្យាក្រឹត​ដោយ​សារ​តែ​សមាជិក​ទាំង​អស់​នឹង​តម្រូវ​ត្រូវ​ឲ្យ​លាលែង​ពី​គណបក្ស​របស់​ខ្លួន។

លោក​បន្ត​ថា «វិធាន​និង​បទ​ប្បញ្ញត្តិ» ក៏​ត្រូវ​ធានា​នូវ​អព្យាក្រឹតភាព​របស់ គ.ជ.ប។

លោក​បន្ត​ទៀត​ថា៖ «ចំពោះ​ខ្ញុំ ឯករាជភាព​គឺ​អាស្រ័យ​ទៅ​លើ​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​នោះ វា​មិន​អាស្រ័យ​ទៅ​លើ​បុគ្គល​ឬ​មនុស្ស​ទេ»។

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​អំពាវ​នាវ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បច្ចុប្បន្ន និង​ដក​ចេញ​ពី​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ និង​ប្រគល់​ទៅ​ឲ្យ គ.ជ.ប វិញ។

ប៉ុន្តែ​លោក ព្រុំ សុខា បាន​ថ្លែង​ថា ខណៈ គ.ជ.ប បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​សំណើ​នោះ ជា​ថ្មី «ទាំង​អស់​គ្នា​ត្រូវ​តែ​ប្រាកដ​ប្រជា»។ «គ.ជ.ប ទើប​តែ​មាន​បុគ្គលិក​ក្នុង​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់​ការ​កណ្តាល។ ប៉ុន្តែ​នៅ​កម្រិត​ខេត្ត ពួក​គេ​មាន​សមាជិក​អចិន្រៃ្តយ៍​តិច​ជាង ១០ នាក់ បើ​តាម​ខ្ញុំ​ដឹង​…​នៅ ឃុំ-សង្កាត់ មិន​មាន​បុគ្គលិក​អចិន្រៃ្តយ៍​ទេ»។

លោក​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា ការងារ​រដ្ឋបាល​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​អាច​មាន​ភាព​លម្អៀង។

លោក ព្រុំ សុខា បន្ថែម​ថា លោក​ជឿ​ថា បើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ទាំង​មូល ជាមួយ​នឹង​ការ​ចុះ​បញ្ជី​ថ្មី​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​យល់​ស្រប។ លោក​បន្ត​ថា ជម្រើស​មួយ​ទៀត​គឺ​បញ្ជី​ថ្មី​ត្រូវ​តែ «ពិនិត្យ​មើល»។

កញ្ញា កឹម មនោវិទ្យា ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ការ​មិន​ឯកភាព​គ្នា​មួយ​ក្នុង​ចំណោម​ការ​មិន​ឯកភាព​ដទៃៗ​ទៀត​រវាង​គណបក្ស​ទាំង​ពីរ គឺ​ជុំវិញ​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល គ.ជ.ប។

កញ្ញា​ថ្លែង​ថា៖ «បើ​យើង​រក្សា​នីតិវិធី​នៅ​ដដែល ហើយ​យើង​រក្សា​មនុស្ស​ដដែល​ក្នុង​លេខាធិការ​ដ្ឋាន យើង​នឹង​មាន​បញ្ហា​ដូច​មុន នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ»។ កញ្ញា​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​ព្រម​ថា គណបក្ស​ប្រជាជន​អាច​តែង​តាំង​ប្រធាន គ.ជ.ប ទេ។ គណបក្ស​ប្រឆាំង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​លើ​បេក្ខជន ទី៩ ដើម្បី​ដឹក​នាំ គ.ជ.ប ឬ​ឲ្យ​សមាជិក គ.ជ.ប ខ្លួន​ឯង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន។

កញ្ញា​ថ្លែង​ដែរ​ថា ការ​លើក​ឡើង​ដែល​ថា សមាជិក​ពី​គណបក្ស​នយោបាយ​នីមួយៗ​មិន​កាន់​ជើង​គណបក្ស​ខ្លួន​ឯង គឺ​គួរ​ឲ្យ​អស់​សំណើច ដូច្នេះ​ហើយ​ទើប​រូប​មន្ត ៤‑៤‑១ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន «តុល្យភាព​អំណាច»។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ជា​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត ថ្លែង​ថា ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​និង​បច្ចេក​ទេស ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ជប៉ុន (និង​អាច​មាន​ពី​សហភាព​អឺរ៉ុប) សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត​គួរ​តែ​ជួយ​ឲ្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី រួច​រាល់​មុន​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ២០១៧។

លោក ព្រាប កុល បាន​បញ្ជាក់​ដែរ​ថា៖ «បើ​អ្នក​និយាយ​អំពី​ការ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នោះ គឺ​យើង​កំពុង​តែ​និយាយ​អំពី​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ភាព​ខុស​ពី​មុន។ ចុះ​ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​តាម​នីតិវិធី​ដដែល​ទៅ​វិញ?»៕


What Next?

Recent Articles

One Response to "កំណែ​ទម្រង់​ការ​បោះឆ្នោត​អាច​មិន​ទាន់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ"

  1. Khmers says:

    មនុស្សយើង កាលណាគេធ្លាប់រកសីុអីបាន រកសីុហ្នឹងបន្តទៀត។ មធ្យោបាយវាយត្រីបព្ចូាលស៊ងចាប់ផ្តើមទៀតហើយ។ លើកមុន គេវាយមួយផូងនៅស្ពានក្បាលថ្នល់ មួយផូងនៅផ្លូវវេងស្រេង មួយផូងនៅពោធិចិនតុង មួយផូងនៅស្ពាននាគ ត្រីចូលស៊ងបានមួយគន្លាក់ (កិច្ចព្រមព្រៀង22 កក្កដា) តែមិនទាន់ចូលស៊ុបដូចការចង់បាន។ លើកនេះ មួយផូងនៅបឹងកក់ មួយផូងនៅតាមវត្ត មួយផូងនៅCNRP តើត្រីហ៊ានចូលស៊ងមួយគន្លាក់ទៀតកាន់តែជ្រៅឬអត់ (យល់ព្រមតាមអ្វីដែលCPP ចង់បានក្នុងការប្រជុំក្រុមការងាររបស់បក្សទាំង២)? ក្នុងកាលៈទេសៈនេះ CNRPត្រូវពង្រឹងជំហររបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាថា គជបថ្មីពិតជាឯករាជ្យយុត្តិធម៌ ។ នេះជាមហាឪកាសក្នុងប្រវត្តិសាស្រ្ត អាចថា សំណាង1ក្នុង1000ឆ្នាំគ្រោះថា្នក់ សំរាប់យើងទាំងអស់គ្នាជាខ្មែររស់តទៅទៀត។ CNRPមិនត្រូវភ័យខ្លាច ចុះញ៉ម ចុះចាញ់ ចុះចូល ចំពោះការគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី ដោយតុលាការបក្សនេះឡើយ។ យើងសង្កេតឃើញថា នៅពេលក្រុមការងារបច្ចេកទេសធ្វើការដល់ចំនុចរសើប ឬចំនុចស្លាប់រស់សំរាប់គជបឯករាជ្យ ក៏ស្រាប់តែមានការចាប់ខ្លួនសកម្មជនតែម្តង។ ដូច្នេះ ការចាប់ខ្លួនសកម្មជនប៉ុន្មានថ្ងៃកន្លងមកនេះ បង្ហាញឲ្យឃើញថា CPP ពុំមានឆន្ទះនយោបាយពិតប្រាកដក្នុងការកែទំរង់គជបឡើយ។ CPPគិតថា ឆ្លៀតពេលដែលអន្តរជាតិកំពង់ទទួលស្គាល់រដ្ឋាភិបាលខ្លួន(ព្រោះនាយករដ្ឋមន្រ្តីមានមោទនភាពដោយត្រូវបានអព្ជើាញឲ្យទៅចូលរួមនៅតាមវេទិការនានាក្នុងប្រទេសជាច្រើន) ប្រហែលជាមិនមានសំពាធពីអន្តរជាតិទេ ប្រសិនបើខ្លួនធ្វើអ្វីមិនត្រឹមត្រូវ។ ប៉ុន្តែ រដ្ឋាភិបាលបាននិងកំពង់ទទួលរងសំពាធពីអន្តរជាតិ។ ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផង អ្នករាយការណ៏ពិសេសរបស់អសបលោកស៊ូបេឌី និង តំណាងសហភាពអឺរ៉ុបលោកកូតាំង ក៏បានចេញមករិះគន់ភ្លាមដែរ។
    ដំណាក់កាលនេះលែងជាដំណាក់កាលចរចារទៀតហើយ។ ការចរចារបានបព្ចាប់កាលពីថ្ងៃទី22 កក្កដា។ កិច្ចព្រមព្រៀង 22 កក្កដា ជាលទ្ធផលនៃការចរចាររួចទៅហើយ។ ដំណាក់កាលនេះ គឺការអនុវត្តលទ្ធផលនៃការចរចារ(កិច្ចព្រមព្រៀង 22 កក្កដា)។ សូមបព្ជាាក់ថា ក្រុមការងារបច្ចេកទេសមិនមែនក្រុមចរចារទេ។ ក្រុមការងារបច្ចេកទេសពិភាក្សាការងារបច្ចេកទេស ។
    អរគុណ