Fri, 21 November 2014
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
រតនគិរី: ដូចពាក្យគេថា «ឮគេនិយាយមួយរយដង មិនស្មើឃើញផ្ទាល់ភ្នែកម្តងនោះ»។ ទទួលបានការផ្សព្វផ្សាយថា ក្រុមកំប្លែងនាយ ពែកមី ពិសេសនាយ ពែកមី ក៏នឹងលេចវត្តមានផ្ទាល់នោះ ទស្សនិកជនដែលភាគច្រើនជាអម្បូរជនជាតិដើមភាគតិចនៅខេត្តរតនគិរី បាននាំគ្នាសាទរការប្រគំតន្ត្រីសប្បុរសធម៌ ២០១៤ នៅផ្សារណាត់ស្វែងរកថវិកាឧបត្ថម្ភជួយកុមារកំព្រា និងជនរងគ្រោះ បើទោះជាត្រូវដឹកជញ្ជូនប្តីប្រពន្ធកូនចៅពីតំបន់ដាច់ស្រយាលឆ្ងាយៗពីទីរួមខេត្តឆ្លងកាត់ផ្លូវលំបាកយ៉ាង ក៏មកស៊ូទ្រាំអង្គុយចាំមើលតារាកំប្លែងនាយ ពែកមី។
តាមការបញ្ជាក់របស់បងប្អូនខ្មែរលើនៅទីនោះ ប្រាប់ថា ការប្រគំតន្ត្រីសប្បុរសធម៌នៅបានលុង នៃខេត្តរតនគិរីនោះ ត្រូវបានគេរំពឹងថា នឹងមានប្រគំតន្ត្រីកំដរដំណើរកម្សាន្ត និងការលក់ផលិតផលផ្សេងៗរយៈពេល៤យប់៥ថ្ងៃ។
ក្នុងបណ្តាញសង្គមហ្វេសប៊ុកមហាជន ដែលសម្តែងការខកចិត្ត មិនទទួលបានចំណីចក្ខុ តាមការប្រកាសរបស់ក្រុមការងារប្រគំតន្ត្រីនោះបានសរសេរថា៖ «តាមការប្រកាសផ្សព្វផ្សាយទាំងនៅលើប៉ាណូ និងពិធីករ ពិធីការិនីថា នៅយប់ចុងបញ្ចប់ថ្ងៃទី១៧ ត្រូវនឹងយប់ទី៤ នៃការប្រគំតន្ត្រីនឹងមានវត្តមានតារាកំប្លែងក្រុមនាយ ពែកមី គឺលោកពែកមីផ្ទាល់ក៏មានវត្តមានសម្តែងដែរ តែមិនដូចការប្រកាសនោះទេ មានតែសមាជិកក្នុងក្រុមហ្នឹង»។
ដូចគ្នានោះ លោក ឆាយ ធី ដែលមាននាទីជាប្រធានសាខាអង្គការអាដហុកខេត្តរតនគិរី ក៏បានសរសេរបរិយាយពីការខកចិត្ត ដែលលោកបាននាំប្រពន្ធកូនអង្គុយរង់ចាំវត្តមានសម្តែងលោក ពែកមី ផ្ទាល់ផងដែរ។ ជាមួយការផុសរូបភាពដែលជាសកម្មភាពចេញកំប្លែងរបស់ក្រុមនាយ ពែកមី ជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុក អវត្តមានតែលោក ពែកមី នោះ លោក ឆាយ បានសរសេររៀបរាប់ថា៖ «លោកពែកមីធ្វើឲ្យអ្នកស្រុកខ្មែរលើ ខេត្តរតនគិរី ខកចិត្ត»។
ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទ នៅរសៀលម្សិលមិញ លោក ឆាយ ធី និយាយថា រូបលោកផ្ទាល់បានទៅទស្សនាការប្រគំតន្ត្រីនោះទាំងប្រាំយប់ ដោយបានស្ដាប់ឮការប្រកាសរបស់ពិធីករ ពិធីការិនីប្រកាសមិនដាច់ពីមាត់ថា នៅយប់បញ្ចប់ ឬយប់ទីប្រាំនឹងមានវត្តមានកំប្លែងនាយ ពែកមី ហើយក៏បានបញ្ជាក់ទៀតថា លោក ពែកមី ផ្ទាល់ក៏មកសម្តែងផងដែរ។
លោកបានរៀបរាប់ថា៖ «បងប្អូនច្រើនណាស់គាត់ថាចង់មកមើលកំប្លែងពែកមី ផ្ទាល់ ខ្លះមកពីដី១០០គីឡូដី ត្រូវជិះឡាន៥ទៅ៦ម៉ោង។ បងប្អូននៅទីនោះ គាត់មិនសូវបានឃើញផ្ទាល់ទេ ឃើញតាមការចាក់ឌីស និងបញ្ចូលតាមទូរស័ព្ទ។ តែពេលឮថា មកសម្តែង គាត់នាំគ្នាមានប្រពន្ធកូនខ្ចី មកមើលភ្លូកទឹកភ្លូកដីមែន មានអ្នកមកទស្សនាមិនក្រោមពី៥ទៅ៦ពាន់នាក់ទេ ដែលភាគច្រើនជាអ្នកចង់ឃើញការសម្តែងពែកមីផ្ទាល់»។
លោកបន្ថែមថា៖ «នៅយប់ទី៥ថ្ងៃបញ្ចប់ ខ្ញុំប្រពន្ធខ្ញុំ និងកូនស្រី តស៊ូអង្គុយមើលខាងមុខគេទៀត តាំងពីម៉ោង៨យប់ដល់ម៉ោង១១យប់ ព្រោះចង់ឲ្យកូនឃើញ ពែកមី ផ្ទាល់។ តែជាក់ស្តែងលោកពែកមីអត់មកសោះ មកតែក្រុមកំប្លែងរបស់គាត់ ខកចិត្តគ្រប់គ្នា»។
ទោះបីយ៉ាងណា ជុំវិញបញ្ហានេះមិនអាចសុំការបំភ្លឺពីតារាកំប្លែងនាយ ពែកមី បានឡើយ ខណៈភ្នំពេញប៉ុស្តិ៍ ព្យាយាមហៅទូរស័ព្ទចូលជាច្រើនលើកច្រើនសា តែមិនមានអ្នកទទួល។ ប៉ុន្តែយ៉ាងណា ទស្សនិកជននៅខេត្តរតនគិរីក៏មិនបានប្រកាន់ទោសអូសដំណើរតារាកំប្លែងយីអ៊ុនឡើងកប់ពពករូបនេះដែរ។
មន្ត្រីអង្គការសិទ្ធិមនុស្សខាងលើបានលើកឡើងថា៖ «អ្នកភូមិទីជនបទ គឺចង់មើលជាក់ស្តែងខ្លាំងណាស់ ព្រោះពួកគាត់មិនសូវបានមើលតាមទូរទស្សន៍ ញឹកញាប់ទេ ហេតុនេះបើមានលើកក្រោយ សូមលោក ពែកមី មកពិតប្រាកដផង»៕
ប្រជារាស្រ្តខ្មែរល្ងង់ដល់ថ្នាក់ហ្នឹង!
តើនាយពែរមីនេះ ជាស្អី? បើបានឃើញ ផ្ទាល់ បើបានស្តាប់ផ្ទាល់ នុះ ថ្ងៃស្អែករកចំណុលបាន លើសរាល់ថ្ងៃ ១០០០០ រៀល ឬ ១០ ម៉ឺនរៀលឬទេ?
យើងមិនចងបន្ថោកសិល្បករស្រុកខ្មែរនេះ ទេ!
តែយើងគិតថា បើធ្វើបុណ្យអស់ ដើម ៥០០០ ដុល្លា ហើយជួលពែរមី ឬ ក៏នរណាទៀតអស់ ៣០០០ ដុល្លា , យើងគួរតែទុក ៣០០០ ដុល្លា វេរប្រគេនព្រះសង្ឃកាសងវត្ត ឬធ្វើផ្លូវទៅវិញ គឺល្អជាង!! កុំសុខចិត្ត ជិះម៉ូតូកាត់ភក់ ហើយយកលុយមកឲ្យសិល្បករ។
តែ នាយពែរមីនេះ គឺរបររកស៊ីតែអញ្ចឹង។ នៅពេលដែលទៅជួលក្រុមនាយពែរមី , ឧបមា ថា អស់ ៣០០០ ដុល្លា គេប្រាប់យើងថា គេទៅទាំងក្រុម ដែលមានទាំងពែរមី ផង។ តែដល់ថ្ងៃសំដែង ពែរមី មិនទៅ ទេ។ ពេលនោះ ទើបក្រុមគេប្រាប់ថា គ្រាន់តែនាយពែរមីម្នាក់ គេយកអស់ ១០០០ ដុល្លា ហើយ។ ដូចនេះ បើចង់បានពែរមីន ត្រូវថែម ១០០០ ដុល្លា ទៀត។
រឿងនេះ យើងធ្លាប់ជួបដោយផ្ទាល់។
ណ្ហើយ បងប្អូន!! ស្តាយលុយ! យើងទទួលបច្ច័យពីម្នាក់ ៥០០០ រៀល ១០០០០ រៀល ទេដើម្បីយកទៅវត្ត។ ហេតុអ្វី ក៏ត្រូវយកលុយ ៤ ឬ៥ពាន់ទៅឲ្យពួកនេះ?
គិតមើលទៅ!!!