គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជុំវិញ​ស្ថាប័ន គ.ជ.ប ៩៩ ភាគរយ

លោក​នាយក​រដ្ឋ​មន្ត្រី​និង​លោក សម រង្ស៊ី នៅ​វិមាន​រដ្ឋសភា​កន្លង​មក។

លោក​នាយក​រដ្ឋ​មន្ត្រី​និង​លោក សម រង្ស៊ី នៅ​វិមាន​រដ្ឋសភា​កន្លង​មក។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បាន​បញ្ចប់​កិច្ច​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ជុំវិញ​ស្ថាប័ន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​អង្គការ​ថ្មី ហើយ​នៅ​តែ​សម្លឹង​មើល​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ស្រី ពុង ឈីវកេក សម្រាប់​សមាជិក ទី៩ នៃ​ស្ថាប័ន​នេះ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល ២ ម៉ោង​ដើម្បី​បច្ចប់​សេចក្តី​ព្រាង​ច្បាប់​ក្នុង​សភា​កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ CPP និង​លោក គួយ ប៊ុនរឿន មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា ៩៩ ភាគរយ​ជុំវិញ គ.ជ.ប មាន​តែ​ចំណុច​សេស​សល់​មួយ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ទុក​ឲ្យ​មេ​ដឹក​នាំ CNRP សម្រេច​នោះ​គឺ​អត្ថន័យ​ក្នុង​មាត្រា ៥៧។

លោក ប៊ិន ឈិន បាន​និយាយ​ថា CPP បាន​ពិភាក្សា​ថា ច្បាប់​នេះ​ផ្អែក​លើ​មាត្រា ៥៧ នៃ​ច្បាប់ ដែល​ចែង​ថា ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​លេខាធិការ​ដ្ឋាន គ.ជ.ប. ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​យោង​តាម​ការ​ស្នើ​សុំ​របស់ គ.ជ.ប.។ CNRP ចង់​បន្ថែម​ចំណុច​មួយ​ទៀត​ដែល​និយាយ​អំពី​តួនាទី​របស់​លេខាធិការ​ដ្ឋាន ត្រូវ​កំណត់​ដោយ គ.ជ.ប.។ លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ មិន​ហ៊ាន​បន្ថែម​ទេ។ វា​ជា​បញ្ហា​ចម្រូង​ចម្រាស​ដោយ​សារ​តែ​ចំណុច​មួយ​នេះ»។

ពាក់​ព័ន្ធ​នឹង​បេក្ខភាព​របស់​លោក​ស្រី ពុង ឈីវកេក ដែល CPP និង CNRP បាន​យល់​ព្រម បែរ​ទៅ​ជា​មិន​យល់​ព្រម​វិញ ដោយ​សារ​តែ​លោក​ស្រី មាន​សញ្ជាតិ ២ ទាំង​លោក ប៊ិន ឈិន និង​លោក គួយ ប៊ុនរឿន នៅ​តែ​បញ្ជាក់​ថា លោក​ស្រី ស្ថិត​ក្នុង​ការ​ពិចារណា​របស់​បក្ស​ទាំង​ពីរ ដរាប​ណា​លោក​ស្រី លា​លែង​សញ្ជាតិ​បារាំង។ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ បាន​បង្ហាញ​ថា ពួក​គេ នឹង​ពិចារណា​ឡើង​វិញ បន្ទាប់​ពី​ធ្វើ​ច្បាប់ គ.ជ.ប.រួច។ លោក ប៊ិន ឈិន បាន​អះអាង​បន្ត​ថា៖ «យើង​មិន​ទាន់​សម្លឹង​មើល​អ្នក​ផ្សេង​ទេ ព្រោះ​ច្បាប់ មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ នៅ​ពេល​នេះ អ្វី​ដែល​យើង​មាន​ពី​មុន គឺ​នៅ​ដដែល។ យើង​ចង់​មើល​ចំណេះ​ដឹង​ដែល​ច្បាប់​ទាមទារ ព្រោះ​នៅ​ពេល​ដែល​ច្បាប់​ចេញ យើង នឹង​ជ្រើស​រើស​មនុស្ស»។

លោក ប៊ិន ឈិន បាន​អះអាង​បន្ថែម​ថា ក្រុម​មេ​ដឹក​នាំ CPP កំពូលៗ នឹង​មិន​ជួប​ជាមួយ​ក្រុម​មេ​ដឹក​នាំ​កំពូលៗ​របស់ CNRP ដើម្បី​សម្រេច​ចំណុច​តូច​មួយ​នេះ​ទេ ដោយ​និយាយ​ថា ក្រុម​ការងារ CNRP ត្រូវ​តែ​យក​ចំណុច​នេះ​ដាក់​ជូន​លោក សម រង្ស៊ី ដើម្បី​សម្រេច។ លោក ប៊ុនរឿន បញ្ជាក់​ថា៖ «តាម​ស្មារតី យើង នៅ​តែ​គិត​ដល់​លោក​ស្រី ពុង ឈីវកេក ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​ចំណេះ​ដឹង​ខាង​ផ្លូវ​ច្បាប់​របស់​យើង។ យើង​ចង់​ឲ្យ​លោក​ស្រី​បំពេញ​ការងារ​ក្នុង​គណៈ​កម្មាធិការ​សភា​ជាតិ។ ឲ្យ​តែ​លោក​ស្រី បំពេញ​ការងារ​តាម​លក្ខខណ្ឌ​ច្បាប់ យើង​អាច​ទទួល​យក​បាន​ទាំង​អស់»។

លោក​បាន​បញ្ជាក់​ថា៖ «យើង​បាន​ដឹង​ថា ការ​រៀបចំ​នេះ និង គ.ជ.ប មាន​រចនា​សម្ព័ន្ធ តួនាទី និង​ភារកិច្ច។ ដូច្នេះ​យើង នឹង​ផ្ទៀង​ផ្ទាត់​ប្រសិន​បើ​វា​ត្រូវ​កម្រិត​ដោយ​អនុក្រឹត្យ​ដែល​គេ​មិន​បាន​ចែង​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ថា តើ​មាន​អ្វី​ផ្ទុយ​ខ្លះ ហើយ​តើ​វា​នឹង​ប៉ះ​ពាល់​ស្ថាប័ន គ.ជ.ប ឬ​ទេ?»។

លោក​បាន​ថ្លែង​បន្ត​ថា ទោះ​បី​ប្រសិន​បើ​រចនា​សម្ព័ន្ធ នឹង​តួនាទី​របស់​លេខាធិការ​ដ្ឋាន គ.ជ.ប.ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ក៏​ដោយ ក៏​វា​ត្រូវ​តែ​មាន​ការ​ស្នើ​សុំ​ពី គ.ជ.ប. ហើយ​ដរាប​ណា មាន​ការ​សម្រេច​ចិត្ត​ពី​សមាជិក គ.ជ.ប. ភាគ​ច្រើន។

លោក​ស្រី ពុង ឈីវកេក មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ទោះ​បី​លោក​ស្រី ពុង ឈីវកេក មិន​ត្រូវ​បាន​គេ​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន គ.ជ.ប. ឬ​សមាជិក គ.ជ.ប. ក៏​វា​មិន​មាន​បញ្ហា​ទេ​សម្រាប់​គាត់ ព្រោះ គាត់ មិន​ទាន់​ត្រូវ​បាន​គេ​ជ្រើស​តាំង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «លោក​ស្រី បាន​ដាក់​លក្ខខណ្ឌ​ថា គ.ជ.ប. ត្រូវ​ឯករាជ្យ និង​មាន​អភ័យ​ឯកសិទ្ធិ និង​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ដោយ​ស្វ័យ​ប្រវត្តិ និង​ក៏​មាន​សិទ្ធិ​គ្រប់​គ្រង​ថវិកា​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ។ ប្រសិន​បើ​គេ​យល់​ព្រម នោះ​លោក​ស្រី នឹង​ធ្វើ។ ប្រសិន​បើ​គេ មិន​យល់​ព្រម​ទេ លោក​ស្រី នឹង​មិន​ធ្វើ​ផង​ដែរ ព្រោះ​លោក​ស្រី ចង់​បាន គ.ជ.ប.ឯករាជ្យ។ វា​មិន​សំខាន់​ទេ​រឿង​សញ្ជាតិ​នោះ​ប្រសិន​បើ​គេ​ត្រូវ​ការ​លោក​ស្រី​នោះ​គឺ​គេ​នឹង​ធ្វើ​តាម​ដោយ​ពុំ​បាច់​គិត​រឿង​នោះ»៕


What Next?

Recent Articles

One Response to "គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជុំវិញ​ស្ថាប័ន គ.ជ.ប ៩៩ ភាគរយ"

  1. Samrong tong says:

    គួរពិចារណាឪ្យបានល្អិតល្អន់ ទាំងអត្ថរស និង អត្ថន័យ ក្នុងភាសាច្បាប់ ព្រមទាំងការ អនុវត្តន៍ទៅថ្ងៃមុខ។ បើព្រមសញ្ជាតិពីរ ខ្មែរ / បារាំង ឥឡូវ, តើទៅថ្ងៃក្រោយ ព្រម យក សញ្ជាតិពីរ ខ្មែរ / វៀតណាម ឬទេ?

    មួយក្រឡានេះ គឺ ពិបាកដើរ ហើយ ។