Tue, 2 December 2014
មួង វណ្ណឌី
ភ្នំពេញប៉ុស្តិ៍
តាកែវ: បើធ្វើដំណើរចម្ងាយប្រមាណ៤០គីឡូម៉ែត្រតាមផ្លូវជាតិលេខ២ទៅកាន់ខេត្ដតាកែវ យើងនឹងទៅដល់ផ្ទះលោកតា សុខ ឌុច ជាគ្រូសាដៀវចុងក្រោយ។
នៅផ្ទះរបស់លោកតាក្នុងស្រុកបាទី ព្រឹទ្ធាចារ្យរូបនេះបានសម្រាន្តនៅលើគ្រែឈើមួយ និងបានបរិយាយរៀបរាប់ពីអាការរោគរបស់លោកក្នុងសំឡេងក្ងួរថា៖ «ខ្ញុំធ្លាក់ខ្លួនឈឺ២-៣ខែមក ហើយ លែងអាចបង្រៀនសិស្សបានដូចមុនទៀតហើយ។ ប៉ុន្ដែពេលនេះខ្ញុំបានធូរស្បើយបន្ដិច ដែលអាចនិយាយជាមួយគេឯងបាន»។
លោកតា ឌុច អាយុ៨៨ឆ្នាំ គឺជាតន្ដ្រីករសាដៀវដែលនៅរស់រានមានជីវិតតែម្នាក់គត់ មានជំនាញផ្នែកសាដៀវជាឧបករណ៍ភ្លេងខ្សែមួយដែលមានប្រវត្ដិយូរលង់មកហើយ។ វាមាននៅលើរូបចម្លាក់នានានៃប្រាង្គប្រាសាទសម័យអង្គរ។ សព្វថ្ងៃចំនួនអ្នកលេងសាដៀវមានមិនដល់២០នាក់ឡើយក្នុងប្រទេសកម្ពុជា ហើយពួកគេភាគច្រើនគឺជាសិស្សរបស់លោកតា។
លោកតា ឌុច ដែលផ្ដើមលេងសាដៀវតាំងពីអាយុ១៣ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារខ្ញុំមានទេពកោសល្យពីកំណើត ខ្ញុំបានរៀនរយៈពេល៣ខែ មុនចាប់ផ្ដើមលេងជាមួយក្រុមឪពុកមាលើវេទិកា»។
នៅពេលលោកតាលេងសាដៀវនៅសម័យអាណានិគមបារាំង ពួកគេសើចចំអកខ្លាំងណាស់ដោយសារតែឧបករណ៍របស់លោកតាមានខ្សែតែមួយប៉ុណ្ណោះ។ ក្នុងរបបខ្មែរក្រហម លោកតាមិនត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់ទេ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងក្រុមតន្ដ្រី។
លោកតា បានឲ្យដឹងថា៖ «ខ្ញុំមានកូន៦នាក់ ហើយក្នុងរបបប៉ុលពត យើងមានសំណាងដូចគ្នា ពីព្រោះខ្ញុំអាចលេងតន្ដ្រីបាន»។
ក្រោយរបបខ្មែរក្រហម លោកតា ឌុច បានលេងសាដៀវនៅព្រះរាជពិធីសោយក្រយាពេលល្ងាចរបស់អតីតព្រះមហាក្សត្រនៅក្នុងព្រះរាជវាំង។
តន្ដ្រីករជើងចាស់រូបនេះ បានរំឭកថា៖ «ព្រះមហាក្សត្របានមានព្រះរាជបន្ទូលប្រាប់ខ្ញុំថា កុំបោះបង់វាចោល។ ជួយអភិរក្សវាសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ»។
ក្នុងឆ្នាំ២០០២ លោកតា ឌុច បានចាប់ផ្ដើមធ្វើការនៅ សិល្បៈខ្មែរអមតៈ (CLA) ដោយបង្រៀនសិស្សនៅវត្ដក្នុងខេត្ដសៀមរាបអស់រយៈពេល៣ឆ្នាំ។
លោក ឈួន សារិន ជាអ្នកគ្រប់គ្រងផ្នែកកម្មវិធីនៅអង្គការបានពន្យល់ថា ខណៈពេលធ្លាក់ខ្លួនឈឺក្នុងឆ្នាំនេះ អង្គការសិល្បៈខ្មែរអមតៈ បានរៀបចំវគ្គសិក្សាថ្មីដែលបង្រៀនដោយកូនសិស្សរបស់លោកតា។
លោកតា ឌុច សង្ឃឹមថា តន្ដ្រីដែលលោកស្រឡាញ់ពេញចិត្ដនឹងនៅតែមានជីវិតក្រោយពីលោកចែកឋានទៅ ប៉ុន្ដែលោកតានៅតែបារម្ភ។
ខណៈពេលបន្ទាបខ្លួនទម្រេតទៅលើគ្រែ លោកតាបានបន្ដថា៖ «ក្នុងនាមខ្ញុំជាគ្រូបង្រៀនសាដៀវចុងក្រោយ ខ្ញុំចង់ឃើញក្មេងជំនាន់ក្រោយយល់ច្បាស់ពីវប្បធម៌ ប្រវត្ដិសាស្ដ្រ និងស្គាល់ឧបករណ៍តន្ដ្រីបុរាណខ្មែរ ព្រមទាំងនាំគ្នាអភិរក្សក្រោយពីខ្ញុំផុតដង្ហើមទៅ»។
ចៅប្រុសរបស់លោកតាអាចផ្ដល់ក្ដីសង្ឃឹមចុងក្រោយបាន។ លោក លន់ ជំនិត អាយុ២៥ឆ្នាំ បានរៀនលេងសាដៀវតាំងពីតូច បើទោះជាលោកដឹងថាខ្លួនមិនមានទេពកោសល្យក្ដី។
យុវជនរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំនិយាយប្រាប់ខ្លួនឯងថា វាពិបាករៀនណាស់ ប៉ុន្ដែខ្ញុំត្រូវតែធ្វើ ពីព្រោះខ្ញុំចង់ឈ្នះជីតារបស់ខ្ញុំដែលគាត់បានប្រាប់ ហើយបញ្ជាក់ថា ខ្ញុំអាចធ្វើបានដោយជោគជ័យនូវក្ដីសុបិនដែលចង់លេង និងបង្រៀនសិស្សពីឧបករណ៍ភ្លេងបុរាណសាដៀវនេះ»៕ HR
ក្នុងនាមជាខ្មែរដូចគ្នា ដែលស្រឡាញវប្បធម៌ខ្មែរ ចង់រក្សាឲ្យបាននូវអត្តសញ្ញាជាតិ យើងសូមអំពាវនាវ ២ ចំណុច ដល់ ៖
ទី ១) ថ្នាកដឹកនាំរដ្ឋាភិបាល និងនិយាយឲ្យចំ គឺក្រសួងវប្បធម៌នេះ តែម្តង សុំមើលឲ្យគ្រប់ជ្រុងជ្រោយ គឺ មើលដោយពុំចាំបាច់ ទាល់តែអ្នកកាសែតបង្ហើប ទើបដឹង ឬក៏ទើបឮ។ សូមបើកភ្នែកមើលថា តើអ្នកតន្ត្រីករ ឬសិល្បករបែបនេះ មានប៉ុន្មាននាក់ ដែលនៅរស់រាន មានជីវិត និងកំពុងស្ថិតក្នុងស្ថានភាពលំបាកវេទនា ។ ត្រូវមើលដោយមិនចំពោះតែ ឧទាហរណ៍ ចំពោះតែលោកតា ប្រាជ្ញឈួន តែម្នាក់ទេ។ គឺត្រូវមើលទាំងអស់។ ត្រូវមានគោលនយោបាយ ជួយបីបាច់ថែទាំសុខភាព និងផ្លូវចិត្តរបស់គាត់ ឲ្យមានជំនឿថា អ្វីៗ ជាការខិតខំរបស់គាត់ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ យើងបានសំគាល់ឃើញនូវលោកតា លោកយាយចាស់ៗ ច្រើនណាស់ ដែលជាអ្នកបានខិតខំបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ និងបាន ថែទាំមរតកវប្បធម៌ខ្មែរ ដូចជាលោកយាយសាស្ត្រាចារ្យរបសំព្រះរាជទ្រព្យ លោកតាជូជក់ ក្នុងរឿងព្រះវេសណ្តរ ជដើម ដែលគាត់រស់នៅក្នុងភាពតោកយ៉ាកជាទីបំផុត តែពុំមាននរណាគិតគូរជួយគាត់។ សូម្បីតែទូរទស្សន៍ជាច្រើនបានទៅសម្ភាសន៍ពួកគាត់ដល់ផ្ទះ ឃើញគាត់ដេកនឹងកន្ទេល ឬក្ររហេមរហាម តែក្រសួងវប្បធម៌ ដូចជាខ្វាក់មើលមិនឃើញ ( នេះមិនមែនសំដៅតែលើរដ្ឋមន្ត្រីថ្មីនេះ ទេ) ។ យើងក៏បានឮលោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យជួយគិតគូរថែទាំ លោកតាប្រាជ្ញឈួន។ តែយើងគិតថា នេះ វាហាក់បីដូចជាភ្ញាក់ពីដេក អញ្ចឹង។ ល្អណាស់ ប្រសិនបើក្រសួងរៀបចំគោលនយោបាយមួយ សម្រាប់ជួយអ្នកទាំងនោះ ។ តើជួយ៉ាងម៉េច? ទី ១ ត្រូវពិនិត្យ និង ស្រង់ឈ្មោះតន្ត្រីករ សិល្បករចាស់ៗ ទាំងនោះឲ្យអស់ ឲ្យដឹងពីប្រវត្តិ និងស្ថានភាពសេដ្ឋកិច្ច និងសុខភាព របស់គាត់. … ទី២ រៀបចំគោលនយបាយថែទាំជីវភាពរបស់គាត់ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ការថែទាំសុខភាព របស់គាត់។ ទី៣ លើកទឹកចិត្តគាត់ឲ្យខិតខំបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ។ នេះគ្រាន់តែជាគំនិតខ្លះ ទេ ដែលយើងចង់បាន។
ទី២ ) យើងចង់ឃើញថា សមាគមសិល្បករ ដែលមានលោកសុះម៉ាចជាប្រធាន និង ទូរទស្សន៍កម្ពុជាទាំងអស់ ក៏ដូចជាអ្នករើបចំកម្មវិធីទស្សនីភាពសប្បាយផ្សេង គួរតែរើបចំឲ្យមានមូលនិធីសម្រាប់ជួយដល់អ្នកតន្រ្តីករបុរាណទាំងនោះផង។ ឧទាហរណ៍ថា យើងមានលុយចំនួន ១០០លាន ឲ្យ ប៊ុតសីហា ក្នុងកម្មវិធីប្រឡងចំរៀង The Voice Cambodia តើយើងអាចរំលែក ៣០ % ឬ ៤០ % សម្រាប់ដាក់ជាមូលនិធិ រួម របស់ទូរទស្សន៍ ដើម្បីប្រគល់ឲ្យក្រសួងវប្បធម៌ ប្រើប្រាស់ចែករំលែកដល់តន្រ្តីករបុរាណបានឬទេ? យើងបានឃើញថា ប្អូនសិល្បករយើងសព្វថ្ងៃ បាននិយាយថាខ្លួនស្រឡាញ់ជាតិ ស្រឡាញវប្បធម៌ជាតិ ណាស់ ខ្លួនកំពុងលើកស្ទួយ តើប្អូនអាចធ្វើយ៉ាងនេះ បានឬទេ? បានឃើញថា ថ្វីដ្បិតលោកសុះម៉ាច ជាប្រធាសមាគម ក៏ប៉ុន្តែ លោកហាក់ដូចជាពុំមានឥទ្ធិពល និងអាចជួយធ្វើអ្វីដើម្បីគាំទ្រថែទាំ សិល្បៈវប្បធម៌បុរាណ បានទេ។
ជាចុងក្រោយ យើងគ្រាន់តែមានយោបលថា ដោយសារ មុខរបររបស់អ្នកសិល្បៈ តន្រ្តីបុរាណ មិនអាចផ្តល់ឱកាស ឲ្យ អ្នកទាំងនោះរស់បាននេះ ហើយ ទើបក្មេងសម័យឥឡូវ រៀនរាំស្វាតាមបែបកូរ៉េ និងចម្រៀងឆ្កួតរបស់ពួកស្បែកខ្មៅ៕