អ្នក​រាយការណ៍​ពិសេស​នឹង​ដាក់​របាយការណ៍​ស្ដីពី​និទ្ទណ្ឌភាព​នៅ​កម្ពុជា​ទៅ ​អ.ស.ប

ដោយ សុ ជីវី
2014-12-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មីសែល ហ្វ័រស (Michel Forst) ៦២០
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីសែល ហ្វ័រស (Michel Forst)។ Photo courtesy of UN.org

ក្រុម​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​របាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ស្ដីពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៤។

ក្នុង​របាយការណ៍​នោះ បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ថា​ឋិត​ក្នុង​ចំណោម​ប្រទេស​ដែល​កើត​មាន​បញ្ហា​និទ្ទណ្ឌភាព​ជាច្រើន ហើយ​និទ្ទណ្ឌភាព​នោះ គឺ​ជា​ដើម​ចម​ចម្បង​នៃ​ការ​រំលោភ​បំពាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ស្រប​គ្នា​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ចាត់​ទុក​របាយការណ៍​នោះ​ថា អាច​ជា​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គ្រោង​នឹង​ដាក់​របាយការណ៍​អង្កេត​ពី​ឫស​គល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បំពាន​សិទ្ធិ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទៅ​ក្រុម​ប្រឹក្សា​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

គម្រោងការ​នេះ ត្រូវ​បង្ហាញ​នៅ​ក្នុង​របាយការណ៍​អង្កេត​ប្រចាំ​ឆ្នាំ​របស់​ក្រុម​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ហ្វីដ (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម ដែល​មាន​ចំណង​ជើង​ថា «យើង​មិន​ខ្លាច» បាន​ផ្ដោត​លើ​បញ្ហា​និទ្ទណ្ឌភាព​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​រួម​ទាំង​កម្ពុជា ផង។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីសែល ហ្វ័រស (Michel Forst) ថ្លែង​ថា ក្នុង​អាណត្តិ​នេះ​លោក​នឹង​បំពេញ​ការងារ​ជា​អាទិភាព ដើម្បី​កាត់​បន្ថយ​ចន្លោះ​នៃ​ការ​អនុវត្ត​សេចក្ដី​ថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ លោក មីសែល បន្ត​ថា ក្នុង​គម្រោង​ទៅ​ថ្ងៃ​មុខ លោក​នឹង​ដាក់​របាយការណ៍​មួយ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពិភាក្សា​ពី​និទ្ទណ្ឌភាព ទាក់ទង​នឹង​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​របស់​អ្នក​ដែល​ការពារ​ដីធ្លី លំនៅឋាន ធនធាន​ធម្មជាតិ និង​បញ្ហា​ពាក់ព័ន្ធ។ លោក​ក៏​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជំរុញ​អោយ​ប្រទេស​សាមី បង្កើន​ការ​ទទួល​ខុស​ត្រូវ។

របាយការណ៍​ដែល​មាន​កម្រាស់ ១៥៦​ទំព័រ បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​ដីធ្លី​ផ្ទះ​សម្បែង ជាពិសេស​ក្រុម​ស្ត្រី​មេ​ផ្ទះ​ដាក់​ពន្ធនាការ ការ​ប្រើ​ហិង្សា​វាយ​បំបែក​ការ​តវ៉ា​ដោយ​សន្តិវិធី ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ការ​បាញ់​សម្លាប់​អ្នក​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី ដែល​រហូត​មក​ដល់​ពេល​នេះ អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​នោះ នៅ​មិន​ទាន់​វែក​មុខ​នៅ​ឡើយ។ របាយការណ៍​នោះ​រក​ឃើញ​ដែរ​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​ប្រាក់ និង​ពលរដ្ឋ​សាមញ្ញ ឬ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

របាយការណ៍​ដដែល​នោះ បាន​ស្នើ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​អ្នក​ការពារ​សិទ្ធិ​មនុស្ស បញ្ឈប់​រាល់​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​ចាប់​ខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​លើក​ឡើង​ជា​ញឹកញយ​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ដែល​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។ តុលាការ​ជា​ស្ថាប័ន​កំពូល​ដែល​មាន​សិទ្ធិ​អំណាច​ដាក់​ទោស​កំហុស​អ្នក​ប្រព្រឹត្តិ​ល្មើស ហើយ​ស្ថាប័ន​នេះ​តែង​ត្រូវ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ធ្វើ​ការ​ដោយ​ឯករាជ្យ ត្រឹមត្រូវ យុត្តិធម៌។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​អះអាង​ថា កម្ពុជា ជា​នីតិរដ្ឋ គឺ​មាន​តែ​ឈ្មោះ តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា លោក​មិន​សង្ឃឹម​ថា សម្ពាធ​របស់​អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឡើយ។ លោក​ថា អង្គការ​សហប្រជាជាតិ អាច​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច ដូចជា​បញ្ឈប់​អ្នក​ផ្តល់​ជំនួយ​ល្អៗ និង​វិនិយោគទុន​ល្អៗ​មិន​អោយ​មក​កម្ពុជា ប៉ុន្តែ​មេ​ដឹក​នាំ​រដ្ឋាភិបាល​គេ​មិន​ខ្វល់​ទេ ព្រោះ​គេ​មាន​ប្រទេស​កុម្មុយនីស្ត មាន​ចិន វៀតណាម អី​ចាំ​ជួយ។ ហេតុ​នេះ លោក​សង្ឃឹម​តែ​ទៅ​លើ​អំណាច​ពលរដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត ដែល​រៀបចំ​ដោយ គ.ជ.ប មួយ​ត្រឹមត្រូវ និង​យុត្តិធម៌ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ។

ក្នុង​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ដដែល​បង្ហាញ​ថា ការ​ធ្វើ​ទុក្ខ​ទោស​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ភាគ​ច្រើន​អាច​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ កង​សន្តិសុខ​ក្រុមហ៊ុន ក្រុម​ឃាតក​ស៊ី​ឈ្នួល និង​អ្នក​នយោបាយ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អ្នក​រាយការណ៍​ពិសេស​នឹង​ដាក់​របាយការណ៍​ស្ដីពី​និទ្ទណ្ឌភាព​នៅ​កម្ពុជា​ទៅ ​អ.ស.ប"

  1. Anonymous says:

    Good to hear this kind of action, please provide more assistance to build roads, bridges, schools, Heath centers, medical equipments and monies to provide more training and education programs for polices, court staffs, thus Cambodia build a bright future with fully respect human right? By the way when the USA drop bombs in Cambodia for more than 2.7 million tons and 100 million cluster sub munitions and chemical weapons to kill around half million Cambodian people, how can we (Cambodian people) get justice? Please provide your advise and intervention from UN to find justice for innocent people, and at least pay 100 billion USA dollars to compensate this kingdom.

  2. tokee says:

    I believe my peoples than ur Un , nothing to do against hun sen