ដោយ៖ ណាត សុភាព
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសទាំង១៧នាក់នៅព្រឹកថ្ងៃអាទិត្យនេះ (រូបភាព៖ ណាត សុភាព)
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននាបរិវេណពន្ធនាគារព្រៃសនៅថ្ងៃអាទិត្យនេះថា ការចាប់ឃុំខ្លួនសកម្មជនដីធ្លី អតីតព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិ សរុបទាំងអស់១៧នាក់ គឺជារឿងនយោបាយសុទ្ធសាធ។
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានថ្លែងបែបនេះ ក្រោយពេលលោកចេញពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីបឹងកក់ និងថ្មគោល១០រូប អតីតព្រះសង្ឃ៣នាក់ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ លោកមានប្រសាសន៍ថា លោកបានជួបជាមួយអ្នកជាប់ឃុំទាំង១៧នាក់នោះហើយ ហើយលោកនឹងខិតខំជំរុញឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ឃុំឃាំងទាំង១៧នាក់ឲ្យបាននាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា អ្នកទាំង១៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសនោះមាន ស្ត្រីសកម្មជនដីធ្លី១០នាក់មកពីសហគមន៍បឹងកក់ និងថ្មគោល ក្នុងនោះមាន អ្នកស្រីទេព វន្នី អ្នកស្រីផាន់ ឈុនរ៉េត អ្នកស្រី គង់ ចន្ថា កញ្ញា សុង ស្រីលាភ អ្នកស្រីបូ ឆវី លោកយាយង៉ែត ឃុន អ្នកស្រីណង ស្រេង អ្នកស្រី អ៊ឹម ស្រីទូច អ្ននស្រី ភូង ស្រីភាព និងអ្នកស្រីភួង ពេជ្រ ដែលអ្នកទាំង១០នាក់នេះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិនិត្យជាប្រាក់២លានរៀល ដោយសារពួកគេធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញបង្ហូរទឹកសម្អុយចេញពីភូមិរបស់ពួកគេ។ ហើយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤រូបនោះមានលោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និងលោក អ៊ុក ពេជ្រសំណាង ត្រូវបានចាប់ឃុំឃាំង ពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ។ ចំណែកឯអតីតព្រះសង្ឃ៣អង្គទៀតព្រះនាម សឺន ហាយ ព្រះនាម ឃិត វណ្ណៈ និងសាង កុសល ត្រូវចាប់ផ្សឹក និងឃុំឃាំងដោយសារចូលរួមគាំទ្របាតុកម្មរបស់ស្ត្រីសកម្មជនដីធ្លីបឹងកក់ និងជាអ្នកដែលសកម្មក្នុងការតវ៉ាទាមទារឲ្យស្ថានទូតវៀតណាមសុំទោស ករណីបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម៕
សូមសរសេេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ល្មមឈប់ប្រើពាក្យ «ព្រោះ នយោបាយ » នេះហើយ!
ពាក្យនេះហើយ ដែល អស់លោកបានបំពុលសង្គម ឲ្យចូលទៅក្នុងភាពអនាធិបតេយ្យ។
ទៅឥឡូវនេះ យើងនឹងមានវេទិកាល្អណាស់ សម្រាប់ដោះស្រាយបញ្ហាអ្វីរបស់ប្រជាជន។
លោកសម រង្ស៊ី នេះ ហើយ ដែលទទួលបានតម្លៃមួយដ៏សមរម្យដើម្បីជជែកជាមួយនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ!
ជឿថា ការជជែករបស់លោកសមរង្ស៊ីជាមួយលោកនាយករដ្ឋមន្ត្រី ប្រាកដជា មានប្រសិទ្ធិភាព!
ហើយកុំប្រើពាក្យនយោបាយ ទៀតទៅ!