​សម្តេច​សង្ឃ អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បញ្ឈប់​ការចូលរួម​ហែ​ក្បួន​ឬ​បាតុកម្ម​នានា​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ព្រះសង្ឃចូលរួម​ក្នុង​ធម្មយាត្រា និងសិទ្ធិយាត្រាទិវា១០ធ្នូ (រូបថតពីបណ្តាញសង្គម)

​គណៈសង្ឃ​គណៈមហានិកាយ និង​គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​បញ្ឈប់​ការចូលរួម​ដង្ហែ​បាតុកម្ម កូដកម្ម និង​ការតវ៉ា​នានា​ដែល​គណៈសង្ឃ​ចាត់ទុក​ថា​ខុសឆ្គង​ធម៌​វិន័យ​ព្រះ​ពុធ​សាសនា និង​ច្បាប់​រដ្ឋ ។​

​ការអំពាវនាវ​នេះ​ស្របពេល​ដែល​ព្រះសង្ឃ​មួយចំនួន និង​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​ដឹកនាំ​ក្បួន​សិទ្ធិ​ធម្ម​យាត្រា​ចេញពី​ខេត្ត​មួយចំនួន​មក​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​នៅពេល​ខាងមុខ​នេះ ។​

សេចក្តីថ្លែងការណ៍​រួម​របស់​គណៈសង្ឃ​គណៈមហានិកាយ​សម្តេច ទេព វង្ស គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ​សម្តេច  ប៊ូ គ្រី និង​សម្តេច​ព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​លោក មិន ឃិន ចុះ​ថ្ងៃ​ទី​៥ ខែ​ធ្នូ បាន​ទទូច​ចំពោះ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ គោរព​ប្រណិបត្តិ​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ ចៀសវាង​ការធ្វើ​សកម្មភាព​តវ៉ា​នានា ។  

ប្រធាន​សមាគម​ព្រះសង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ដែល​កំពុង​ដឹកនាំ​ក្បួន​ធម្មយា​ត្រា មាន​ថេរ​ដីកា​ថា សេចក្តីថ្លែងការណ៍​របស់​គណៈសង្ឃ គឺ​ឆ្លុះបញ្ចាំង​ពី​បុគ្គល​ប៉ុណ្ណោះ មិន​គិត​ពី​ផលប្រយោជន៍​សង្គម​ឡើយ ។ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​បន្តថា ការចូលរួម​ហែរ​ក្បួន​ធម្មយា​ត្រា និង​សកម្មភាព​តវ៉ា​នានា ដើម្បី​យុត្តិធម៌​សង្គម និង​សន្តិភាព​ប៉ុណ្ណោះ ។ ព្រះអង្គ​បន្ត​ថា «​ធម្ម​យាត្រា​ក៏ដោយ សកម្មភាព​តវ៉ា​អី​នៅក្នុង​សង្គម​ក៏​ដោយ យើង​ធ្វើ​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សង្គម និង​ធ្វើ​យ៉ាងណា​ស្តារ​សង្គម​ច្របូកច្របល់ សង្គម​រំលោភ​សិទ្ធិ​គ្នា​នេះ យើង​ចង់ឲ្យ​ខ្មែរ​គ្រប់រូប​មាន​ការគោរ​ព​គ្នា មាន​ការគោរព​សិទ្ធិមនុស្ស មានការ​បដិបត្តិ​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​មួយ​ត្រឹមត្រូវ កុំឲ្យ​មាន​ការ​លួច​ប្លន់ កុំឲ្យ​មាន​ការប្រើប្រាស់​អំបើហិង្សា ដល់​អ្នក​ស្លូតត្រង់​» ។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ​លោក អំ សំអាត យល់​ថា​ព្រះសង្ឃ​មាន​តួនាទី​និមន្ត​ធ្វើ​ធម្ម​យាត្រា និង​សិទ្ធិ​យាត្រា​តាម​ទីសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​ពី​ធម៌​ព្រះពុទ្ធសាសនា និង​សិទ្ធិ​មនុស្ស​ដល់​ប្រជាពលរដ្ឋ ។ លោក​បន្តថា មួយវិញទៀត​ការដើ​រក​ហែរ​ក្បួន ឬ​ធ្វើ​សកម្មភាព​តវ៉ា​នានា​ដោយ​សន្តិវិធី គឺ​ស្រប​តា​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ដាក់​ពាក្យស្លោក​ថា ជាតិ សាសនា ព្រះមហាក្សត្រ ។ លោក​ថា «​ការ​ដែល​ហាមប្រាម​នេះ វា​គ្រាន់តែ​រឿង​មួយ​ដែល​ព្រះសង្ឃ​ខ្លាច​អាជ្ញាធរ អ៊ីចឹង​ចេះ​តែ​ធ្វើការ​ហាមប្រាម​ដល់​ព្រះសង្ឃ​ដទៃ​មិន​ឲ្យ​ជួបជុំ យល់​ខុស​នឹង​ពុទ្ធឱវាទ ពុទ្ធ​សាសនា តាមពិត​អត់​មានអី​ខុស​ទេ នៅ​ពុទ្ធសាសនា​ក៏​អត់​មាន​ចែង​ដែរ ព្រោះ​ព្រះសង្ឃ​លោក​ដឹង​ច្បាស់​ណាស់​តាម​វា​អត់​មានអី​ខុស​នឹង​ពុទ្ធសាសនា​បាន​លោក​ចូលរួម​នៅក្នុង​សិទ្ធិ​យាត្រា និង​ធម្ម​យាត្រា​នេះ​» ។​

​លោក អំ សំអាត បន្ថែមថា​កន្លង​មាន​អាជ្ញាធរ​ហាមឃាត់ ឬ​បង្អាក់​សកម្មភាព​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ដើរ​ហែរ​ក្បួន​ធម្ម​យាត្រា គឺជា​ការរំលោភ​សិទ្ធិមនុស្ស ។ 
​សេចក្តីថ្លែងការណ៍​របស់​គណៈសង្ឃ​បន្តថា កន្លង​មក​ព្រះសង្ឃ​ជាច្រើន​បាន​សិក្សា​ស្វែងយល់​យ៉ាង​ច្បាស់​ពី​ច្បាប់​រដ្ឋ និង​ច្បាប់​ស្តីពី​គណបក្សន​យោយ និង​ច្បាប់​បោះឆ្នោត ប៉ុន្តែ​ព្រះសង្ឃ​មួយចំនួន នៅ​មាន​ចំណុច​ខ្វះខាត​ក្នុង​ការគោរព​ប្រណិបត្តិ​នៃ​ធម៌​វិន័យ ដោយ​ប្រព្រឹត្ត​ខុសឆ្គង​ដូចជា បាតុកម្ម កូដកម្ម និង​សកម្មភាព​តវ៉ា​នានា ដែល​ផ្ទុយ​ពី​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ ។​

​ទោះជា​យ៉ាងណា ថ្មីៗ​នេះ​ព្រះសង្ឃ​មួយចំនួន​បាន​ចូលរួម​តវ៉ា​សកម្មភាព​នានា​ដើម្បី​យុត្តិធម៌​សង្គម និង​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​ការ​ស្តែង​មតិ និង​ជួប​ប្រជុំ ជូន​ប្រជាពលរដ្ឋ ។ ទោះជា​យ៉ាងណា ព្រះសង្ឃ​មួយ​ចំនួន​ត្រូវបាន​អាជ្ញាធរ​វាយ​ឲ្យ​រងរបួស និង​ចាប់​ដាក់​ពន្ធនាគារ​ផងដែរ ដោយ​ចោទ​ថា បង្ក​អសន្តិសុខ​ក្នុងសង្គម ខុសច្បាប់​រដ្ឋ និង​វិន័យ​សាសនា ៕ 

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

6 Responses to "​សម្តេច​សង្ឃ អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បញ្ឈប់​ការចូលរួម​ហែ​ក្បួន​ឬ​បាតុកម្ម​នានា​​"

  1. ប្រជាពលរដ្ឋ says:

    មិនមែន សម្តេចសង្ឃ ទេ គឺជាសង្ឃ សម្ងំសុខ តែខ្លួន ព្រះអង្គ ! « អាណា ធ្វើ អី ធ្វើ ទៅ .

    អាណា រំលោភ ធ្វើបាប អ្នកណា ក៏ រំលោភ ធ្វើបាប ទៅ ! »

  2. ប្រជាពលរដ្ឋ says:

    សម្តេចសង្ឃ ទេព វង្ស ដែលមិនអោយ ប្រជាពលរដ្ឋស្លូតត្រង់ ព្រះសង្ឃ ស្នាក់នៅ ក្នុងវត្ត គឺ

    កំពុងសាងអំពើ បាប ខុសពី ធម៏ ព្រះពុទ្ធសាសនា ដែលជួយ មនុស្ស ក្នុងគ្រា លំបាក មួយរយះកាល !

  3. កម្មករ កសិករ says:

    ព្រះសង្ឃ សម្ងំសុខ នៅក្នុងវត្ត ខ្លះ លួចលាក់ សេព សុរា គ្រឿងញៀន ប៉ុន្តែមានបក្សពួក ការពារ

    បំបិទ រឿង ធ្វើមិនដឹង !

  4. សវ says:

    ទេព វង្ស ជាសម្តេចសង្ឃដែលធ្វើអោយសាសនា អាប់អោន ប្រាចាកពីមាគាព្រះពុទ្ទ

  5. សវ says:

    គ្មាននណាមួយដែលមិនប្រាថ្នារកសេចក្តីសុខនោះទេ តែដោយសាពួកស្តេចសង្ឃ និង រដ្ឋាភិបាលអសម្ថភាពប្រព្រឹត្តអំពើពុករលួយ រឹមអូសដី ផ្ទះសំបែង ដុតបផ្លាញ់គ្មានអាសូរ
    ទើបសុខចិត្តនឿយហត់ ហាលភ្លៀង ហាលខ្យលលំបាក់គ្រប់បែបយ៉ាង

  6. ទឺកភ្នែកជនរងគ្រោះ says:

    ឯណាទៅដែលប្រកាសថាប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ???????

    តើព្រះសង្ឃអង្គនេះសមធ្វើជាមេសង្ឃបានទេបើសង្ឃអត់ចេះអ្វីសោះចឹង?

    តើព្រះសង្ឃទេពវង្សស្អីគេនេះមានបានសិក្សាអំពីប្រវត្តិសាស្ដ្ររបស់ខ្មែរដែរទេ????

    កុំបានតែលោកអាចាស្វា ពោរកំបោរ អាចារ្យហែមជៀវ ។ល។ ដែលបានដឹកនាំប្រជាជន

    ងើបឡើងតតាំងជាមួយនិងរបបជិះជាន់ស្ថិតនៅក្រោមអាណានិគមបារាំងសេស្សនោះ

    ដើម្បីអ្វី??? គឺដើម្បីរំដោះប្រទេសជាតិ​ និងប្រជាជនឲ្យផុតពីការជិះជាន់បិទសិទ្ធិសេរីភាព

    ពិសេសគឺដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យមាននៅក្នុងប្រទេស។ បើពុំដូចឆ្នេះទេម្លេះ

    គ្មានសង្ឃទេព វង្សឯងមកដល់ថ្ងៃនេះទេ។ ឬមួយក៏សង្ឃអង្គនេះចង់ផ្ដួលរំលំ

    លទ្ធិប្រជាធិបតេយ្យ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា?