លោក យន្ត ថារូ សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងមិនបោះបង់អាសនៈសភារបស់លោកដើម្បីបើកផ្លូវសម្រាប់លោក មាជ សុវណ្ណរ៉ា មន្ត្រីគណបក្សប្រឆាំងដែលជាប់ពន្ធនាគារឡើយ ដោយលើកឡើងថា ក្នុងនាមជាសមាជិកសភាខ្មែរក្រោមតែម្នាក់គត់ លោកគួរនៅជាតំណាងផលប្រយោជន៍ក្រុមជនជាតិដើមភាគតិច។
បន្ទាប់ពីការចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយចោទប្រកាន់ពីបទ “កុបកម្ម” មក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានស្នើជាសាធារណៈថា លោក យន្ត ថារូ អាចលាលែងដើម្បីអនុញ្ញាតមន្ត្រីដែលជាប់ពន្ធនាគារកាន់កាប់អាសនៈរបស់លោក និងមានអភ័យឯកសិទ្ធិសភារួចផុតពីការផ្ដន្ទាទោសទាក់ទងនឹងករណីនេះ។
ប៉ុន្តែលោក យន្ត ថារូ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្នុងនាមជាសំឡេងក្នុងសភាតែមួយគត់តំណាងឲ្យខ្មែរក្រោម ជាជនជាតិដើមភាគតិចខ្មែរដែលរស់នៅក្នុងអតីតខេត្តខ្មែរក្នុងប្រទេសវៀតណាមភាគខាងត្បូង លោកមិនអាចបោះបង់អាសនៈរបស់ខ្លួនឲ្យលោក មាជ សុវណ្ណរា៉ បានទេ។
លោក យន្ត ថារូ បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីសួរសុខទុក្ខសហសេវិករបស់ខ្លួននៅពន្ធនាគារព្រៃសថា “ខ្ញុំនឹងមិនលាលែងដើម្បីផ្តល់តួនាទីនេះដល់គាត់ឡើយ ពីព្រោះខ្ញុំជាសមាជិកសភាខ្មែរក្រោមតែម្នាក់គត់ដែលត្រូវបានជាប់ឆ្នោតតំណាងឲ្យសំឡេងខ្មែរក្រោមនៅសភា”។ លោក យន្ត ថារូ បានមានប្រសាសន៍ថា “នៅពេលខ្ញុំជួបជាមួយគាត់នៅពន្ធនាគារ យើងមិនបានពិភាក្សាអំពីបញ្ហានេះទេ”។
លោកបានមានប្រសាសន៍ថា “ឯកឧត្ដម សម រង្ស៊ី បានទាក់ទងមកខ្ញុំ ដែលលោកបានសុំឲ្យខ្ញុំលាលែង ប៉ុន្តែខ្ញុំបានប្រាប់លោកថា ខ្ញុំនឹងមិនលាលែងទេ ពីព្រោះប្រជាជនខ្មែរក្រោមត្រូវការសំឡេងរបស់ខ្ញុំ”។ លោកបានបន្ថែមថា “ចាប់តាំងពីពេលនោះមក វាបានស្ងប់ស្ងាត់ ហើយគ្មាននរណាម្នាក់មកសួរខ្ញុំអំពីបញ្ហានេះទៀតទេ”។
លោក យន្ត ថារ៉ូ ធ្លាប់បានដឹកនាំសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ មុនពេលធ្វើជាសមាជិកសភាគណបក្ស សម រង្ស៊ី ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣។
នៅពេលបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ លោកត្រូវបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលបន្ទាយមានជ័យម្ដងទៀត ហើយពេលនេះក្នុងនាមជាបេក្ខជនលេខរៀងទី២របស់គណបក្សសង្គ្រោះជាតិសម្រាប់ខេត្តនេះ។
លោក មាជ សុវណ្ណរា៉ ជាបេក្ខជនលេខរៀងទី៣របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវទទួលបានអាសនៈរបស់លោក យន្ត ថារូ ដោយស្វ័យប្រវត្តិប្រសិនបើលោកបានលាលែង។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រៅពីផលប្រយោជន៍នេះ ការលាលែងរបស់លោក យន្ត ថារូ អាចផ្ដល់ឱកាសដល់លោក មាជ សុវណ្ណរា៉ នោះ លោកក៏ចង់ឲ្យសមាជិកសភារូបនេះលះបង់អាសនៈសភារបស់លោកដែរ ពីព្រោះកាលពីពេលថ្មីៗនេះលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទថា “ខ្ញុំសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយ ប៉ុន្តែទាក់ទងលោក យន្ត ថារូ យើងត្រូវបន្តធ្វើដោយសន្សឹមៗ ពីព្រោះគាត់មានសុខភាពមិនល្អ។ គាត់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយយើងមិនចង់សួរគាត់ខ្លាំងៗនោះទេ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា បញ្ហាសុខភាពរបស់លោក យន្ត ថារូ ធ្ងន់ធ្ងរណាស់សម្រាប់គាត់មិនអាចបន្តធ្វើជាសមាជិកសភាបានឡើយ ទោះបីក្រោយការពិចារណាពីការពិតដែលថា លោក យន្ត ថារូ ជាសមាជិកសភាតំណាងខ្មែរក្រោមតែម្នាក់គត់ក៏ដោយ។
ប៉ុន្តែលោក យន្ត ថារូ បានមានប្រសាសន៍ថា លោកមិនលាលែងតាមសំណើរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិទេ ហើយបានអះអាងថា លោកនៅតែបន្តការងាររបស់លោកដដែល។ លោក យន្ត ថារូ បានសង្កត់ធ្ងន់ថា “ខ្ញុំមានសុខភាពល្អ។ ខ្ញុំអាចចុះទៅតាមភូមិ ជួបប្រជាជន និងធ្វើការងាររបស់ខ្ញុំនៅរដ្ឋសភាបាន។ ខ្ញុំមិនមានបញ្ហាសុខភាពឡើយ”៕
សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)
ប្រពន្ធសមរង្សីឬកឹម សុខាគួរលាលែងជាគម្រូដល់មន្រ្តីបក្សប្រឆាំង បើចិត្តសឿង
តែពួកនេះក្រាញអំណាចណាស់។
i support mr taro ‘ you have been working hard and people trust you and vote for you so don’t resign for mr sovanara ,because this game of politic must find the other solution .GOD bless you mr taro and GOD bless all cambodian people’