​អង្គការ​ពីរ​រកឃើញថា អនុវិទ្យាល័យ​ចំនួន​៥​នៅ​កំពង់ចាម​ខ្វះ​បង្គន់​អនាម័យ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃព្រហស្បតិ៍ ទី19 មិនា 2015
http://vodhotnews.com

​អង្គការ​ចំនួន​ពីរ​ដែល​ធ្វើកា​រលើ​វិស័យ​អប់រំ​រកឃើញថា សាលារៀន​ចំនួន​៥​ខេត្ត​កំពង់ចាម ដែល​ខ្វះខាត​បង្គន់​អនាម័យ និង​បន្ទប់ទឹក​សម្រាប់​ប្រើប្រាស់​នោះកំពុង​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និងសម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ ចេញផ្សាយ​ក្រោយពី​ចុះ​សិក្សា​វាយ​តម្លៃ​ទៅលើ​គុណភាព​សេវា​អប់រំ​របស់​គម្រោង​ជួយ​មើល​សាលា (Check my school) នៅក្នុង​រាជធានី​ភ្នំពេញ និងខេត្ត​កំពង់ចាម បាន​លើកឡើង​ថា សាលារៀន​ចំនួន​៥​នៅ​កំពង់ចាម​កំពុងតែ​ខ្វះខាត​បង្គន់​អនាម័យ បន្ទប់ទឹក និង​តម្រូវការ​សេវា​អប់រំ​ផ្សេងៗ​ទៀត​ ។ សាលា​ទាំង​៥រួមមាន អនុវិទ្យាល័យ​គគរ អនុវិទ្យាល័យ​ខែល​ជ័យ អនុវិទ្យាល័យ​គៀន​ជ្រៃ អនុវិទ្យាល័យ​កោះ​ទន្ទឹម និង​អនុវិទ្យាល័យ​អង្គរ​ ។​

​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ លោក សេង ឫទ្ធី មានប្រសាសន៍ថា ការខ្វះ​បន្ទប់ទឹក និងបង្គន់​អនាម័យ​ប៉ះពាល់​ដល់​សុខភាព​សិស្ស​ ។ លោក​បន្តថា ពិសេស​សិស្សស្រីមួយចំនួន​អាច​សម្រេច​ចិត្ត​ឈប់រៀន​ដោយ​សារ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ ។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា បានទេ ដោយ​លោក​ប្រាប់ថាជាប់រវល់ ចំណែក​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ មិន​លើក​ទូរសព្ទ ​។​

បន្ទាប់​ពី​សិក្សា​ស្រាវជ្រាវ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និងសម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា និងព្រះសង្ឃរៀបចំ​ធ្វើ​ជា​បុណ្យផ្កា​តាមបែប​ព្រះពុទ្ធសាសនា ដើម្បី​ប្រមូលប្រាក់​យក​កសាង​បន្ទប់ទឹក និង​បង្គន់​អនាម័យនៅ​តាម​សាលារៀន​ដែល​កំពុង​ខ្វះខាត​ទាំងនោះ ៕

សូមសរសេរមកកញ្ញា ខាន់​ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles

One Response to "​អង្គការ​ពីរ​រកឃើញថា អនុវិទ្យាល័យ​ចំនួន​៥​នៅ​កំពង់ចាម​ខ្វះ​បង្គន់​អនាម័យ​​"

  1. OK KKK says:

    បើបានជារកឃើញហើយ ម៉េចមិនជួយស្វែងរកជំនួយយកមកសាងសង់ជូនក្មេងៗខ្មែរផង។ បើត្រឹមតែស្វែងរក និងចាប់កំហុស Post យកប្រជាប្រិយ៍ទេ ហាក់មិនសមនឹងឈ្មោះអង្គការទេ ។ តាមពិតទៅមិនមែនតែត្រឹមមួយ ឬ ពីរ សាលានោះទេ ។ គួរតែឆ្ងល់ណាស់ លោកអើយ លោក !!!!!