តារា ៤ ​ដួង​បង្ហើរ​សំនៀង​​ថ្ងៃ​មង្គលការ​សេដ្ឋី គិត ម៉េង

អ្នកនាង ស្រីតូច ចំណាន និង​លោក គិត ម៉េង​​។ រូបថត ហ្វេសប៊ុក

អ្នកនាង ស្រីតូច ចំណាន និង​លោក គិត ម៉េង​​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: មជ្ឈដ្ឋាន​ជាច្រើន​ច្រាស់ច្រាល់​ចង់​ដឹងថា​តើ​កំពូល​តារាចម្រៀង​ល្បីៗ​ស្រុក​ខ្មែរ​​រូប​ណា​​​ខ្លះ​​នឹង​មាន​វត្តមាន​​ច្រៀង​ជា​កិត្តិយស​អបអរ​​​​​ពិធី​អាពាហ៍ពិពាហ៍​សេដ្ឋី​ជំនួញ​ស្រុក​ខ្មែរ​លោក​ គិត ម៉េង និង​អតីត​តារាសម្តែង​កូនកសិករ​​មកពី​ទឹកដី​​ស្វាយរៀង​អ្នកនាង ស្រីតូច ចំណាន​ នៅ​ទីក្រុង​កោះពេជ្រ នា​ថ្ងៃ​ទី​ ២០ ​មីនា ​ប្រជុំ​ដោយ​មន្ត្រី​ និង​អ្នកជំនួញ​ធំៗ​រាប់​សិប​នាក់​នោះ?

ពិធី​មង្គលការ​ជា​ទី​ចំណាប់​អារម្មណ៍​ចង់ដឹង​​ចង់ឮ​ពី​​មហាជន​​នេះ ក៏​មាន​ការ​ប៉ាន់ស្មាន​​​ផង​ដែរ​ថា ឆាក​តន្ត្រី​ប្រគំ​កំដរ​ភ្ញៀវ​​​លំដាប់​ខ្ពស់​ច្បាស់​​ជា​មិន​រំលង​វត្តមាន​​​កំពូល​តារាចម្រៀង​បី​បួន​​ដួង​​ក្នុង​ចិត្ត​យុវវ័យ​សព្វថ្ងៃ​នោះ​​​​ទេ ហើយ​តម្លៃ​ខ្លួន​​ក៏​ទំនង​ជា​​ថ្លៃ​ទ្វេដង​ពី​កម្មវិធី​ទូទៅ​​​ដែរ​។

ការសន្និដ្ឋាន​របស់​មហាជន​ហាក់​បំព្រួញ​ទៅលើ​តារាចម្រៀង​លំដាប់​កំពូលៗ មាន​ដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និង​មាស សុខសោភា។ ប៉ុន្តែ​ការ​​​​​​​ទម្លាយ​ឲ្យ​ដឹង​ពី​បុគ្គលិក​​បម្រើការ​​​​​ទូរទស្សន៍​ស៊ីធីអិន​ មិន​មាន​នាម​តារាចម្រៀង​​ទាំងនោះ​ឡើយ​។

តាម​ការ​ឲ្យ​​​ដឹង​ពី​បុគ្គលិក​ទូរទស្សន៍​ក្រោម​ការ​បោះទុន​ពី​ខាង​កូនកំលោះ​នោះ បាន​បញ្ជាក់​ថា៖​ «​វត្តមាន​ច្រៀង​​ក្នុង​ពិធីអាពាហ៍ពិពាហ៍​​លោក​ថៅកែ​មាន​​ តារាចម្រៀង សុគន្ធ និសា មកពី​ផលិតកម្ម​ថោន លោក ណុប បាយ៉ារិទ្ធ មកពី​រស្មី​ហង្សមាស អ្នកនាង ហ៊ឹម ស៊ីវន និង​លោក សួស សងវាចា»។

អ្វី​ដែល​បង្ក​ជា​ចម្ងល់​​ជជែក​ដេញដោល​គ្នា​គឺ​ថា តារាចម្រៀង​បួន​ដួង​​នេះ​មាន​អ្វី​ពិសេស​ទើប​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ដ៏ធំ​​បែប​នេះ? ហើយ​តើ​បទចម្រៀង​អ្វី​ដែល​​ពួកគេ​ត្រូវ​ច្រៀង​​ក្នុង​ពិធី​នោះ? ចម្រៀង​ទាំងឡាយ​បង្កប់​​​អត្ថន័យ​ស្នេហ៍​យ៉ាងណា​ចំពោះ​ប្ដីប្រពន្ធ​​លំដាប់​សេដ្ឋី​​រួមរស់​មាន​កូន​បួន​​មួយ​គូ​នេះ​?

លោក សួស សងវាចា អ្នកស្រី ហ៊ឹម ស៊ីវន កញ្ញា សុគន្ធ និសា និង​លោក ណុប បាយ៉ារិទ្ធ​​​។

បង្ហាញពី​អារម្មណ៍​សប្បាយ​រីករាយ ដែល​មាន​ឈ្មោះ​ច្រៀង​នៅ​ឆាក​ប្រគំតន្ត្រី​​​អបអរពិធី​ទទួល​ភ្ញៀវ​នៃ​អាពាហ៍ពិពាហ៍លោក​ គិត ម៉េង និង​អតីត​តារាសម្តែង ស្រីតូច ចំណាន រៀបចំ​ចំនួន​ ៥ ​អគារ​នោះ តារាចម្រៀង​ ៣ ​រូប​ដែល​ផ្តល់​បទសម្ភាស​​ជាមួយ ភ្នំពេញ​ប៉ុស្តិ៍ ម្នាក់ៗ​សុទ្ធតែ​បង្ហាញភាព​ត្រេកអរ​ជាមួយ​ពាក្យ​ថា «មិន​នឹក​ស្មាន​ខ្លួន​មាន​វត្តមាន​ក្នុង​ពិធី​ធំ​នោះ»។

តារាចម្រៀង​មកពី​ផលិតកម្ម​រស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ​ប្រាប់​ថា​លោក​​បាន​ត្រៀម​លក្ខណៈ​រួចរាល់​​អស់​​ហើយ​ក្នុង​ឱកាស​ច្រៀង​អបអរ​ពិធី​អាពាហ៍ពិពាហ៍​លោក គិត ម៉េង និង​អ្នកនាង ស្រីតូច ចំណាន​។

តារាចម្រៀង​និយម​តែង​ខ្លួន​​បែប​យុវវ័យ​រូប​នេះ​លើក​ឡើង​ថា៖ «សម្រាប់​ខ្ញុំ​មាន​ចម្រៀង​ទាំង​បទ​ថ្មី​ច្រៀង​នៅ​ផលិតកម្ម​ហង្សមាស និង​បទ​ពី​ដើមៗ​នោះ​មិន​ក្រោម​ ៨-៩ បទ​ទេ​»។

លើក​ពី​អត្ថន័យ​ចម្រៀង​​ក្នុង​ពិធី​សុទ្ធតែ​ភ្ញៀវ​​​ជាន់​ខ្ពស់​នោះ លោក ណុប បាយ៉ារិទ្ធ បញ្ជាក់​ថា៖ «បទចម្រៀង​ទាំងនោះ​ មិនមែន​ជា​បទ​ដែល​ច្រៀង​ពី​ភាពឈឺចាប់ បែកបាក់​និរាស ណា​មួយ​នោះ​ទេ។ ទាំង​បទ​ពី​ដើម និង​បទ​ថ្មី​​សុទ្ធតែ​បង្ហាញ​​ន័យ​ស្នេហ៍​ផ្អែមល្ហែម យល់ចិត្ត​គ្នា​ និង​មាន​សុភមង្គល​​»។

ក្រៅពី​អះអាង​ថា មិន​ហ៊ាន​ទទួល​ការ​អញ្ជើញ​ច្រៀង​នៅ​កម្មវិធី​ដទៃ​ខ្លាច​​​ជាន់​ថ្ងៃ​រៀបការ​អ្នកនាង ស្រីតូច ចំណាន នោះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏​​បាន​សម្ដែង​ការ​គិតគូរ​ហ្មត់ចត់​ខ្លាច​មិន​គប្បី​ដល់​ម្ចាស់​​ពិធី​ក្នុង​ករណី​មាន​អ្នក​សំណូមពរ​ច្រៀងបទ​ផ្សេង​ក្រៅពី​ចម្រៀង​ដែល​​​រៀបចំ​ទុក​មុន​នោះ។

លោក​បញ្ជាក់​ថា៖ «បើ​​មាន​ករណី​នោះ ត្រូវ​ចាំបាច់​សួរ​អ្នក​រៀបចំ មិនមែន​ចេះ​តែ​ហ៊ាន​ច្រៀង​នោះ​ទេ​»។

តារាចម្រៀង​ស្រី​មកពី​ទឹកដី​នេនទុំ ហ៊ឹម ស៊ីវន ក៏​បាន​ត្រៀម​ច្រៀង​​ជូនពរ​កូនកំលោះ​កូនក្រមុំ តាមរយៈ​បទ​ «​ជូនពរ​អាពាហ៍ពិពាហ៍» ដែល​អ្នកស្រី​នឹង​បង្ហើរ​សំនៀង​​ឆ្លងឆ្លើយ​ជាមួយ​លោក សួស សងវាចា។

លោកស្រី ហ៊ឹម ស៊ីវន ប្រាប់​ថា៖ «ខ្ញុំ​បាន​សម្រិតសម្រាំង​បទចម្រៀង​ល្អៗ ដែល​សុទ្ធជា​បទ​ជូនពរ​គូស្នេហ៍ មិន​មាន​បទ​ណា​មួយ អត្ថន័យ​ប្រាសចាក​ន័យ​ស្នេហ៍​ជួបជុំ​នោះ​ទេ»។

ដូចគ្នា​ដែរ​លោក សួស សងវាចា បាន​​ប្រាប់​ថា៖ «ក្រៅពី​បទចម្រៀង​ច្រៀង​​ឆ្លងឆ្លើយ​ជាមួយ​អ្នកស្រី ហ៊ឹម ស៊ីវន មាន ៨ បទ​ទៀត​ត្រៀម​ជាពិសេស»។

ដោយឡែក​មិន​មាន​ចម្លើយ​បកស្រាយ​ពី​តារាចម្រៀង​មកពី​ផលិតកម្ម​ថោន​នាង សុគន្ធ នីសា នោះ​ទេ ខណៈ​មិន​អាច​ទាក់ទង​រូបនាង​បាន​។

ឆ្លើយតប​នឹង​តម្លៃ​ខ្លួន​ដែល​មហាជន​គិត​ថា អាច​ថ្លៃ​គុណ​នឹង​ពីរ ឬ​គុណ​នឹង​បី​លើស​តម្លៃ​ជួល​ច្រៀង​​ក្នុង​​កម្មវិធី​​ទូទៅ​​នោះ តារាចម្រៀង​ល្បីៗ​បី​ដួង​ខាង​លើ​នេះ​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​នូវ​ចម្លើយ​ដូចៗ​គ្នា​ថា៖ «តម្លៃ​មិន​ខុស​គ្នា​នឹង​កម្មវិធី​ច្រៀង​ធម្មតា​នោះ​ទេ»៕


What Next?

Recent Articles

2 Responses to "តារា ៤ ​ដួង​បង្ហើរ​សំនៀង​​ថ្ងៃ​មង្គលការ​សេដ្ឋី គិត ម៉េង"

  1. អាឡេវ says:

    ជូនពរ១កញ្ឆេតែបើដល់ពេលត្រូវទៅវាទៅហើយ។បាត់អត់ឃើញយក់ចិន្តា,បែបរវល់ដេកយំហើយ…

  2. Pa Pa says:

    Good wish happiness to you all.