ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី​បង្វិល​ដីកា​កោះ​ទៅវិញ

ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ដែល​ចូលរួម​តវ៉ា​ដើម្បី​រក​យុត្តិធម៌​កន្លងមក​។

ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ដែល​ចូលរួម​តវ៉ា​ដើម្បី​រក​យុត្តិធម៌​កន្លងមក​។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ព្រះសង្ឃ​នៅ​គង់​នៅ​វត្ត​សាមគ្គីរង្សី បាន​បង្វិល​ដីកា​​កោះ​ទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​​ដោយ​សំអាង​​ថា​ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​​បន្ទាប់ពី​សាលាដំបូង​ បាន​​ចេញ​ដីកា​កោះ​​ឲ្យ​ព្រះចៅអធិការ​វត្ត​ព្រះនាម ថាច់ ហាសំអាង​ និង​ព្រះអង្គ​ ៤ ​អង្គ​ទៀត​ឲ្យ​និមន្ត​មក​តុលាការ នៅ​ថ្ងៃ​ទី​ ២៧ ខែ​មីនា ដើម្បី​ចោទសួរ​ពី​បទ​ប្រើ​ហិង្សា និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​។

ព្រះចៅ​អធិការវត្ត​សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង មិន​​អាច​ទាក់ទង​ដើម្បី​បញ្ជាក់​ពី​ដីកាកោះ​នេះ​បាន​​នៅ​ឡើយ​ទេ ដោយសារ​ព្រះអង្គ​បាន​​និមន្ត​​ទៅ​ប្រទេស​បារាំង​។​ ប៉ុន្តែ ព្រះតេជគុណ ថាច់ សារាយ ព្រះចៅ​អធិការវត្ត​ស្តីទី​បាន​ថ្លែង​ថា ព្រះអង្គ​ទាំង​ ៥ ​អង្គ​ដែល​បាន​​ទទួល​ដីកា​ពី​សាលាដំបូង​ ពី​ដើមបណ្តឹង​តែ​មួយ​ពី​ឈ្មោះ សុទ្ធ​ ឆៃយ៉ា​ ប្តឹង​​ពី​​បទ​ប្រើ​ហិង្សា និង​​បរិហារកេរ្តិ៍​ជា​សាធារណៈ​បាន​បង្វិល​ដីកា​ទៅវិញ​អស់​ហើយ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ ​«​ព្រះសង្ឃ​ទាំងអស់​មិន​អាច​ទទួល​យក​ដីកា​នោះ​បាន​ទេ​ដោយសារ​តែ​ដីកា​នោះ​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់ គឺ​គ្រាន់តែ​ដាក់ ឈ្មោះ​មិន​បញ្ជាក់​អំពី​ភេទ សញ្ជាតិ​ច្បាស់លាស់»។

ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះអង្គ​ពុំ​បាន​ដឹង​ច្បាស់​ថា​ តើ​រឿង​ប្រើ​ហិង្សា​តាំងពី​ពេលណា​នោះ​ទេ ប៉ុន្តែ​វត្ត​របស់​ព្រះអង្គ​គឺ ​តែងតែ​រង​នូវ​ការ​ចោទប្រកាន់​រហូត​នា​ពេល​​កន្លង​មក​នេះ​។ ព្រះអង្គ​ថា​៖ «​គេ​ចោទ​យើង​ប្រើ​ហិង្សា​ប៉ុន្តែ​នៅពេល​ដែល​ចុះ​មក​ពិនិត្យ​មើល​ពុំ​ដែល​ឃើញ​មាន​អ្វី​ដូច​ចោទប្រកាន់​នោះ​ទេ​»។

លោក គី ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញារង​​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការអត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​បើ​តាម​ដីកា​​កោះ​របស់​លោក​ ដែល​បាន​ចុះ​​ថ្ងៃ​ទី​ ១៧ ​ខែ​មីនា ​ឆ្នាំ​ ២០១៥ នោះ ​បាន​​ឲ្យ​ដឹង​ថា លោក​សុំ​និមន្ត ព្រះតេជគុណ ថាច់ ហាសំអាង ឲ្យ​ព្រះអង្គ​និមន្ត​មកកាន់​សាលាដំបូង​​រាជធានី​​ភ្នំពេញ ថ្ងៃ​ទី​​ ២៧​ ​ខែ​​មីនា​ ​ឆ្នាំ​​​ ២០១៥ នៅ​ម៉ោង​​ ៨ ​ព្រឹក ។

លោក​បញ្ជាក់​ក្នុង​ដីកា​នោះ​ថា ៖«ការ​និមន្ត​ព្រះចៅអធិការ​អង្គ​នោះ មក​តុលាការ គឺ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ឈ្មោះ ​សុទ្ធ ឆៃយ៉ា ប្តឹង​ពី​បទហិង្សា​ដោយ​​ចេតនា និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។ សាមី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​​ដីកា​កោះ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជាមួយ​ផង​ប្រសិន​បើ​មាន​​»។

សូម​​រំឭក​ថា វត្ត​សាមគ្គីរង្សី ធ្លាប់​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ បែបបទ​រដ្ឋបាល​វត្ត​ម្តង​ហើយ​កាលពី​ខែ​កុម្ភៈ កន្លង​មក ដើម្បី​ស្វែងរក​ពី​ភាពស្របច្បាប់​នៃ​ការគ្រប់គ្រង​វត្ត​នេះ​។ ប៉ុន្តែ​មក​ទល់​ពេលនេះ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ប្រកាស​ជា​សាធារណៈ ពី​ចំណាត់ការ​បែប​ណា​នៅ​ឡើយ​ទេ​។ វត្ត​មួយ​គ្រប់គ្រង​ដោយ​ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នេះ បាន​ផ្តល់​​កន្លែង​ស្នាក់​អាស្រ័យ​ដល់​​​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​តាម​បណ្តា​ខេត្ត​នានា​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ដើម្បី​ចេញ​តវ៉ា​រក​កិច្ចអន្តរាគមន៍​ពី​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​រឿង​ដីធ្លី​របស់​ពួកគេ​​ ហើយ​​ព្រះសង្ឃ​គង់​នៅក្នុង​វត្ត​នេះ ក៏​បាន​​និមន្ត​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​​អ្នក​មាន​ជម្លោះ​ដីធ្លី​ដើម្បី​ទាមទារ យុត្តិធម៌​សង្គម​ផង​ដែរ​។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ថា មួយរយៈ​ក្រោយមក​នេះ​លោក​តែងតែ​​សង្កេត​ឃើញ​ថា​ តុលាការ​​កោះ​និមន្ត​ព្រះសង្ឃ​ឲ្យ​និមន្ដ​ឡើង​តុលាការ​ជាបន្តបន្ទាប់​ដោយសារ​តែ​ព្រះសង្ឃ​ចេញ​មុខ​​ចូលរួម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ និង​ដើម្បី​ឲ្យ​សង្គម​មាន​ការរីកចម្រើន​។ លោក​បាន​ថ្លែង​ថា ៖«​ការ​កោះ​ហៅ​នេះ​គឺជា ​ការគំរាម​មួយ​ដល់​ព្រះសង្ឃ​ដែរ​ដើម្បី​ឲ្យ​ព្រះអង្គ​ឈប់​ចេញ​តវ៉ា​ទៀត​។​ ប៉ុន្តែ​បាន​និយាយ​ពី​វិស័យ​ព្រះពុទ្ធ​សាសានា​​ជា​សាសនា​របស់​រដ្ឋ​ ដែល​យើង​គោរព​ទាំងអស់​គ្នា​នោះ​គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​វិស័យ​សាសនា»៕


What Next?

Recent Articles

2 Responses to "ព្រះសង្ឃ​វត្ត​សាមគ្គីរង្សី​បង្វិល​ដីកា​កោះ​ទៅវិញ"

  1. den says:

    Politic monks, Violant monks, Gang monks, ISISmonks…..

  2. lolo says:

    Crasy monks, violant monks, ISIS monks…..