កម្ពុជា​ខាតបង់ប្រាក់ចន្លោះពី​១ទៅ​​២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​សារ​ការ​ប្រើ​ប្រាស់​លុយដុល្លារ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com

របាយការណ៍មួយ​​បង្ហាញ​ថា​តាម​ការ​ប៉ាន់ប្រមាណ​ ប្រទេស​កម្ពុជា​​ខាត​បង់ថវិកា​ចន្លោះពី​១​ទៅ​​​២ពាន់​លានដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​សារ​ការ​ប្រើ​ប្រាស់​លុយ​ដុល្លារ​នៅ​លើ​ទីផ្សារកម្ពុជា ដោយ​មិន​មាន​ការ​គ្រប់​គ្រង។​

នេះ​បើ​យោង​តាមការសិក្សាមួយ​(​Cambodia Economic Review) និង​តាមរយៈការ​ឲ្យ​ដឹង​ពីសេដ្ឋវិទូបម្រើ​ការ​នៅ​ធនាគារពិភពលោក លោក លី សូដេត។ ​

ការសិក្សា​បាន​ឲ្យ​ដឹ​ង​ថា​​ចំណូល​ពី​ការ​បោះពុម្ព​រូបិយប័ណ្ណ ​គឺ​ជា​ប្រាក់​ចំណេញ​ពី​ការ​ដាក់​ឲ្យ​ចរាចរណ៍​រូបិយប័ណ្ណ​ ដោយ​ដកតម្លៃ​បោះពុម្ព​រូបិយ​ប័ណ្ណ​នោះ។ ​ការ​ប្រើ​ប្រាស់​ដុល្លារ​ច្រើន​ក្នុង​សេដ្ឋកិច្ច​បានន័យថា​កម្ពុជា​កំពុង​តែ​បាត់​បង់​នូវ​ចំណូល​ពី​ការ​បោះពុម្ព​រូបិយប័ណ្ណ​ក្នុង​ស្រុក។ ការសិក្សា​បញ្ជាក់ថា​តាម​ការ​តាម​គណនា​ត្រួសៗ​ ​កម្ពុជា​ខាត​បង់ប្រាក់​​ពី​១​ទៅ​២​ពាន់​លាន​ដុល្លារ​ពី​ការ​​ខក​ខាន​មិន​បាន​ចំណូល​ពី​ការ​បោះពុម្ព​ប្រាក់​ដោយ​​ប្រើប្រាស់​លុយ​ដុល្លារនៅ​លើ​ទីផ្សារ​។​

កាលពីថ្ងៃ​ទី​២៨​ខែមេសា ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យដឹងថា​ការកាត់បន្ថ​យ​រូបិយប័ណ្ណ​​អន្តរជាតិ​នៅ​កម្ពុជា ត្រូវ​ធ្វើឡើង​ដោយ​សន្សឹមៗ។ លោក​ ហ៊ុន សែន បញ្ជាក់​ថា​ការ​បន្សល់​ទុក​រូបិយ​ប័ណ្ណ​អន្តរជាតិ​ជាច្រើន​នៅ​កម្ពុជា ដោយសារ​តែ​កម្ពុជា​ឆ្លងកាត់​សង្គ្រាម ជា​ពិសេស​​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក្រោយពី​ការ​រំដោះ​ពី​របប​ខ្មែរក្រហម កម្ពុជាមិន​បាន​ប្រើប្រាស់​រូបិយ​ប័ណ្ណ​ជាតិ​នោះ​ទេ ដោយ​ទី​ផ្សារ ធ្វើ​ការដោះដូរ​ទំនិញ ដោយ​ប្រើ​អង្ករ និង​មាស​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ជនបរទេស និង​ជនជាតិខ្មែរ​មួយចំនួនអាច​ចោទសួរ​ហេតុអ្វី​បាន​ជា​កម្ពុជា មិន​កាត់​បន្ថយ​រូបិយ​ប័ណ្ណ​អន្តរជាតិ តែ​លោក​ថា​«​កុំអាល សន្សឹមៗ​»​។ លោក​បន្តថាវិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​១៩៩៧ អាច​ជា​ឧទាហរណ៍​មួយ​ថា កម្ពុជាលោត​មិនទាន់​ខ្ពស់ ដូច្នេះ​ការធ្លាក់​វិញ ក៏​មិន​ទាន់​ឈឺ​ដែរ​។

គួរបញ្ជាក់​ថា ការចាយលុយ​ដុល្លារនៅកម្ពុជាពុំមាន​ការ​ហាមឃាត់​ដោយ​ច្បាប់​នោះទេ។ ប្រជាជនកម្ពុជា​​នាំគ្នា​ចាយលុយ​ដុល្លារ ដោយសារ​តែ​​មិនសូវ​មាន​ទំនុកចិត្ត​ទៅលើ​រូបិយប័ណ្ណ​លុយរៀល។ អ្នកវិភាគសេដ្ឋកិច្ច​លើក​ឡើង​ថា​ការ​ដែល​ប្រជាជន​បាត់បង់​ទំនុកចិត្ត​លើ​លុយរៀល​ ដោយ​សារ​តែ​កង្វះ​​ឯករាជ្យភាព​​រវាង​​ធនាគារ​កណ្តាល​ និង​រដ្ឋាភិបាល​កម្ពុជា។ ធនាគារ​ជាតិ​កម្ពុជាអាច​​បោះពុម្ព​លុយ​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បំពេញ​តាម​​តម្រូវការនៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ដែល​នឹង​បង្ក​ឲ្យ​មាន​​អតិ​ផរណា ហើយ​លុយរៀល​ត្រូវ​អស់តម្លៃ៕​

សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "កម្ពុជា​ខាតបង់ប្រាក់ចន្លោះពី​១ទៅ​​២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​សារ​ការ​ប្រើ​ប្រាស់​លុយដុល្លារ​"

  1. Anonymous says:

    = ​សូម សួរថា តើ លុយខ្មែរ ចាយនៅក្រៅ ប្រទេស គេយក ឬ ទេ ?

  2. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    រូបីយប័នខ្មែរសូម្បីស្ថានខ្មោចក៏មិនទទួលស្គាល់ផង!!!