Mon, 13 April 2015
តុង សុប្រាជ្ញ
ភ្នំពេញប៉ុស្តិ៍
វាហាក់ដូចជាហួសសម័យបន្តិចទៅហើយ នៅពេលដែលអ្វីៗ ត្រូវបានគេលើកយកមកទម្លាក់កំហុសដោយសារតែសង្គ្រាម ឬក៏របប ប៉ុល ពតដដែលៗនោះ។ ដូចជាឥរិយាបថរបស់ប្រជាពលរដ្ឋដែលលក់ដូរ ផឹកស៊ី និងចតកម្សាន្តនៅលើស្ពានអ្នកលឿងថ្មី (ត្សឹបាសា) ដែលទើបតែសម្ពោធកាលពីសប្តាហ៍មុននេះជាដើម គឺមិនមែនមកពីសង្គ្រាមនោះទេ គឺមកពីជំងឺអួតដាក់គ្នារឿងផឹកស៊ី កុំឲ្យតែមានកន្លែងរាងទំនងបន្តិចតាំងមានអ្នកចត មានអ្នកលក់ដូរ មានអ្នកអង្គុយដំកង់ផឹកស៊ីភ្លាមដោយមិនគិតពីសុវត្ថិភាព ឬក៏បញ្ហាដែលអាចកើតមានប៉ះពាល់សិទ្ធិអ្នកដទៃទេ។
តើការដែលយកស្ពានអ្នកលឿងថ្មី មកធ្វើជាកន្លែងលក់ដូរហូបចុក ផឹកស៊ី ដែលមិនចេះខ្មាសអៀនបែបនេះមកពីទម្លាប់របស់អ្នកទាំងនោះ ឬក៏មកពីការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរដែនដីនៅទីនោះ? ឬមួយមកពីនៅលើស្ពានអ្នកលឿងនៅចន្លោះកណ្តាល មិនមានការបែងចែកការទទួលខុសត្រូវច្បាស់លាស់រវាងស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមរក៍ ខេត្តព្រៃវែង? ឬមួយអាជ្ញាធរនៅទីនោះកំពុងតែរវល់ខិតខំរៀបចំធ្វើប្រជាភិថុត ជាមួយសម្ព័ន្ធយុវជនក្នុងអំឡុងចូលឆ្នាំនេះ បានជាមិនខ្វល់ខ្វាយរឿងភាពអនាធិបតេយ្យនៅលើស្ពានអ្នកលឿងថ្មីបែបនេះ?
មកទល់សម័យនេះហើយ ប្រជាពលរដ្ឋមិនទាន់យល់នូវអ្វីដែលខ្លួនធ្វើជាម្ចាស់នៅឡើយទេ បើទោះជាកេរមរតករបស់ដូនតា ឬ ក៏គេសាងសង់ឲ្យក៏ដោយ។ ដូចនៅតំបន់អង្គរវត្តដែលជាកេរសល់ពីដូនតាអ៊ីចឹង នៅពេលដែលឃើញខ្លួនជាម្ចាស់ប្រទេស ម្ចាស់ប្រាសាទអង្គរវត្តខ្លះកំពុងដើររើសដបទឹកសុទ្ធ និងកំប៉ុងទឹកក្រូចតាមផ្លូវ ធុងសំរាម ឬក៏រង់ចាំភ្ញៀវទេសចរ ពេលគេផឹកអស់ន្អាលនឹងរើសយកសម្បកកំប៉ុង ឬដបទឹកសុទ្ធពីគេ។
តើឯណាទៅខ្លួនជាម្ចាស់អង្គរវត្តយ៉ាងម៉េច? បើអត់ស្គាល់តម្លៃខ្លួនឯងគួរឲ្យខ្មាសអៀនភ្ញៀវបន្តិចសោះអ៊ីចឹង? ម្យ៉ាងវិញទៀត មិនបាច់មើលទៅឆ្ងាយទេ គ្រាន់តែផ្លូវរថភ្លើង ២ ខ្សែពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីភ្នំពេញទៅអូរជ្រៅ ដែលជាកេរអតីតសម្តេចឪ ក៏ថែទាំមិនគង់វង្សល្អផង មានតាំងពីដាក់គ្រាប់មីនបំផ្ទុះរថភ្លើង ដើម្បីប្លន់អ្នករកស៊ីអ្នកដំណើរ ឯអ្នកខ្លះទៀតយ៉ាងហោចណាស់ឈរនោម ឬក៏បន្ទោបង់ដាក់កំណល់ផ្លូវរថភ្លើងនោះដែរ។
ភាពកញ្ជើធ្លុះ ក្នុងការថែទាំទ្រព្យសម្បត្តិរដ្ឋបែបនេះក៏មានស្ពានជ្រោយចង្វារដែលប្រទេសជប៉ុនគេសាងសង់ឲ្យហើយ ក៏បែកក្រហេងក្រហូងមិនខ្ចីជួសជុលឲ្យល្អដែរ នេះសុទ្ធតែពួកចាក់ស្តើងស៊ីក្រាស់។ ហ្នឹងដែលហៅថាជំងឺអត់មារយាទនោះឯង ដែលមិនបង្ហាញខ្លួនជាម្ចាស់ទ្រព្យសម្បត្តិទាំងនោះសោះឡើយ។
ឥឡូវចូលដល់បញ្ហានៅលើស្ពានអ្នកលឿងថ្មីនេះ ដែលមើលទៅហាក់បីដូចជាធ្វើត្រាប់តាមអ្នកមានៗដែលគ្មានសណ្តាប់ធ្នាប់មកលេងកោះពេជ្រឈប់ឡានទាញគ្រឿងក្លែម និងធុងទឹកកកមកមានស្រាផឹកស៊ីកម្សាន្តក្រោមដើមស្វាយ យ៉ាងព្រងើយគ្មានជំពាក់នរណាមួយរៀល នៅតាមដងផ្លូវនៅក្នុងកោះពេជ្រ។
បើយើងពិចារណាឡើងវិញ តើតាំងពីដូនតាមកហើយ យើងឆ្លងតែទូក កាណូត និងសាឡាងទេ ចុះឥឡូវយើងបានស្ពានថ្មីហើយ ហេតុអ្វីបានជា មិននាំគ្នាថែទាំវា? បើមិនបានអីក៏ខ្មាសប្រជាពលរដ្ឋជប៉ុនដែលថវិកាសាងសង់ស្ពាននេះបានមកពីការបង់ពន្ធរបស់ពួកគេចំណាយជាង ១០០ លានដុល្លារ សម្រាប់ស្ពាននេះ ចុះបើពួកគេមកឃើញយើងលក់ដូរ ផឹកស៊ី បោះចោលសំរាមចូលក្នុងទឹក និងពង្រាយពាសវាលពាសកាល ហើយពួកគេដើរមកប្រមូលសំរាមទាំងនេះវិញវាជារឿងមួយគួរឲ្យខ្មាសអៀនណាស់ និងធ្វើឲ្យអាប់ឱនជាតិទៀតផង? តើកិច្ចការទាំងនេះ ទាល់តែលោកនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍បាននាំគ្នាធ្វើឬអី? ឬក៏ចាំទាល់តែត្រូវដកតំណែងចេញដូចលោកស្នងការខេត្តព្រះសីហនុ រឿងដោះស្រាយសុវត្ថិភាពមិនបាននោះ បាននាំគ្នាចែកជើងគ្នា? ឬក៏ឥរិយាបថរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរអវិជ្ជមានដែលមិនមានភាពជាម្ចាស់នេះ មកពីរាជរដ្ឋាភិបាលបានផ្តល់ទឹកដីព្រៃឈើ ដីធ្លី បឹងបួទៅឲ្យវិនិយោគទុនជនបរទេស និងឈ្មួញក្នុងស្រុកដែលជាហេតុធ្វើឲ្យពលរដ្ឋគិតថាអ្វីៗខ្លួនមិនមែនជាម្ចាស់ទៀតនោះ?
បញ្ហាលក់ដូរ ផឹកស៊ី ចោលសំរាម និងធ្វើឲ្យស្ទះចរាចរណ៍នៅលើស្ពានអ្នកលឿងថ្មី ជារឿងមួយ តែរឿងមួយទៀត គឺអំពើពុករលួយបណ្តោយឲ្យរថយន្តកុងតឺន័រដឹកលើសទម្ងន់នឹងការលក់ពោតស្ងោរមានភ្លើងក្តៅ នៅលើផ្លូវចុះពីស្ពានដែលជាបញ្ហាគ្រោះថ្នាក់ទាំងស្ពាន ទំាងគ្រោះថ្នាក់ចរាចរណ៍ តើការដោះស្រាយបញ្ហាទាំងនេះ ទាល់តែយកកម្លាំងចម្រុះពីភ្នំពេញបានដោះស្រាយបាន ដូចនៅខេត្តព្រះសីហនុឬ?
ចូលរួមផ្តល់យោបល់តាមរយៈ អ៊ីមែល soprach.tong@phnompenhpost.com

unbelievable’ people ‘ please make yourself a good moral .this is the bridge not the market place or restaurant ‘it look ugly to see theses people on the new bridge and drink ,scatter the rubbish everywhere .the authority must look after kick them out if they still do the polices must have the job to clean or kick them out or fine them .the government must draw the law quickly and fine them otherwise they never learn.GOD bless all cambodian people’
Why don’t the local authorities take legal action???
កុំព្រួយអោយសោះអស់លោក កន្លងមកថ្មីៗនេះ លោកអគ្គស្នងការបានប្តេជ្ញារួចស្រេចហេីយក្នុងការថែរក្សាសុវត្ថិភាព និងរបៀបរៀបរយ ជូន។ សង្ឃឹមថា បំរាមនៅគល់ស្ពាន និងកណ្តាលស្ពាននឹង បន្ថយនូវអំពេីខ្វះសណ្តាប់ធ្នាប់បែបនេះ។
ឬមួយក៏ សួននិងការហូបចុក សាធារណៈ ត្រូវសង់ឡេីង អាស្រ័យទៅលេីការរៀបចំរបស់ខ័ណ្ឌ និង ក្រុង និងនគររូបនិយកម្ម ។ នគរបាលនឹងពង្រឹងសណ្តាប់ធ្នាប់នេះ។
សំនៀង
It’s so naïve! Why do they do that?
ប្រជាជនខ្មែរមួយចំនួនដូចជាអត់របបពេកហើយ
ហើយក៍ចូលចិត្តអំពើថោកទាបឱ្យបរទេសរិះគន់ដែរ
នេះមកពីរដ្ឋាភិបាល ហ៊ុន សែនល្ងង់ខ្លៅនេះ មួយថ្ងៃៗ
គិតតែពីផលប្រយោជន៍របស់ខ្លួន ។