Mon, 25 May 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ត្រឹមវេលាជិត ១ នាទីនៃឈុតវីដេអូចម្រៀងបទ «ធ្វើចិត្តឲ្យសប្បាយ» ដែលសម្តែងដោយតារាស្រីល្បីទាំងអាជីពសិល្បៈចម្រៀង និងសកម្មភាពមនុស្សធម៌ការពារព្រៃឈើ កញ្ញា មាស សុខសោភា ក្នុងកាយវិការបង្ហាញនូវអារម្មណ៍ហាក់ពុំខ្វល់ខ្វាយពីអ្វីនៅជុំវិញខ្លួន បានបង្ហាញនូវរាងកាយស្ទើរអាក្រាតបិទបាំងត្រឹមឈុតហែលទឹកដូចអាវវ៉ែនតា ពណ៌ផ្កាឈូក និងខោសំពត់ខ្មៅខ្លីកំប៉ិតឡិត នៅឆ្នេរសមុទ្រកោះរ៉ុង ប្រទេសកម្ពុជា។
ក្រោយពីវីដេអូចម្រៀងជាស្នាដៃនិពន្ធថ្មីរបស់ក្រុមតន្ត្រី Camtraxmusic ដ៏ក្មេងខ្ចីរបស់នាយក្ដឹបនេះ ត្រូវបានបង្ហោះក្នុងទំព័រផ្លូវការរបស់ កញ្ញា មាស សុខសោភា ក្នុងបណ្តាញសង្គមហ្វេសប៊ុក តារាស្រីដែលមានប្រិយមិត្តចូលចិត្តជាង ១,១៣ លាននាក់រូបនេះ បានរងនូវការរិះគន់យ៉ាងចាស់ដៃថាការស្លៀកពាក់របស់នាងឆ្គងនឹងប្រពៃណី ខណៈអ្នកគាំទ្រខ្លះទៀតបែរជាសម្ដែងទស្សនៈគាំទ្ររូបនាងឆ្ពោះទៅរកភាពស៊ីវិល័យដូចសិល្បៈបស្ចិមប្រទេស។
ឈុតសម្តែងរបស់ក្រុមតន្ត្រីនាយក្តឹបក្នុងបទ «ធ្វើចិត្តឲ្យសប្បាយ» ជាវីដេអូផ្សាយសាកល្បង រយៈពេលត្រឹមជិត ១ នាទី ដែលហោះហើរពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានអ្នកនិយមបញ្ចេញទស្សនៈអភិរក្សវប្បធម៌ប្រពៃណីខ្មែរនាំគ្នាលើកឡើងថា ពាក់អាវវ៉ែនតា និងខោខ្លីបញ្ចេញភាពសិចស៊ីជ្រុលពេក មិនសមជានារីខ្មែរទាល់តែសោះ។
ក្រុមអ្នករិះគន់ទាំងនេះលើកឡើងថា៖ «នេះគ្រាន់តែជាវីដេអូខ្លីមួយ នៅក្នុងឈុតសម្តែងបទចម្រៀងប៉ុណ្ណោះ តែវាមិនទាន់បានចេញលក់ជាផ្លូវការទេ ហើយបើសិនជាចេញលក់ជាផ្លូវការមែននោះ ឈុតសម្តែងនេះមិនដឹងជា ទទួលរងនូវការរិះគន់ខ្លាំងប៉ុនណាទេ?»។
ទន្ទឹមនឹងមតិរិះគន់ធ្ងន់ៗឥតសំចៃមាត់ មតិគាំទ្រកាយវិការសម្តែងរបស់ មាស សុខសោភា បានលើកឡើងរបៀបការពារតារាស្រីក្នុងដួងចិត្តរបស់ពួកគេថា៖ «ល្មមប្តូរហើយការរិះគន់បែបនឹងនោះ អ៊ីចឹងហើយបានយើងនៅអន់ជាងគេ។ ល្មមឈប់រិះគន់ទៅសម័យ ២០១៥ ហើយ។ បង្ហាញពីអារម្មណ៍អន្ទះសា កាលណាចេញបទហ្នឹង ខ្ញុំឆាប់បានស្តាប់»។
ក្រុមអ្នកកាន់ជើងតារាចម្រៀង មាស សុខ សោភា បានសរសេរតបការពារនាងយ៉ាងដូច្នេះថា៖ «រិះគន់ជាន់ពន្លិចអ៊ីចឹង ទើបសិល្បៈខ្មែរមិនទៅមុខសោះ។ គ្រាន់តែគាត់ស្លៀកអ៊ីចឹងក៏ថាថោកពូជខ្មែរដែរ និយាយធ្វើមើល តែបងភា ស្លៀកដើរពេញក្រុងអ៊ីចឹង និយាយចេញមកអត់ចេះគិតមើល»។
ទោះយ៉ាងណា ជុំវិញភាពក្លាហានបង្ហាញរាងកាយដ៏សិចស៊ី ពាក់ប៊ីគីនី អាវវ៉ែនតា និងសំពត់ខ្លី បញ្ចេញក្នុងវីដេអូ ផ្សព្វផ្សាយបទចម្រៀងក្នុងក្រុមតន្ត្រីនាយក្តឹបនោះ កញ្ញា មាស សុខសោភា មិនអាចសុំការបកស្រាយផ្ទាល់បាននោះទេ ខណៈទូរស័ព្ទមិនអាចទាក់ទងបាន។
ប៉ុន្តែក្នុងនាមបងបង្កើត និងជាអ្នកនាំពាក្យឲ្យប្អូនស្រីគ្រប់រឿង លោក មាស សុខរតនៈ បានបកស្រាយប្រាប់ថា វីដេអូចម្រៀងដែលមានអ្នកចូលមើល ៣ ម៉ឺនដងគិតត្រឹមម្សិលមិញនោះ ថាជាឈុតឆាកសម្ដែងដើម្បីផ្សព្វផ្សាយបទចម្រៀង ថ្មីរបស់នាងតែប៉ុណ្ណោះ។
លោក មាស សុខរតនៈ បានបញ្ជាក់ថា៖ «កាយវិការនោះគ្រាន់ជាការបង្ហាញដើម្បីប្រូម៉ូដ (Promote) បទចម្រៀង (ធ្វើចិត្តឲ្យសប្បាយ) តែសម្រាប់ការសម្តែងមែនទែន មិនមែនដូចនោះទេ»។
អ្នកចាត់ការទូទៅផលិតកម្មថោនដែលធ្លាប់លើកឡើងថា ឆ្នាំ ២០១៥ ហើយ មិនមែន ២០ ឬ៣០ ឆ្នាំមុនទេនោះ លោកបានអះអាងទៀតថា៖ «យ៉ាងណា ការសម្តែង MV Full មិនសម្តែងក្នុងសម្លៀកបំពាក់អ៊ីចឹងទេ។ ក្នុងសភាពបែបសប្បាយៗតាមអត្ថន័យបទចម្រៀងដែរ តែវាខុសពីហ្នឹង អាហ្នឹងគ្រាន់តែជាឈុតផ្សព្វផ្សាយឲ្យគេស្គាល់បទចម្រៀងទេ»។
ក្រៅពីការបកស្រាយនូវឈុតឆាកសម្ដែងស្លៀកប៊ីគីនីនៅតំបន់ឆ្នេរ កោះរ៉ុង ដែលរងការរិះគន់នោះ លោក មាស សុខរតនៈ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនរបស់លោកថា៖ «ជាការពិតការអភិរក្ស ក៏ចាំបាច់ឲ្យមានការអភិវឌ្ឍដែរ។ បើគិតតែពីមើលឃើញជ្រុងនៃអភិរក្ស មិនគិតពីជ្រុងអភិវឌ្ឍន៍ តើយើងដើរទាន់ទេ? ឆ្នាំនេះ ២០១៥ ចូលឆ្នាំ ២០២០ ស្អែកខានស្អែកហើយ។ ចាំបាច់មានការអភិវឌ្ឍផងបានទៅប្រកួតប្រជែងគេបាន»។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីដ៏ល្បីនៅផលិតកម្មថោន មាស សុខសោភា ធ្លាប់បានប្រាប់ឲ្យដឹងផងដែរថា នាងបានច្រៀងសម្ដែងឲ្យតន្ត្រី Camtraxmusic ជាងមួយឆ្នាំហើយ ដោយការងារនេះត្រូវបាននាងធ្វើការអះអាងថា ក្នុងបំណងលើកស្ទួយបទចម្រៀងតែងនិពន្ធថ្មីដោយកូនខ្មែរផ្ទាល់ និងផលិតសម្រាប់ផ្សព្វផ្សាយតាមអនឡាយ នោះវាមិនប៉ះពាល់ដល់ការងារសិល្បៈនៅទ្រនំសុខសាន្ត ជាច្រើនឆ្នាំរបស់នាងនៅផលិតកម្មថោនឡើយ៕


What’s wrong with the bikini dress like the one Meas Sok Sophea was wearing? Nothing is wrong at all. What would you wear when you go to the beach?
Criticize violence or behavior of leaders and corruption would be better. Stop criticizing singers or movie stars dressing sexily. It’s just art.
She is cute
Bikini have many, but she wearing like daly underwear, so she looked a bit crazy