ក្រសួងមហាផ្ទៃ​ប្រកាស​ថា​សេចក្តីព្រាងច្បាប់​អង្គការស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញាអន្តរជាតិ​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com

ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ចន្ទនេះ​បានប្រកាស​ថាសេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែលកំពុង​រង​ការទិតៀន​ ត្រូវ​បាន​ធ្វើ​ឡើង​​ផ្អែក​លើ​មូល​ដ្ឋាន​រដ្ឋធម្មនុញ្ញកម្ពុជា​ និង​កតិកាសញ្ញា​អន្តរជាតិ​ ដោយ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សេរីភាព។​​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃស្តី​ពី​ការ​រៀបចំ​តាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គ​​​ការ​មិន​មែន​រដ្ឋាភិបាល​ ចុះ​​ថ្ងៃ​ទី​២៥​ ខែឧសភានេះ ឲ្យ​ដឹងថា​ក្នុង​រយៈ​ពេល​ថ្មីៗកន្លងមកនេះ ប្រព័ន្ធផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ និង​មជ្ឈដ្ឋាន​មួយចំនួន​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍ និង​មាន​កង្វល់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការតម្រូវ​ឲ្យ​មាន​ច្បាប់​ស្តី​ពី​សមគម និង​អង្គការមិន​មែន​រដ្ឋាភិបាល។ សេចក្តីប្រកាស​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ពី​សារសំខាន់​នៃ​ការ​ចូល​​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​របស់​​​​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គមកម្ពុជា​លើ​គ្រប់​វិស័យ។ ក្រសួង​មហាផ្ទៃ​បញ្ជាក់​​ថាច្បាប់នេះ នឹង​លើក​ស្ទួយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​​​រដ្ឋា​ភិបាល​ ក្នុង​ក្រប​ខណ្ឌនីតិរដ្ឋ ព្រមទាំង​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃ​គូជាមួយ​​សង្គមស៊ីវិល​លើ​គ្រប់​វិស័យ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ។

បើតាម​សេចក្តីប្រកាស ក្នុង​ដំណាក់​ការ​រៀប​ចំ​សេចក្តីព្រាង​ច្បាប់នេះ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ការ​​​សិក្សា​ស្រាវ​ជ្រាវ​នូវ​បទពិសោធន៍​ និង​ការ​អនុវត្ត​ជា​អន្តរជាតិ​អំពី​ក្របខ័ណ្ឌ​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត និង​ការ​ចុះ​បញ្ជី​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល។ សេចក្តីប្រកាស​បន្ត​ថា​តាមរយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​​បង្ហាញ​ថា​ការ​បង្កើត​សមាគម ឬ​អង្គការ​មិន​មែន​រ្ឋាភិបាល គឺ​ជា​សិទ្ធ​ពលរដ្ឋ ប៉ុន្តែក៏​មាន​ភ្ជាប់​​ជាមួយ​កាតព្វកិច្ច​មួយ​ចំនួន​ក្នុង​ការអនុវត្ត​សិទ្ធិនៃ​ផងដែរ។ សេចក្តីប្រកាសបន្ថែម​ថា​«ទន្ទឹម​នេះ ការ​រៀប​ចំ​សេចក្តីព្រាង​ច្បាប់នេះ ក៏​ត្រូវ​បាន​រៀបចំ​ដោយ​ផ្នែក និង​គិត​គូរ​គ្រប់​ជ្រុង​ជ្រោយ​លើ​មូល​ដ្ឋាន​នៃ​ធាតុ​ចូល ដែ​ល​ទទួល​បាន​ពី​​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ចំនួន​លើក​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ និង​ពី​​មតិយោល់​នានា​​ដែល​ទទួល​បាន​ពីជំនួប​ពិភាក្សា​​ដោយ​ឡែក​ៗ​ពីគ្នាជាច្រើន លើក​ច្រើន​សា​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ជាមួយ​តំណាង​ស្ថាន​ទូត និង​តំណាង​អង្គការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ»។​

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​«សេចក្តីព្រាង​ច្បាប់​បាន​ផ្អែក​លើ​បទពិសោធន៍ និង​ការ​អនុវត្ត​ដូច​បណ្តា​ប្រទេស​នានា​លើ​សកលលោក។ ទន្ទឹម​នេះ សេចក្តីព្រាង​ច្បាប់​នេះក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​លើ​មូល​ដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ និង​លើ​មូល​ដ្ឋាន​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោបាយ។ ដូច្នេះ​ការ​ព្រួយ​បារម្ភ​ពីសំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​​ប្រជា​ពលរដ្ឋ​ គឺមិន​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹម​សារ​ពិត​ប្រាកដ​នៃ​សេចក្តីព្រាង​ច្បាប់នេះ​ទេ»

ការ​បកស្រាយរបស់ក្រសួ​ង​មហាផ្ទៃ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការសង្គមស៊ីវិលរាប់​រយ​​បានស្នើឲ្យ​ផ្តល់​សេចក្តីព្រាង​​ច្បាប់​ជា​ផ្លូវ​ការ​ដល់​សាធារណជន និង​ទាម​ទារ​ឲ្យ​បើ​ក​ទូលាយ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគីពាក់​​ព័ន្ធ​ផ្សេង​ៗ។ ពាក់ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់នេះ រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង បាន​កោះ​ហៅ​តំណាង​​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ចំនួន៤ដែល​រិះគន់​​សេចក្តីព្រាង​ច្បាប់​នេះ មក​សាកសួរ។  ​ ​ ទីភ្នាក់ងារ​ទាំង៤នោះរួមមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ (UNICEF) អង្គការសហប្រជាជាតិ ដើម្បីស្ត្រី (UN Women) និងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

មិន​តែ​ប៉ុណ្ណោះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ដាក់កំណត់​ទូតមួយ​ទៅស្ថាន​ទូតអាមេរិក​ប្រចាំកម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​រិះគន់​របស់​ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd)លើ​សេចក្តីព្រាងច្បាប់។ កំណត់​ទូត​បាន​ក្រើនរំឭក​លោក វាលៀម ថដ ​ពី​ការជ្រៀតជ្រែកកិច្ចការកម្ពុជា​ ពាក់ព័ន្ធនឹង​ករណី​លោក​​រិះគន់​សេចក្តីព្រាង​ច្បាប់​គ្រប់​គ្រង​​អង្គការក្រៅរដ្ឋាភិបាល​ និង​សមាគម ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តីព្រាង​។​  

​បើ​តាមសេចក្តី​ថ្លែង​ការណ៍​​របស់​សង្គមស៊ីវិលកាលពីកន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​អង្គការ​សង្គ​មស៊ីវិល​បាន​ធ្វើ​ការ​ភាព​ជា​ដៃ​គូ​ជាមួយ​រដ្ឋាភិបាល​ជាង​៣០ឆ្នាំ​មកហើយ​ ក្នុង​ការ​ស្តារ​ ការផ្សះផ្សារ​ជាតិ ការ​កសាង​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​ព្រមទាំងការអភិវឌ្ឍលើ​វិស័យ​ផ្សេងៗទៀត។ បើ​តាម​សេចក្តីថ្លែង​ការណ៍​ ក្នុ​ង​ឆ្នាំ​២០១២ អង្គការ​សង្គមស៊ីវិល​ប្រមាណ​១១៣០​បាន​ចូលរួម​ចំណែក​ថវិកា​ចន្លោះ​ពី​៦០០ទៅ​៧០០​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

កន្លងទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​​ច្បាប់ស្តីពីការគ្រប់គ្រង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​​នឹង​ត្រូវ​ឆ្លងគណៈ​រដ្ឋមន្រ្តី ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ខាងមុខនេះ​ ដោយ​លោកអំពាវ​នាវ​ឲ្យ​​មាន​ការ​ផ្តល់​​យោបល់ជាជាង​ការរារាំង​​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់នេះ​។​ លោក​បន្ត​​​ថា​ការ​បង្កើតច្បាប់នេះ​ គឺ​ដើ​ម្បីការ​គ្រប់គ្រង​មួយ មិន​មែនដើម្បី​​រារាំង​សកម្មភាពរបស់អង្គការ​ក្រៅរដ្ឋាភិបាលនោះ​ទេ​។​

លោកនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​«អង្គការក្រៅរដ្ឋាភិបាល​កុំជ្រួលជ្រើមពេក ល្មមៗបានហើយ អស់​លោក​មិន​ទាន់មានសិទ្ធិអនុម័តនោះទេ។ លោកចង់និយាយ​ក៏និយាយទៅចុះ ក៏ប៉ុន្តែ​សិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភា គឺអនុម័តហើយ…ប្រហែលចាប់ពីខែ៥(ឧសភា​)ហ្នឹងទៅ គឺប្រជុំដាក់ចូល​គណៈរដ្ឋមន្រ្តីហើយចង់នរណាគាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភាដែលមានសិទ្ធិអនុម័ត​៥០បូក​១​គឺគ្រប់គ្រាន់​ដើម្បីនឹង​​អនុម័ត​។ យល់ល្អផ្តល់មតិវិញ ជៀសវាងទប់ស្កាត់មិនឲ្យចេញ»

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃស្តីពី​លទ្ធផល​ការងារឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​​បច្ចុប្បន្ននេះ​ សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលដែល​បាន​ចុះបញ្ជីនៅ​ក្រសួង មាន​ចំនួន​សរុប៤៣៧៨(​សមាគម១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល២៦៧២)​។ ​របាយការណ៍​បន្តថានៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃបាន​ចុះបញ្ជី​សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៣៦២)៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

One Response to "ក្រសួងមហាផ្ទៃ​ប្រកាស​ថា​សេចក្តីព្រាងច្បាប់​អង្គការស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញាអន្តរជាតិ​​"

  1. ✫☼✫ says:

    មន្រ្តីគណបក្សប្រជាជនបង្កើតច្បាប់នេះ ដើម្បីបំបាត់សម្លេងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
    ឯអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ អាចទំនើងជេរប្រមាថប្រើពាក្យអសុរោះទៅលើ
    ពួកអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនិងគណបក្សដទៃទៀតបានតាមចិត្ត គ្មានទោសពៃអីទេ ។