ដោយ ថា កិត្យា
2015-07-21
RFA

ពលរដ្ឋ និងទាហានវៀតណាម ឈរនៅតំបន់ទួលតាព្រាប និងលើវាលស្រែដែលពលរដ្ឋកម្ពុជា អះអាងថា ជាអតីតទឹកដីខ្មែរ នាភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ RFA/Tha Kitya
ពលរដ្ឋខ្មែរបដិសេធមិនព្រមគាស់ឆ្អឹងសពដូនតារបស់ពួកគាត់ ចេញពីតំបន់ទួលតាព្រាប អតីតទឹកដីខ្មែរ ដែលបច្ចុប្បន្នគ្រប់គ្រងដោយវៀតណាម និងកំពុងធ្វើផ្លូវនៅក្បែរនោះទេ។ ការអះអាងបែបនេះ បន្ទាប់ពីអាជ្ញាធរវៀតណាម បានទាមទារឲ្យពួកគាត់គាស់ឆ្អឹងដូនតាចេញទៅដាក់នៅវត្ត ដោយជួយឧបត្ថម្ភជាលុយខ្លះ។
ទាក់ទងបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលដឹកនាំក្រុមប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ទៅទស្សនកិច្ចព្រំដែនមានជម្លោះនៅស្រុកកំពង់រោទិ៍ កាលពីថ្ងៃទី១៩ ខែកក្កដា ក៏មិនបានទៅដល់តំបន់ផ្នូរបុរាណរបស់ខ្មែរ និងកន្លែងវៀតណាម កំពុងធ្វើផ្លូវក្បែរព្រំដែនតាមក្តីប្រាថ្នាដែរ ដោយសារវៀតណាម មិនអនុញ្ញាត។
ទួលតាព្រាប ដែលជាកន្លែងបញ្ចុះសាកសពបុព្វបុរសខ្មែរតាំងពីសម័យបុរាណមក ស្ថិតនៅភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងទឹកដីរបស់ប្រទេសវៀតណាម។ ពលរដ្ឋដែលរស់នៅក្បែរព្រំដែនទាំងនោះ ប្រកែកដាច់អហង្ការ មិនព្រមគាស់ឆ្អឹងដូនតារបស់ពួកគាត់ចេញពីទួលតាព្រាប តាមបង្គាប់របស់អាជ្ញាធរវៀតណាម នោះទេ។ ពួកគាត់អះអាងថា ដីទីនោះ គឺជាដីកេរដូនតាខ្មែរជាច្រើនជំនាន់មកហើយ មិនមែនជាដីរបស់វៀតណាម នោះទេ។
អ្នកស្រី សឿង ភារម្យ ដែលមានសាច់ញាតិកប់នៅទួលតាព្រាប នោះអះអាងថា វៀតណាម បានឈ្លានពានចូលដីខ្មែរជាបន្តបន្ទាប់ ជាពិសេសនៅឆ្នាំ២០១៥ នេះ វៀតណាម បានបង្ខំឲ្យពួកគាត់យោងផ្នូរខ្មោចចេញពីទួលតាព្រាប នោះ ទៅដាក់វត្ត ដើម្បីឲ្យវៀតណាម ធ្វើផ្លូវ៖ «ទោះឲ្យលុយកាក់ច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏ពួកខ្ញុំមិនទៅយោងផ្នូរចេញមកដែរ ព្រោះដូនតាខ្ញុំស្លាប់នៅលើដីពួកគាត់ កប់នៅលើដីរបស់គាត់ ភូមិស្រុករបស់គាត់។ មូលហេតុដែលពួកខ្ញុំមិនចេញនោះ ដោយសារខ្លាចបាត់បង់ទឹកដី និងខ្លាចត្រូវបណ្ដាសាដូនតា»។
អ្នកស្រីថា ជារៀងរាល់ឆ្នាំ សាច់ញាតិនៃសាកសពទាំងនោះតែងតែទៅបង្សុកូលមិនដែលដាច់ឡើយ ប៉ុន្តែចាប់ពីពេលនេះតទៅ វៀតណាម មិនអនុញ្ញាតឲ្យចូលទៅបង្សុកូលទៀតឡើយ ក្រោយពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃទៅពិនិត្យបង្គោលព្រំដែនមិនប្រក្រតីនៅតំបន់នោះ។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ឡុង វិសាលោ ក៏បានស្នើភាគីវៀតណាម អនុញ្ញាតឲ្យពលរដ្ឋខ្មែរបានចូលទៅធ្វើបុណ្យឧទ្ទិសកុសលដល់ដូនតាពួកគាត់ផង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ផ្នូរខ្មោចនេះមិនអាចគាស់ចេញបានទេ ព្រោះវាគឺជាភស្តុតាងប្រវត្តិសាស្ត្រមួយសម្រាប់ប្ដឹងទៅអង្គការសហប្រជាជាតិ៖ «ផ្នូរដូនតាយើងតាំងពីណាពីណីមកនៅលើទួលតាព្រាប ដូច្នេះទាំងនេះគឺជាភស្តុតាងដ៏សំខាន់មួយ ហើយបើរើគាស់ចេញទៅ តើបានអ្វីទៀតធ្វើជាភស្តុតាង? ឲ្យលុយយ៉ាងណាក៏ដោយ ក៏មិនអាចកាត់ថ្លៃទឹកដីខ្មែរយើងបានដែរ»។
អ្នកភូមិនៅជាប់ព្រំដែននោះរៀបរាប់ថា ទួលតាព្រាប គឺជាដីរបស់តាព្រាប។ លុះក្រោយមក តាព្រាប បានស្លាប់ទៅ កូនចៅរបស់គាត់បានបញ្ចុះសាកសពនៅលើទួលនោះ។ ក្រោយៗមកទៀត ក៏មានប្រជាពលរដ្ឋខ្មែរ ៤៣គ្រួសារផ្សេងទៀត បានបញ្ចុះសពនៅលើទួលនោះដែរ។
ដោយឡែក អ្នកស្រី សឿង ហ៊ុំ និយាយថា លើសពីនេះ ទឹកបឹង និងដីស្រែដែលអ្នកស្រីធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មកនោះ ឥឡូវវៀតណាម ក៏មកដណ្ដើមយកដីស្រែ និងទឹកបឹងពាក់កណ្ដាលម្នាក់ថែមទៀត។ អ្នកស្រីទទូចឲ្យរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត ដើម្បីឲ្យពួកគាត់បានទទួលទីកប់សពដូនតាមកវិញ៖ «ហ្នឹងហើយគេថាដីរបស់គេដែរ។ គេទើបតែនិយាយថ្មីៗហ្នឹង។ គាត់ចង្អុលទៅ ហើយនិយាយថា នោះឥឡូវឃើញដែរ ទាហានគេកំពុងឈរនៅលើដីរបស់ខ្ញុំ»។
ទាក់ទិនបញ្ហានេះ អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី មានប្រសាសន៍ថា អ្នកស្រីមិនដែលឮព័ត៌មានរឿងវៀតណាម ឲ្យពលរដ្ឋខ្មែរគាស់ផ្នូរដូនតាចេញនោះទេ។ អ្នកស្រីបន្តថា មួយខែចុងក្រោយនេះមានព័ត៌មានថ្មីៗប្លែកៗ បានកើតចេញពីតំបន់បង្គោលលេខ២០៣ ជាបន្តបន្ទាប់ ដោយអ្នកស្រីដាក់ការសង្ស័យថា អាចមានអ្នកនៅពីក្រោយខ្នង៖ «ពលរដ្ឋមានច្រើនប្រភេទណាស់ ពួកគាត់នោះមិនដឹងជាពលរដ្ឋញុះញង់ ឬមិនដឹងថាជាពលរដ្ឋយ៉ាងម៉េច ព្រោះពលរដ្ឋធម្មតានៅទីនោះ គាត់ស្ងប់ស្ងាត់យូរហើយ»។
តាមប្រភពពីមន្ត្រីប៉ូលិសសុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា កន្លងមកកងកម្លាំងវៀតណាម ប្រចាំការនៅប៉ុស្តិ៍៨៧៣ តែងតែប្រាប់អាជ្ញាធរកម្ពុជា ឲ្យណែនាំទៅប្រជាពលរដ្ឋយកសពចេញពីដីដែលវៀតណាម កំពុងគ្រប់គ្រង ហើយវៀតណាម ហ៊ានផ្តល់សំណងឲ្យខ្លះទៀតផង ប៉ុន្តែពលរដ្ឋខ្មែរបដិសេធរហូត។
កាលពីថ្ងៃទី១៩ ខែកក្កដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ ២ពាន់អង្គ និងនាក់ ទៅទស្សនកិច្ចព្រំដែនដែលធ្លាប់មានការប៉ះប្រយុទ្ធគ្នាជាមួយវៀតណាម ជាលើកទីពីរ ក្នុងគោលបំណងទៅឲ្យដល់កន្លែងផ្នូរសពដូនតាខ្មែរ ផ្លូវវៀតណាម កំពុងធ្វើ និងបង្គោលព្រំដែនលេខ២០៣ ប៉ុន្តែអាជ្ញាធរយល់ព្រមឲ្យតែ ១០០នាក់ប៉ុណ្ណោះបានចូលដល់បង្គោល២០៣ ដោយឡែកទីតាំងផ្នូរខ្មែរ និងផ្លូវវៀតណាម កំពុងធ្វើនោះ វៀតណាម ហាមដាច់ខាត។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រកឃើញថា បង្គោលព្រំដែនលេខ២០៣ មានភាពមិនប្រក្រតីជាច្រើន ដូចជាវៀតណាម នៅតែបន្តធ្វើស្រែនៅលើដីខ្មែរដដែល បើទោះបីជាប្រទេសទាំងពីរបានបោះបង្គោលព្រំដែនតាំងពីឆ្នាំ២០០៩ ហើយក្តី។ ករណីនេះ លោកបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កោះហៅឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅភ្នំពេញ ដើម្បីធ្វើការស្ដីបន្ទោសរឿងវៀតណាម ចូលវាយខ្មែរក្នុងទឹកដីខ្មែរ និងបំភ្លឺអំពីបញ្ហាគ្រប់គ្រងដីខ្មែរនៅទីនោះ៖ «ត្រូវហៅមកសួរឲ្យច្បាស់រឿងវៀតណាម នៅតែធ្វើស្រែនៅលើទឹកដីខ្មែរ និងហេតុអីបានជាគ្រឿងចក្រសន្យាថាឈប់ហើយ បែរជាមិនដកទៅវិញ ព្រោះទាំងនេះគឺជាបញ្ហា។ ម្យ៉ាងវិញទៀត មិនត្រូវកំណត់បង្គោលរណបព្រំដែនតាមផ្លូវដែលវៀតណាម កំពុងធ្វើនៅនោះទេ គឺត្រូវកំណត់តាមផែនទីរបស់អង្គការសហប្រជាជាតិ»។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកស្រី កុយ ពិសី បញ្ជាក់ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម មិនទាន់បានកំណត់ខណ្ឌសីមា ឬបង្គោលបំពេញបន្ថែមនៅឡើយ មានន័យថា ភាគីទាំងពីរអាចបន្តគ្រប់គ្រងដីនៅតំបន់នោះបាន ដោយយោងតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥។ ម្យ៉ាងវិញទៀត ទោះបីជាវៀតណាម ឲ្យពលរដ្ឋខ្មែរគាស់ផ្នូរខ្មោចចេញ ក៏គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនមិនអនុញ្ញាតដែរ៖ «បច្ចុប្បន្ននៅតាមបណ្តោយព្រំដែន គឺយើងមានសេចក្តីប្រកាសព័ត៌មានរួម ១៧ មករា ឆ្នាំ១៩៩៥។ ដូច្នេះ ប្រសិនបើផ្នូរខ្មោចខ្មែរនៅទីណា គឺត្រូវតែទុកនៅទីនោះ ពោលគឺអត់មានវៀតណាម ណាហ៊ានមកឲ្យខ្មែរយកចេញទេ ព្រោះយើងគោរពតាមសេចក្តីប្រកាសព័ត៌មានរួមនោះរហូតមកដល់បច្ចុប្បន្ន។ អ៊ីចឹងហើយបានជាវៀតណាម នៅតែធ្វើស្រែនៅលើដីនោះដដែល ប៉ុន្តែអនាគតនៅពេលយើងកំណត់ខណ្ឌសីមាហើយនោះ ដីទាំងនោះ គឺមកខាងកម្ពុជា វិញ។ សេចក្តីប្រកាសនោះមានន័យថា ឲ្យរក្សាស្ថានភាពដដែល គឺអ្នកណានៅទីណានៅទីនោះសិន»។
ក្នុងដំណើរទស្សនកិច្ចព្រំដែនទាំងមេឃភ្លៀងរលឹមនោះ ក៏មានការប្រឈមមុខដាក់គ្នា និងប៉ះទង្គិចពាក្យសម្ដីរវាងជនស្លៀកពាក់ជាស៊ីវិលដែលគេស្គាល់ថាជាទាហាន មានគ្នាប្រហែល ១០០នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ ដើម្បីត្រៀមសម្រាប់រារាំងពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញជាង ២ពាន់នាក់ មិនឲ្យទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ នោះ។ ក្រៅពីនេះ ក៏មានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានដាក់ពង្រាយតាមវាលស្រែ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ ការយកកម្លាំងពលរដ្ឋមួយក្រុមប្រដាប់ដោយដំបងមករារាំងការចុះពិនិត្យព្រំដែននោះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហៅថាជាល្បិចយកបន្លាជោះបន្លា ឬជាល្បិចក្ដិចសង្អារប្រជល់សង្អាររបស់អាជ្ញាធរនៅតំបន់ព្រំដែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេធាវីជនជាប់ចោទជាសកម្មជនបក្សប្រឆាំង១០នាក់ធ្វើពហិការមិនចូលរួមសវនាការ
- លោក សម រង្ស៊ី ត្រៀមបង្ហាញឯកសារជម្លោះព្រំដែនវៀតណាមជូនរដ្ឋាភិបាល
- តំណាងរាស្ត្របក្សទាំងពីរនៅខេត្តបាត់ដំបងជំរុញឲ្យអាជ្ញាធរមូលដ្ឋានរក្សាវប្បធម៌សន្ទនា
- តុលាការភ្នំពេញបន្តនីតិវិធីសួរដេញដោលសំណុំរឿងហិង្សាក្បែរស្ពាននាគ
- ទូរទស្សន៍ព្រះអាទិត្យទទួលបានវិភាគទានជាង៣១ម៉ឺនដុល្លារគិតត្រឹមថ្ងៃទី១៩កក្កដា
- ពលរដ្ឋ១០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលពិនិត្យបង្គោលព្រំដែននៅស្វាយរៀង
- រដ្ឋាភិបាលថាមិនទាន់ទទួលបានការឆ្លើយតបពីអង្គការសហប្រជាជាតិរឿងខ្ចីផែនទី
- មន្ត្រីតុលាការខេត្តកំពង់ចាមចោទមេបក្សប្រឆាំងជ្រៀតជ្រែកកិច្ចការតុលាការ
- “លោក សម រង្ស៊ី ឲ្យតម្លៃផែនទីទិញតាមផ្សារថ្លៃជាងផែនទីរដ្ឋាភិបាលប្រើ”

អាឆ្កួតណាតែងតាំងគណៈកម្មាធិកាព្រំដែន សុទ្ធតាមនឹស្សចោលម្សៀតអង់ហ្នឹង! វាជ្រុលពេកហើយ ចេះពោលពាក្យថា ៉មិនដែលឮចេញរួចដែរ៉ បើមិនដែលឮ ម៉េចក៏មិនទៅសិក្សាអោយដល់កន្លែង? អាពួកនេះធ្វើការយកតាប្រាក់ខែមកចាយ អាអត់បាយក៏អត់ទៅ អាណាបាត់ដីក៏បាត់ទៅ! ចេះហាមាត់និយាយទៅររួចដែរ! អាលាយហើយស្រុកខ្មែរបើមានមន្ត្រីថ្នាក់ហ្នឹង!!!
ហេតុអី បានជាខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារអ្វី ? ដើម្បីអ្វី ?
ពួកក្បត់ជាតិ ខ្លួនអែង ត្រូវធ្លាក់ នរក ងើបមុខ មិនរួច ជាប្រវត្តិសាស្ត្រ !
We have 10 million; they have 100 million.
Give it them. They give us Power and Pretty Lady too.
It’s still wide. If not wide ; Kill some like Pol Pot.
Has!!!!!!! Kill ourselves !!!!!! Has
I fell so sorry for our Cambodian people after I heard their expression. after all our poor nation can’t depending on their own leader . the leader that still in question about election in 2013 to be their representative this nation. most people they couldn’t believe that CPP of HUN SEN win that election. 2013 was the year that Cambodian very much wanted to change the leader that have been form by those Viet nation. majority of Cambodian knew that this current leader was the puppet of the Viet government. they can tell they can see from the action of this leader. HUN SEN have been seeing from the world community that he is a crime again humanity . in secret we Cambodian are not sour how many life that this gangsters took . I have no confident to HUN SEN the act knowledge man can taking care this nation. the reason that I’m felling bad about our nation is?? all the worse genocide of human kind in the world history. even after those sadness for many years our people still facing uncertainty future. I knew our nation have to change the leader that not honest to his nation . I still having confident that one day our people will see the bright light the real democracy that our people very much wanted.>>>>>>>> peace to all Cambodian who love their own nation