ដោយ៖ ឡាយ សាមាន | ថ្ងៃពុធ ទី22 កក្កដា 2015, 04:58 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
បណ្តាញសហគមន៍ការពារព្រៃឡង់ បានសាទរចំពោះការប្តេជ្ញាចិត្តរបស់ឧកញ៉ា ទ្រី ភាព ដែលថាលោកនឹងបញ្ចប់ការធ្វើអាជីវកម្មព្រៃឈើនៅកម្ពុជា ដោយសកម្មជនបរិស្ថានលើកឡើងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមុនពេលព្រៃឈើត្រូវបំផ្លាញទាំងស្រុង។
ឧកញ៉ា ទ្រី ភាព ត្រូវបានក្រុមអ្នកការពារបរិស្ថានហៅថា ជាឈ្មួញរកស៊ីឈើដ៏ធំមួយនៅកម្ពុជា។ ពួកគេអះអាងថា ព្រៃឡង់ដែលជាព្រៃសំខាន់នៅអាស៊ី អាចនឹងបាត់រូបរាងពីផែនដី បើក្រុមហ៊ុននេះនៅតែធ្វើអាជីវកម្មនាំឈើចេញទៅលក់នៅវៀតណាម និងចិនទៀតនោះ។
សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍ព្រៃឡង់នៅថ្ងៃនេះ លើកឡើងថា ការម្រេចចិត្តរបស់លោក ទ្រី ភាព ជាគំរូដ៏ល្អសម្រាប់អ្នកធ្វើអាជីវកម្មឈើ និងអ្នកកាប់បំផ្លាញព្រៃឈើដ៏ទៃទៀតផងដែរ។ យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍នេះ បណ្តាញសហមន៍ ព្រៃឡង់ អំពាវនាវដល់លោក ទ្រី ភាព ឲ្យចេញលិខិតជាផ្លូវការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការកាប់ព្រៃឈើ និងធ្វើអាជីវកម្មព្រៃឈើជាសាធារណៈ និងបង់ ភាគលាភដែលបានមកពីការធ្វើអាជីវកម្មព្រៃឈើ ដើម្បីជួយអ្នកការពារបរិស្ថាន និងស្តារព្រៃឈើឡើងវិញ។
ស្របពេលនោះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលិខិតស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាទ្រីភាព ក្នុងខេត្តរតនគិរី ។លោកអះអាងថា លោកបានទទួលព័ត៌មានថា តំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាទ្រីភាព មិនមានរោងចក្រនោះទេ គឺមានតែគំនរឈើច្រើនកុងត័រនឺសម្រាប់នាំចេញទៅកាន់វៀតណាម។
ទាក់ទងនឹងបញ្ហាព្រៃឈើនេះ សមាគមអាដហុក អះអាងថា ប្រទេសកម្ពុជាមានការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ទោះបីជារដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងថា នឹងបញ្ឈប់រាល់បទល្មើសនៃកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ ប្រធានសមាគមអាដហុក លោក ធន់ សារាយ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០០មក កម្ពុជាបានបាត់បង់ផ្ទៃដីព្រៃឈើចំនួន ១៤,៧២៦ គីឡូម៉ែត្រក្រឡា។ លោកបញ្ជាក់ថា ដំបូងឡើយ ព្រៃឈើបានថយចុះពី ៧២,១១% មកនៅ៤៧,៧% ប៉ុន្តែចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤ ព្រៃឈើដែលក្រាស់នោះបានថយចុះ ៤២% មកនៅត្រឹម១៦%។
ចំណែកសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ បញ្ជាក់ថារយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រៃឈើនៅកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់តែអ្នកមានអំណាច និងឈ្មួញក្រោមរូបភាពដីសម្បទាន ដោយបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រជាសហគមន៍ និងបរិសា្ថន។
របាយការណ៍របស់ Global Witness ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចោទថា លោកទ្រី ភាពនិងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍ថាក្រុមហ៊ុនទ្រីភាពក៏កំពុងប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួន ដើម្បីឈូសឆាយឈើលើសពីព្រំដែនកំណត់ កាប់ឈើមានតម្លៃ និងឈើដែលត្រូវបានការពារពីតំបន់ជុំវិញ។ របាយការណ៍បញ្ជាក់ដែរថា លោក ទ្រី ភាព ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន២៩៥៨៩ហិកតា។
ប៉ុន្តែនៅពិធីមួយខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ឧកញ៉ា ទ្រី ភាព បានអះអាង បើលោកកាប់ឈើខុសច្បាប់មែន លោកមិនអាចបន្តអាជីវកម្មបានមកដល់ពេលនេះទេ៕
សូមសររសេរមកលោក ឡាយ សាមាន តាមរយៈ sopheap@vodhotnews.com

អគុមណាស់លោក ទ្រី ភាព អគុណលោកជាពន់ពេក ប្រជាជនខ្មែរទូរទាំងប្រទេសនឹងដឹងគុណជានិច្ច