Thu, 23 July 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្រោយពីប្រកាសដាក់ពាក្យបណ្ដឹងវែកមុខជនខិលខូចដែលតារាចម្រៀងសម្បូរក្បាច់រាំកញ្ញា ទេព បូព្រឹក្ស អះអាងថា បានកាត់តរូបនាងទៅជានារីអាក្រាតកាយល្វែងលើក្នុងកាយវិការបែបស្រើបស្រាលនោះ ក៏ស្រាប់តែមានដំណឹងទៀតថា តារាស្រីធ្មេញច្រពើសរូបនេះបានប្ដឹងទារសំណងជាទឹកប្រាក់ ៥ ម៉ឺនដុល្លារ។
ផ្ទុយទៅវិញ ឪពុករបស់នាងបានបដិសេធទាំងស្រុង ដោយលើកហេតុផលថា ពាក្យបណ្ដឹងគឺធ្វើឡើងដើម្បីដាក់ទោសជនខិលខូច និងស្ដារកិត្តិយសឲ្យកូនស្រីតែប៉ុណ្ណោះ។
រូបភាពស្រាតបង្ហាញល្វែងលើរបស់នារីមានមុខមាត់ដូចកញ្ញា ទេព បូព្រឹក្ស ដែលជនអនាមិកយកទៅបង្ហោះកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះបានកើតឡើងមិនយូរប៉ុន្មានក្រោយពេលនាងទើបតែវិលត្រឡប់មកពីព្យាបាលជំងឺពោះវៀនដុះខ្នែងនៅប្រទេសថៃ។ ការប្រឈមនឹងរឿងអាស្រូវធ្លាយរូបថតស្រាតចេញសុដន់ដូច្នេះ ហាក់បីដូចជាការជាន់ឈ្លីផ្លូវចិត្តបន្ថែមពីលើជំងឺផ្លូវកាយរបស់កញ្ញា ទេព បូព្រឹក មួយកម្រិតថែមទៀត។
ក្រៅពីការខឹងសម្បា និងឆោឡោស្វែងរកភាពស្អាតស្អំមកវិញនោះ តារាស្រីផលិតកម្មហង្សមាសបានថ្លែងក្នុងសម្ដីខ្សាវៗដោយសារនាងមិនហ៊ានប្រឹងនិយាយខ្លាំងខ្លាចឈឺរបួសវះពោះវៀនដុះខ្នែង។ នាងបានសម្ដែងក្ដីបារម្ភថា៖ «អ្នកគេឃើញរូបនោះ គេនាំគ្នាថា ជារូបខ្ញុំពិត គេមិនបានគិតថាជារូបគេកាត់តទេបង!»។
នាងបានអះអាងផ្តាំផ្ញើទៅអ្នកគាំទ្រយ៉ាងទទូចថា៖ «នោះមិនមែនជារូបពិតរបស់ខ្ញុំទេ ជារូបភាពកាត់ត ដើម្បីបង្ខូចកិត្តិយសខ្ញុំ»។
កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងឪពុកជាមន្ត្រីរាជការធ្វើការនៅក្រសួងកិច្ចការនារី ក៏បានអំពាវនាវសុំដល់ស្ថាប័នផ្សព្វផ្សាយសុំឲ្យជួយលុបរូបអាក្រាតនោះចេញ និងបានប្រកាសបើកចំហថា នឹងប្តឹងមិនលើកលែងទេ ដើម្បីវែកមុខជនខិលខូចនោះមកឲ្យច្បាប់ចាត់ការឲ្យបាន ដោយមិនទាមទារសំណងជំងឺចិត្តជាចំនួនទឹកប្រាក់ទេ។
ប៉ុន្តែផ្ទុយពីជំហរនេះ ស្រាប់តែធ្លាយព័ត៌មានថា ពេលនេះ ឪពុក តារាចម្រៀង ទេព បូព្រឹក្ស ប្តឹងទាមទារជំងឺនូវទឹកប្រាក់ ៥ ម៉ឺនដុល្លារ ជាការសងជំងឺចិត្តចំពោះរូបភាពអាក្រាតល្វែងលើដ៏អាម៉ាស់របស់កូនស្រីជាតារាល្បីម្នាក់ដែរ។
តបនូវព័ត៌មានដ៏ភ្ញាក់ផ្អើលនេះ លោកបានថ្លែងទាំងតឹងសរសៃ កប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំប្តឹងទាមទារចំនួនទឹកប្រាក់ ៥ ម៉ឺនដុល្លារនោះ មិនមែនជារឿងពិតទេ គេប្រឌិតបង្ខូចខ្ញុំទៀតហើយ»។
លោកអះអាងបន្តថា៖ «រឿងប្តឹងគឺខ្ញុំបានដាក់ពាក្យប្តឹងអស់ហើយ ហើយប៉ូលិសក៏កំពុងធ្វើការស្រាវជ្រាវលើរឿងនេះហើយ តែក្នុងពាក្យខ្ញុំមិនបានប្តឹងទាមទារអ្វីទាំងអស់ក្រៅពីស្នើឲ្យច្បាប់រកយុត្តិធម៌ឲ្យកូនស្រី ក៏ដូចជាស្តារកិត្តិ-យសគ្រួសារខ្ញុំឡើងវិញ។ វាមិនមែនជារឿងល្អទេ នៅសុខៗធ្លាយរូបស្រាតអ៊ីចឹង យើងជាកូនស្រី»។
ជុំវិញការទារសំណង ទាំងមិនកំណត់អត្តសញ្ញាណជនខិលខូចឃើញនោះ លោកបញ្ជាក់ថា៖ «បើអាងអីប្តឹងទាររកសំណងៗនោះក៏វាមិនល្អទេ។ អ៊ីចឹងអ្នកមានលុយ គេអាងលុយ គេចង់ធ្វើអ្វីក៏បាន មានអីហើយសងតែលុយទៅជនខិលខូចរួចខ្លួនហ្នឹង»។
បន្ថែមលើសម្ដីលើកឡើងបែបហ្មត់ចត់ ទុកឲ្យច្បាប់នោះ ឪពុក កញ្ញា ទេព បូព្រឹក្ស ប្រាប់ទៀតថា៖ «លុយ ៥ ម៉ឺនដុល្លារច្រើនណាស់ តែខ្ញុំក៏មិនចង់បានលុយអ៊ីចឹងៗដែរ។ សំខាន់កិត្តិយសយើង អ៊ីចឹងបានថា ដាច់ខាតសូមឲ្យតែច្បាប់ជួយរកយុត្តិធម៌នោះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំនិងកូនស្រីជាតារាល្បីម្នាក់ដែរ»។
អំពីស្ថានភាពកូនស្រី លោកបានឲ្យដឹងថា កញ្ញា ទេព បូព្រឹក្ស បានសម្រាកពីការងារសិល្បៈដើម្បីថែសុខភាព ហើយនាងក៏អាចវិលទៅព្យាបាលនៅប្រទេសថៃ ខណៈអាការៈជំងឺហាក់មិនទាន់សះស្បើយ។
ឪពុករបស់កញ្ញា ទេព បូព្រឹក្ស ប្រាប់ថា៖ «ពេលនេះសុខភាពរបស់នាងមិនសូវជាល្អប៉ុន្មានទេ។ នាងពិបាកចិត្តរឿងហ្នឹង (រឿងបែករូបអាក្រាតកាត់ត) ផង។ ពេលនេះដូចជាក្តៅផងក្អកផង នាងមិនមានកម្លាំងទេ ហើយខ្ញុំក៏ទើបតែសុំច្បាប់សម្រាកពីផលិតកម្មហង្សមាសថែមទៀត»។
ដោយមិនទាន់ដឹងថា ពេលណាកូនស្រីអាចមានកម្លាំងកំហែងវិលមករាំច្រៀងលើឆាកសិល្បៈវិញនោះ ឪពុករបស់ ទេព បូព្រឹក្ស បានថ្លែងថា៖ «ផលិតកម្មគេឲ្យយើងសម្រាកមួយរយៈ តែបើនៅតែអ៊ីចឹងនោះ នឹងបញ្ជូននាងទៅព្យាបាលនៅប្រទេសថៃម្តងទៀត នៅក្នុងសប្តាហ៍នេះ ព្រោះថា ក៏ដល់ពេលពេទ្យណាត់ជួបផងដែរ»៕

Dear Miss. Boproeuk,
You also can check who post this by requesting Facebook company to track who post it at least where he or she post this from !! Because this case discredit you, so it can search with Facebook company to see IP information, and when and the fack account, so you can track the facebook account posting this
Hope this can help you.