ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យចាត់វិធានការលើជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅនិងធ្វើការនៅតាមតំបន់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តជាប់ព្រំដែនមួយចំនួន។
លិខិតរបស់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ចុះថ្ងៃទី១៥ខែកក្កដា និងដាក់ទៅលោក ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ឲ្យដឹងថាកន្លងទៅ សមត្ថកិច្ចបានចុះបង្រ្កាបនិងឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដូចជានៅស្រុកល្វាឯម កោះពេជ្រនិងច្បារអំពៅជាដើម។ លោក អ៊ុំ សំអាន បានស្វាគមន៍នឹងចំណាត់ការនេះ ប៉ុន្តែលោកស្នើឲ្យចាត់វិធានការនៅតំបន់ដែលមានជនអន្តោប្រវេសន៍រស់នៅច្រើន។
លិខិតបញ្ជាក់ថា៖ "ខ្ញុំក៏សូមស្នើសុំរាជរដ្ឋាភិបាលឲ្យមានចំណាត់ការដូចគ្នាដែរទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងរស់នៅតំបន់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង តំបន់ចុងឃ្នៀសក្រុងសៀមរាប ខេត្តសៀមរាប លើបឹងទន្លេសាបខេត្តពោធិ៍សាត់ និងតំបន់ផ្សេងៗទៀត”។ លិខិតបន្ថែមថា៖ “លើសពីនេះទៅទៀត មានជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មួយចំនួនធ្វើជាកម្មករក្នុងក្រុមហ៊ុនវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំពីរាជរដ្ឋាភិបាល”។
លោក អ៊ុំ សំអាន ប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថាតាមការសង្កេតរបស់លោក ក្នុងមួយឆ្នាំៗ ជនជាតិវៀតណាមពី៣ពាន់ទៅ៥ពាន់នាក់បានចូលមករស់នៅនិងធ្វើការនៅកម្ពុជា ប៉ុន្តែលោកថាការបង្រ្កាបជនជាតិវៀតណាមខុសច្បាប់មានចំនួនតិចតួច។ ចំណែកនៅតំបន់ដីសម្បទានសេដ្ឋកិច្ចវិញ លោក អ៊ុំ សំអាន មានប្រសាសន៍ថាជនជាតិវៀតណាមរស់នៅខុសច្បាប់ច្រើន។ លោកបញ្ជាក់ថា៖ "យើងកត់សម្គាល់ឃើញនៅ កំពង់ធំ រតនគិរី មណ្ឌលគិរីជាដើម ឃើញដីសម្បទានសេដ្ឋកិច្ចដែលផ្តល់ឲ្យវៀតណាមហ្នឹង កម្មករ៨០ភាគរយជាជនជាតិវៀតណាម។ យើងគិតថាអ្នកទាំងអស់ហ្នឹងរស់នៅខុសច្បាប់ ហើយធ្វើការអត់បានគោរពទៅតាមច្បាប់ការងារទៀត។ ដូច្នេះត្រូវពិនិត្យមើលឲ្យដិតដល់ទៅលើជនអន្តោប្រវេសន៍ទាំងនោះ”។
បើតាម លោក អ៊ុំ សំអាន ប្រធានរដ្ឋសភាមិនបានបញ្ជូនលិខិតរបស់លោកទៅរដ្ឋាភិបាលនោះទេ ដោយលោកចាត់ទុកថានេះការរំលោភលើមាត្រា៩៦និង១៥០នៃរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថារាល់បញ្ហារសើប ប្រធានរដ្ឋសភាមិនបានបញ្ជូនលិខិតទៅរដ្ឋាភិបាលនោះទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ធ្លាប់លើកឡើងថារដ្ឋធម្មនុញ្ញមាត្រា៩៦បានចែងថាតំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ ប៉ុន្តែលោកថាមិនមែនជាសំណើនោះទេ។ ប៉ុន្តែលោកអ៊ុំ សំអាន បញ្ជាក់ថាតំណាងរាស្រ្តអាចមានសិទ្ធិដាក់ជាសំណួរនិងសំណើបាន។
ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីលា មានប្រសាសន៍ថាអាជ្ញាធរចាត់វិធានការលើជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងប្រទេស ដោយមិនរើសកន្លែងនោះទេ។ លោកបន្តថានៅតាមបណ្តាខេត្ត មានសុ្នងការរងមួយរូបជាអ្នកទទួលបន្ទុកលើជនអន្តោប្រវេសន៍។ លោកស្នើឲ្យតំណាងរាស្រ្តររាយការណ៍ទៅសមត្ថកិច្ចចំពោះតំបន់ដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីបង្កភាពងាយស្រួលក្នុងការចាត់វិធានការ។
ទាក់ទងនឹងជនអន្តោប្រវេសន៍នៅតំបន់ដីសម្បទានសេដ្ឋកិច្ចវិញ លោក អ៊ុក ហៃសីលា បញ្ជាក់ថាសមត្ថកិច្ចកំពុងសិក្សាការស្នាក់នៅរបស់ជនជាតិវៀតណាមទាំងនោះ។ បើតាមមន្រ្តីជំនាញរូបនោះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ជនអន្តោប្រវេសន៍ប្រមាណ៣ពាន់នាក់ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅស្រុកកំណើតវិញ។ ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេចបង្កើតផ្នែកអន្តោប្រវេសន៍ថែមទៀតនៅតាមបណ្តាខេត្ត ដើម្បីធានាឲ្យមានប្រសិទ្ធភាពលើកិច្ចការចុះបង្រ្កាបអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា៕ រាយការណ៍បន្ថែមដោយលោក យ៉ា រសាត់
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា