
ពលរដ្ឋជនជាតិដើមភាគតិចចូលរួមក្នុងពិធីប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកកាលពីថ្ងៃម្សិលមិញ។ រូបថត សហការី
Mon, 10 August 2015
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
មណ្ឌលគិរីៈ ពលរដ្ឋជនជាតិដើមភាគតិចរាប់រយនាក់គ្រោងនឹងដាក់ពាក្យបណ្តឹងនិងញត្តិទៅរដ្ឋសភា និងក្រសួងដើម្បីទាមទារឲ្យដកតំណែងអភិបាលខេត្តមណ្ឌលគិរីលោក អេង ប៊ុនហ៊ាង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចទៅរារាំង និងគំរាមកំហែងចាប់ខ្លួនតំណាងរបស់ពួកគេម្នាក់រឿងប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក។
ពលរដ្ឋជនជាតិដើមភាគតិចរាប់រយនាក់ក្នុងខេត្តមណ្ឌលគិរីបាននាំគ្នាកាប់មាន់ ជ្រូក ៤ ក្បាល និងក្របី ១ ក្បាលដើម្បីធ្វើពិធីសែនព្រេនតាមប្រពៃណីនៅក្នុងទិវាជនជាតិដើមភាគតិចអន្តរជាតិកាលពីថ្ងៃអាទិត្យម្សិលមិញនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចរួមមាននគរបាល អាវុធហត្ថ និងទាហានប្រមាណជា ២០ នាក់បានទៅរារាំងពួកគាត់ពីរថ្ងៃជាប់ៗគ្នាមិនឲ្យសង់រោងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយលើកហេតុផលថាគ្មានច្បាប់អនុញ្ញាត។
ប្រជាសហគមន៍ និងអង្គការសិទ្ធិមនុស្សបានអះអាងថាក្រៅពីការរារាំងក្រុមសមត្ថកិច្ចក៏បានគំរាមចាប់ខ្លួនលោក ក្រើង តុលា អាយុ ២៥ ឆ្នាំជាតំណាងរបស់ពួកគេផងដែរ។
លោក ក្រើង តុលា បញ្ជាក់ថា៖ «មេប៉ុស្តិ៍ពូជ្រៃធ្វើតាមការបង្គាប់បញ្ជារបស់អភិបាលខេត្តមិនឲ្យយើងធ្វើរោងទេ។គាត់ថាបើសិនជានៅតែសាងសង់រោង ឬហែក្បួនគេនឹងឲ្យកម្លាំងចាត់វិធានការចាប់តំណាងគឺរូបខ្ញុំនេះ»។
តាមគម្រោងប្រជាសហគមន៍ចង់ធ្វើពិធីនោះរហូតដល់ជាង ១០ ម៉ោងឯនោះដោយរួមមានតាំងការដើរហែក្បួនជាងកន្លះគីឡូម៉ែត្រការតាំងពិព័រណ៍ និងការសម្ដែងសិល្បៈជនជាតិដើមភាគតិចជាដើម។ ប៉ុន្តែដោយមានការអុកឡុកពីមន្ត្រីមានសមត្ថកិច្ចទើបពួកគាត់ជាង ៤០០ នាក់បានសម្រេចធ្វើក្រោមកម្ដៅថ្ងៃ និងភ្លៀងធ្លាក់តែជាង ៣ ម៉ោងវិញ។
លោកថ្លែងថា៖ «យើងចង់ធ្វើរហូតដល់ម៉ោង ៩ យប់ឯនោះតែវារអាក់រអួលខ្លាំងណាស់ក៏កាត់ហែក្បួន និងតាំងពិព័រណ៍ចោលដោយសារអាជ្ញាធរមានការរារាំង និងគំរាមកំហែងខ្លាំង។ ខ្ញុំអត់ភ័យខ្លាចទេគឺយើងខំធ្វើហាលថ្ងៃ និងចុងបញ្ចប់កណ្តាលភ្លៀង»។
លោកឲ្យដឹងថាពួកគាត់បានជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីការប្រារព្ធទិវានោះ។ ប៉ុន្តែអាជ្ញាធរបានទាមទារឲ្យមានការអនុញ្ញាត និងលិខិតស្នាមចេញពីក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ ២០១៥ នេះថែមទៀតដោយមិនទទួលយកលិខិតអនុញ្ញាតចេញកាលពីពេលកន្លងមកនោះទេ។ ការរារាំង និងគំរាមកំហែងនេះបានធ្វើឲ្យអ្នកភូមិមួយចំនួនធ្លាក់ទឹកចិត្ត និងភ័យខ្លាចមិនហ៊ានចូលរួមនោះទេ។ តំណាងពលរដ្ឋរូបនេះបានថ្លែងថាឆ្លើយតបទៅនឹងការរឹតបន្ដឹងលើសិទ្ធិពួកគាត់នោះក្នុងពេលឆាប់ៗខាងមុខនេះប្រជាពលរដ្ឋនឹងដាក់ពាក្យបណ្តឹង និងធ្វើញត្តិដើម្បីទាមទារឲ្យលោកអភិបាលខេត្តចុះចេញពីតំណែង។
លោកថា៖ «គឺលោកអភិបាលខេត្តបានរំលោភសិទ្ធិទិវាអន្តរជាតិជនជាតិដើមភាគតិចអន្តរជាតិ ៩ សីហា។ ប្រជាពលរដ្ឋនឹងដាក់ពាក្យបណ្តឹងប្តឹងអភិបាលខេត្តទៅតុលាការដាក់ញត្តិទៅរដ្ឋសភា ក្រសួង និងតំណាងអង្គការសហប្រជាជាតិឲ្យចុះចេញពីតំណែង។ បើមិនចុះចេញទេលិទ្ធិប្រជាធិបតេយ្យនៅមណ្ឌលគិរីទាំងមូល និងធ្លាក់ចុះហើយ»។
លោក សុក រដ្ឋា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តមណ្ឌលគិរីបានបានចាត់ទុកការរារាំង និងគំរាមចាប់ខ្លួននេះថាជាការអនុវត្តខុសនីតិវិធីទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងជាការបំបាក់ស្មារតីសហគមន៍។
លោកថា៖ «ពលរដ្ឋរក្សាភាពអហិង្សាដោយហ៊ានលើកឡើងពីបញ្ហាដីធ្លីដែលពួកគាត់កំពុងជួបប្រទះផងតែនៅរឹតបន្ដឹងជាខ្លាំង។ អាជ្ញាធរមិនយល់ពីច្បាប់ជាតិ អន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិ។ នេះជាទង្វើម្តងហើយម្តងទៀតដើម្បីគំរាមសកម្មជនការពារសិទ្ធមនុស្ស ឬសហគមន៍ដែលក្លាហាន»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោកអភិបាលខេត្ត អេង ប៊ុនហេង ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ដោយឡែកលោកអភិបាលរងខេត្ត យឹម លុច និងលោក នួន សារ៉ន អភិបាលស្រុកពេជ្រដាបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទងទៅនឹងករណីនេះ។ លោក ត្រាង ធឿន នាយប៉ុស្តិ៍ពូជ្រៃបានបញ្ជាក់ដោយខ្លីថាលោកគ្មានសិទ្ធិសម្រេចការរារាំងនោះដោយខ្លួនឯងនោះទេ។ ដោយឡែកចំពោះលោក កីង សេង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថារដ្ឋាភិបាលមានគោលការណ៍ឲ្យមានការប្រារព្ធសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិ។ ប៉ុន្តែការប្រារព្ធនោះត្រូវមានការអនុញ្ញាតពីអាជ្ញាធរមិនមែនត្រឹមតែជូនដំណឹងនោះទេ។
ការគោរពទិវាសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិ ៩ នេះក៏មានធ្វើឡើងនៅតាមបណ្តាខេត្តផ្សេងៗដូចជាខេត្តរតនគិរី ស្ទឹងត្រែង និងព្រះវិហារជាដើម។ ប៉ុន្តែមិនមានការរារាំងទេ។
សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ជាង ៩០ ភូមិក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយផងដែរពីថ្ងៃម្សិលមិញ។ សេចក្តីថ្លែងការណ៍មាន ៧ ទំព័របានបញ្ជាក់ថា៖ «សហគមន៍ជនជាតិដើមកំពុងតែរងការគំរាមកំហែងដោយដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច សម្បទានរ៉ែ ការចុះ បញ្ជីដី ជាឯកជន ការហូរចូលជនចំណាកស្រុក ការបំផ្លាញព្រៃឈើ និងការបាត់បង់មុខរបរ ប្រពៃណី និង ដីសម្រាប់កូនចៅជំនាន់ក្រោយៗ និងការរើសអើងជាដើម»។
ពួកគាត់បានថ្លែងក្តីបារម្ភខ្លាចបាត់បង់ជនជាតិដើមភាគតិចពីពិភពលោកនេះនៅពេលដ៏ខ្លីខាងមុខនេះហើយបានអំពាវនាវឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ ឬផ្ទុយពីឆន្ទៈរបស់ពួកគាត់ជាដើម៕
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា
If you’re that brave, please give your real name and address so that I go there and see your face to face! I don’t think you can do that lol!