អភិបាលខេត្តក្រចេះស្នើកុំឲ្យប្រជាពលរដ្ឋនៅស្រុកឆ្លូងទន្រ្ទានដីរដ្ឋនិងដីក្រុមហ៊ុន ច័ន្ទ សុភា

ដោយ៖​ ឆុង ស៊ីណាន​និងស៊ុន ណារិន​ | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com

អភិបាលខេត្តក្រចេះបានស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកឆ្លូងបញ្ឈប់​ការទន្រ្ទានដី​​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា​ជា​​ដីរដ្ឋនិងដីរបស់ក្រុម​ហ៊ុនច័ន្ទ សុភា ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​។​

សេចក្តីជូនដំណឹងរបស់សាលាខេត្តក្រចេះចុះថ្ងៃទី០៧ខែសីហាឲ្យដឹងថាកន្លងមកប្រជាពលរដ្ឋមួយចំនួនបាន​និងកំពុងប្រើប្រាស់ដី​ព្រៃរបស់រដ្ឋនិងដីរបស់ក្រុមហ៊ុនច័ន្ទ សុភា។ សេចក្តីជូនដំណឹងបន្តថាសាលា ខេត្ត​​ត្រូវបញ្ឈប់រាល់ការចូលទៅកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនិងដីរបស់ក្រុមហ៊ុន ច័ន្ទ សុភា។ សេចក្តីជូន​ដំណឹង​​ឲ្យ​ដឹង​ទៀត​ថា​ចំពោះដីដែលទើបបានកាប់រើរានថ្មី សាលាខេត្តមិនអនុញ្ញាតឲ្យដាំដំណាំគ្រប់ប្រភេទ ហើយ​​ចំពោះ ដីដែលបានដាំដុះរួច អនុញ្ញាតត្រឹមការថែទាំប៉ុណ្ណោះ និងមិនអនុញ្ញាត​ឲ្យដំា​ដុះ​បន្ត​ទៀត​ឡើយ​។

បើតាមសេចក្តីជូនដំណឹង សាលាខេត្តហាមដាច់ខាតរាល់ការប្រើឧបករណ៍កាប់ទន្ទ្រានដីព្រៃដូចជាកាំបិត ពូថៅ រណាដៃ រណាយន្ត គ្រឿងចក្រនិងអាវុធគ្រប់ប្រភេទក្នុងបរិវេណដីរបស់រដ្ឋនិងក្រុមហ៊ុនច័ន្ទ សុភា។ សាលា​ខេត្តបញ្ជាក់ថា៖ “ករណីមានបុគ្គលដើរប្រមូលប្រាក់ក្នុងគោល បំណងរត់ការឬជូនបុគ្គល ណាមួយ ដើម្បីជាថ្នូរនឹងការទទួលដីនៅតំបន់នេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ ប្រជាពលរដ្ឋមិនត្រូវជឿតាម មេខ្យល់ដែលបានប្រមូលប្រាក់ក្នុងការត់ការផ្សេងៗឡើយ”

សេចក្តីជូនដំណឹងបញ្ជាក់​បន្ថែម​ថា​ករណីនៅតែបំពានឬមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើ គណៈ កម្ម​ការបែ​ងចែកសម្បទានដីសង្គមកិច្ច អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិអនុវត្តតាម នីតិ​វិធីច្បាប់រក្សាករាពារដីរដ្ឋនិងដកហូតឧបករណ៍ខងលើដោយគ្មានលក្ខខណ្ឌ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ​ប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង លោក ចាន់ ផល្លី បានបា្រប់​វី​អូ​ឌី​(VOD)​ថា​​​អ្នក​ភូមិ​​៦៥គ្រួសារ​មិន​បាន​ប៉ះពាល់​ដី​របស់​ក្រុម​ហ៊ុន​​ ច័ន្ទ សុភា​ នោះ​ទេ។ លោក​បន្ត​ថា​​កន្លង​មក ​ក្រុម​ហ៊ុន​ច័ន្ទ​ សុភា​ ធ្លាប់បាន​ឈូសឆាយ​ដី​ប្រ​ជា​ពលរដ្ឋ​ ​តែ​ដោយ​សារ​ប្រ​ជា​ពលរដ្ឋ​តវ៉ា ​ក្រុម​ហ៊ុន​ក៏បាន​​កាត់​ដី​មួយ​ចំនួន​ជូន​​ប្រជា​ពលរដ្ឋ​វិញ។ លោក​បញ្ជាក់​បន្ថែម​ថា​ក្រោយ​មក​​ អា​ជ្ញា​ធរ​បាន​​ដក​ហូត​ដី​របស់​​ប្រ​ជា​ពល​រដ្ឋ​៦៥​គ្រួសារ​​ឲ្យ​ទៅឲ្យ​ប្រជា​ពលរដ្ឋផ្សេង​(​ប្រជា​ពលរដ្ឋ​៩៩៨) ដោយ​ចោទ​ថា​ពួក​គាត់​បាន​កាប់​ទន្រ្ទាន​ដី​ ហើយ​ថែម​ទាំង​ចាប់ប្រជា​ពលរដ្ឋ​ម្នាក់​យក​ទៅ​ឃុំខ្លួន​កាល​​ពី​ថ្ងៃទី​១៩ ខែ​កក្កដា​។

លោក​មាន​ប្រសាសន៍​ថា​៖ ”សូម​ផ្សាយ​ដំ​ណឹង​ដល់​អា​ជ្ញាធរ​ខាង​លើផង​ដល់​សម្តេច​ ហ៊ុន សែន​ ​ឲ្យ​គាត់​ដឹង​​ថា​​អា​ជ្ញា​ធរ​សព្វថ្ងៃហ្នឹង​មិន​ធ្វើ​តាម​គោល​នយោ​បាយ​របស់​សម្តេច​នោះ​ទេ”

អ្នក​ស្រី​ យស់​ សា​អែម ដែល​អះអាង​ថា​ជា​តំណាង​​ប្រជា​ពល​រដ្ឋ​៣២គ្រួសារ​ក្នុង​ភូមិ​​ប្រ​លាយ​ទ្រៀក ឃុំ កំពង់ដំរី ស្រុក​ឆ្លូង បាន​ប្រាប់​វីអូឌី​(VOD)ថាអភិបាល​រង​ខេត្ត​ក្រចេះ​ លោក ខ័ណ្ឌ ចំណាន បាន​ដកដី​ប្រ​ជា​​ពល​​រដ្ឋ​៣២គ្រួសារ​ឲ្យ​ទៅប្រជា​ពលរដ្ឋ​​​៧២គ្រួសារ​ផ្សេង​ទៀត​។ អ្នក​ស្រី​បន្ត​ថា​​អា​ជ្ញា​ធរ​ចោទ​ថា​ពួក​គាត់​​ទាំង​៣២​​គ្រួសារ​រស់​នៅ​ខុស​ច្បាប់​ ​   ប៉ុន្តែ​ថា​​អ្នកដែលមករស់នៅ​ថ្មីទាំង៧២គ្រួសា​រនោះ​​មាន​ច្បាប់​ត្រឹម​ត្រូវ​។

អ្នក​ស្រី​ យស់​ សា​អែម ​បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រ​ជា​ពល​រដ្ឋ​ទាំង​៣២​គ្រួសារ​រស់​នៅលើ​ដីនេះ​​តាំង​ពី​ឆ្នាំ​២០​១០មក​ម្ល៉េះ​ ​ប៉ុន្តែ​​​អា​ជ្ញាធរបាន​​ឲ្យ​ពួក​គាត់​ទៅ​រស់​នៅ​លើ​ដី​ថ្មី​ដែល​ស្ថិ​តនៅ​ក្នុង​ស្រុក​សំបូរ​ តែប្រជា​ពលរដ្ឋ​មិន​​ព្រម​​​ទៅ​។ អ្នក​ស្រី​មាន​ប្រសាសន៍ថា​​៖ “​ខុំមិន​ផ្លាស់​ប្តូ​រទេ ​ដី​សព្វ​ថ្ងៃ ​វាមិន​ទំ​នេរ​នោះ​ទេ​ កន្លែង​ណា​ក៏​មាន​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​នោះ​ដែរ​ ​ ហើយ​ដី​ដែល​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ហើយ​ខ្ញុំ​មិន​​ទៅ​យក​ដូចដែល​ពួក​គេ​មក​​យកដី​​របស់ពួក​​ខ្ញុំ​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏មិន​ចង់​ឲ្យ​គេ​ឈឺ​ចាប់​ដូច​ខ្ញុំ​ឈឺ​ចាប់​នោះដែរ”

វីអូឌី(VOD)មិន​អាច​ទាក់​ទង​ ​លោក ​ខ័ណ្ឌ​ ចំណាន​ អភិបាល​រងខេត្ត​ក្រចេះ​ ​ដើម្បី​សុំ​កាអធិប្បាយ​អំ​ពី​រឿង​នេះបាន​នៅឡើយទេ ដោយ​​ទូរស័ព្ទ​ហៅ​ចូល​​ច្រើន​ដង តែ​ពុំមាន​​អ្នក​ទទួល​។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមិថុនា អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានផ្ញើលិខិតមួយទៅ​ក្រសួង​​កសិកម្ម ដោយបានស្នើឲ្យកាត់ដីទំហំ៣៣០២,១៤ហិកតាចេញពីតំបន់ដីសម្បទានសេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុនច័ន្ទ សុភា អភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយ​​បង្វែរទៅជាដីសម្បទានសង្គមកិច្ចនិងប្រទានកម្មចែកជូនប្រជាពលរដ្ឋ។ លិខិតរបស់អភិ​បាល​ខេត្ត​ឲ្យ​​ដឹង​ថាក្រុមហ៊ុនច័ន្ទ សុភា បានឈូសឆាយថ្មីក្នុងខែឧសភា ឆ្នាំ២០១៥ ចំនួន៥៤,១០ហិកតា ហើយស​កម្ម​ភា​ពឈូសឆាយនេះត្រូវបានប្រជាពលរដ្ឋរារាំង ដោយប្រមូលផ្តុំនៅចំពោះមុខគ្រឿងចក្របង្ខំ​ឲ្យក្រុ​ម​ហ៊ុន​បញ្ឈប់សកម្មភាពឈូសឆាយ។

លិខិតបន្តថាប្រជាពលរដ្ឋចូលទន្ទ្រានសង់ជម្រកនិងដាំដំណាំក្រោយបទបញ្ជា០១អស់ផ្ទៃដី២៣៥១,៤១ហិកតា ហើយផ្ទៃដីទំនេរមិនទាន់អភិវឌ្ឍទំហំ៨៩៦,៦៣ហិកតា ប៉ុន្តែបច្ចុប្បន្នផ្ទៃដីទំហំ៨៩៦,៦៣​ហិ​ក​តានេះ​ ក៏កំពុ​ងទទួលរងការកាប់ទន្រ្ទានពីប្រជាពលរដ្ឋអស់ប្រមាណជាង៣០០ហិកតា៕

សរសេរ​មកកាន់​ លោក​ ឆុង ស៊ីណាន​ តាម​រយៈ​chhong.sinan@yahoo.com និង​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

One Response to "អភិបាលខេត្តក្រចេះស្នើកុំឲ្យប្រជាពលរដ្ឋនៅស្រុកឆ្លូងទន្រ្ទានដីរដ្ឋនិងដីក្រុមហ៊ុន ច័ន្ទ សុភា"

  1. Anonymous says:

    ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា