Mon, 10 August 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ចំណងស្នេហ៍តារាសម្តែងចូលចិត្តបញ្ចេញសម្រស់ដើមទ្រូងសិចស៊ី កុល ដាវី និងតារាចម្រៀងអ្នកនិពន្ធបទភ្លេងលោក សុខ រក្សា កាន់តែបង្ហាញឲ្យដឹងថា មានសេចក្ដីសុខផ្អែមត្រជាក់ស្ងប់ស្ងាត់ស្ទើរឃ្លាតពីការងារសិល្បៈ ទាំងមិនទាន់មានដំណឹងបង្ហើបរើសថ្ងៃដឹកដៃគ្នាក្រាបផ្ទឹមបំពេញសិរីជាប្រពៃណីខ្មែរនោះ ថ្មីៗនេះបែរជាផ្ទុះព័ត៌មានថា កុល ដាវី កំពុងសម្ងំរក្សាគភ៌រួមតំណក់ឈាម សុខ រក្សា។
ឆ្លើយតបនឹងដំណឹងនេះដែរ កុល ដាវី ក៏គ្រោងដឹកដៃម្ចាស់ស្នេហ៍លោក សុខ រក្សា ឡើងបង្ហាញការពិតនៅក្នុងកញ្ចក់ទូរទស្សន៍ទៀតផង។
ព័ត៌មានដែលផ្ទុះតារាសម្តែង កុល ដាវី សម្ងំលាក់ខ្លួនដោយកំពុងតែពពោះកូនដំបូងជាមួយម្ចាស់ភាគហ៊ុនជំនួញតារាចម្រៀង ប្រចាំសាន់ដេ លោក សុខ រក្សា នោះ កំពុងបានក្លាយជាប្រធានបទជជែកវែកញែកពីមាត់មួយទៅមាត់មួយ។
ពួកគេបានលើកឡើងថា ស្នេហាសុខ រក្សា និងកុល ដាវី ផ្តើមឡើងច្រើនឆ្នាំហើយ មិនទាន់មានដំណឹងដឹកដៃគ្នាចូលរោងការទេ ក្រៅពីល្បីថា គូស្នេហ៍នេះរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយ និងហៅគ្នាប្តីប្រពន្ធពេញៗមាត់ហើយនោះ។
មជ្ឈដ្ឋានមួយចំនួនក៏បានដាក់ការសង្ស័យថា តារាសម្ដែងសិចស៊ី កុល ដាវី ក៏អាចមានផ្ទៃពោះដូចពាក្យចចាមអារ៉ាមមែនដែរ ព្រោះមួយរយៈចុងក្រោយនេះ នាងមិនសូវជារវល់នឹងការងារសិល្បៈ ឬបង្ហាញខ្លួនតាមកម្មវិធីមិត្តរួមអាជីពដូចមុនឡើយ។
ឆ្លើយតបនឹងសំណួរដ៏រសើបនេះ តារាសម្តែង កុល ដាវី ដែលផ្តើមសម្ដីតបទាំងសំណើចកក្អឹកផង នាងក៏បានច្រានចោលដំណឹងនេះ ដោយនាងលើកឡើងថា៖ «ពេលដែលឮសំណួរនេះភ្លាម គេថាខ្ញុំពពោះកូនដំបូងជាមួយបង រក្សា ខ្ញុំពិតជាហួសចិត្តមែន»។
តារាស្រីរូបនេះបានសារភាពថា៖ «ខ្ញុំ និងបង រក្សា បានសាងស្នេហ៍ជាមួយគ្នាមែន តែចំពោះរឿងយកកូន ឬពពោះនោះមិនទាន់មានក្នុងចិត្តទេពេលនេះ រឿងនេះនឹងឲ្យកើតមានលុះណាពួកយើងរៀបការហើយ ដែលវេលានេះ យើងបានគិតគ្នាហើយ ២ ឆ្នាំទៀតឯណោះ»។
នាងលើកឡើងទៀតថា៖ «វាមិនត្រឹមតែធ្វើឲ្យខ្ញុំក្តៅត្រចៀកនោះទេ ព័ត៌មានពិតជាប៉ះពាល់កិត្តិយសខ្ញុំខ្លាំងណាស់។ យ៉ាងណាខ្ញុំក៏ជាស្រ្តីខ្មែរមួយរូប ក៏ត្រូវការកិត្តិយសដែរ ហើយបើឮដំណឹងបែបនេះ គេនឹងថាខ្ញុំយ៉ាងម៉េចកិត្តិយសខ្ញុំទៅណា?»។
បើទោះជាព្យុះរឿងអាស្រូវបក់បោក ដែលនាងគិតថា ធ្វើឲ្យប៉ះពាល់កិត្តិយសនាងយ៉ាងនេះក្តី ប៉ុន្តែ កុល ដាវី មិនមានគម្រោងយកអាពាហ៍ពិពាហ៍មកបញ្ចប់រឿងបោកបក់លើចំណងស្នេហ៍ភ្ជាប់ត្រឹមចិត្តនឹងចិត្តនេះឲ្យបានឆាប់នោះដែរ។
នាងបញ្ជាក់ហើយបញ្ជាក់ថា៖ «ពេលនេះខ្ញុំ និងបងរក្សា មិនទាន់គិតគូររឿងរៀបការឆាប់នោះទេ។ វេលានេះនឹងគិតគូរនៅឆ្នាំ ២០១៨ ហើយក៏សម្រេចយកកូនពេលនោះដែរ»។
នាងបានអះអាងថា៖ «ពេលនេះគ្មានពពោះ ឬសម្ងំលាក់ខ្លួនបង្កើតកូនដូចពាក្យគេចោទប្រកាន់នោះទេ ហើយក៏សុំមិត្តអ្នកគាំទ្រកុំយល់ច្រឡំ។ ជុំវិញដំណឹងនេះ ពួកយើងក៏បានត្រៀមខ្លួនចេញមុខបកស្រាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីបញ្ជាក់ការពិតជូនមិត្តអ្នកគាំទ្រឲ្យកាន់តែច្បាស់ជាងនេះ ទាមទារកិតិ្តយសស្អាតស្អំមកវិញដែរ»៕

Nothing wrong if she’s pregnant. Everyone know both parties Reaksa & Davy is boy or girl friend. Love is man and woman know about two lifes become one heart.