
កញ្ញា ប៉ាត់ គីមអ៊ី បានបន្ដការសិក្សាដល់ថ្នាក់មហាវិទ្យាល័យដោយមិនទម្រន់ជាមួយព្រហ្មលិខិត។ រូបថត សាលាខេត្តពោធិ៍សាត់
Mon, 10 August 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ពោធិ៍សាត់ៈ ទោះបីកាយសម្បទាមិនមានគ្រប់គ្រាន់ដូចបងស្រីទាំងបីរបស់ខ្លួនតាំងពីកំណើតមកក្តី ក៏ឆន្ទៈ និងទឹកចិត្តមោះមុត ឧស្សាហ៍ព្យាយាម សង្វាតរៀនសូត្រដើម្បីក្រេបចំណេះវិជ្ជា កញ្ញា ប៉ាត់ គីមអ៊ី មិនបានរាថយ និងចុះញ៉មព្រោះតែសភាពកាយខាងក្រៅនេះឡើយ។
នាងអាចប្រើជើងជំនួសដៃដើម្បីសរសេរអក្សរកត់ត្រានូវរាល់កិច្ចការ និងតស៊ូសិក្សាបន្តរហូតក្លាយជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ឬ UME លើមុខជំនាញគណនេយ្យនៅក្នុងខេត្តពោធិ៍សាត់។
កញ្ញា ប៉ាត់ គីមអ៊ីវ័យ ២០ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឪពុកឈ្មោះលោក លឹម ស៊ឹម វ័យ ៥២ ឆ្នាំ មានមុខរបរជានាយប៉ុស្តិ៍នគរបាលឃុំអូរសណ្តាន់ និងម្តាយឈ្មោះ ផុន អុន វ័យ ៥១ ឆ្នាំ ជាកសិករ។
លោក លឹម ស៊ឹម ជាឪពុករៀបរាប់ពីដំណើររឿងកូនស្រីពៅដែលអភ័ព្វថា៖ «គួរឲ្យអាណិតកូនស្រីពៅនេះណាស់ ពេលដែលនាងកើតមកស្រាប់តែពិការដៃ។ ដៃស្តាំនាងពិការកំបុតបាត់ដៃ ខណៈដៃឆ្វេងនៅសល់ម្រាមពីរស្តូចចុង»។
លោកបន្ដថា៖ «ពេលនោះមិនទាន់មានម៉ាស៊ីនអេកូអ្វីមកពិនិត្យមើលទេ លុះនាងកើតមកទើបដឹង។ ចាប់តាំងពីដឹងក្តីមក ខ្ញុំ និងប្រពន្ធមិនព្រងើយកន្តើយចំពោះកូនស្រីម្នាក់នេះទេ គឺមានតែការលើកទឹកចិត្ត និងសម្របតាមចិត្តកូនផងដែរ»។
ពិការកាយមែនពិត តែឆន្ទៈ និងទឹកចិត្តតស៊ូស្រួចស្រាល់របស់ ប៉ាត់ គីមអ៊ី មិនចុះចាញ់នឹងព្រហ្មលិខិត ដែលកម្រិតឲ្យនាងក្លាយជាក្មេងស្រី និងកូនពៅពិការដៃបែបនេះ បន្តរស់នៅរហូតពេញវ័យ បានសិក្សាដល់ថ្នាក់មហាវិទ្យាល័យ ស្រវាស្រទេញក្រេបយកចំណេះដឹង និងទទួលបានការស្រឡាញ់ពីឪពុកម្តាយ និងកោតសរសើរពីអ្នកភូមិផងដែរ។
លោក លឹម ស៊ឹម សរសើរកូនស្រីពៅគាត់ថា៖ «តាំងពីតូចមកនាងជាក្មេងសង្វាតការរៀនសូត្រណាស់។ ពេលខ្លះខ្ញុំមិនឲ្យនាងទៅសាលា គឺនាងយំរំអុកមិនព្រមឡើយ។ នាងរៀនពូកែជាងបងៗរបស់នាងទៅទៀត»។
លោក ម៉ម ឍន មេឃុំអូរសណ្តាន់ក៏បានកោតសរសើរពីឥរិយាបថរបស់នាងថា៖ «នាងជាក្មេងស្រីរួសរាយណាស់ ហើយចេះដឹងទៀតផង ខណៈការនិយាយស្តីចេះគោរពចាស់ទុំ»។
នៅក្នុងគ្រួសារមានជីវភាពមធ្យមមែន តែបន្ទុកមានកូនចៅរៀនសូត្រដល់ថ្នាក់មហាវិទ្យាល័យនោះហាក់ដូចជាពុំសូវមានភាពធូរធារផ្នែកហិរញ្ញវត្ថុនោះឡើយ ខណៈលោក លឹម ស៊ឹម បង្ហើបថា៖«តាំងពីតូចរហូតមកគ្រួសារខ្ញុំអាចផ្គត់ផ្គង់ឲ្យនាងបានរៀន ប៉ុន្ដែឥឡូវនេះមានពេលខ្លះជួបការលំបាកក្នុងការទំនុកបម្រុង»។
កាលពីថ្ងៃទី ២៨ ខែកក្កដា នាងទទួលបានការជួយឧបត្ថម្ភនូវសម្ភារសិក្សា សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥០ ម៉ឺនរៀលពីលោកស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជាបណ្តើរផងដែរ៕

When there is a will, there is a way. Trying hard will be successful.
When there is a will, there is a way. ព្យាយាមគង់នឹងបានសម្រេច។
I’m worried about you and like you how the way you are and I’m proud of you.how can I give you some money for donation.