ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី11 សីហា 2015, 05:44 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
<
សកម្មជនគណបក្សសង្រ្គោះជាតិ (រូបភាពពីហ្វេសប៊ុករបស់លោក សម រង្ស៊ី)
សកម្មជនគណបក្សប្រឆាំង៣នាក់បន្ថែមទៀតត្រូវតុលាការសម្រេចឃុំខ្លួន បន្ទាប់ពីតុលាការដដែលនេះ បានផ្ដន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំដោយចោទថា ពាក់ព័ន្ធនឹងករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីជាងមួយឆ្នាំមុន។
ឈរនៅក្រោមឆ័ត្រ ខណៈភ្លៀងកំពុងធ្លាក់ស្រិចៗផងនោះ អ្នកស្រី សែម វ៉ាន ត្រូវជាភរិយាលោក យុន គឹមហួរ ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ននោះ បានរៀបរាប់ទាំងទឹកភ្នែកហូរកាត់លើថ្ពាល់ទាំងគូថា ស្វាមីគាត់ត្រូវបាននគរបាលចាប់ខ្លួននៅម៉ោង៧យប់ ខណៈគាត់កំពុងរត់ម៉ូតូឌុប នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ អ្នកស្រីថា ស្វាមីគាត់មិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការទេ ដោយអ្នកស្រីអះអាងថា ស្វាមីគាត់ជាមនុស្សស្លូតបូតមិនដែលប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ អ្នកស្រីថា ក្រោយពី ស្វាមីត្រូវបានចាប់ខ្លួន គ្រួសារគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពរស់នៅ។
ភរិយាសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតរស់នៅស្រុកស្អាង ខេត្តកណ្តាល គឺអ្នកស្រី អាត សុធា បានរៀបរាប់ប្រាប់ទាំងអួលដើមកថា ស្វាមីគាត់គឺលោក រឿន ចាន់ត្រា ត្រូវអាជ្ញាធរចុះចាប់ខ្លួនក្នុងផ្ទះរបស់គាត់ នៅម៉ោងជិត៨យប់ ថ្ងៃទី៤ ខែសីហានេះ ដោយអ្នកស្រីថាមិនមានដីកាពីតុលាការនោះទេ។ អ្នកស្រីបន្តថា ក្រោយពីការចាប់ខ្លួននោះ គាត់បានទៅសួរសុខទុកស្វាមីនៅក្នុងពន្ធនាគារបានចំនួនពីរដង។ អ្នកស្រីបញ្ជាក់ថា ស្វាមីគាត់បានផ្តាំផ្ញើទៅគាត់ថា ឲ្យទៅរកអង្គការជួយគាត់ផង ព្រោះគាត់ជួបបញ្ហាប្រឈមពីសុខភាព និងមានការលំបាកនៅក្នុងពន្ធនាគារ។
ស្ត្រីមេម៉ាយអ្នកស្រី កែវ ម៉ារ៉ែន រស់នៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគក រាជធានីភ្នំពេញ ដែលមានកូនក្នុងបន្ទុក៥នាក់ បានរៀបរាប់ថា កូនប្រុសច្បងរបស់គាត់គឺលោក ទេព ណារិន្ទ្រ ដែលជាជំនួយការផ្ទាល់របស់តំណាងរាស្ត្រខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ នោះ ត្រូវបានអាជ្ញាធរចាប់យកទៅផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ដោយអយុត្តិធម៌។ អ្នកស្រីអំពាវនាវថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ ព្រោះកូនរបស់គាត់មិនធ្វើខុសដោយការចោទប្រកាន់នោះទេ។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សសង្គ្រោះជាតិផ្សេងទៀតចេញពីតុលាការ មុនមួយថ្ងៃនៃការកាត់ទោសដាក់ពន្ធនាគារវិញ (រូបភាព៖ ទេព សូនី)
មជ្ឈដ្ឋានជាតិ និងអន្តរជាតិលើកឡើងថា ការចាប់ខ្លួន និងផ្តន្ទាទោសសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យសមត្ថិច្ចតាមចាប់ខ្លួនមនុស្សមួយចំនួនទៀតនៅដើមខែសីហានេះ ដែលលោកចោទថា បានចួលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិហើយបានប្រើហិង្សាលើអាជ្ញាធរ។
ក្នុងជំនួបរវាងលោក ស ខេង និង លោក កឹម សុខា កាលពីថ្ងៃទី១០ខែសីហានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មគណបក្សសង្គ្រោះជាតិគឺមិនពាក់ព័ន្ធនឹងនយោបាយនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ទោះជាមានសម្របសម្រួលនយោបាយ ក៏ត្រូវផ្អែកលើនីតិវិធីរបស់តុលាការផងដែរ។
ចំណែកលោក សំ សុគង់ មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ៣នាក់ ដែលទើបចាប់ខ្លួននាពេលថ្មីៗនេះ បានពន្យល់តាមនីតិវិធីច្បាប់ថា មុននឹងតុលាការចេញដីកានាំខ្លួនបុគ្គលណាមួយ ដំបូងតុលាការត្រូវចេញដីកាកោះដោយកំណត់ពេលវេលាច្បាស់លាស់ ករណីបុគ្គលនោះមិនចូលទៅបំភ្លឺតាមការកោះហៅទេ នោះតុលាការត្រូវចេញដីកានាំខ្លួនបុគ្គលនោះតែម្តង។ ប៉ុន្តែលោកថា ករណីកូនក្តីរបស់លោក តុលាការធ្វើឡើងខុសនីតិវិធីច្បាប់ ព្រោះធ្វើនៅម៉ោងជិត១០យប់ ដែលច្បាប់កំណត់ត្រឹមម៉ោង៦ព្រឹកដល់ម៉ោង៦យប់តែប៉ុណ្ណោះ។
លោក សំ សុគង់ បញ្ជាក់ទៀតថា ដោយឡែកករណីជនជាប់ចោទ១១នាក់ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសនោះ ក្រុមមេធាវីប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំមោឃភាពសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយលោកអះអាងថា ការសម្រេចរបស់តុលាការធ្វើឡើងផ្ទុយពីនីតិវិធីច្បាប់កំណត់។
កាលពីថ្ងៃទី៥ ខែសីហានេះ គណបក្សសង្គ្រោះជាតិបានចេញសេក្តីថ្លែងការណ៍ ដោយអំពាវនាវឲ្យដោះលែងសកម្មជនខ្លួនដោយគ្មានលក្ខខណ្ឌ និងជំរុញឲ្យគណបក្សប្រជាជនកម្ពុជាបញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងផ្នែកនយោបាយ ដោយចាត់ទុកថា បានរំលោភលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ និងបំពានលើគោលការណ៍ប្រជាធិបតេយ្យ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងដដែលទៀតថា ការចាប់ខ្លួននេះជារឿងតុលាការ។
ក្រោយពីចេញសេចក្តីថ្លែងការណ៍នេះ លោក អ៊េង ឆៃអ៊ាង ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំជាមួយភាគីគណបក្សប្រជាជនកម្ពុជាកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា មេធាវិនឹងរៀបចំឯកសារ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ជំនាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ដោយឡែក សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣នាក់ទៀត ដែលទើបឃុំខ្លួននាពេលថ្មីៗនេះ ខាងគណបក្សសង្គ្រោះជាតិនឹងរកមេធាវីបន្ថែមទៀត ដើម្បីការពារអ្នកទាំងនោះ។
គួរបញ្ជាក់ថា ការកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះ ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយឡើងកម្ដៅ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងចុះពិនិត្យព្រំដែនជាមួយប្រទេសវៀ់តណាម។ ចំណាត់ការតក់ក្រហល់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគនយោបាយផងនោះ ចាត់ទុកថាជារឿងនយោបាយ ដើម្បីគំរាមដល់គណបក្សប្រឆាំងកុំឲ្យចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម៕
សរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Very sad to see these people arrested for the sake of political push for CPP agendas.
Sentences are not reflecting the unclear evidence.
Cambodian constitution is still on the shaky ground. Citizens rights is not the citizens rights.
Only HM the king has the answer to that. HM the king is the rights protector, according to our constitution.
Samneang
Very sad សី្អ បើអ្នកសប្បាយចិត្តខ្លាំងយ៉ាងនេះ មើលមុខវាសប្បាយ សើចរីករាយ បើvery sad ត្រូវផ្តល់ជូនអ្នករងគ្រោះ ដែលខ្លះធ្លាក់ខ្លួនពិការភាពជិតស្លាប់ ទៅជាអាណិតឃាតករ ហើយបែរជាស្អប់ជនរងគ្រោះ តើបេះដូងឯងសិ្ថតនៅផ្នែកខាងស្តាំនៃដើមទ្រូងទេដឹង?
Nothing to say….
Very sad សី្អ បើអ្នកជាប់ទោសពួកវាសប្បាយចិត្តខ្លាំងយ៉ាងនេះ មើលមុខវាសប្បាយ សើចរីករាយ បើvery sad ត្រូវផ្តល់ជូនអ្នករងគ្រោះ ដែលខ្លះធ្លាក់ខ្លួនពិការភាពជិតស្លាប់ ទៅជាអាណិតឃាតករ ហើយបែរជាស្អប់ជនរងគ្រោះ តើបេះដូងឯងសិ្ថតនៅផ្នែកខាងស្តាំនៃដើមទ្រូងទេដឹង?
កុំិបាកចិត្តពេក ព្រោះថាលោកកឹមសុខាបានជជែកគ្នាជាមួយលោកស ខេងហើយថា រឿងនេះ ជារឿងព្រហ្មទណ្ឌមែន ដែលលោកកឹមសុខា មិនបានចូលរួមទេ ហើយ ថ្ងៃនោះមានតែលោកស្រីមួរ សុខហួរ និងក្រុមមាជ សុវណ្ណារ៉ា ជាមេក្លោង។ ដូចនេះ លោកកឹម សុខាគាត់ទទួលស្គាល់ទោសនេះ ហើយថា ជារឿងក្នុងនយោបាយរបស់CNRP តែដល់ពេលធ្វើទៅ ស្រាប់តែពួកនេះបានទៅរៀបចំផែនការវាយប្រហារវិញ។ គាត់កស្តាយដែរ។ គាត់ថា ត្រឹមតែនាំក្នាហែរក្បួន លើកបាដាបានហើយ។ តែពួកនេះ វាមិនគោរពការណែនាំ។ គាត់ថា គាត់ស្តាយណាស់ គឺគាត់អាណិតទាំងអស់គ្នា។ អាណិតអ្នកដែលត្រូវគេវាយយ៉ាងឃោរឃៅ។ អាណិតពូជខ្មែរ ដែលមិនគួរបញ្ចេញភាពសាហាវេព្រៃផ្សៃជាងសត្វព្រៃយ៉ាងនេះ និងក៏ស្តាយមិនគួរជាប់គុកសោះ!!
តែទោះជាយ៉ាងណា ក៏កឹម សុខាគាត់ខំរកមេធាវី ក្រែងបានសម្រាលទោសហើយ។ រឿងនេះ មិនរួចពីគុកទេ តែអាចស្រាលបន្តិច ។ ឧបមា ថា កាត់ចោល ៥ ឆ្នាំ អញ្ចឹងទៅ!