ឪពុក​ទៅក្រេប​រស​ស្នេហ៍​ថ្មី​ទុកកូនប្រុស​ស្រីរស់​ក្នុងខ្ទម​ដូចកូន​សត្វ

បង​ប្អូន​បីនាក់អាយុ ១៣,១២ និង ៧ ឆ្នាំ​ដែល​ត្រូវម្ដាយ​ស្លាប់ចោល ហើយ​ឪពុក​ចាក​ចោល​ទុក​ឲ្យ​កំព្រា​ឯកា​។ រូបថត ហ្វេសប៊ុក

បង​ប្អូន​បីនាក់អាយុ ១៣,១២ និង ៧ ឆ្នាំ​ដែល​ត្រូវម្ដាយ​ស្លាប់ចោល ហើយ​ឪពុក​ចាក​ចោល​ទុក​ឲ្យ​កំព្រា​ឯកា​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

កណ្ដាល: ពាក្យ​ចាស់មួយ​ឃ្លាថា «ស៊ូព្រាត់បា កុំឲ្យ​ព្រាត់មេ»។​ ក្មេង​ប្រុសស្រី​បីនាក់បងប្អូន​បានក្លាយ​ជា​កូន​កំព្រាគ្មាន​ទីពឹង​ពំនាក់​ រស់​នៅ​ក្នុង​ខ្ទមរហែក​ធ្លុះធ្លាយ ​ដំបូល​ប្រក់មេឃ​ក្រោយ​ពី​ម្តាយស្លាប់ចោល ឪពុកនៅ​រស់​ជ្រងោៗ បែរ​ជា​ចុះទៅ​មានប្រពន្ធ​ថ្មី ចំណីមួយ​ម៉ាត់​ក៏​មិន​អើពើនឹក​ដល់​កូន​ៗនៅ​ភ្នែកខ្មៅ​រហង់ផង។

ឃើញ​តែក្នុង​រូបថត​ក៏​គួរឲ្យ​សង្វេគ​ណាស់​ទៅ​ហើយ អង្គុ​យតម្រៀប​ក្បាល​គ្នាដូច​មុំចង្ក្រាន ភ្នែក​ខ្មៅ​ក្រឡង់​លែងខ្លួន​ទទេ បង្ហាញ​ស្បែក​ឡើង​ពណ៌ត្នោត​ ​ក្នុង​ខ្ទម​មើលពី​ម្ខាង​ធ្លាយ​ទៅ​ម្ខាង ពីរនាក់ប្រុសៗ ​លើក​ដៃ​សំពះ​សុំ​ការសន្តោស​ពីអ្នក​ចិត្ត​មនុស្សធម៌ ជួយ​ផ្ដល់​ចំណីអាហារ​បំពេញ​ការ​ស្រេកឃ្លាន ខណៈ​ប្អូន​ស្រីពៅ​ មាត់​ដឹង​តែពីទំពា​អាហារ​នោះ ។

បង្ហាញ​ពី​លោក សុខ ចន្ថា ក្រុម​អ្នក​ធ្វើ​មនុស្សធម៌​ដែលបាន​នាំអំណោយ​ទៅ​ជួយក្មេង​ៗ​នោះ​ផ្ទាល់ ដែល​នៅ​ក្នុង​ភូមិ​បាក់​ដាវលើ ឃុំបាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ​លោក​បរិយាយថា៖ «ក្មេង​ៗបីនា​ក់​បងប្អូន​ពិត​ជាគួរឲ្យ​អាណិតណាស់ ហើយ​ក៏​មិន​នឹកស្មាន​ថា ជីវិត​ពួកគេដល់​ថ្នាក់​ហ្នឹង​ដែរ ខណៈ​ដែ​ល​ឮដំណឹ​ង​ថា ឪពុក​នៅ​មានជីវិត​លើលោកនេះ»។

យោង​តាម​សម្ដី​របស់លោក​ ពួកគេរស់នៅ​ក្នុង​ខ្ទម​រហែក​ មើលលែង​យល់​ថាជាផ្ទះ​។ ពេល​មាន​ភ្លៀង​ម្ដងៗ បើរត់​ទៅ​ជ្រកផ្ទះ​ជិតខាង​ទាន់​ ក៏​រត់​ទៅ តែ​បើមិន​ទាន់ទេក៏​ឱបបងប្អូន​ ទ្រាំរងា​ដូចកូន​សត្វ​អ៊ីចឹង​ទៅ​។

លោក ចន្ថា ក៏​បានតំណាល​សម្ដី​តាម​ក្មេងៗ​និយាយ​ថា៖ «ឪពុកខ្ញុំ​នៅ​មាន​ជីវិត គាត់​ទៅ​មាន​ប្រពន្ធ​ថ្មីពីរឆ្នាំ​ហើយ មិនដឹង​នៅ​ណាទេ ចំណែក​ម្តាយ​ខ្ញុំ​គាត់​ស្លាប់​ហើយ មុនឪខ្ញុំ​មាន​ប្រពន្ធ​ថ្មី។ គាត់មិន​ដែលមក​មើលខ្ញុំ​បី​នាក់​បង​ប្អូនទេ​»។


ខ្ទម​ធ្លុះធ្លាយ​ដំបូល​ជញ្ជាំង​ដ៏គួរ​ឲ្យ​សង្វេគ​​របស់​ក្មេង​ទាំង ៣ ។ រូបថត ហ្វេសប៊ុក

ខ្ទម​ធ្លុះធ្លាយ​ដំបូល​ជញ្ជាំង​ដ៏គួរ​ឲ្យ​សង្វេគ​​របស់​ក្មេង​ទាំង ៣ ។ រូបថត ហ្វេសប៊ុក

ទាំង​ស្តាប់​ការរៀបរាប់​របស់ក្មេង​ស្ទើរទប់​ទឹកភ្នែកមិន​បាន​នោះ លោក សុខ ចន្ថា បញ្ជាក់​ឲ្យ​ដឹងថា៖ «ក្មេង​ទាំងបី​នាក់នេះ បងគេមានអាយុ ១៣ ឆ្នាំ ហើយ​បន្ទាប់​មាន​អាយុ ១២ ឆ្នាំ ចំណែក​ប្អូនគេស្រី​អាយុ ៧ ឆ្នាំ។ មុននេះ​ពួកគេ​បាន​បាក់​ទឹកចិត្ត​ មិន​ទៅ​សាលារៀនទេ បើទោះ​ជា​មាន​មេឃុំ​មេភូមិ​ជួយឧបត្ថម្ភ​ឲ្យទៅ​រៀន​ក្តី ប៉ុន្តែ​ពេលនេះ ក៏​មាន​គេជួយច្រើន គេ​ក៏​ចង់​ទៅ​រៀន ហើយ​គេអះអាងថា គេនឹង​រៀន​ឲ្យ​ចេះ​មានការងារធ្វើ​ដើម្បី​ចិញ្ចឹម​បងប្អូន បើមាន​អ្នកជួយ​ឲ្យ​រៀន​»។

ដោយ​បន្ទរ​ពាក្យចាស់​ថា «ស៊ូ​ព្រាត់​បា កុំ​ឲ្យ​ព្រាត់​មេ​» នោះ​ពិត​ជា​ត្រូវ​មែន លោក ចន្ថា ពោលបន្ដ​ទៀត​ថា៖ «វាពិតជា​កម្សត់ណាស់​សម្រាប់ក្មេងៗទាំងនោះ ពេល​ដែលគេដឹងថា ឪពុកនៅ​មាន​ជីវិត ហើយ​នៅមាន​ក្តី​សុខ មិន​នឹកនាកូនៗនោះ។ ខ្ញុំក៏​ជា​មនុស្សប្រុស ទោះយ៉ាងណាក៏​មិនធ្វើ​អ៊ីចឹង​ដែរ»។

​លោកបានប្រាប់​ឲ្យ​ដឹង​ថា៖ «ពេល​នេះ​ក្មេងៗទាំងនេះ បាន​ចូលរៀនវិញ​ហើយ ហើយក៏​មាន​មេឃុំ​ជាអ្នកជួយ​មើល​ការខុសត្រូវ​។ សម្ភារដែលបាន​ពី​ជំនួយ​ស្ថិតនៅ​ក្រោមការចាត់ចែង​ទុកដាក់​ពីមេឃុំ បាក់​ដាវ ទទួល​មើល​ការខុសត្រូវ​»។

ប៉ុន្តែ​លោក​យល់ថា កុមារ​ទាំងបី​នៅ​មាន​តម្រូវ​ការ​ចាំ​បាច់​ច្រើន​ជាង​នេះ។​​

លោក ចន្ថា បញ្ជាក់​ទៀតថា៖​ «ដ្បិត​បាន​ជំនួយ​មែនពេលនេះ ប៉ុន្តែពួកគេក៏​នៅ​រំពឹង​លើ​​មនុស្សធម៌​ប​ន្ថែ​មដែរ ព្រោះថា ពេលនេះ​ផ្ទះ​គេ​រស់​នៅ​នោះ មើល​មិនយល់ថាជាផ្ទះ ​ឬ​រោងអ្វីទេ មើលពីម្ខាងធ្លាយ​ទៅ​ម្ខាង បើ​បងប្អូន​មនុស្សធម៌​ណាមាន​ចិត្តគួរ​តែរួមគ្នា​ចម្លង​សត្វលោកនេះ​ ឲ្យ​បាន​ទ្រនំជ្រក​សមរម្យ​ជាងនេះផង។ ចំណែកខ្ញុំក៏​ចាំចូលរួម​បន្ដទៀតដែរ​»៕


What Next?

Recent Articles

4 Responses to "ឪពុក​ទៅក្រេប​រស​ស្នេហ៍​ថ្មី​ទុកកូនប្រុស​ស្រីរស់​ក្នុងខ្ទម​ដូចកូន​សត្វ"

  1. Anonymous says:

    please, find 1 orgnazation to take them to live there!

  2. oum thailyty says:

    That sounds pretty pity. I want to be a part of their resolution. Please let me know someone’s telephone number so that I can contact directly. My phone number 097 47 52528, 012 907 137.

    Thanks

  3. តេជោយ៉ត says:

    អាចរាយការណ៏មកសម្តេចក៏បានព្រោះជាខេត្តដែរសម្តេចកាន់ការងារបក្ស អាចយកមកអោយសម្តេចចិញ្ជឹមជាកូនក៏បាន មិនខ្វះបាយហូបទេ អាចមានអនាគតល្អទៀតក៏អាចថាបាន សូមជួយផ្តល់ដំណឹងទៅសម្តេចផងបងប្អូន,…

  4. Virak says:

    ចុះអាឪនឹងក៏ថោកជាងសត្វម៉្លេស ខ្ញុំក៏ជាប្រុស​ ក៏មានកូនដែរ អានេះថោកមែន រកលេខដាក់គ្មាន