ដោយ៖ អ៊ិត សូធឿត | ថ្ងៃចន្ទ ទី31 សីហា 2015, 04:23 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កាលពីថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៥ ប្រធានក្រុមស្រាវជាវផែនទីនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានអះអាងថាមានជនមិនស្គាល់មុខបានផ្ញើសារគំរាមសម្លាប់លោកទាំងលើបណ្តាញសង្គមនិងតាមទូរស័ព្ទដៃ។ លោកបណ្ឌិត សុខ ទូច អះអាងថាក្នុងសារគំរាមសម្លាប់នោះ ជនមិនស្គាល់មុខបានចោទលោកថា ជាជនក្បត់ជាតិលក់ដីឲ្យវៀតណាម។
ចំណែកអនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោកស្រី កុយ ពិសី ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថាលោកស្រីក៏ត្រូវបានជនមិនស្គាល់មុខគំរាមនិងជេរប្រមាថតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ពាក់ព័ន្ធនឹងករណីថាលោកស្រីចោទតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដើរនិយាយកុហករឿងព្រំដែន។ លោកស្រីបានលើកឡើងថាលោកស្រីគិតថារដ្ឋាភិបាលនឹងមានចំណាត់ការលើរឿងនេះនិងសង្ឃឹមថាអ្នកទាំងនោះនឹងយល់ហើយឈប់ធ្វើនូវអ្វីដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ និងកិត្តិយសរបស់លោកស្រី។
មុនការលេចឮនៃការគំរាមកំហែងលើមន្ត្រីរដ្ឋាភិបាលទាំងពីររូបនេះ មានមនុស្សពីររូបត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងការសរសេរព័ត៌មានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ កាលពីពាក់កណ្ដាលខែសីហានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីលោកនិយាយពីសន្ធិសញ្ញាព្រំដែនកម្ពុជានិងវៀតណាម ហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញហ្វេសប៊ុក។ ក្រោយមកនៅថ្ងៃទី២១ ខែសីហា និស្សិតរៀននៅសកលវិទ្យាល័យខេមរៈម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រកាសធ្វើបដិវត្តន៍ពណ៌លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។
តើករណីដែលមន្ត្រីរដ្ឋាភិបាល២រូបអះអាងថាមានអ្នកគំរាមកំហែងនិងករណីដែលអាជ្ញាធរចាត់ទុកថាជាបទល្មើសដែលបានប្រព្រឹត្តតាមបណ្ដាញសង្គមនេះ អាចនឹងជំរុញឲ្យរដ្ឋាភិបាលពន្លឿនការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឬទេ?
ប្រធានវេទិការអនាគតនិងជាអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាជាមួយករណីដែលកើតមានឡើងជាបន្តបន្ទាប់តាមប្រព័ន្ធសង្គមនាពេលថ្មីនេះ រដ្ឋាភិបាលប្រហែលអាចនឹងយកមូលហេតុទាំងនេះធ្វើជាលេសក្នុងការពន្លឿនឡើងវិញការធ្វើច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ចម្រូងចម្រាស។ យ៉ាងណាក៏ដោយលោកថា ប្រសិនបើរដ្ឋាភិបាលពិតជាយកករណីទាំងនេះធ្វើជាលេសក្នុងការពន្លឿនច្បាប់នេះ លោកថាវាជារឿងមិនត្រឹមត្រូវ ដោយលោកថាច្បាប់ដែលកម្ពុជាមានស្រាប់នាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់ក្នុងការចាត់វិធានការទៅលើករណីទាំងនេះហើយ។ លោកបញ្ជាក់ថា៖ “បើសិនជាយករឿងហ្នឹងជាលេសវិញ ខ្ញុំមើលទៅវាអត់ត្រឹមត្រូវ ព្រោះអីត្រូវការគំរាមកំហែងមិនចាំចាច់ច្បាប់អ៊ីនធើណែតថ្មីទេគឺច្បាប់យើងមានហ្នឹងគ្រប់គ្រាន់ហើយការធ្វើការស៊ើបអង្កេតហ្នឹង មកថ្កោលទោស”។
សម្រាប់ប្រធានផ្នែកទំនាក់ទំនងនយោបាយនិងសន្តិសុខនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថាករណីដែលកើតឡើងនៅពេលថ្មីៗនេះមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជំរុញឲ្យរដ្ឋាភិបាលពន្លឿនការធ្វើសេចក្ដីព្រាងច្បាប់អ៊ីនធើណែតនោះទេ។ ដូចគ្នានឹងលោក អ៊ូ វីរៈ ដែរ លោក ឯម សុវណ្ណារ៉ា យល់ថាអាជ្ញាធរអាចប្រើច្បាប់ដែលកម្ពុជាមានស្រាប់ ដើម្បីចាត់ការទៅលើករណីទាំងនេះ។ លោកថា៖ “បញ្ហាទាំងនេះ វាមិនអាចពាក់ព័ន្ធច្រើនទៅលើឥទ្ធិពលច្បាប់នៃការអនុវត្ត ឬជំរុញឲ្យធ្វើច្បាប់ប្រឆាំងនឹងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធើណែតទេ Cyber Law ពីព្រោះថាសាច់រឿងវាដាច់ពីគ្នា។ ថ្វីតែច្បាប់អត់ទាន់មាន យើងអាចមានច្បាប់ផ្សេងៗទៀត ដែលអាចយកមកកាត់ទោសទៅជនទាំងឡាយណាដែលគាត់គំរាមតាមបណ្តាញហ្វេសប៊ុកបានដែរ ព្រោះហេតុអី ព្រោះយើងមានច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្ម ច្បាប់ព្រហ្មទណ្ឌ យើងអាចយកមកធ្វើការចោទប្រកាន់បាន យើងអាចយកច្បាប់បរិហារកេរ្តិ៍មកបាន រដ្ឋប្បវេណី”។
កាលពីខែឧសភា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានដាក់លិខិតទៅក្រសួងចំនួន២គឺ ក្រសួងមហាផ្ទៃនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឲ្យចាត់វិធានការតាមផ្លូវច្បាប់និងផ្លូវបច្ចេកទេសលើអ្នកលេងហ្វេសប៊ុកមួយចំនួនករណីប្រមាថនិងវាយប្រហារបរិហារកេរ្តិ៍ទៅលើមន្ត្រីរាជការនិងថ្នាក់ដឹកនាំរដ្ឋាភិបាល។
ជាការឆ្លើយតប ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្ដីបំភ្លឺមួយឲ្យដឹងថាសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានដាក់បញ្ចូលចំណុចនៃការជេរប្រមាថ ដោយអះអាងថាដើម្បីធានាប្រយោជន៍អ្នកប្រើប្រាស់។ ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ច្បាប់នេះត្រូវបានព្រាងឡើង ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់គ្រប់តួអង្គទាំងអស់របស់សង្គម និងប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបទល្មើសទាំងឡាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
សេចក្តីបំភ្លឺក៏បានបញ្ជាក់បន្ថែមដែរថាសេចក្តីព្រាងច្បប់នេះត្រូវបានទុកមួយអន្លើសិន ដោយអះអាងថា ដោយសាររាជរដ្ឋាភិបាលជាប់ដោះស្រាយការងារនានាដែលមានលក្ខណៈបន្ទាន់និងអាទិភាពជាង។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលបានសម្ដែងក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ដោយពួកគេអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត នោះរដ្ឋាភិបាលនឹងមានសិទ្ធិក្នុងការតាមដាននូវរាល់សកម្មភាពរបស់អ្នកប្រើប្រាស់អ៊ីនធើណែត ដែលសង្គមស៊ីវិលបារម្ភថានឹងរឹតត្បិតដល់សេរីភាពបញ្ចេញមតិរបស់ប្រជាជន។
ប្រធានផ្នែកទំនាក់ទំនងនយោបាយនិងសន្តិសុខនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោកគាំទ្រឲ្យមានការបង្កើតច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត តែលោកថា ច្បាប់នេះត្រូវធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ចំណែកលោក អ៊ូ វីរៈ លើកឡើងថា ច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺផ្ដោតលើបទឧក្រិដ្ឋប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះ គឺមិនគួរគ្របដណ្ដប់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនោះទេ។ លោកថា៖ “ច្បាប់ដែលគេចង់និយាយពីរឿង Cyber Crime ហ្នឹងគឺហៅថាបទឧក្រិដ្ឋអ៊ីនធើណែតហ្នឹង គឺគេនិយាយពីរឿងធ្វើជាការពារកុំឲ្យព័ត៌មានរបស់យើង គេចេញចូលមកប្រើប្រាស់ស្រេចចិត្ត ឬមួយគេយកព័ត៌មានពីកុំព្យូទ័រយើងទៅដាក់ជាសាធារណៈ ដើម្បីបង្កអាម៉ាស់យើង ឬមួយលួចលេខកុងធនាគារដើម្បីលួចលុយយើង អាហ្នឹងបានទាក់ទងរឿងហ្នឹង មិនមែនទាក់ទងរឿងសេរីភាពបញ្ចេញមតិទេ សេរីភាពបញ្ចេញមតិគេយកច្បាប់ផ្សេងៗយកប្រើ យើងមានជាធរមានរួចហើយយកទៅប្រើហើយ ច្បាប់យើងមានគ្រប់គ្រាន់តើ តាមពិត”។
បើតាមអ្នកវិភាគ ទោះជាពេលថ្មីៗនេះមានការចាប់ខ្លួន និងការគំរាមកំហែងពាក់ព័ន្ធនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏ដោយ ក៏ករណីទាំងនេះនៅមិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជំរុញឲ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់អ៊ីនធើណែត ហើយរដ្ឋាភិបាលក៏មិនគួរយកករណីទាំងនេះធ្វើជាលេសនោះទេ។ អ្នកវិភាគយល់ថា ច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះមានសារៈសំខាន់ក្នុងការរក្សាសន្តិសុខស្ថិរភាព តែច្បាប់នេះមិនគួរត្រូវបានប្រើប្រាស់ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ៕
សូមសរសេរមកលោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

អូសក្រឡាប្រើច្បាប់អិនធើណែតម៉ង
ពូកែមែនអ្នកដឹកនាំខ្មែរព្រួញមួយបាញ់បានសត្វមួយកំភ្លួសកំភ្លៀស!!!!!
you never know in this cases. it may cam from that evil min set of some bodies in this king dump of wonder. I do not think it can be ordinary innocent Cambodian that doing this .
បង្ករដោយពួកអាឆ្កួត៧សណ្តាននេៈហ្មង។
ល្បែងចោរស្រែកចាប់ចោរ !
As I mentioned previously, it is now the method of ” one trick for two advantages ” or ” one shot for two birds ” or it is so called ” win,win tactic ” for CPP.
Some Cambodians would believe that any CNRP supporter did the threatening which this would reduce support for CNRP ,most of all the ruling party seizes this tactic to restrict FB. Majority Cambodians knew what would entail already.
If it is a set up, it is a very,very cheap trick to repeat again and again.
Samneang