អ៊ឹម ជីវ៉ា និង សន វិជ្ជបុត្រ ជួយកុមារ​ម្ដាយ​ស្លាប់​ឪពុក​ចុះចោល​

ពិធីករ អ៊ឹម ជីវ៉ា និង​ សន វិជ្ជបុត្រ ទៅ​ជួបកុមារ​កំព្រា​ដែល​ម្ដាយ​ស្លាប់ ហើយ​ឪពុក​ចុះចោល​មានស្រី​ថ្មី។ វុទ្ធី

ពិធីករ អ៊ឹម ជីវ៉ា និង​ សន វិជ្ជបុត្រ ទៅ​ជួបកុមារ​កំព្រា​ដែល​ម្ដាយ​ស្លាប់ ហើយ​ឪពុក​ចុះចោល​មានស្រី​ថ្មី។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្រោយពី​ទទួលបាន​ដំណឹង​តាម​បណ្តាញ​សង្គមហ្វេសប៊ុក​អំពី​កុមារ ៣ នាក់​រស់​នៅ​តោកយ៉ាក​ខ្វះ​ភាពកក់​ក្ដៅ ព្រោះតែ​ម្តាយ​ស្លាប់ចោល​ ហើយ​ឪពុកក៏​ចុះចោល​ទៅ​រួមរស់​​ជាមួយ​ស្រី​ថ្មី ​ពិធីករ លោក អ៊ឹម ជីវ៉ា និង​តារា​ចម្រៀង​ផលិត​កម្ម M លោក សន វិជ្ជបុត្រ កាល​ពីថ្ងៃទី ៣០ ខែ​សីហា បានធ្វើដំណើរ​ទៅសួរសុខ​ទុក្ខ និង​នាំយក​អំណោយ​ជួយក្មេង​កំព្រា​នៅភូមិបាក់ដាវ​លើ ឃុំ​បាក់ដាវ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

ផ្ទះ​ចាស់​ទ្រុឌទ្រោម​ដែល​​មើល​ពីមុខ​ធ្លុះ​ដល់​ក្រោយ មិន​មាន​សម្ភារ​អ្វីក្រៅពី​ខោអាវ​ចាស់ៗ ឆ្នាំង​ចានរាយ​ប៉ាយ​ស្ទើរ​មិនជឿ​ថា​ ជា​ផ្ទះ​មនុស្ស​​រស់​នៅ។ ជម្រក​ដែលស្ទើរ​តែ​បាក់​រលំ​ពេល​មាន​ខ្យល់​បោកបក់ខ្លាំង​នេះ​ហើយ​ គឺជា​ទី​កន្លែង​​ដែល​កុមារ​ទាំង ៣ នាក់បងប្អូន​អាស្រ័យ​រស់នៅ​ដោយ​រងាដូច​កូនសត្វ​គ្មានឪពុកម្ដាយ។

លោក សោម សារិទ្ធ ប្រធាន​ភូមិ​បាក់ដាវលើ និង​ជា​អ្នក​ជួយ​មើល​ការ​ខុសត្រូវ​ក្មេងកំព្រា​ទាំង​បី បាន​ឲ្យដឹងថា ​កុមារា​ច្បង​ឈ្មោះផា បញ្ញា អាយុ ១២ ឆ្នាំ កូនប្រុស​ទីពីរឈ្មោះ ផា រតនា អាយុ ១០ ឆ្នាំ និង​កូនស្រី​ពៅ​ឈ្មោះ​ ផា ចន្ថា​អាយុ​ ៧ ឆ្នាំ។ ​ពួកគេមាន​ឪពុក​ឈ្មោះ​ផេង ផា អាយុ ៤២ ឆ្នាំ និង​ម្ដាយ សឿន អូន អាយុ ៤៥ ឆ្នាំ។

លោក​មេភូមិ​បាន​ឲ្យដឹង​ទៀតថា៖ «កាល​ដែល​កុមារកំព្រា​ទាំង ៣ រូបរស់ក្នុង​សភាព​វេទនាគឺ​ចាប់ពី​ម្តាយ​ពួកគេ​បានស្លាប់​កាលពី ៣ ឆ្នាំមុន​ព្រោះតែ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន ​ហើយ​អ្វីដែល​កាន់តែ​ខ្លោចផ្សាគឺ​ឪពុក​បាន​រត់យករួចខ្លួន ទៅ​មានប្រពន្ធ​ថ្មី​មិនដែល​មក​មើលកូន​​ម្តងណា​ឡើយ។ នៅ​សល់​តែជីដូន​ម្នាក់​នៅ​ឆ្ងាយ និង​មាន​ជំងឺ​ប្រចាំកាយ​ស្ទើរ​យោង​អត្មា​មិនរួច​ផង»។


ជន្រក​ដ៏​កម្សត់​ធ្លុះធ្លាយ​ដែល​កុមារ​កំព្រា​បីនាក់​បងប្អូន​រស់នៅ​។ វុទ្ធី

ជន្រក​ដ៏​កម្សត់​ធ្លុះធ្លាយ​ដែល​កុមារ​កំព្រា​បីនាក់​បងប្អូន​រស់នៅ​។ វុទ្ធី

យោង​តាម​សម្ដី​លោក​មេភូមិថា ក្នុង​ចំណោម​ក្មេង​ទាំង ៣ រូប កុមារី​ពៅ​ក៏​មាន​ជំងឺ​ប្រចាំកាយ​ដែរ​គឺជំងឺបេះដូង​ ត្បៀត​មួយ​ចំហៀង ប៉ុន្តែ​នាង​ត្រូវ​បាន​សប្បុរសជន​ជួយ​នាំ​ទៅ​ព្យាបាល​ជំងឺ និង​ថែ​ទាំ​បន្ត​នៅ​អង្គការ​មួយ។

ក្រៅពី​​ទទួល​ស្គាល់ថា​មិនអាច​មើល​ការខុស​ត្រូវ​ក្មេង​កំព្រា​ទាំងបី​បានគ្រប់​ពេល លោកក៏សម្ដែង​​ក្ដីបារម្ភ​ថា៖ «កុមារ​ទាំង​នេះ​សុទ្ធ​តែ​មិនទាន់​ទទួល​បានការសិក្សា​នៅ​ឡើយ​កាល​ពីមុន ព្រោះ​តែ​ឪពុក​ម្ដាយ​ពួកគេ​មិន​បាន​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​​ពេល​នេះ ពួកគេ​បងៗ​ពីរនាក់​បាន​ចូល​រៀន​ថ្នាក់​ទី ១ និង​រៀន​គួរ​បន្ថែម»។

ពិធីករ និង​តារា​សម្ដែង អ៊ឹម ជីវ៉ា ដែល​បាន​ទៅ​ជួប​កុមារ​កំព្រា​ផ្ទាល់​បានសម្ដែងអារម្មណ៍​ថា៖ «ក្នុង​នាមជា​ក្មេង​កំព្រា​ឪពុក ខ្ញុំ​ក៏​ធ្លាប់​ទទួល​នូវអារម្មណ៍​ខ្វះ​ភាព​កក់​ក្ដៅ​ប៉ុណ្ណឹង ចុះ​ទម្រាំដល់​កុមារ​ទាំង​នេះកំព្រា​ទាំងម្ដាយ ទាំង​ឪពុក ថា​តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា?»។

លោក​បាន​និយាយ​ទៀត​ថា៖ «ការ​ចូល​រួម​រំលែក​ថវិកា និង​ពេលវេលា​ផ្ទាល់​ខ្លួន​ជួយ​ដល់​សង្គម បើ​ទោះ​ជា ​មាន​ទំហំ​តិច​តួច​ក្ដី ខ្ញុំ​នឹង​នៅ​តែ​បន្ត​ការងារ​នេះទៀត​តាមលទ្ធភាព»។

រីឯ​តារា​ចម្រៀង​ផលិតកម្ម​ M លោក សន វិជ្ជបុត្រ លោក​បាន​រៀបរាប់​ថា លោក​ធ្វើ​ដំណើរ​មក​ជួយកុមារ​កំព្រា​ទាំង​នេះ​ដោយ​នាំ​មក​នូវ​របស់របរ​ជា​ការចំណាយ​ផ្ទាល់ខ្លួន និង​ថវិកា​មួយចំនួន​ពីសប្បុរសជន​រស់នៅ​សហរដ្ឋ​អាមេរិក និង​អាជីវករ​ផ្សារ​អូរឫស្សី​ផង​ដែរ។

តារា​ចម្រៀង​រូប​នេះ​ថ្លែងថា៖ «ពិត​ជា​មាន​អារម្មណ៍​អាណិត​ពួកគេ​ពន់​ពេក ដែល​ក្រៅពី​ក្រីក្រ​ហើយ​គឺ​ខ្វះភាព​កក់​ក្ដៅពី​ក្រុម​គ្រួសារ​ថែមទៀត»។

ដោយទទួលស្គាល់ថា​អាហារ និង​អំណោយ​នេះ​មិន​ច្រើន​គ្រប់គ្រាន់​សម្រាប់​តម្រូវការកុមារ​កំព្រា​ទាំង​បី​ក្នុង​​រយៈពេល​យូរ​ក្ដី ក៏​តារា​ចម្រៀង​រូបនេះ​បាន​សន្យាថា លោក​នឹង​បន្ត​សកម្មភាព​មនុស្សធម៌នេះ​ឲ្យ​បាន​ស្របគ្នានឹង​ការងារ​សិល្បៈ៕


What Next?

Recent Articles

2 Responses to "អ៊ឹម ជីវ៉ា និង សន វិជ្ជបុត្រ ជួយកុមារ​ម្ដាយ​ស្លាប់​ឪពុក​ចុះចោល​"

  1. Battambang says:

    Well done. People will remember your kindness.

  2. people says:

    GOD bless all of you’