​គណៈរដ្ឋមន្ត្រីនឹងផ្ទៀងផ្ទាត់ផែនទីយក​ពី​ប្រទេស​បារាំងនៅ​ថ្ងៃ​ទី៣កញ្ញា​​

ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 02:57 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ផែន​ទី​ប្រទេសព្រំដេន​កម្ពុជា ដែលទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ (រូបថត៖ ទេព សូនី)


​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រកាសថា នឹង​មាន​ការពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​យក​មក​ពី​ប្រទេស​បារាំង និង​ផែនទី​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខណៈ​រដ្ឋាភិបាល​រំពឹងថា​ជា​ការបិទ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែនទី​នៅ​ដំណាក់កាល​ចុងក្រោយ​។​

សេចក្ដីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេ​ញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក ខ្លួន​នឹង​រៀបចំ​ពិធី​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​ដែល​កម្ពុជា​ខ្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ជាមួយ​ផែនទី​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ លោកស្រី កុយ ពិសី មានប្រសាសន៍ប្រាប់​ VOD​ ថា នៅថ្ងៃនោះ ភាគី​បារាំង​នឹង​យក​ផែនទី​ដែល​កម្ពុជា​ខ្ចី​ពី​ប្រទេស​បារាំង​មក​ប្រគល់​ជូន​រដ្ឋាភិបាល​កម្ពុ​ជា តែ​លោក​ស្រី​នៅ​មិនទាន់​ដឹងថា ផែនទី​ដែល​បារាំង​យក​មក​ឲ្យ​កម្ពុជា​ខ្ចី​នោះ​ជា​ប្រភេទ​ផែនទី​អ្វី​នោះទេ​។ 

​លោកស្រី កុយ ពិសី ឲ្យដឹងទៀតថា លោកស្រី​ក៏​មិន​បានដឹងថា​តើ​បារាំង​នឹង​មាន​បញ្ជូន​អ្នកជំនាញ​ផែនទី​ពី​ប្រទេស​បារាំង ដូច​ការស្នើសុំ​របស់​រដ្ឋាភិបាលឬ​យ៉ាងណា​នោះ​ទេ ដោយ​លោកស្រី​បញ្ជាក់ថា លោកស្រី​នៅ​មិនទាន់​បាន​ទទួល​លិខិត​ឆ្លើយតប​របស់​ប្រធានាធិបតី​បារាំង​នោះ​នៅឡើយ​។​

លោកស្រី​បន្ថែមថា​៖ “​តែ​យ៉ាងណា​យ៉ាងណី យើង​ចាំ​មើល​ទាំងអស់គ្នា​ថ្ងៃ​(​ទី​)៣ អូន ខ្ញុំ​ក៏​អត់​ទាន់​បាន​ឃើញ​ផែនទី​ហ្នឹង​នៅឡើយ​ទាំងអស់គ្នា គ្រាន់តែ​ដឹងថា​នៅ​ថ្ងៃ​៣​គេ​នឹង​យកមក អ៊ីចឹង​យើង​រៀបចំ​ពិធី​ប្រគល់​ទទួល និង​ផ្ទៀងផ្ទាត់​ជា​សាធារណៈ​ដូចដែល​យើង​ធ្វើ​ជាមួយ​UN​ថ្ងៃ​មុន​អ៊ីចឹង​”​។ 

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កម្មវិធី​នោះ​នឹង​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​៣​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​៥​រូប គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​៥​រូប រួម​នឹង​តំណាង​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា​។ តំណាង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ចំនួន​២​រូប និង​លោក​បណ្ឌិត សុខ ទូច ព្រមទាំង​សហការី​នៃ​រាជបណ្ឌិតសភា​ចំនួន​៣​រូប​ក៏​នឹងចូលរួម​ការទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​នេះ​ផង​ដែរ​។​

អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មានប្រសាសន៍ថា ប្រតិភូ​របស់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​នឹង​ទៅ​ចូលរួម​ការពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​នេះ​។ ទោះយ៉ាងណា លោក​មិន​ទាន់​អាច​បញ្ជាក់​ថា មន្ត្រី​រូប​ណាខ្លះ​នឹង​ត្រូវ​បញ្ជូ​នឲ្យចូលរួម​នោះទេ​។ លោក​ចាត់​ទុក​ការបើកឲ្យ​មាន​ការផ្ទៀ​ង​ផ្ទាត់​ផែនទី​ជា​សាធារណៈ​ពី​សំណាក់​រដ្ឋាភិបាល​នេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​ឲ្យមាន​ការដឹង​ឮ​ជា​សាធារណៈ​ចំពោះ​ផែនទី​របស់​ប្រទេសជាតិ​។ 

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា រហូតមក​ដល់​រសៀល​ថ្ងៃ​អង្គារ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បាន​ទទួល​លិខិត​អញ្ជើញ​ណាមួយ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​។ ទោះយ៉ាងណា លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បញ្ជូន​តំណាងរាស្ត្រ​៥​រូប​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះ បើសិន​ជា​ទទួល​បាន​លិខិតអញ្ជើញ​។​
​លោក យឹម សុវណ្ណ បន្តថា ការផ្ទៀងផ្ទាត់​ផែនទី​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​លោក​ថា រឿង​ដែល​សំខាន់​មួយទៀត​គឺ​ការផ្ទៀងផ្ទាត់​នៅលើ​ដី​ជាក់ស្តែង ដែល​លោក​ថា​ត្រូវ​ធ្វើឡើង​ដោយ​មាន​តម្លាភាព និង​មាន​ការចូល​រូ​ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

លោក​បន្ថែ​ថា​៖ “​រឿង​ផែនទី​ជា​រឿង​មួយ ក៏​ប៉ុន្តែ​រឿង​ទី​២​គឺ​រឿង​បោះបង្គោល បោះបង្គោល​ហ្នឹង បោះ​ត្រឹមត្រូវ​អត់ ចូល​ដី​ខ្មែរ​ទេ មាន​ប្រជាពលរដ្ឋ​ប្តឹងផ្តល់​ទេ កន្លងមក​មាន​ប្រជាពលរដ្ឋ​ប្តឹងផ្តល់​ថា​ការបោះបង្គោល​ហ្នឹង​ធ្វើឲ្យ​បាត់​ដី​របស់​គាត់​”​។​

​ទោះយ៉ាងណា អនុប្រធានគណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​លោកស្រី កុយ ពិសី បញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​គម្រោង​នឹង​ចុះ​ទៅ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផ្ទៃដី​បន្ត​ទៀត​នោះ​ទេ ដោយ​លោកស្រី​អះអាងថា កន្លងមក​រដ្ឋាភិបាល​បានធ្វើ​កិច្ចការ​បោះបង្គោល​ព្រំដែន​នេះ​យ៉ាង​ត្រឹមត្រូវ​។ លោកស្រី​បន្ត​ថា បើសិន​ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​សង្ស័យ​លើ​ចំណុច​ណាមួយ​នៃ​ការបោះបង្គោល​ព្រំដែន លោក​ស្រី​ថា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អាច​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សាក​សួរ​នៅ​រដ្ឋសភា​បាន​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា រដ្ឋភិបាល​បាន​រៀបចំ​ពិធី​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​មកពី​អង្គការសហប្រជាជាតិ​ចំនួន​១៨​ផ្ទាំង​ម្ដង​ហើយ​។ ចំណែក រាជបណ្ឌិត្យសភា​កម្ពុជា​ក៏​បាន​ប្រមូល​ផែនទី​ពី​ភាគី​ផ្សេងៗ​រួម​ទាំង​ផែនទី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ផ្ទៀងផ្ទាត់ និង​បាន​អះអាងថា ផែនទី​គ្រប់​ប្រភព​ដែល​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សណ្ឋាន​ដូចគ្នា ហើយ​អាច​ចាត់ទុក​ថា​ត្រឹមត្រូវ​។​

​តែ​បែប​នេះ​ក្ដី ផែនទី​ចំនួន​១២៦​ផ្ទាំង​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​របស់​លោក ស៊ាន ប៉េង​សែ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង មិនទាន់​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​៕

សូម​សរសេរ​មក​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com 

What Next?

Recent Articles

2 Responses to "​គណៈរដ្ឋមន្ត្រីនឹងផ្ទៀងផ្ទាត់ផែនទីយក​ពី​ប្រទេស​បារាំងនៅ​ថ្ងៃ​ទី៣កញ្ញា​​"

  1. EU says:

    នៅក្នុងផែនទីឥណ្ឌូចិនដែលបារាំងគូស កោះត្រល់ជារបស់ខ្មែរ មិនមែជារបស់យួនឡើយ !
    https://www.youtube.com/watch?v=xsHZYekPbmg

  2. Bol says:

    ​តែ​បែប​នេះ​ក្ដី ផែនទី​ចំនួន​១២៦​ផ្ទាំង​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​របស់​លោក ស៊ាន ប៉េង​សែ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង មិនទាន់​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​៕
    ___________________________
    ដល់ម៉ោងនេះហើយ គឺវាអស់ន័យហើយ ឈប់និយាយពីផែនទីស៊ាន ប៉េងសែ ស្អីគេនោះទៀតទៅ!
    តែពួកអ្នកសរសេរ ត្រូវមើឡើងវិញផងពីអត្ថបទដែលខ្លួនសរសេរដោយមានទិន្នន័យ យ៉ាងនេះ ។ តើស៊ាន ប៉េងសែ មានផែនទីដីខ្មែរ ដល់ ១២៦ សន្លឹក មែនឬអី?