ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 04:31 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់នាយករដ្ឋមន្ត្រីថា គ្រោះរាំងស្ងួតនៅឆ្នាំនេះ បានបំផ្លាញដំណាំស្រូវប្រមាណជិត២០ម៉ឺនហិកតា ដោយសារកម្ពុជាខ្វះប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹក។
របាយការណ៍របស់ក្រសួងកសិកម្ម ចុះថ្ងៃទី៤ ខែសីហានេះ ផ្ញើជូនប្រមុខរាជរដ្ឋាភិបាលឲ្យដឹងថា ដំណាំស្រូវជាង១៨ម៉ឺនហិកតា(១៨៥៤៥១)នៅទូទាំង១៣រាជធានី និងខេត្ត រងការខូចខាតដោយសារគ្រោះរាំងស្ងួត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការខូចខាតនោះដោយសារតែគ្មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់សម្រាប់បង្ហូរទឹកទៅស្រោចស្រពដំណាំស្រូវទាំងនោះ ពេលមានគ្រោះរាំងស្ងួតកើតឡើង។
ប្រធានមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) លោក យ៉ង សាំងកុមារ លើកឡើងថា ប្រភពទឹកសម្រាប់បំពេញតម្រូវការលើវិស័យកសិកម្ម ពិតជាបញ្ហាប្រឈមធំបំផុតរបស់កសិករ។
លោកថា រដ្ឋាភិបាលមិនអាចអន្តរាគមន៍ជួយកសិករប្រកបដោយប្រសិទ្ធភាពបាន ពេលជួបគ្រោះរាំងស្ងួតម្តងៗ បើទោះបីមានធារាសាស្ត្រខ្លះ ត្រូវបានបង្កើតឡើងក៏ដោយ។
លោកដាក់ការងឿងឆ្ងល់ថា រដ្ឋាភិបាលមិនគួរឲ្យកសិករប្រឈមនឹងខ្វះស្បៀង ដោយសារតែខ្វះប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹកនេះទេ បើពិនិត្យលើកញ្ចប់ថវិកាជាតិ ដែលរដ្ឋាភិបាលមាន និងថវិកាផ្សេងៗពីម្ចាស់ជំនួយនោះ។
លោក យ៉ង សាំងកុមារ ជំរុញឲ្យរដ្ឋាភិបាលបង្កើន កញ្ចប់ថវិកាដល់ស្ថាប័នជំនាញ ដើម្បីមានលទ្ធភាព ចុះបង្រៀនកសិករនៅតាមសហគមន៍ ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ជាជាងធ្វើធារាសាស្ត្រធំៗមួយចំនួនសម្រាប់ផ្គត់ផ្គង់ដីស្រែតែមនុស្សមួយក្រុមតូច ហើយមិនបានសង្គ្រោះដំណាំកសិករភាគច្រើនជាអ្នកក្រីក្រ។ លោកបញ្ជាក់ថា៖ “យើងត្រូវគាំទ្រឲ្យកសិករហ្នឹង មានសមត្ថភាពខ្លួនឯងក្នុងការដោះស្រាយបញ្ហាទឹក ជាពិសេសកសិករធ្វើស្រែ ធ្វើម៉េចយើងជួយគាំទ្រគាត់ មានទុនដើម្បីឲ្យគាត់អាចជីកស្រះនៅតាមគ្រួសារ នៅតាមសហគមន៍។ ពួកខ្ញុំគិតថា ឥឡូវដីស្រែគាត់មួយហិកតា គាត់អាចបំលែង១០ភាគរយទៅជាស្រះទៅ ដែលអាចប្រមូលទឹកគ្រប់គ្រាន់ដើម្បីជួយទប់ទល់នឹងបញ្ហារាំងស្ងួត។ ទី២ យើងបញ្ជូនអ្នកបញ្ចេកទេស ដែលមានសមត្ថភាព មានជំនាញ និងមានការគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាល ដើម្បីចុះធ្វើការផ្ទាល់ជាមួយកសិករដើម្បីជួយពង្រឹងសមត្ថភាពគាត់ ដើម្បីឲ្យគាត់អាចផលិត និងរកបានប្រាក់ចំណូលខ្ពស់ពីមុខរបរកសិកម្មនេះ”។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត អះអាងថា ថ្មីត្បិតតែរបាយការណ៍នោះបញ្ជាក់ពីផលប៉ះពាល់ពីគ្រោះរាំងស្ងួត ប៉ុន្តែលោកថា ក្រសួងបានអន្តរាគមន៍ទាន់ពេល នៅបណ្តាខេត្តខ្លះ តាមរយៈយន្តការដែលមានស្រាប់ ដែលលោកគិតថាវិធានការទប់ស្កាត់នេះ នឹងបង្កលក្ខណៈងាយស្រួលដល់កសិករ អាចឲ្យពួកគេដាំដុះឡើងវិញបាន មិនបារម្ភពីវិបត្តិស្បៀង ទៅថ្ងៃខាងមុខឡើយ។ លោកថា៖ “ករណីឆ្នាំហ្នឹង ដូចខ្ញុំបានជម្រាបជូនខាងលើហ្នឹង ប៉ះពាល់វាមានច្រើន ប៉ុន្តែប៉ះពាល់ហ្នឹងមិនធ្វើឲ្យខូចខាតទេ អ៊ីចឹងវាអត់មានស្អីដែលគួរជាទីបារម្ភ គ្មានអ្វីដែលជាគួរទីចាត់វិធានការលើសពីអ្វីដែលជាយន្តការដែលយើងមានស្រាប់ហ្នឹង ហើយបានអនុវត្តហើយផងដែរ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការផ្តល់ជំនាញផ្នែកកសិកម្ម ដល់កសិករខ្មែរ លោកថា កម្ពុជាពិតជានៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាវៀតណាម និងថៃ។
លោកបន្តថា ភាពកម្សោយនៃការជួយសង្គ្រោះកសិករនេះ អាចមកពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជំនាញខ្លះ ដែលលោកថា បានបង្កើនកញ្ចប់ថវិកាផ្តោតទៅលើការចុះមូលដ្ឋាន ដើម្បីទាក់ទាញប្រយោជន៍នយោបាយ ច្រើនជាងការចុះបង្កើនជំនាញកសិកម្មដល់កសិករ ។ លោកថា៖ “បើយើងនិយាយពីការងារតាមមូលដ្ឋាន ខ្ញុំនិយាយឲ្យត្រង់ទៅ គឺកសិកម្មហ្នឹងខ្សោយមែនទែន រហូតដល់ពេលខ្លះភ្នាក់ងារកសិកម្មនៅតាមជនបទ គ្នារកតែលុយចាក់សាំងម៉ូតូទៅមិនបានផង បើយើងប្រៀបធៀបជាមួយពេទ្យជាមួយខាងអប់រំ”។
បើតាមក្រសួងកសិកម្ម គិតត្រឹមដើមខែសីហា ឆ្នាំ២០១៥នេះ ដំណើរការនៃការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចបានជាង២លានហិកតា(២១២៣៦២៩ហិកតា) ស្មើនឹងជាង៨២%នៃផែនការ។ ចំនួននេះក្រសួងថា តិចជាងឆ្នាំមុនជាង៦ម៉ឺនហិកតា(៦០៧៥១)បើប្រៀបធៀបរយៈពេលដូចគ្នា។
ក្រសួងកសិកម្មអះអាងថា នៅពេលនេះទឹកភ្លៀងបានធ្លាក់រាយប៉ាយនៅទូទាំងប្រទេសវិញហើយ ធ្វើឲ្យកសិករអាចដាំដុះឡើងវិញបាន លើកលែងតែខេត្តប៉ៃលិនមួយប៉ុណ្ណោះ ដែលការដាំដុះនៅមានកម្រិតទាបនៅឡើយ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ហេតុអី ម៉េចបានជា រដ្ឋាភិបាលកម្ពុជា អន់ជាង រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលវៀតណាម ? !
យើងជា មនុស្ស នឹងគេ ដែរ ម៉េចបានជា ខួរក្បាល អន់ជាងគេ ???????????????
under this leader their solution is to get rich fast. cut down all the trees made the whole country cold no need air conditioning the win will flow freely. do not worry a bout the water they have a giant pip to pump the water from VEITNAM and THAILAND