​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជិត​២០​នាក់​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com


អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួននៅ​ព្រឹក​នេះ (រូបពីហ្វេសប៊ុក)


​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​សរុប​ជិត​២០​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តកោះកុង​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ហេតុការណ៍​នៃ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​បរិស្ថាន​៣​រូប​ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​ពេល​កន្លង​ទៅ​។ 

​នាយករង​ទទួលបន្ទុក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​លោក ថាវ គឹម​សាន ឲ្យ​VOD​ដឹងថា រូបលោក និង​មន្ត្រី​អង្គការ​លីកាដូ​៤​នាក់​ទៀត មន្ត្រី​សមាគម​អាដហុក​ហុង​ម្នាក់ អ្នកសារព័ត៌មាន​២​នាក់ និង​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី ខណៈ​ដែល​ពួក​លោក​ចុះ​សង្កេតមើល​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តថា នៅ​ព្រឹក​នេះ ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បាន​នាំ​គ្នា​បន្ត​ធ្វើ​ការតវ៉ា​នៅមុខ​សាលាដំបូង​រាជខេត្ត​កោះកុង តែ​ស្រាប់តែ​មាន​ក្រុមអ្នកតវ៉ា​មួយក្រុម​ផ្សេងទៀត បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ពួក​គាត់​ចំពោះ​ការតវ៉ា​ឲ្យមាន​ការដោះលែង​យុវជនប​រិ​ស្ថានទាំង​៣​នាក់​។ លោក​ថា ក្រុម​ថ្មី​នោះ​បាន​ចោទ​ពួក​គាត់​ថា បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថា​ន និង​ទាមទារ​ឲ្យ​ពួកគាត់​បញ្ឈប់​ការតវ៉ា និង​ត្រឡប់ទៅផ្ទះ​វិញ​។​

​លោក ថាវ គឹម​សាន បន្តថា ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បាន​នាំគ្នា​ឈប់​តវ៉ា រួច​នាំគ្នា​ដើរទៅ​វេទិការ​នៅ​វាល​បាល់ទាត់​ដែល​ពួកគាត់​ស្នាក់នៅ តែ​ត្រូវ​ក្រុម​អាជ្ញាធរ និង​ក្រុមអ្នកតវ៉ា​មួយ​ក្រុម​ទៀត​តាម​ទៅ​រុះរើ និង​ឃាត់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​មួយចំនួន​។ ទោះយ៉ាងណា លោក​ថា លោក​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​នៃ​ការចាប់ខ្លួន​នោះទេ​។​

​វី​អូ​ឌី​(VOD)​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​កោះកុង​លោក ប៊ុន លើ​ត និង​អភិបាលរង​ក្រុង​ខេមរភូមិន្ទ​លោក ប៉ែន ប៊ុនឈួ​យ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល​។​ ចំណែក​ស្នងការ​នគរបាល​ខេត្ត​កោះកុង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយលោក​អះអាង​ថា លោកកំពុង​មាន​ភារកិច្ច​នៅ​ភ្នំពេញ និង​​មិនបាន​​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។

​គួរបញ្ជាក់​ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី​សាលាក្រុង​ខេមរភូមិន្ទ​បានចេញ​បំរាម​មិន​ឲ្យមាន​ការ​ជួបជុំតវ៉ា ដោយ​ចោទ​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​បាន​ដាក់​កំហិត​ដល់​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ត​វ៉ា នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០២ កញ្ញា​នេះ ដោយ​ព្រមាន​ថា​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់​។ 

​គួរ​រំ​ឮ​កថា ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​ស្នាក់នៅ​វាល​បាល់ទាត់​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែ​សីហា ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​រួមមាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ិម សំណាង​។ អ្នក​ទាំង​៣​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា កន្លងទៅ ដោយ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ធ្វើឲ្យ​ខូចខា​តរបស់​អ្វីមួយ តាម​មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​៕


​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles

3 Responses to "​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជិត​២០​នាក់​​"

  1. ឆ្មាខ្មៅ says:

    រដ្ឋាភិបាលបង្កើតល្បែងយកបន្លាជួសបន្លា នរណាក៏ដឹងដែរថាក្រុមនេះគឺរដ្ឋាភិបាលបង្កើតទ្បើងដើម្បីបង្កហេតុរួចឈានទៅចាប់សកម្មជនដោយយកលេសថាបង្ករអស្ថេរភាពសង្គម ល្បែងនេះគ្រោះថ្នាក់ណាស់ដលទ្ធិប្រជាធិប្បតេយ្យ។

  2. :( says:

    ចាប់ទៅចាប់អោយអស់ទៅខំធ្វើទៅតែសន្លឹកឆ្នោតខ្ញុំនៅតែមិនបោះអោយCPPទេ

  3. អាជ្រូកកូនអាណាល់ says:

    ជិតដល់ខែកាន់បិណ្ឌហើយ ប្រហែលពួកអាទមិឡទាំងនោះ បានទៅស៊ីបាយបិណ្ឌ ជាមួយនរក ប្រែត​ ហើយមើកទៅ