ដោយ ដែន អយុធ្យា
2015-09-07
RFA

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីប្រកាសផ្លាស់ប្ដូរអភិបាលខេត្តព្រះសីហនុ នាសាលាខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Den Ayuthyea
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីឆ្នេរសមុទ្រ រំលោភបឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ ជាដើម ដែលទុករក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ឲ្យដកខ្លួនជាបន្ទាប់បើមិនចង់បាត់បង់តួនាទី។
សារព្រមាននេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួន មានមូលដ្ឋានក្នុងខេត្តទេសចរណ៍មួយនេះ ប៉ុន្តែស្នើឲ្យការអនុវត្តមានប្រសិទ្ធភាព។
សារព្រមានធ្ងន់ៗមិនចំឈ្មោះនេះ ធ្វើឡើងនៅចំពោះមុខមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះធ្វើឡើងនៅក្នុងពិធីប្ដូរតំណែងអភិបាលខេត្តព្រះសីហនុ ថ្មី លោក យន្ត មីន ដែលអភិបាលខេត្តបច្ចុប្បន្ន លោក ឈិត សុខុន ត្រូវគ្រប់អាយុចូលនិវត្តន៍នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែកញ្ញា។
នាឱកាសនោះ លោក ស ខេង បានព្រមានមិនបញ្ចេញឈ្មោះដល់មន្ត្រី ឬអ្នកពាក់ព័ន្ធសកម្មភាពរំលោភយកដីឆ្នេរសមុទ្រ ដីចំណីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាត ឬទឹកសាបទុកប្រើប្រាស់នៅទូទាំង ខេត្តព្រះសីហនុ ដែលបានរំលោភយកដីរដ្ឋខុសច្បាប់ទាំងនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើចង់សុខខ្លួន បើមិនដូច្នេះទេ មន្ត្រី ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនោះនឹងត្រូវរងទុក្ខធ្ងន់ទៅតាមច្បាប់៖ «ខ្ញុំសង្កត់ធ្ងន់ គឺការរំលោភយកដីធ្លីនៅតំបន់ដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយ និងដីនៅមាត់បឹងព្រែកទប់ ដើម្បីរក្សាប្រភពទឹកស្អាតទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ។ បញ្ហានេះខ្ញុំដឹងថា អស់លោកមានការលំបាកក្នុងការដោះស្រាយ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយឲ្យបានល្អ»។
សារព្រមានរបស់លោក ស ខេង បែបនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួននាខេត្តព្រះសីហនុ ប៉ុន្តែបានស្នើដល់ថ្នាក់ដឹកនាំរូបនេះជួយតាមដានការអនុវត្តការងារសេចក្ដីណែនាំរបស់មន្ត្រីខេត្តព្រះសីហនុ ឲ្យបានជាប្រជាចាំ ដើម្បីឲ្យការអនុវត្តនេះមានប្រសិទ្ធភាព។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែលត្រូវមន្ត្រីសាលាខេត្តនេះអញ្ជើញឲ្យចូលរួមក្នុងពិធីផ្លាស់ប្ដូរតំណែងអភិបាលខេត្តព្រះសីហនុថ្មី កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា បានចាត់ទុកប្រសាសន៍របស់លោក ស ខេង ថា ជាការពេញចិត្តមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ទោះបីសារព្រមាននេះប៉ះពាល់ទៅលើផលប្រយោជន៍ជនរំលោភដីឆ្នេរសមុទ្រ ចំណីដីមាត់បឹង ឬដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ខុសចិត្តមន្ត្រី ឬឈ្មួញមួយចំនួនបែបណាក្តី។ ប៉ុន្តែលោក ស ខេង ហាក់បង្ហាញជំហរចង់បោសសំអាតមន្ត្រីខិលខូចរបស់ខ្លួន។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធ រំពឹងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្មី ទើបចូលកាន់តំណែង នឹងអនុវត្តទៅតាមប្រសាសន៍ណែនាំរបស់លោក ស ខេង ដោយការទទួលខុសត្រូវខ្ពស់៖ «ពាក់ព័ន្ធដីឆ្នេរសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ច្បាស់ថា មិនឲ្យមានការឃុបឃិតពីមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន កុំឲ្យចេញប័ណ្ណកម្មសិទ្ធិដល់មន្ត្រីខិលខូចនោះទេ ហើយបច្ចុប្បន្ននេះ ឆ្នេរមួយចំនួនត្រូវមន្ត្រី និងអ្នកមានទ្រព្យធនមួយចំនួនហ៊ុមព័ទ្ធរបងថ្មីធ្វើកម្មសិទ្ធិមិន ឲ្យពលរដ្ឋ ឬភ្ញៀវទេសចរដើរកម្សាន្តនោះទេ»។
ស្រដៀងគ្នាដែរ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានគាំទ្រសារព្រមានរបស់លោក ស ខេង ដែលព្រមានដល់អ្នកជាប់ពាក់ព័ន្ធសកម្មភាពរំលោភដីឆ្នេរសមុទ្រ ដីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ ជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវតាមដានសកម្មភាពមន្ត្រីថ្នាក់ក្រោមនាខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ ដើម្បីឈានដល់អនុវត្តអនុសាសន៍របស់លោកមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ ព្រោះបទល្មើសផ្សេងៗដែលធ្លាប់កើតមាននៅក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ មានមន្ត្រីមានតួនាទីមួយចំនួនក្នុងខេត្តនេះបានជាប់ពាក់ព័ន្ធបទល្មើសមួយចំនួននោះ៖ «ខ្ញុំមើលឃើញថា សកម្មភាពនៃការរំលោភដីឆ្នេរសមុទ្រ ឬដីសាធារណៈរបស់រដ្ឋនាខេត្តព្រះសីហនុ គឺមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ អ្នកទន្ទ្រានកាន់កាប់ដីនៅតំបន់ក្បាលឆាយ ឬតំបន់មាត់បឹងព្រែកទប់ ឬដីមាត់ឆ្នេរសមុទ្រក្តី គឺមិនទាន់ឃើញអាជ្ញាធរខេត្តមានវិធានការ ឬតុលាការបែបណាទេ»។
ឆ្លើយតបប្រសាសន៍ផ្តាំផ្ញើរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្មី ដែលមានផ្ទៃមុខជ្រីវជ្រួញ ឬជរាជាងអភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន គឺលោក ឈិត សុខុន ត្រូវគ្រប់អាយុចូលនិវត្តន៍ បានឡើងប្ដេជ្ញាថា នឹងខំប្រឹងអនុវត្តតាមបណ្ដាំ ឬអនុសាសន៍របស់លោក ស ខេង ដើម្បីបង្កលក្ខណៈឲ្យខេត្តទេសចរណ៍មួយនេះមានសុវត្ថិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងក្រុមអាជីវករ រស់នៅខេត្តព្រះសីហនុ ថ្លែងថា នឹងរងចាំមើលបន្ទាប់ពីការផ្លាស់ប្ដូរតំណែងអភិបាលខេត្តថ្មី នៃខេត្តទេសចរណ៍មួយនេះ ថាមានការផ្លាស់ប្ដូរ ឬក៏អាចរឹបអូសយកដីឆ្នេរសមុទ្រ ដីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយមកដាក់ជាសម្បត្តិរដ្ឋវិញបានឬទេ បន្ទាប់ពីត្រូវបានមន្ត្រីមានតួនាទីធំៗ និងឈ្មួញបានឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិនៅពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរមានសមត្ថកិច្ចរងការរិះគន់ថាអនុវត្តការចាប់ខ្លួនអ្នកគំរាមសម្លាប់មិនតម្លាភាព
- លោក សម រង្ស៊ី៖ ការផ្ទៀងផ្ទាត់ផែនទីតែមួយមិនគ្រប់គ្រាន់ទេ
- “លោក ហ៊ុន សែន មិនមែនជាគំរូនៃការផ្លាស់ប្ដូរសង្គម”
- សមត្ថកិច្ចចាប់បានជនសង្ស័យគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច
- ប៉ូលិសបដិសេធថាគ្មានឈ្មោះតំណាងពលរដ្ឋទារដកប្រាក់មូលនិធិទូរទស្សន៍បក្សប្រឆាំង
- អនុប្រធានប្រតិបត្តិស្រុកព្រៃកប្បាសបក្សប្រឆាំងត្រូវបានស្នងការខេត្តតាកែវឃុំខ្លួន
- លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងឲ្យឈប់យករឿងផែនទីធ្វើជារឿងនយោបាយ
- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនឹងធ្វើសមាជលើកទី១នៅថ្ងៃទី៩កញ្ញា
- សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ
Bla , bla,bla …
Thanks Mr.Vice PM Sar Kheng for attention to this invasive act of those ranking officials .
Why there are so much WARNING to these corrupts who know the laws but continue to abuse because of their greed. There should have been punishment imposed on them already. Why rules of laws applied to those poor and disadvantages.
Plenty of warning to people in the party and associates, but these people continue to abuse Cambodian citizens, stealing public assets and most of all they do damage CPP reputation. If not clean up, these suckers will fail the CPP election in 2018.
Please stop suppression but start clean up CORRUPTION to ensure election winning.
Samneang
the cancer in CPP never can be getting better as long as that ugly leader still in power. I can see that if some of this top officer of CPP was not only clapping their hand supported that ugly guy he can not do whatever he wanted. let say if those ugly face leader bringing all these top officer to hell whit him my question is do they going whit him???? your life can not be lasting forever Mr DO SOME THING GOOD FOR HUMMENBEING…….
ហាស ហា ហា!!យើងទាំអស់គ្នា នឹងបើកភ្នែកចាំមើល តើសំដីលោក ស ខេង មានឥទ្ទិពលប៉ុណ្ណា ? តើពួកក្រុមអាងអំណាច និងក្រុមមានលុយវាស់ម៉ែត្រអាចញ៉ុកមាត់លោក ស ខេងបានឬទេ តើពួកមហិច្ឆតាទាំងនោះធ្វើតាមសំដីលោក ស ខេងទេ តាមមើលទៅគ្មានសង្ឃឹមទេ ព្រោះកន្លងមកឆ្លងកាត់ប៉ុន្មានចៅហ្វាយខេត្តទៅហើយ នៅតែដដែល តែទោះយ៉ាងណា លើកនេះ ប្រហែលមានសង្ឃឹមតិចៗ ដោយមនសិការជាតិរបស់លោកចៅហ្វាយខេត្តថ្មី សូមជូនពរឪ្យលោក យន្ត មីន ប្រកបកិច្ចការនេះឪ្យបានសម្រេចតាមសំដីលោក ស ខេង ហើយសូមឪ្យមានគំនិតប្រឡងប្រណាំងក្នុងការអភិវឍ្ឍន៏ផង កុំឲ្យចាញ់ខេត្តកែប ព្រោះសព្វថ្ថៃនេះ កំពង់សោម ចាញ់កែបដាច់ រកហៅមិនឭ ប្រឹងឡើងដើម្បីកិត្តិយសខេត្ត ក្នុងនាមនៃក្រុងទេសចរ ។