លោក សួស សងវាចា ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ដ​នៅ​វៀតណាម

​រូបភាព​កញ្ញា ស៊ុន ស្រីពេជ្រ បាន​ទៅ​សួរសុខទុក្ខ​លោក សួស សងវាចា ដល់​មន្ទីរ​ពេទ្យ​ជោរី​ភ្នំពេញ​។ រូបថត ហ្វេសប៊ុក​

​រូបភាព​កញ្ញា ស៊ុន ស្រីពេជ្រ បាន​ទៅ​សួរសុខទុក្ខ​លោក សួស សងវាចា ដល់​មន្ទីរ​ពេទ្យ​ជោរី​ភ្នំពេញ​។ រូបថត ហ្វេសប៊ុក​



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទាប់​ពី​ទទួលបាន​ការ​សង្គ្រោះ​បន្ទាន់ពី​ក្រុម​គ្រូពេទ្យនៅ​មន្ទីរពេទ្យ​ជោរី​ភ្នំពេញ​ពីអាការ​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល ដែល​បណ្តាល​មក​ពី​ដួលបោកក្បាល​ ពី​ល្ងាច​ថ្ងៃទី ៥​ ខែ​កញ្ញា​នោះ​ នៅ​ព្រឹក​ថ្ងៃទី ៧ ​ម្សិលមិញ​ តារា​ចម្រៀង​សំនៀង​ស្រទន់​លើ​បទ​ចម្រៀង​មនោសញ្ចេតនា ​លោក ​សួស ​សងវាចា ក៏​ត្រូវ​បាន​ក្រុមគ្រួសារបញ្ជូនទៅ​សង្គ្រោះ​បន្ដ​នៅ​មន្ទីរ​ពេទ្យ​នៃប្រទេស​វៀតណាម​។

តាម​ការ​បញ្ជាក់​ពី​ក្រុមគ្រួសារ​ តារាចម្រៀង​សំឡេង​ផ្អែម​ សួស​ សង​វាចា​ ធ្លាក់​ខ្លួន​ឈឺ​តាំងពី​ល្ងាចថ្ងៃទី ៥​ ខែ​កញ្ញា​កន្លង​ទៅ​ខណៈលោក​កំពុង​រត់​ហាត់ប្រាណ​មុខផ្ទះ ក៏​ស្រាប់​តែ​ទន់ជើង​ដួល​តែ​ម្ដង​។ ការដួលនេះ​បង្ក​ឲ្យ​ដាច់​សរសៃឈាម​ ​ហើយ​ពេល​នេះ​លោកមាន​អាការស្លាប់​មួយ​ចំហៀង​ខ្លួន​គួរ​ឲ្យ​បារម្ភ​។

បុរស​ដែល​ទទួល​ទូរស័ព្ទ​លោក​ សួស​ សង​វា​ចា និងបាន​អះអាង​ថា ជាបងប្រុស​នោះ លោក​បានប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែកញ្ញាថា៖ «នៅ​ព្រឹក​នេះ​ ប្អូនប្រុស​ខ្ញុំ​ [វា-ចា] ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ប្រទេសវៀតណាម​បន្ដ​ បន្ទាប់​ពីបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យជោរី​ភ្នំពេញ​។

បងប្រុស​លោក សួស ​សងវាចា មិន​បានរៀបរាប់​ច្រើន​ទេ ខណៈ​​លោក​ប្រាប់​ថា លោកកំពុងតែ​នៅ​លើរថយន្ដ​​សង្គ្រោះ​ដើម្បី​ឆ្ពោះទៅវៀតណាម​ដោយគ្រាន់តែ​បញ្ជាក់​ថា៖ «​ការ​ដែល​ត្រូវបញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​​នៃ​ប្រទេសវៀតណាម ព្រោះ​តែស្ថានភាពជំងឺ​ប្អូន​នៅ​មិនទាន់​មានភាព​ប្រសើរនោះឡើយ»។


PPP-Suos-Sangveacha-souy-songvecha_0

រំឭក​ពី​តារា​ចម្រៀង​ប្រាក់ អារុណ ជា​ប្អូន​ធម៌​លោក សួស សងវាចា ​ដែល​​បាន​ទៅ​សួរសុខទុក្ខ​ លោក សួស សងវាចា​ មុន​ពេល​លោក​​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀត​ណាមនោះ ​បាន​ប្រាប់ថា ​លោក​ សួស​ សងវាចា បានធូរ​បន្តិចខ្លះ​​ហើយ​ ដោយ​អាច​និយាយ​បាន​ខ្លះ ​និង​មាន​ស្មារ​តី​ធម្ម​តា​អា​ច​ចង​ចាំ ​ឬ​ស្គាល់​អ្នក​ទៅសួរសុខទុក្ខបាន​។ ប៉ុន្តែ​ តារា​ចម្រៀង​ជើង​ចាស់​រូបនេះ ​នៅ​មិន​ទាន់​អាច​កម្រើក​ ឬ​អង្គុយ​បាន​នៅ​ឡើយ​ទេ​។

ប្រាក់ អារុណ ​បាន​បញ្ជាក់​​ប្រាប់​ថា៖ «​ក្រុម​គ្រួសារ​ចង់​ឲ្យ​គាត់​ឆាប់​ជា​សះ​ស្បើយ​លឿន​ជាង​នេះ​ ទើបសម្រេច​ចិត្ត​បញ្ជូន​ទៅ​ព្យាបាល​បន្ដ​នៅ​វៀតណាម​តែម្ដង»។

ក្នុង​​ជំហ​រយល់​ដល់​ទុក្ខធុរៈមិត្ដ​ភក្ដិ​រួម​​អាជីព​គ្រាមាន​ទុក្ខ​នោះ នៅ​ព្រឹកថ្ងៃ​ទី ៧ ខែកញ្ញានេះ ពី​សមាគមន៍​សិល្បៈ​ខ្មែរ ក៏​បាន​កៀរគរ​​សិល្បករ សិល្បការិនី​ជា​ច្រើន​ដើម្បី​ទៅ​សួរសុខ​ទុក្ខ​ និង​លើកទឹកចិត្ត​លោក សួស សង​វាចា នៅ​មន្ទីរ​ពេទ្យ​ជោរី​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​បានខកដំណើ​រព្រោះ​តែ​លោក​ត្រូវ​បាន​ក្រុម​គ្រួសា​របញ្ជូន​ទៅ​សង្គ្រោះបន្ត​នៅ​ប្រទេស​វៀត​ណាម​ភ្លាមៗ​។

រំឭកថា​ ក្នុង​វ័យ ៤៩ ឆ្នាំ និង​ធ្លាប់​បាន​បម្រើ​វិស័យ​សិល្បៈ​ជិត ២០ ឆ្នាំ លោក សួស សង​វាចា ជា​តារា​ច​ម្រៀ​ង​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង ​និយ​មច្រៀង​ចម្រៀងមនោ​សញ្ចេតនា។ លោក​​ធ្លាប់បានច្រៀង​ឲ្យ​​ផលិ​ត​កម្ម​ជា​ច្រើន​ទាំងក្នុង និង​​ក្រៅ​ប្រទេស ​ដូច​ជា​ ផលិត​កម្ម​ ហង្សមាស រៃមាស​ តោ​មាស​ និង​បុប្ផា​ជាដើម​ ​ពិសេស​បទ​ចម្រៀង​របស់​កាក​បាទ​ក្រហម​កម្ពុជា​ និង​បទ​ចម្រៀង​របស់​ក្រសួង​ទេសចរណ៍​ផង​ដែរ​៕


What Next?

Recent Articles

3 Responses to "លោក សួស សងវាចា ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ដ​នៅ​វៀតណាម"

  1. Khmer says:

    I hope, you’ll get well soon!!!!

  2. Pa Pa says:

    I wish you be better!

  3. Lsowell says:

    Let’s pray for his complete recovery.