
កុមារា ហូ សំណាង វ័យ ១២ ឆ្នាំ (កណ្តាល) ពេលនៅជុំជាមួយជីដូនជីតា និងប្អូនប្រុសតូចៗទាំងបួននាក់។ រូបថត អង្គការ ព.អ.ក
Fri, 18 September 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
បាត់ដំបង: មានឈ្មោះ សំណាង តែស្ថានភាពជីវិតពិតប្រាកដវិញគឺសែនលំបាកលំបិនគ្មានទីពឹងនោះឡើយដូចជាចកអណ្តែតរសាត់តាមខ្សែទឹកអ៊ីចឹង! នៅក្មេងខ្ចីវ័យត្រឹម ១២ ឆ្នាំសោះកុមារា ហូ សំណាង បានស្គាល់រសជាតិល្វីងជាអ្នកទទួលបន្ទុក ថែទាំប្អូនតូចៗដូចជាមេគ្រួសារជំនួសឪពុកម្តាយទៅហើយ! កុមារាដ៏កំសត់ជាកូនច្បងនេះបានដើររើសខ្យង ជីកក្តាម និងនេសាទត្រីជាមួយជីតា និងជីដូនមានវ័យហាសិបប្លាយអវិជ្ជាគ្មានរបរអាជីពអ្វីដើម្បីចិញ្ចឹមជីវិត។
ស្ថានភាពនេះ សំណាងបានស្គាល់បន្ទាប់ពីឪពុកម្តាយបានចែកផ្លូវគ្នារត់រកតែអាត្មារៀងៗខ្លួនបាត់ ដោយទុកចោលកូនៗឲ្យរស់នៅយ៉ាងកណ្តោចកណ្តែងនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ឌុល វន្នី ប្រធានកម្មវិធីចុះជួយសហគមន៍ក្រីក្ររបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ព.អ.ក) រៀបរាប់ដឹងពីជីវភាពរបស់កុមារា ហូ សំណាង ថា៖ «កាលខែមីនា ឆ្នាំ ២០១៤ ក្រុមការងាររបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដឹកនាំដោយព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ បានចុះអប់រំផ្នែកសីលធម៌ដល់ប្អូនៗសិស្សានុសិស្សនៅបឋមសិក្សាអាងភាស ភូមិគោកដួង ឃុំពាមឯក។
នាថ្ងៃនោះដែរ ព្រះតេជគុណ បានបង្ហាត់បង្រៀនដល់ប្អូនៗអំពីសីលធម៌រស់នៅក្នុងសង្គម និងអនាម័យ តែជាចៃដន្យបានជួបប្អូនប្រុស ហូ សំណាង អាយុ ១១ ឆ្នាំ ដែលរៀនថ្នាក់ទី ២ មានបងប្អូន ៥ នាក់ ប្អូនជាកូនទី ១ ដោយសារឪពុកម្តាយបែកបាក់គ្នា ដោយឪពុកមានប្រពន្ធថ្មី និងម្តាយទៅធ្វើការនៅថៃបាត់ ប្អូនត្រូវរស់នៅជាមួយជីតាឈ្មោះ មន ហូ មានអាយុ ៥៨ ឆ្នាំ និងជីដូនឈ្មោះ សយ សួត អាយុ ៥៩ ឆ្នាំ សមាជិកគ្រួសារសរុប ៧ នាក់»។
ទោះបីជាក្នុងឯកសណ្ឋានជាសិស្សសាលា ដែលដាច់រហែកលាយពណ៌ខ្មៅ ប្រឡាក់ដោយដី និងភក់ ហើយលាយឡំទឹកមុខដ៏ស្រងូតស្រងាត់ឈឺចាប់ដោយសារតែឈឺដំបៅមានខ្ទុះពេលត្រូវធ្មុងត្រីអណ្តែងមុតដៃឡើងហើមស្ទុលយ៉ាងណាក្តី ក៏ក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់នេះ នៅតែតស៊ូមករៀនសូត្រក្រេបយកនូវចំណេះវិជ្ជាជាមួយនឹងមិត្តភក្តិដូចសព្វមួយដងមិនដែលខាន និងរៀនពូកែបានចំណាត់ថ្នាក់លេខ ២ ប្រចាំថ្នាក់ទី ៣ សម្រាប់ឆ្នាំ ២០១៥ នេះទៀតផង។
លោក ឌុល វន្នី បន្ដថា៖ «ឥឡូវនេះ ដោយសារតែចង់ជួយសម្រាលដល់ជីវភាពគ្រួសារក្រីក្រ ពេលសម្រាកពីការសិក្សាប្អូនសំណាង ត្រូវឆ្លៀតដើររើសខ្យង ក្តាម និងនេសាទត្រីជាមួយនឹងតា ខណៈពេលខ្លះត្រូវដើររើសតែម្នាក់ឯង ដើម្បីយកមកលក់បានលុយបន្តិចបន្តួចមកទំនុកបម្រុងគ្រួសារ និងការសិក្សារបស់ប្អូនទៀតផង»។
ដោយសារគ្រួសារមានសមាជិកច្រើន (ប្អូនប្រុសតូច ៤ នាក់ និងជីដូនជីតាចាស់ ២ នាក់) ទោះបីជាប្អូនខិតខំប្រឹងប្រែងនេសាទរកត្រី ជីកក្តាម ដើររើសខ្យងខ្ចៅនៅក្រៅម៉ោងសិក្សាយ៉ាងណា ក៏ជីវភាពនៅតែមានការខ្វះខាតដដែល ព្រោះថាប្អូននៅវ័យក្មេងហើយត្រូវខំសិក្សាផង និងខំរកថវិកាដើម្បីចិញ្ចឹមគ្រួសារផង។
ដើម្បីអនាគត និងគ្រួសាររបស់ប្អូន ប្រុស ហូ សំណាង ហើយបានឃើញវីរភាពរបស់ប្អូនទាំងនៅក្មេងខ្ចីដូច្នេះ អង្គការព.អ.ក ក៏បានជួយសម្រួលសម្រាលនូវជីវភាព និងសិក្សាដល់ប្អូនខ្លះ ដោយបានជួយជាថវិកា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារសិក្សាមួយចំនួនទៅតាមធនធានសប្បុរសធម៌ផ្ដល់ឲ្យតែប៉ុណ្ណោះ៕

មានស្ថានភាពរបស់កុមារ និងគ្រួសារជាច្រើន ដែលមានស្ថានភាពបែបនេះ។ ពួកគេខិតខំប្រឹងរស់ យ៉ាងត្រដាបត្រដួស ដោយបំពេញនូវកត្តបកិច្ចជា ជីវិតមនុស្សដ៏ល្អក្នងសង្គម។ បើខ្ញុំជានាយករដ្ឋមន្រ្តី វិញ ខ្ញុំត្រូវគិតការគាំទ្រដល់កុមារលើការអប់រំ និងសន្តិសុខសង្គម ជាវិស័យអាទិភាពដល់ពួកគេ។
ទាំងនេះអាចបំពេញបានដោយរ៉ៃអង្គាសពីអ្នកវិនិយោគទុន ឬបង្កើតជាមួលនិធិសង្គ្រោះតាមរយៈការបរិចាកពីសម្បុរសជន ០១នាក់ តែ ១០០ រៀលក្នុង ០១ខែ ឬកាត់បន្ថយអំពើពុករលួយ ០១%ក្នុង ០១ខែ ពីគ្រប់រូបភាព (នេះមិននិយាយថាលុបបំបាត់អំពើពុករលួយទេ)។