ដោយ៖ លី បេឡា | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 05:45 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
យ៉ាងហោចណាស់មានអ្នកសារព័ត៌មាននិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលប្រមាណ១១នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យម្សិលមិញ ពាក់ពន្ធ័នឹងការចាប់ជម្រិតទារប្រាក់ពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញនិងដឹកកសិផល។
ស្នងការរងនគរបាលខេត្តកំពង់ធំ លោក លឹម ហេន ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ១១នាក់ នៅក្នុងស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំជាប់ព្រំប្រទល់ខេត្តព្រះវិហារ។ លោកថាក្នុងនោះ៧នាក់ ជាអ្នកកាសែតរបស់សារព័ត៌មានជ័យជម្នះថ្ងៃ៧មករានិងបុគ្គលិកអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើដែលជាស្ថាប័នតែមួយ។ ចំណែក៤នាក់ទៀត លោកថាជាអ្នកសារព័ត៌មាននិងបុគ្គលិកអង្គការការពារធនធានធម្មជាតិ បរិស្ថាន អង្គការអភិរក្សព្រៃឈើនិងអភិរក្សធនធានធម្មជាតិនិង សហគមន៍អ្នកសារព័ត៌មានឃ្លាំមើលកម្ពុជា ។
លោក លឹម ហេន បន្ថែមថាការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងពីប្រជាពលរដ្ឋនិង អាជ្ញាធរភូមិថាជនសង្ស័យទាំង១១នាក់នេះបានស្ទាក់និងចាប់ជម្រិតទារលុយពីប្រជាពលរដ្ឋដែលដឹកទំនិញតាមដងផ្លូវក្នុងស្រុកបាល័្លង្ក ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក សុំ សាម៉េត ដែលជានាយកកាសែតជ័យជម្នះថ្ងៃ៧មករានិងជាប្រធានអង្គការអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និង ព្រៃឈើដែលជាស្ថាប័នតែមួយបាន បដិសេធការចោទប្រកាន់នោះ។ លោកថាករណីនេះអាចជាវិធីសាស្រ្តបំបិទភស្ដុតាងរបស់អាជ្ញាធរ ព្រោះកន្លងមកសារព័ត៌មានរបស់លោកបានចុះផ្សាយទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើរបស់ឈ្មួញនិង មន្រ្តីមានអំណាចក្នុងស្រុកបាល្ល័ង្កនោះ។ លោកមានប្រសាសន៍ថា៖ “វាមិនមែនជាការពិតទេដែលថាជម្រិតជាលុយពីប្រជាពលរដ្ឋ តើគាត់ដឹកកសិផលពីការប្រមូល ព្រៃឈើ ឬក៏គាត់ដឹកស្រូវអង្ករឬយ៉ាងម៉េច ខ្ញុំនឹងធ្វើសេចក្ដីថ្លែងការណ៍មួយ បើសិនជាគាត់ប្រព្រឹត្តបទល្មើសសុំឲ្យស្ថាប័នពាក់ពន្ធ័ ចុះស៊ើបអង្កេតពាក់ពន្ធ័ពីរឿងថាតើអ្នកកាសែតហ្នឹងគាត់បានប្រព្រឹត្តអ្វីខ្លះ ហើយគាត់អ្នករកស៊ីហ្នឹងគាត់រកស៊ីអីពិតប្រាកដ”។
មន្រ្តីសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ធំ លោក ញ៉ុង សាមឿន មានប្រសាសន៍ថាបើសិនបើអ្នកកាសែតគាត់ពិតជាបានយកលុយពីគេមែនវាពិតជាខុសនឹងវិជ្ជាជីវៈ ហើយសមត្ថកិច្ចអាចស៊ើបអង្កេតពីបញ្ហានេះឬក៏អាចចាប់ខ្លួនភ្លាមៗ។ លោកមានប្រសាសន៍ថា៖ “ចំពោះការចុះស៊ើបអង្កេត ចំពោះគាត់ជាអ្នកសារព័ត៌មានហើយចុះទៅគំរាមកំហែងគេ យកលុយយកអីគេ អាហ្នឹងខុសវិជ្ជាជីវៈហើយ បាទគេចាប់ហើយ គឺអត់មានអីខុសទេ ព្រោះនេះជាបទល្មើសជាក់ស្ដែងព្រោះសមត្ថកិច្ចគេមានពីរនីតិវិធី ចាប់បទល្មើសជាក់ស្ដែងនិងប្រយោល”។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅអ្នកសារព័ត៌មានទូរទស្សន៍ប៉ុស្ដ៍លេខ៩ ឈ្មោះ ធុល ហុកលី ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើរពុករលួយ។ ក្រោយមកតុលាការខេត្តកំពតបានកាត់ទោសដាក់ពន្ធរយៈពេល២ឆ្នាំ ពីបទជម្រិតទារប្រាក់ពីអភិបាលរងខេត្តកំពត៕
សរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
រឿងនេះ យើងគិតថា ម្នាក់ៗ មិនថាសមត្ថកិច្ច មិនថាអ្នកកាសែត មិនថាអង្គការទេ គឺសុទ្ធចង់ទទួលបានផលប្រយោេជន៍ដូចគ្នាពីកំហុសរបស់អ្នករកស៊ី។ តែអ្វីដែលសំខាន់ ត្រង់ដែលថា សមត្ថកិច្ចមានសិទ្ធិចាប់ចង ឯអ្នកកសែតមានសិទ្ធិស្រែក ហើយពួកអង្គការមានសិត្ធធ្វើរបាយការណ៍។
តែទោះយ៉ាងណា ក៏រាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់់លើការប្រើអំណាចរបស់សមត្ថកិច្ចផង។
ប្រជាជនចង់ឃើញរាជរដ្ឋាភិបាលមានសមត្ថភាព និងមានឆន្ទៈរៀបចំសង្គមល្អ បង្ក្រាបរាល់បទល្មើសដែលបំផ្លាញទ្រព្យសម្បត្តិជាតិ។
ដូចនេះ សុំរាជរដ្ឋាភិបាលមើលផង រឿងនេះ កុំឲ្យអ្នកការពារជាប់គុក ឯក្រុមល្មើសកាន់តែមានកម្លាំង។
បើបណ្តែតបណ្តោយអ្វីដែលកំពុងមាននេះ រាជរដ្ឋាភិបាលគណបក្សប្រជាជនអាចនឹងមានថ្ងៃ ហាលអាវហើយ៕
នេះ យើងគ្រាន់តែសុំព្រមាន ព្រោះយើងក៏បម្រើបក្សដែរ។