ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 06:43 PM
http://vodhotnews.com
អ្នកបើករថយន្តឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ មិនបានចូលបំភ្លឺតាមការកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ ដោយលើកឡើងថាលោកបានបំភ្លឺរួចអស់ហើយទៅសមត្ថកិច្ច។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកោះហៅលោក ផល ភក្តី ដែលជាអ្នកបើករថយន្តរបស់តំណាងរាស្រ្ត លោក គង់ សុភា ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី ដើម្បីមកបំភ្លឺជាសាក្សី ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត។
ជាការឆ្លើយតប លោក ផល ភក្តី សរសេរក្នុងលិខិតមួយថាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលចម្រុះចំនួន៦រូបបានមកសួរយកចម្លើយបំភ្លឺអស់រយៈពេលជិយ៣ម៉ោង(ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១២និង៤៥នាទីរសៀល) នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់របស់អ្នកតំណាងរាស្រ្ត លោក ហូរ វ៉ាន់។ លិខិតបន្តថា៖ “នៅពេលសាកសួរនោះ ខ្ញុំបាទបានជម្រាបប្រាប់កម្លាំងនគរបាលចម្រុះអំពីការបានឃើញនិងបានឭនៅពេលមានព្រឹត្តិការណ៍នៃការវាយប្រហារមកលើអ្នកតំណាងរាស្រ្ត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅមុខវិមានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាអស់រលីងរួចហើយ”។
លោក ផល ភក្តី បានបញ្ជាក់បន្ថែមថា៖ “ដូច្នេះ ខ្ញុំបាទ អត់មានចម្លើយអ្វី លើសពីអ្វីដែលខ្ញុំបាទបានឆ្លើយបំភ្លឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់ឯកឧត្តម ហូរ វ៉ាន់…”។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “កុំយកអ្នកបើកបររថយន្តធ្វើជាលេស ភស្តុតាងជាក់ស្តែងច្បាស់លាស់គឺរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពរដ្ឋសភានិងទូតអូស្ត្រាលី ព្រមទាំងរូបភាពដែលគេផ្សព្វផ្សាយជាសាធារណៈកន្លងមកនេះ”។
វីអូឌីមិនទាន់អាចទាក់ទង លោក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាននៅឡើយទេ។
កាលពីថ្ងៃទី២៨ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ជនដៃដល់ដែលបង្កហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបឲ្យរងរបួសធ្ងន់ ឲ្យបាននិងអំពាវនាវឲ្យជនដៃដល់ចេញមុខមកសារភាព ដែលលោកចាត់ទុកថាជារឿងល្អបំផុត។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ អ្នកបើករថយន្តឲ្យតំណាងរាស្រ្តនិងតំណាងរាស្រ្តដែលជាជនរងគ្រោះ សហការជាមួយសមត្ថកិច្ច ដើម្បីបង្កភាពងាយស្រួលក្នុងការចាប់ជនដៃដល់។ លោកបញ្ជាក់ថា៖ “បើគ្មានការសហការពីជនរងគ្រោះផ្តល់នូវព័ត៌មាន ហេតុការណ៍ដែលកើតឡើង អ្នកដែលចូលខ្លួនក្នុងព្រឹត្តិការណ៍នេះ យើងពិតជាលំបាកជាមានការលំបាកក្នុងការស្វែងរក”។
គួរបញ្ជាក់ថាបាតុកម្មទាមទារឲ្យដកតំណែងរបស់លោក កឹម សុខា កើតឡើងមួយថ្ងៃបន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៥ខែតុលា។ ពីប្រទេសបារាំង ក្នុពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅទីនោះ លោក ហ៊ុន សែន បានថ្លែងថាបាតុកម្មប្រឆាំងលោកនៅបារាំងគឺជាសិទ្ធិប្រជាពលរដ្ឋ ហើយលោកថាបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋដូចគ្នា។ លោកបន្តថាបាតុកម្មនេះអាចនឹងឲ្យលោក កឹម សុខា ធ្លាក់ពីតំណែង។ លោកមានប្រសាសន៍ថា៖“បើលេងកុំខឹង បើខឹងកុំលេង បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានសភាទៀត”។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៦ខែតុលា បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានិងតវ៉ានៅមុខវិមានរដ្ឋសភា ដើម្បីឲ្យដកតំណែង លោក កឹម សុខា ដោយពួកគាត់ចោទប្រកាន់ថាលោក កឹម សុខា ជា”មនុស្សបោកប្រាស់ ក្រឡេចក្រឡុកនិងជាអ្នកដែលនាំទុក្ខដល់ប្រជាពលរដ្ឋ”។ បាតុកម្មនោះមិនមានការយាមកាមនិងឃ្លាំមើលតឹងតែងពីកម្លាំងសមត្ថកិច្ចនោះទេ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

អេង ឆៃអ៊ៀង ថាកុំឲសមត្តិកិច្ចយកអ្នកបើកឡានមកធ្វើជាលេស ! នេះបានហៅថាអាភ្លើមែន អ្នកបើកឡាននោះហើយជាសាក្សីដ៏សំខាន់ក្នុងរឿងវាយតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូបឲមានរបួសស្នាម ព្រោះអ្នកបើកឡាននូវក្នុងការកើតហេតុ នោះដែរ។
មានតែ អេង ឆៃអ៊ៀង បក្សប្រឆាំងបែបចង់លក្ខបំបាំងអ្វីហើយមើលទៅបានខំចេញមកនិយាយការពារអ្នកបើកឡាន មិនឲសមត្តកិច្ចយកអ្នកបើឡានមកសាកសួរចម្លើយម្តងទៀត ព្រោះអ្នកបើកឡានឲតំណាងបក្សប្រឆាំងលោក គង់ សុភា ជាអ្នកនូវក្នុងការកើតហេតុរឿងពួកបាតុករវាយលោកតំណាងរាស្ត្រទាំងពីរូបឲមានរបួស ? សុំកុំភ្លេចថាគោលបំណងពួកបាតុកម្មគឹចង់ឲលោក កិម សុខា ចុះចេញពីតំណែងអនុប្រធានសភា ! តើចាំបាច់អីបានជាពួកបាតុករនាំគ្នាទៅវាយតំណាងរាស្ត្របក្សប្រឆាំងលោក គង់ សុភា ហើយនិងលោក ញ៉យ ចំរើន ឲមានរបួសស្នាន តើវាបានផលប្រយោជន៍ស្អីខ្លះទៅ ?ហើយពួកបាតុករម្តេចក៏មិនធ្វើទៅលើលោក កិម សុខា តែម្តងទៅ ចាំបាច់ជួញរឿងដាក់ខ្លួនធ្វើអី ? ទៅវាយអ្នកដែលគ្មានរឿងហេតុទាក់ទងអ្វីសោះ មកឲនាំទុក្ខដល់ខ្លួនបំណាច់ថានិងធ្វើគឹធ្វើឲចំទៅលើគោលដៅរបស់ខ្លួនមិនមែនតំណាងរាស្ត្រពីរនាក់នេះទេ
គឹ កិម សុខា អែណោះទៅវិញទេតើដែលជាគោលដៅធំរបស់ក្រុមបាតុកម្ម ?