ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កាលពីដើមធ្នូនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថាខ្លួននឹងអនុវត្តការផាកពិន័យយ៉ាងម៉ឹងម៉ាត់លើបទល្មើស ចរាចរណ៍ផ្លូវគោកចាប់ពីដើមឆ្នាំ២០១៦នេះតទៅ។
ច្បាប់ចរាចរណ៍ថ្មីនេះបានបង្ហាញថាការផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ត្រូវបានបង្កើនឡើងមួយទ្វេជា៥ដងនិងត្រូវជាប់ពន្ធនាគារទៀតផង។
ការបង្កើនផាកពិន័យដូចនេះអ្នកជំនាញរបស់រដ្ឋាភិបាលអះអាងថាដើម្បីឲ្យអ្នកល្មើសច្បាប់រាងចាលនិងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍។
តើការបង្កើនផាកពិន័យចំពោះអ្នកល្មើសច្បាប់ចរាចរណ៍នេះអាចនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ?
ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា បានគាំទ្រចំពោះការបង្កើនផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍។ លោកបន្តថាបើទោះបីជាច្បាប់នេះមានការផាកពិន័យខ្ពស់រងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនក៏ដោយប៉ុន្តែលោកថាវាអាចជួយឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពជាងមុន។ លោកមានប្រសាសន៍ថា៖ ”ចឹងការចាប់រឹតបន្តឹងច្បាប់ ការជំរុញឲ្យប្រជាជនមានប័ណ្ណបើកបរគឺជាទិសដៅដើម្បីជំរុញឲ្យគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរយើងមានការកាត់បន្ថយ ហើយអ្នកទាំងអស់គ្នាអាចធ្វើដំណើរដោយសុវត្ថិភាពលើផ្លូវថ្នល់”។
អនុក្រឹត្យថ្មីមួយបន្ថែមលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានផ្តល់អំណាចឲ្យសមត្ថកិច្ចអាចពិន័យអ្នកបើកបរយានយន្តដែលមិនបានភ្ជាប់តាមខ្លួននូវឯកសារដើមរួមមានប័ណ្ណបើកបរយានយន្ត ប័ណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។
បើតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការផាកពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្តឬទោចក្រយានយន្តសណ្តោងរ៉ឺម៉កឬត្រីចក្រយានយន្តមានចំនួនទឹកប្រាក់១៥០០០រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់២៥០០០រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់៥០០០០រៀល។
ការផាកពិន័យនោះមានលើករណីបើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញាចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកខ្សែក្រវ៉ាត់ ការផ្ទុកទំនិញសំពីងសំពោងនិងយានយន្តមិនគ្រប់លក្ខណៈបច្ចេកទេសជាដើម។
តើច្បាប់ចរាចរណ៍ថ្មីនេះអាចអនុវត្តបានស្មើភាពគ្នាដែរទេ?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោក យង់ គិមអេង បារម្ភថាច្បាប់នេះអាចអនុវត្តបានតែលើពលរដ្ឋសាមញ្ញចំណែកអ្នកមានអំណាចមិនត្រូវបានអនុវត្ត។
លោកទទួចថា៖ ”កុំយកអំណាចមកលូកលំនឹងគ្រោះថ្នាក់ចរាចរណ៍កុំឲ្យមានអន្តរាគមន៍ឆ្វេចឆ្វាច។ បើមានអ្នកខុសគឺផាក ហើយអ្នកផាកត្រូវធ្វើឲ្យត្រឹមត្រូវកុំផាកនៅអង្អែលចង់គោះរកលុយវាជាបញ្ហាមួយដែលធ្វើឲ្យការអនុវត្តអត់មានប្រសិទ្ធិភាពទេ…”។
ទោះជាយ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅក្នុងសប្តាហ៍នេះបានថ្លែងថាដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណ៍បានស្មើភាពគ្នាលោកថាចាប់ពីឋានៈឧបនាយករដ្ឋមន្រ្តីចុះក្រោមត្រូវបកស័ក្តនិងបកតួនាទីរបស់ខ្លួនចេញនៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈដើម្បីឲ្យនគរបាលចរាចរណ៍ហ៊ានផាកពិន័យនៅពេលអ្នកមានអំណាចទាំងនោះល្មើសច្បាប់។ លោកថ្លែងថា៖ ”ពីព្រោះអី? អស់លោកស្នងការខ្លះជាឧត្តមសេនីយត្រី ខ្លះជាវរសេនីយឯក ប៉ុន្តែមន្រ្តីនគរបាលខ្លះស័ក្តមួយ ស័ក្តពីរទេ…។ សួរថាហ៊ានផាកទេ ហ៊ានពិន័យទេ បើឃើញឧត្តមសេនីយត្រីនោះធ្វើចរាចរណ៍មិនគោរពច្បាប់? ឬហ៊ានទេទៅចាប់ឡានរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី…? គ្នាអត់ហ៊ានទេហើយបើមានអន្តរាគមន៍ផ្សេងទៀតកាន់តែមានបញ្ហាទៀត”។
សម្រាប់លោក យង់ គិមអេង យល់ថាប្រសិនបើការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះធ្វើឡើងមិនស្មើភាពទេនោះនឹងនាំឲ្យមានបន្ទុកធ្ងន់ធ្ងរដល់ពលរដ្ឋក្រីក្រហើយផ្តល់ឱកាសសម្រាប់អ្នកមានអំណាច។
លោកលើកឡើងថា៖ ”ហ្នឹងជាការព្រួយបារម្ភដែលខ្ញុំសង្ស័យថាការអនុវត្តមិនទាន់មានតម្លាភាពស្មើគ្នាទៅបានដោយសារការប្រើអំណាច[ខុស]នៅកម្ពុជាមិនត្រូវបានគេដាក់ទោសទណ្ឌដរាបអ្នកប្រព្រឹត្តល្មើសជាមន្រ្តីធំៗ…”។
តាមគេហទំព័របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានដកស្រង់សម្តីលោក មាស ចន្ថា ប្រធានអង្គភាពផ្តល់បណ្ណបើកបរនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យដឹងថាគិតចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥អ្នកមានប័ណ្ណបើកបរម៉ូតូមានចំនួន៦៩ ០២០នាក់ ខណៈម៉ូតូមានជាង១លាន៥សែនគ្រឿងនិងអ្នកមានប័ណ្ណបើកបររថយន្តមានចំនួន១១២ ០៨៤នាក់ខណៈរថយន្តមានជាង៣សែនគ្រឿង។
ច្បាប់ចរាចរណ៍ថ្មីនេះមាត្រា៧៥មានខ្លឹមសារថាអ្នកបើកបរយានយន្តដែលអត់មានប័ណ្ណបើកបរនឹងត្រូវដាក់ពន្ធនាគារពី៦ថ្ងៃទៅមួយខែនឹងពិន័យជាប្រាក់ពី១សែនទៅ៨សែនរៀល៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

>. ការ សំខាន់ គឺ រៀនច្បាប់ ចរាចរ ទាំងអស់គ្នា និង បើកបរ យោគយល់គ្នា អធ្យាស្រ័យ គ្នា !
បើ មិនរៀនច្បាប់ ចរាចរ ទាំងអស់គ្នា « យកលុយទិញ ប័ណ្ណបើកបរ » ទោះជា ពិន័យ ច្រើនប៉ុណ្ណា
គ្រោះថ្នាក់ នៅតែ មាន !