អ្នកជំនាញបារម្ភពីការបោះបង់របរកសិកម្មកើនឡើងដោយសារភាពរាំងស្ងួត​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com

អ្នកជំនាញខាងវិស័យកសិកម្មបង្ហាញការព្រួយបារម្ភថាចំនួនកសិករបោះបង់មុខរបររបស់ខ្លួនអាចមានការកើនឡើងដោយ​សារភាពរាំងស្ងួតហើយពួកគេនឹងចំណាកស្រុកស្វែងរកការងារនៅតំបន់ផ្សេងៗវិញដើម្បីចិញ្ចឹមជីវិត។​

កាលពីថ្ងៃទី២៣ខែធ្នូរដ្ឋាភិបាលបានជូនដំណឹងថាឆ្នាំ២០១៦កម្ពុជានឹងទទួលរងនូវបាតុភូត EL Nino (ក្តៅ) រហូតដល់ចុងខែមិថុនា។ រដ្ឋា​ភិ​បា​លឲ្យដឹងទៀតថាបាតុភូតនេះនឹងបង្កឲ្យរដូវវស្សាមកដល់យឺត បង្កឲ្យកម្តៅកើ​​នឡើ​​ង​​​ អា​កាស​ធា​តុហួតហែង​ អាចនឹងធ្វើឲ្យខ្វះទឹកសម្រាប់ប្រើប្រាស់នៅតំបន់មួយចំនួនពិសេសកា​របង្ក​បង្កើ​ន​​ផ​​ល​អាច​​ធ្វើ​​​​បា​​​ន​តែម្តងទោះបីជា​មានទឹកតាម​បណ្តាអាងនិងបឹងធម្មជាតិក៏ដោយ។

នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាកលោក គាម មករាឌី មានប្រសាសន៍ថាបញ្ហាចម្បងរបស់កសិករក្នុងការធ្វើកសិកម្មគឺខ្វះទឹក។ លោក​បន្តថាពេលខ្វះទឹកចំនួនកសិករបោះបង់របរកសិកម្មអាចនឹងមានការកើនឡើងហើយពួកចាកចេញពីលំនៅឋានស្វែងរកការងារធ្វើនៅតំបន់ផ្សេងៗទាំងនៅក្នុងនិងក្រៅប្រទេស។ លោកបន្តថា៖ “បើសិនជាគាត់អត់មាន ទឹកធ្វើស្រែចំការគឺពួកគាត់អាចរកការងារធ្វើផ្សេងពីស្រែចំការហ្នឹងទៀតគឺមានតែចំណាកស្រុក។​ រឿងប៉ះពាល់គឺប៉ះពាល់ហើយមនុស្សតែអត់ការងារគឺរកកន្លែងហូបធ្វើឲ្យស្ងាត់ស្រុកភូមិហើយគឺរកការងារធ្វើនៅទីក្រុងទីប្រជុំជនផ្សេងៗឬក៏ឆ្លងប្រទេស។​

របាយការណ៍​ក្រសួង​ការងារ​ថៃ​បង្ហាញថាពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃស្របច្បាប់៨៧ ០០០​នាក់និង​ខុសច្បាប់​ចំនួន​៨៤០ ០០០​នាក់​។​ ​ក្រៅពីប្រទេសថៃពលករខ្មែរក៏មានធ្វើការនៅម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុនជាដើមផងដែរ។​

អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន មានប្រសាសន៍ថាតាម​ការសិក្សា​របស់​លោក​គឺ កសិករ​កម្ពុជា​យល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះនិង​ចិញ្ចឹមសត្វ​តិចតួច​ជាង​ប្រទេសជិតខាង​។ លោក​បន្តថាបច្ចុប្បន្នអាកាសធាតុ​ប្រែប្រួល​ខ្លាំងជួបភាពរាំងស្ងួត​ធ្វើ​ឲ្យ​កសិករ​កាន់តែ​ជួប​ការលំបាក​។

​លោក ថេង សាវឿន លើកឡើងថាកសិករ​ខ្មែរ​ភាគច្រើន​ជំពាក់​បំណុល​ធនាគារហើយ​លក់​កសិផល​មិន​អាច​សងបំណុល​រួចទើប​កសិករ​មួយចំនួន​សម្រេច​បោះបង់​របរ​កសិកម្ម​ចោលហើយ​រត់​ទៅ​ស៊ីឈ្មួល​ធ្វើជា​កម្មករ​នៅ​បរទេ​សពិសេស​ប្រទេស​ថៃ​។ លោកបន្ថែមថា៖ “​ពួក​គាត់​ជាប់​នឹង​បំណុល​ធនាគារនៅពេល​ដែល​គាត់​ធ្វើស្រែ​ធ្វើ​ស្រូវ​គ្មាន​ទុន​គ្មាន​អីចឹងនៅពេល​ដែល​ផល​ស្រូវ​វា​អត់​អាច​ទទួលបានហើយ​លក់​មាន​តម្លៃថោកចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ជំពាក់​លុយ​គេចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​រកស៊ី​ដើម្បី​រក​លុយ​មក​សង​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​គាត់​បាន​ខ្ចី​​។​

បាយការណ៍​ធនាគារ​ពិភពលោក​នៅ​ដើម​ខែ​កញ្ញាឆ្នាំ​២០១៥​​បង្ហាញថាកម្ពុជា​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​តិចតួច​ជាង​គេប្រៀបធៀប​នឹង​ប្រទេសជិតខាង​។ កម្ពុជា​មាន​ប្រព័ន្ធ​ធា​រាស្ត្រ​៧,៩​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ៤​លាន​ហិកតា ថៃ​មាន​៣២,១​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​ជិត​១៦​លាន​ហិកតា ចំណែក​វៀតណាម​មាន​៧០,៥​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម៦,៥​លាន​ហិកតា។​

តាមសារាចរណែនាំ​របស់រដ្ឋាភិបាលចុះថ្ងៃទី២៣ខែធ្នូនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួង ស្ថា​​ប័​​នពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមចាត់វិធានការថែរក្សាទឹកទុកសម្រាប់ពលរដ្ឋ​ប្រើប្រាស់ប្រចាំថ្ងៃ​និងសម្រាប់ស្រោចស្រប់​ដំណាំកសិកម្ម។​

តែលោក គាម មករាឌី លើកឡើងថាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការរក្សាទឹកទុកនេះហាក់យឺតពេលព្រោះរដូវវស្សាកន្លងផុតអស់ទឹកភ្លៀងទោះធ្វើអាងឬ​ទំនប់ក៏មានមិនទឹកសម្រាប់ស្តុកដែរ។​

របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថាក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់មាន​ប្រមាណ​៨៣​ភាគរយ​ជាកសិករ​ដែល​រស់នៅ​ពឹងផ្អែក​លើ​របរ​កសិកម្ម​។ កសិកម្ម​ដែល​ប្រជាពលរដ្ឋ​ធ្វើ​តាម​បែប​ធម្មជាតិឬ​កសិកម្ម​មិនទាន់​រីកចម្រើន​នោះ​គឺ​កសិករ​ភាគច្រើន​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​ដូចជាដាំ​ពោត សណ្តែក ស្រូវ ដំឡូង ចិញ្ចឹម​មាន់ ទា ជ្រូក គោ ក្របី​ជាដើម​។ កសិកម្មជាវិស័យមួយក្នុងចំណោមវិស័យអាទិភាព៤​ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ​រួមមានវិស័យឧស្សាហកម្ម សំណង់ សេវាកម្មទេសចរណ៍ និង​កសិកម្ម។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកជំនាញបារម្ភពីការបោះបង់របរកសិកម្មកើនឡើងដោយសារភាពរាំងស្ងួត​"

  1. Anonymous says:

    ធ្វើម៉េច ស្រុកខ្មែរ បើនៅក្នុង របប បុរសខ្លាំង ល្មោភអំណាច គឹតតែពី កៅអី អំណាច មានប៊ិច 2 ដើម

    ស៊ីញេ អោយគេ យក នេះ យកនោះ មិនឈប់ !

    រឿងទឹក សំរាប់ ប្រើប្រាស់ ធ្វើស្រែ ធ្វើចំការ របស់ប្រជាពលរដ្ឋ មិនខ្វល់ !