តុលាការ​សម្រេច​ចោទប្រកាន់​អ្នក​បើក​រថយន្ត​ឲ្យកម្មករ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​​​

ដោយ៖​ ឃុត សុគន្ធនិងស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015, 02:57 PM
http://vodhotnews.com

សមត្ថកិច្ច​ចុះបង្រ្កាបកម្មករនៅវាលស្រែ កាលពីថ្ងៃអង្គារ (រូបថតដោយ ជា សុបញ្ញា ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មានរបស់វីអូឌី​​)

អ្នកបើក​រថយន្ត​ឲ្យ​កម្មករ ចំនួន​៦នាក់ដែលត្រូវចាប់ខ្លួន​កាលពីថ្ងៃ​ពុធ ត្រូវបានតុលាការ​ចោទប្រកាន់ពីបទដឹកនាំបាតុកម្ម​ ​ នាំ​ឲ្យ​មាន​ហិ​​ង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ​និងឯកជន។​

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌី​​នៅព្រឹកថ្ងៃនេះ តុលាការ​បាន​សាកសួរ​អ្នក​បើក​រថយន្ត​ទាំង​៦នាក់នោះហើយ​សម្រេច​ចោទប្រកាន់ហិ​​ង្សា​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​និងឯកជន ហើយ​សម្រេច​បញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ។​ លោក​បន្ត​ថា​ការចាប់ខ្លួន​និង​ការ​ចោទប្រកាន់នេះ​អាច​នាំ​ឲ្យ​​ការតវ៉ារបស់កម្មករកាន់តែមាន​ភាព​តានតឹង។​ លោក​បន្ថែម​ថាលោក​នឹង​ហៅក្រុមគ្រួសារ ដើម្បីពិភាក្សារកមេធាវី​ជួយការពាររឿងនេះ។​

លោក​មានប្រសាសន៍ថា៖ "មានការចរចាជាមួយតំណាងមន្ទីរ តំណាងខេត្ត តំណាងសហជីពអីអស់ហើយ ស្រាប់តែមានការចាប់ខ្លួនបន្តទៀត អញ្ចឹងវាហាក់ដូចជាផ្ទុយទៅនឹងការចរចា អញ្ចឹងអាកម្តៅ​នឹងវាអាចនឹងឡើងវិញ"

អ្នកនាង ស្រី មករា ដែលមានប្តី​ឈ្មោះ ពេន សម្បត្តិ អា​យុ​២៨ឆ្នាំ​ មានប្រសាសន៍ថាប្តី​​ត្រូវបានសមត្ថកិច្ចចា​​ប់ខ្លួន​កាលពីម៉ោង​១២ថ្ងៃ ថ្ងៃ​ពុធ។  អ្នកនាង​និយាយ​ថា​​អ្នក​បើក​រថយន្តម្នាក់ដែលត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បាន​ចោទថា​ប្តីរបស់អ្នកនាងជាប់ពាក់ព័ន្ធ​នឹង​ការ​គប់​រថយន្តរបស់សមត្ថកិច្ច។ អ្នកនាងចាត់ទុកករណីនេះ​ជា​រឿងអយុត្តិធម៌។ អ្នកនាងមានប្រសាសន៍ថា៖ "ការចោទប្រកាន់នឹងអយុត្តិធម៌ណាស់ ប្តីខ្ញុំមិនដឹងអីផង ព្រោះប្តីខ្ញុំនៅផ្ទះនិង​ពេលគេកូដកម្ម គេមិនឲ្យឡានទៅផង ហើយប្តីខ្ញុំនៅផ្ទះ…"

អ្នកនាង​ ឡឹក ពុទ្ធី ត្រូវជាក្រុមគ្រួសារ​របស់អ្នក​បើករថយន្ត​ម្នាក់ ប្រាប់វីអូឌីថាបងជីដូនមួយរបស់អ្នកនាង ឈ្មោះ ​​ឡឹក វិចិត្រ អាយុ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ច​ហៅទៅសាកសួរ​នៅម៉ោង​ប្រមាណ​១១ព្រឹក កាលពីថ្ងៃពុធ​។ អ្នកនាង​បន្តថា​ការ​ចោទប្រកាន់របស់តុលាការ​ជា​រឿងអយុត្តិធម៌​ចំពោះ​បងប្អូនជីដូនមួយ​របស់អ្នកនាង។​

មាត្រា៤១០នៃក្រមព្រហ្មទណ្ឌចែងថា​បទល្មើស​ធ្វើឲ្យខូចខាតដោយចេតនា បំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធ​នាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ចន្លោះពី​១លានទៅ៤លានរៀល។

ហ្វេសប៊ុក​របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឲ្យ​ដឹង​ថានៅព្រឹកថ្ងៃសុក្រនេះ កម្មករ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតបាន​ចូលធ្វើការ​ធម្មតាវិញ។​ ហ្វេសប៊ុក​បន្ត​ថា​កម្លាំងអន្តរាគមន៍ការពារបាតុកម្មរបស់ស្នងការដ្ឋាននគរបាលខេត្តបាន​ត្រៀមទប់ទល់និងបង្ក្រាប ប្រសិន​បើ​មាន​ការ​តវ៉ាបន្តទៀត។​

ប្រធានមន្ទីរការងារខេត្តស្វាយរៀងលោក ហាស ប៊ុនធី បាន​ហៅក្រុមអ្នកតវ៉ាជាកម្មករ​ទាំង​នោះថាជាកុបករ ដោយ​លោក​ថា​​ពួកគេ​​បានគប់ដុំថ្មទៅលើអគារ​រោងចក្រដែលគេកំពុងតែធ្វើការនិងមានការប្រើហិ​ង្សាគប់ដុំថ្ម​ធ្វើឲ្យបែក​កញ្ចក់​រថយន្ត​បាញ់ទឹករបស់អាជ្ញាធរផងដែរ។

​សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ​ដោយថ្កោលទោសចំពោះហិង្សា​នេះនិង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រើវិធានការ​ច្បាប់​ ដោយ​មិនមានការ​សម្របសម្រួល។​

កាលពីថ្ងៃអង្គារ សហជីពចំនួន៤ដែលមានមូលដ្ឋានប្រចាំខេត្តស្វាយរៀងបានចេញសេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវឲ្យកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលបានតវ៉ា​តាំងពីថ្ងៃទី​១៦ខែធ្នូ ចូលធ្វើការធម្មតាវិញ។ កម្មករ​បានបញ្ឈប់ការតវ៉ា​នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ។

សហជីពក៏អំពាវនាវ​ឲ្យ​តុលាការ​ដោះលែងកម្មករ​៤នាក់ដែលសមត្ថកិច្ច​ចាប់ខ្លួន​និងតុលាការ​ចោទប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបញ្ជូនទៅឃុំខ្លួន​បណ្តោះអាសន្ន។​ អ្នកទាំងបួននាក់កំពុងជាប់ឃុំខ្លួន​បណ្តោះអាសន្ន​និង​មេធាវីកំពុង​រៀបចំ​ឯកសារ​ឲ្យ​នៅក្រៅឃុំបណ្តោះអាសន្ន។​

គួ​របញ្ជាក់ថាកម្មកររោងចក្របានតវ៉ាតាំងពីថ្ងៃទី១៦ខែធ្នូ ដើម្បីទាមទារឲ្យមានការដំឡើង​ប្រាក់ឈ្នួលបន្ថែ​ម​លើ​​ស​​ពី១៤​០​ដុល្លារ ដែលរដ្ឋាភិបាលបានប្រកាសកាលពីខែតុលា៕

សរសេរមកកាន់លោក ឃុត សុគន្ធ តាមរយៈsokun@vodhotnews.comនិងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

4 Responses to "តុលាការ​សម្រេច​ចោទប្រកាន់​អ្នក​បើក​រថយន្ត​ឲ្យកម្មករ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​​​"

  1. CountryStudent says:

    What is about drivers who drove trucks for Hun Sen and Hun many’s body guards to demonstrate against Mr. Kem Sokha at the parliament? The violent protesters beaten up the congress for CNRP. Will they be sent to jail? Mr. poor blind man, how many standards do you have?

  2. CountryStudent says:

    Correction

    ———————————

    The violent protesters had beaten up the congress from CNRP.

  3. CountryStudent says:

    What is about drivers who drove trucks for Hun Sen and Hun many’s body guards to demonstrate against Mr. Kem Sokha at the parliament? The violent protesters beaten up the congress from CNRP. Will they be sent to jail too? Mr. poor blind man, how many standards do you have?

  4. love cambodia says:

    តុលាការបក្សគឺបែបនេះ កាលបាតុកម្មហឹង្សវាយតំណាងរាស្ត្រ ចាប់បានតែ២នាក់