តួ​អង្គ​​ស្ដេច​កនត្រូវបានទម្លាយ​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃចន្ទ ទី4 មករា 2016, 09:27 AM
http://vodhotnews.com

កីឡាករ​​​​​​កាយវប្បកម្ម​លោក ​រស់ សុភ័ណ្ឌ (រូបថតពីហ្វេសប៊ុក​របស់​លោក​)


បើ​ទោះជា​ប្រឹង​​​​​វិចខ្ចប់​​ឡើង​ជិត​ពី​ក្រុម​ផលិតករនិង​តួ​សម្ដែង​ដែល​បាន​ជាប់​​​​ក្នុង​រឿង​​​«​ព្រះ​ស្ដេចកន​»​ ក៏​តួ​អង្គស្ដេច​កន​ដែល​ត្រូវ​​សង្គម​សិល្បៈនិង​មហាជន​ចង់​ដឹង​​​​នោះត្រូវ​បាន​​​ទម្លាយ​ចេញ​​។ ​​​កីឡាករ​​ផ្នែក​កាយវប្បកម្ម​​​​ដែល​ត្រូវគេ​ស្គាល់​ថា​ធ្លាប់​បាន​សម្ដែង​ជា​តួ​អង្គ​​ព្រះ​បាទ​ជ័យ​វរ្មន៍​ទី​៧​​​​​ក្នុង​ឈុត​​​​​ខ្លីជាមួយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​នោះ គឺ​ជា​តួអង្គដែល​បាន​​​​​​​ជម្រើសជាប់​​សម្រាប់​តំណែង​នេះ​។​

​ក្នុង​បទ​សម្ភាសស៍​​​តាម​ទូរស័ព្ទ​ជាមួយ​​ភ្នាក់​ងារ​VOD ​​​​កីឡាករ​​​​​​កាយវប្បកម្ម​លោក ​រស់ សុភ័ណ្ឌ ​បាន​​ទទួល​ស្គាល់​ថា​​លោក​ពិត​ជា​បាន​ជាប់​​តំណែង​ជា​តួ​ស្ដេច​កន​មែន ហើយ​ការ​ទម្លាយ​ចេញ​នេះក៏​មាន​ន័យ​ថា​ព័ត៌មាន​ដែល​ធ្លាប់​ព្រលយ​ថា​តំណែង​ស្ដេច​កន​​បាន​ទៅ​លើ​​តារា​​ល្បី​ឈ្មោះ​រូប​នេះ​ល្បី​ឈ្មោះ​រូប​នោះនិង​ចុ​ង​ក្រោយ​ថា​បាន​លើ​លោក​អ៊ុន សុធានោះ នឹង​ត្រូវ​បន្សាប។ ​​តារា​​ដែល​ត្រូវ​បាន​គេស្គាល់​ក្នុង​​ឈុត​ខ្លី​​​​​និយាយ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​​៧ ជា​មួយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​​រូប​នេះ បាន​​​ថ្លែ​ងប្រាប់​ថាលោក​ទើប​តែ​ត្រូវ​បាន​​​ក្រុម​ហ៊ុនLYP របស់​លោក​​លី យ៉ុងផាត់ ​និង​លោក​ ​ម៉ៅ អាយុទ្ធ អនុរដ្ឋាលេខាធិការ​ក្រសួង​​​​ព័ត៌មាន ដែលជា​អ្នក​ដំឡើង​រឿង​​«​​ព្រះស្ដេច​កន» ឲ្យ​​ចុះ​កុង​ត្រា​ផ្លូវ​ការ​ប៉ុណ្ណោះ​។ ​លោក​មាន​ប្រសាសន៍​៖ “ខ្ញុំ​​​បាន​សម្ដែង​​រឿង​​​​​​មែន​ ​​​​​​ប៉ុន្តែ​អត់​ដឹងថា​​ហេតុ​អ្វី​ទើបគេ​ជ្រើស​យក​ខ្ញុំ​ទេ ព្រោះ​រឿង​ហ្នឹង​​ឃើញ​តារា​ល្បី​ៗ​ច្រើន​មែន​ទែន​ទៅ​ធ្វើ​តេស្ដ​​​​​!”។ លោកត្រូវ​បាន​​​​​​​​គេ​​​​ហៅ​​ឲ្យ​ទៅ​រៀន​ជិះ​សេះនិង​​​​​​ហាត់​​​​​កាន់​អាវុធ​កាល​ពី​​ចុង​ខែធ្នូ ឆ្នាំ​​២០១៥​ ដោយ​ការ​​​​ហ្វឹក​ហាត់លោក​ថា​មាន​ភាព​ពិបាក​។ ​លោក​ថា​រូប​លោកមិន​មែន​ជា​តារាសិល្បៈទេ គឺគ្រាន់តែ​​ជា​​​​កីឡាករ​ផ្នែក​​កាយវប្បកម្ម​ដែល​​ស្រឡាញ់​​​ការ​ហ្វឹក​ហាត់​​សាច់​ដុំនិង​​​ជា​គ្រូ​បង្ហាត់​កីឡា​នៅ​​ក្នុង​ក្លិប​​​​របស់​សណ្ឋាគារ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ពី​មាន​​មិត្ត​ភ័ក្ត្រ​ជួយ​​​​​យក​រូប​ថត​ទៅដាក់​ពាក្យ​ឲ្យ ទើប​ត្រូវបា​ន​​ផលិតករ​កូរ៉េ​ ដែល​ចុះ​មក​ផលិត​រឿង​ខ្លី​និយាយ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​៧ជ្រើស​ឲ្យ​សម្ដែង​ជា​តួ​អង្គ​​​​​​​ព្រះ​បាទជ័យ​វរ្ម័ន​ទី​​៧និង​​ចុង​ក្រោយ​បាន​សម្ដែង​​ជា​តួ​អង្គ​ស្ដេចកន​ដែល​ទើប​នឹង​កុងត្រា​នេះ​ទៀត​។

លោក ​រស់​ សុភ័ណ្ឌ ថ្លែង​ថា៖ “ការ​ពិត​ជា​ខ្ញុំ​ជា​កីឡាករ​(កាយវប្បកម្ម)និង​​​​ជា​គ្រូ​កីឡាករ​ទេ ​អញ្ចឹង​ហើយ​ទើប​​ក្រោយ​ពេល​ដឹង​ថា​​​​​​​​​​​​​​​​គាត់ជ្រើស​យក​ខ្ញុំ​​ឲ្យ​សម្ដែង​រឿង​ហ្នឹង​ខ្ញុំ​ភ័យ អត់​ដឹង​ថា​បាន​សម្ដែង​កើត​ប៉ុណ្ណា​ទេ ព្រោះ​កាល​ខ្ញុំ​សម្ដែង​​​ឈុត​ជ័យ​វរ្ម័ន​ទី​​៧គឺ​អត់​សូវ​​​​លេង​អី​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​មើល​រឿង​ស្ដេច​កុន​ហ្នឹង​​គឺ​ខុស​គ្នា!”។ លោក​ថា​ក្នុង​មួយជីវិតរបស់​លោក លោក​​ធ្លាប់​ទៅ​ប្រកួត​​​​​​​​​​ផ្នែក​កាយវប្បកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​​រឿង​សម្ដែង​គឺ​​ទើប​តែ​មាន​បទពិសោធន៍​សម្ដែង​​ឈុត​ខ្លី​ក្នុង​រឿង​​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​​៧និង​បាន​សម្ដែង​ជា​តួ​រាយ​រង​​​ក្នុង​រឿង​​«ម្ដាយ​ក្មេក​ចិត្ត​ឫស្យា»ប៉ុណ្ណោះ​។

លោក​ ម៉ៅ អាយុទ្ធ ជា​អ្នក​ដំឡើង​​​រឿង​​«​ព្រះ​ស្ដេច​កន​» បាន​​​​​​​​បង្ហាញ​​ការ​ភ្ញាក់​ផ្អើលពាក់​ព័ន្ធការ​​​​ជជីក​សួរ​​ថា​ហេតុ​អ្វី​​បាន​ជា​ជ្រើស​​លោក​រស់ សុភ័ណ្ឌ ​ឲ្យ​សម្ដែង​ជា​តួ​អង្គ​​ស្ដេចកន​។ យ៉ាង​ណា​មិញ លោក​បាន​ថ្លែងថា​ហេតុ​ផលដែល​នាំ​​ឲ្យ​​​​​​​​​​​​បុរសរូប​នេះ​បាន​ក្លាយ​ជា​តួ​អង្គ​​សំខាន់​ជាង​គេ​នៅ​ក្នុង​រឿង​​​​​នេះគឺ​​ដោយ​សារ​តែ​ត្រេមុខ មាឌ និង​​សាច់ដុំ​រាងកាយ​របស់​​​តែម្ដង ដោយ​ការ​ជ្រើស​យក​មិនមែន​រូប​លោក​ជា​អ្នក​សម្រេច​តែ​ឯង​នោះទេ គឺ​ជា​ការ​កំណត់​របស់​ក្រុម​ហ៊ុន​​​LYP របស់​លោក​លី យ៉ុង​ផាត់ទាំង​មូល​។ លោក​មាន​ប្រសាសន៍​ថា៖ “​តួ​គាត់ជាប់​មិនមែន​ខ្ញុំ​ទេ ​ក្រុម​ការងារ​ទាំង​អស់​​តើ ប៉ុន្តែ​សម្រាប់​ខ្ញុំ ភ័ណ្ឌ (រស់ សុភ័ណ្ឌ) គឺ​ត្រូវ​នឹង​ក្ដី​ស្រម៉ៃរបស់​ខ្ញុំ​តែម្ដង ព្រោះ​​​​​តួ​អង្គ​ស្ដេច​កន មាឌគាត់​​​​គឺ​សាច់​ដុំ​​ល្អ​អញ្ចឹង ​​ព្រោះ​ស្ដេចកន​ជា​អ្នក​ចម្បំាង គឺមាឌអញ្ចឹង អញ្ចឹង​ហើយ​ទើប​តារា​ល្បី​ៗដែល​មក​សម្ភាសន៍​គាត់​អត់​បានជាប់ នៅ​ពេលដែល​ខ្ញុំ​បាន​ឃើញ​​ត្រេមុខ​​ និងមាឌ របស់​ភ័ណ្ឌ!”

​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​(ធ្វេង)និង​លោក ​រស់ សុភ័ណ្ឌ(រូបថតពីហ្វេសប៊ុក​)


លោក ម៉ៅ អាយុទ្ធ បន្ត​​ថា​​លោក​រស់ សុភ័ណ្ឌ មិន​ពិបាក​ក្នុង​រឿង​សម្ដែងឬលេង​ទឹក​មុខ​ឲ្យ​ល្អ​​នោះទេ ដោយ​សារ​តែ​លោក​មាន​បទ​ពិសោធន៍គ្រប់​គ្រាន់​ ដើម្បី​ឲ្យ​តួ​ទាំង​អស់​លេង​ដល់​។ លោក​ថា​ការ​សម្ដែង​របស់​តួ​អង្គ​​ក្នុង​រឿង​​​​​«​ព្រះ​ស្ដេច​កុន» នឹង​បើក​ឆា​កនៅ​ពាក់​កណ្ដាលខែ​មករា​នេះ គឺ​ទន្ទឹម​នឹង​កាមេរ៉ា​ទំនើប​ចុង​ក្រោយ​២​គ្រឿង​ដែល​​បាន​កុម្ម៉ង់​ដោយក្រុម​ហ៊ុន​ LYP ក្នុង​តម្លៃច្រើន​សែន​ដុល្លារ​​​ធ្លាក់​​មក​ដល់​។ ​លោក​ថា​​​រឿង​នេះ​​បាន​ធ្វើ​​បន្ទាយរួច​ហើយ​​នៅ​​ភ្នំតាម៉ៅ​ដោយ​គ្រោង​​ផ្ដើម​​ថត​នៅ​ទៅ​នោះ និង​បន្ត​បន្ទាប់​មក​ទៅ​ថត​​នៅ​ខេត្ត​សៀម​រាប ​កំពង់ចាមនិង​នៅ​​​ស្រុក​គគី​រ​ម្ដុំ​កៀន​​ស្វាយ​។ ដោយឡែកសម្រាប់​តួ​អង្គ​វិញ​លោក​ថា​មាន​ចំនួន​​ដល់​រាប់​រយ​តួ​ឯណោះ ​​ដោយ​គ្រាន់តែកាត់​​សម្លៀក​​​បំពាក់និង​​​​ធ្វើ​អាវុធ​​គឺ​អស់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ​។ ក្នុង​នោះ​សូម្បី​តែ​សេះ​​ធំ​ៗចំនួន​​​១៦​ក្បាល​ក៏ត្រូវ​បង្វឹក​យ៉ាង​ពិសេស ឲ្យ​ក្លាយ​ជា​សេះ​ថត​កុន​​​​​​នោះ​ផងដែរ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​សេះ​​​​​​​​​​​​រាយ​រយ​​​​​​​​​នៅ​ឡើយ​។ លោក​ម៉ៅ អាយុទ្ធ បាន​ទទួល​ស្គាល់ តួ​អង្គ​ព្រះ​ស្រី​សុគន្ធ​បទ គឺ​សម្ដែង​ដោយ​លោក​ទេព រិន្ទដារ៉ូ និង​តួ​អង្គ​ស្ដេច​កនគឺ​សម្ដែង​ដោយ​លោក​រស់ សុភ័ណ្ឌ ដែល​ជា​កីឡាករ​​កាយវប្បកម្ម។ ​

លោក​ ម៉ៅ អាយុទ្ធ បញ្ជាក់​ថា ​ក្នុង​រឿង​«​ព្រះ​ស្ដេច​កន​» ​​​​និយាយ​ត្រឹម​តែ​ប្រវត្តិរបស់​​ស្ដេចកន​​​​និង​សង្គ្រាម​របស់​ស្ដេចកនដែលឈ្នះព្រះ​ស្រី​សុគន្ធ​បទហើយ​បាន​​ក្លាយ​ជា​មហាក្សត្រ​ប៉ុណ្ណោះ គឺ​អត់​ត​ដល់​សង្គ្រាម​​រវាង​​ស្ដេច​កន និង​ព្រះ​បាទ​ច័ន្ទរាជា​នោះ​ទេ៕

សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com       

What Next?

Recent Articles

One Response to "តួ​អង្គ​​ស្ដេច​កនត្រូវបានទម្លាយ​​"

  1. pingpong says:

    ១. ខ្ញុំក៍ចូលរួមអបអរសាទរដែរ​ ចំពោះភាពយន្តរបស់ស្តេចកន។ ខ្មែរត្រូវតែថតកុនប្រវត្តិសាស្រ្តឡើងវិញ ដើម្បីអោយពិភពលោក យល់ដឹងអំពីខ្មែរ!!!
    ២. ប៉ុន្តែ ស្តេចកនមិនមែនជាស្តេចត្រឹមត្រូវទេ បើនិយាយពីភាពត្រឹមត្រូវនៃសន្តតិវង្សរបស់ស្តេចខ្មែរ ឬអាចនិយាយថា៖ ស្តេចកនគឺជាស្តេចជ្រែករាជ្យ!!!
    ៣. សន្តតិវង្សនៃស្តេចខ្មែរ គឺខ្សែស្រឡាយ វរ្ម័ន!!! ទោះស្តេចត្រសក់ផ្អែមក៍ជាជ័យវរ្ម័នទី៩ដែរ ដែលស្ថិតក្នុងគ្រួសារវរ្ម័ន។ ស្តេចក្រោយៗមក ទោះជាបានកាន់សាសនាព្រះពុទ្ធទាំងស្រុង និងឈប់ប្រើឈ្មោះជា វរ្ម័ន ប៉ុន្តែពួកគេមានឈាមជ័រតពីគ្រួសារវរ្ម័ន រហូតដល់បច្ចុប្បន្ន លើកលែងតែស្តេចកន តែមួយគត់ដែលមិនមែនស្ថិតក្នុងរាជ្យវង្សានុវង្សដូចពោលខាងលើ។