លោក អេង ឆៃអ៊ាង ប្រកាស​សុំ​ទោស ក្រោយ​ប្រៀបធៀប​វីរៈបុរស​ខ្មែរក្រោម​ទៅ​នឹង​លោក សម រង្ស៊ី​​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃចន្ទ ទី4 មករា 2016, 05:51 PM
http://vodhotnews.com

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ


​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ប្រកាស​សុំ​ទោស​ចៅប្រុស​របស់​ឧកញ៉ា សឺ​ន គុយ គឺ​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ និង​ពលរដ្ឋ​ខ្មែរក្រោម ក្រោយពី​លោក​បាន​ប្រៀបធៀប​ឧកញ៉ា សឺ​ន គុយ ទៅ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ក្នុង​ការសម្រេចចិត្ត​ចូល ឬ​ក៏​មិន​ចូល​ស្រុក​។​

​ការសុំ​ទោស​នេះ​ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់​របស់​លោក អេង ឆៃអ៊ាង ផ្ញើ​ទៅ​លោក សឺ ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន ចុះ​ថ្ងៃ​ទី​៣ ខែ​មករា​។ លោក អេង ឆៃអ៊ាង លើកឡើង​នៅក្នុង​លិខិត​នោះ​ថា ការ​ថ្លែង​របស់លោក​ក្នុង​ពេល​ក្នុង​ពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​លោក​ឧកញ៉ា សឺ​ន គុយ គឺជា​ទស្សនៈ​យល់​ឃើញ​របស់​លោក ហើយ​ពុំ​មាន​ចេតនា​បន្តុះបង្អាប់ ឬ​ប្រមាថមើលងាយ​ចំពោះ​គំរូ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​របស់​ឧកញ៉ា សឺ​ន គុយ ឡើយ​។​

​លោក​បន្ថែម​ក្នុង​លិខិត​ថា​៖ “​ប្រសិនបើ​ឯកឧត្តម (​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍​) ឬ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រូប​ណា​យល់ឃើញថា ការ​ថ្លែង​របស់ខ្ញុំ​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ ខ្ញុំ​សូម​អធ្យាស្រ័យ និង​អភ័យទោស​ចំពោះ​ឯកឧត្តម និង​បងប្អូន​ខ្មែរក្រោម​រូបនោះ​”​។​

លោក អេង ឆៃអ៊ាង បន្ថែមទៀតថា “​ជាមួយគ្នានេះ ខ្ញុំ​សូមបញ្ជាក់ថា រូបខ្ញុំ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មិន​ដែល​បំភ្លេច​នូវ​គុណបំណាច់​ដ៏​ធំធេង និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក​ឧកញ៉ា​ចៅហ្វាយ សឺ​ន គុយ ដែល​បាន​ដឹកនាំ​កម្លាំង​អ្នកស្នេហាជាតិ​តស៊ូ​ប្រឆាំង​នឹង​ការឈ្លានពាន និង​ការគ្រប់គ្រង​របស់​យួន ដើម្បី​ការពារ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម​”​។​

​ការប្រកាស​សុំទោស​នេះ​គឺ​ក្រោយ​មាន​ប្រតិកម្ម​របស់​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង សុំ​ទោស​ជា​សាធារណៈ និង​គំរាម​ធ្វើបាតុកម្ម ដោយ​លើកឡើង​ថា លោក សម រង្ស៊ី គ្រាន់តែ​ជា​មេបក្ស មិនមែន​ជា​មេទ័ព​ដែល​ទទួលខុសត្រូវ​លើ​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់សែន​នាក់​ដូច​ឧកញ៉ា សឺ​ន គុយ ឡើយ​។​

​យើង​តាម​លិខិត​របស់​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ចេញ​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ បញ្ជាក់ថា លោក អេង ឆៃអ៊ាង បាន​និយាយ​ប៉ះពាល់​ដល់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់​ដែល​គោរព​លោក​ឧកញ៉ា សឺ​ន គុយ ជា​វីរបុរស​របស់​ពួកគេ​។ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ បន្ថែម​ក្នុង​លិខិត​នោះ​ថា ការ​ថ្លែង​របស់លោក អេង ឆៃអ៊ាង គឺជា​ការខ្វះខាត​នូវ​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន ដែល​ឧកញ៉ា សឺ​ន គុយ ស៊ូ​ពលី​ជីវិត​របស់​ខ្លួន​ដើម្បី​ព្រលឹង​ជាតិ មិន​បាន​បរាជ័យ​ទេ​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១៥ លោក អេង ឆៃអ៊ាង បាន​ថ្លែង​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កាណាដា ដោយ​លើកឡើង​ថា យុទ្ធសាស្ត្រ​អតីតកាល​របស់​លោក​ឧកញ៉ា សឺ​ន គុយ ចៅហ្វាយខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ដែល​យល់ព្រម​ឲ្យ​វៀតណាម​ចាប់​ខ្លួន​នោះ មិនមែន​ជា​យុទ្ធសាស្ត្រ​អាច​ជួយ​រំដោះ​ទឹកដី​កម្ពុជា​ក្រោម​បានឡើយ​។ លោក អេង ឆៃអ៊ាង ក៏​បាន​បន្ថែមថា ការប្តូរ​ជីវិត​របស់​លោក ឧកញ៉ា សឺ​ន កុយ ដោយ​ព្រម​ឲ្យ​យួន​កាត់​ក្បាល ដើម្បី​ប្តូរ​មក​វិញ​នូវ​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប្តូរ​មក​វិញ​នូវ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​រហូតដល់​បច្ចុប្បន្ន​ថា ជា​ទង្វើ​មួយ​ឆោតល្ងង់​៕

សរសេរ​មក​កញ្ញា កាន់ វិច្ឆកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

5 Responses to "លោក អេង ឆៃអ៊ាង ប្រកាស​សុំ​ទោស ក្រោយ​ប្រៀបធៀប​វីរៈបុរស​ខ្មែរក្រោម​ទៅ​នឹង​លោក សម រង្ស៊ី​​"

  1. peaceful says:

    វាមិនសំខាន់ថា​ សមរង្សី ឬ សឺន គុយនោះទេ សំខាន់កុំឲ្យតែប្រទេសជាតិស្ថិតនៅក្រោមការគ្រប់គ្រង អំណាចយូនទៅបានហើយ

  2. erd says:

    សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។

  3. erd says:

    សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។
    សំខាន់គឺកម្ពុជាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ទើបប្រទេសជាតិមានសន្ដិភាព។

  4. ប្រជាពលរដ្ឋ says:

    សំខាន់ អោយប្រទេស ខ្មែរ ដូច ប្រទេស លាវ ទៅ ដឹងគ្នា ហើយ ប្រជាពលរដ្ឋ កង្កែបក្នុងអណ្តូង !

  5. CountryStudent says:

    មិនដឹងជាសាឣីទេ តាចាស់សំគមឣត់បានកាមួយនេះ តាត្រូូវយល់ថានេះជា សិទ្ធសេរីភាពផ្នែកបញ្ចេញយោបល់
    របស់ពលរដ្ឋខ្មែរម្នាក់ៗនៅក្នុងប្រទេសប្រជាធិប្បតេយថាតើរឿងនោៈ ប្រវត្តិសាសនោៈ ខុសឬត្រូូវ មានប្រយោជន៌ឬឣត់ ខាតចំណេញប៉ុណ្ណា ត្រូូវកាលះទេសះឬទេ គេឣាចវិភាគ រួចបញ្ចេញយោបល់ កំុឨយតែគេមួលបង្កាច់កាពិតចោតប្រកាន់ជាផ្លូូវការតាមច្បាប់ ខ្ញំុមានការកោតគោរពសង្វេគទៅដល់លោកតាមហាវីរះបុរស សឺន គុយណាស់ថែមទាំងឈឺចាប់បំផុត តែខ្ញំុមានសិទ្ធយល់ស្របឬមិនយល់ស្របនូវកាគិតនឹងកាប្រព្រិទ្ធរបស់គាត់ កាប្រកាន់នឹងទាមទាឨយសំុទោសរបស់តាឣែងនៅពេលនេះ គ្មានបានការឣ្វីទាំងឣស់ ខាតតែពេល